អានតួអត្ថបទ
កម្ពុជា

ការ​នាំ​ចេញ​អង្ករ​របស់​កម្ពុជា ក្នុង​ខែ​មករា​ឆ្នាំ​២០១៤ ធ្លាក់​ចុះ បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា ក្នុង​ឆ្នាំ​កន្លង​ទៅ

កម្ពុជា​នាំ​ចេញ​អង្ករ​ជាង​២​ម៉ឺន​១​ពាន់​តោន ក្នុង​ខែ​មករា ដើម​ឆ្នាំ​២០១៤​។ នេះ​បើ​តាម​ទិន្នន័យ​ពី​គេហទំព័រ​អូរីហ្សា ដែល​ជា​បណ្ដាញស្ថាប័ន​នាំ​ចេញ-នាំ​ចូល​អង្ករ។​ ចំនួន​នេះ ធ្លាក់​ចុះ​បន្តិច បើ​ធៀប​ទៅ​នឹង​រយៈពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​២០១៣។ ប៉ុន្តែ​នេះ​មិន​មែន​ជា​ក្ដី​បារម្ភ​ឡើយ ព្រោះ​ថា តាម​បទ​ពិសោធ​នាំ​ចេញ​ជា​រៀង​រាល់​ឆ្នាំ ការ​នាំ​ចេញ​ក្នុង​ខែ​ទី​១​ដើម​ឆ្នាំ​មាន​ចំនួន​តិច ហើយ​នឹង​កើន​ឡើង​នៅ​ខែ​បន្ត​បន្ទាប់​។ ប្រទេស​ថៃ ដែល​កម្ពុជា​នាំ​អង្ករ​ចេញ​លំដាប់​ទី​៦ នៅ​ឆ្នាំ​២០១៣ ឥឡូវ​នេះ មិន​បាន​ជាប់​ចំណាត់​ថ្នាក់​នៅ​ក្នុង​បញ្ជី​ប្រទេស​ទាំង​៣២ ដែល​កម្ពុជា​នាំ​អង្ករ​ចេញ​ទេ។

ប្រភេទអង្កររបស់កម្ពុជាដែលដាក់តាំងលក់នៅលើទីផ្សារ។
ប្រភេទអង្កររបស់កម្ពុជាដែលដាក់តាំងលក់នៅលើទីផ្សារ។ RFI/Siv Chana
ផ្សាយពាណិជ្ជកម្ម

អង្ករ​ជាង​២​ម៉ឺន​១​ពាន់​តោន ដែល​កម្ពុជា​នាំ​ចេញ​ក្នុង​ខែ​មករា ដើម​ឆ្នាំ​២០១៤​នេះ ជិត​ពាក់​កណ្ដាល​ ជា​អង្ករ​ផ្កា​ម្លិះ។ ចំនួន​នេះ បាន​ធ្លាក់​ចុះ​បន្តិច​បន្តួច បើ​ធៀប​ទៅ​នឹង​ការ​នាំ​ចេញ​ក្នុង​ខែ​មករា ឆ្នាំ​២០១៣​កន្លង​ទៅ ដែល​​កាល​ណោះ ការ​នាំ​ចេញ​ប្រចាំ​ខែ ជា​មធ្យម​មាន​ចំនួន​៣​ម៉ឺន​១​ពាន់​តោន​។ នេះ​បើ​តាម​ទិន្នន័យ​ពី​គេហទំព័រ​អូរីហ្សា ដែល​ជា​បណ្ដាញស្ថាប័ន​នាំ​ចេញ-នាំ​ចូល​អង្ករ។​

 

បើ​តាមអូរីហ្សា​ ជា​រៀង​រាល់​ឆ្នាំ ការ​នាំ​ចេញអង្ករ​របស់​កម្ពុជា ​ក្នុង​ខែ​ទី​១​ជា​រៀង​រាល់​​ឆ្នាំ ​មាន​ចំនួន​តិច ហើយ​នឹង​កើន​ឡើង​នៅ​ខែ​បន្ត​បន្ទាប់​។ ដូច្នេះ ការ​នាំ​ចេញ​តិច​ក្នុង​ខែ​មករា​ដើម​ឆ្នាំ មិន​មែន​ជា​រឿង​គួរ​ឲ្យ​បារម្ភ​ទេ។

ក្នុង​ខែ​មករា​កន្លង​ទៅ​នេះ កម្ពុជា បាន​នាំ​ចេញ​អង្ករ​ទៅ​កាន់​ប្រទេស​ចំនួន​៣២ ក្នុង​នោះ​ប្រទេស​ដែល​នៅ​លំដាប់​លើ​គេ មាន​ដូច​ជា​​ប្រទេស​បារាំង ប៉ូឡូញ ម៉ាឡេស៊ី ហ្គាបុង ​​​ហូឡង់ និង​ចក្រភព​អង់គ្លេស​។ ប្រទេស​ថៃ ដែល​កម្ពុជា​នាំ​អង្ករ​ចេញ​លំដាប់​ទី​៦ នៅ​ឆ្នាំ​២០១៣ ឥឡូវ​នេះ មិន​បាន​ជាប់​ចំណាត់​ថ្នាក់​នៅ​ក្នុង​បញ្ជី​ប្រទេស​ទាំង​៣២ ដែល​កម្ពុជា​នាំ​អង្ករ​ចេញ​ទេ។ មូលហេតុ​គឺ​ដោយ​សារ​តែស្តុក​អង្ករ​ក្នុង​ស្រុក​របស់​​ថៃ មាន​បរិមាណ​ច្រើន​លើស​លប់។

កាល​ពី​ឆ្នាំ​២០១៣ កម្ពុជា​នាំ​ចេញ​អង្ករ​បាន​ជាង​៣៧​ម៉ឺន​៨​ពាន់​តោន កើន​ឡើង​ប្រមាណ​៨៤​ភាគ​រយ លើស​ឆ្នាំ​២០១២។ ប្រទេស​ថៃ ម៉ាឡេស៊ី និង​បណ្ដា​ប្រទេស​នៅអឺរ៉ុប ជា​គោលដៅ​នាំ​ចេញ​អង្ករ​សំខាន់​របស់​កម្ពុជា។ កាល​ពី​ចុង​ខែ​មករា​កន្លង​ទៅ​ថ្មី​ៗ​នេះ បើ​តាម​​គេហទំព័រ​អូរីហ្សា រដ្ឋាភិបាល​ប្រទេស​អ៊ីតាលី ដែល​ជា​ប្រទេស​ផលិត​អង្ករ​ធំ​ជាង​គេ​នៅ​​​អឺរ៉ុប បាន​ស្នើ​ឲ្យ​សហភាព​អឺរ៉ុប បញ្ឈប់​ការ​ផ្ដល់​ការ​អនុគ្រោះ​ពន្ធ​លើ​ការ​នាំ​ចូល​អង្ករ ពី​កម្ពុជា និង​មីយ៉ាន់ម៉ា ដោយ​លើក​ហេតុផល​ថា គោលនយោបាយ​អនុគ្រោះ​ពន្ធ​លើ​ការ​នាំ​ចូល​អង្ករ​នេះ ធ្វើ​ឲ្យ​ប៉ះ​ពាល់​ធ្ងន់ធ្ងរ​ដល់​ការ​ផលិត​អង្ករ​របស់​អឺរ៉ុប៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ