អានតួអត្ថបទ
កម្ពុជា

គណៈ​កម្មការ​មូលបត្រ​កម្ពុជា​ដាស់​តឿន​សាធារណជន​ប្រយ័ត្ន​ចាញ់​បោក​ការ​វិនិយោគ​ជា​លក្ខណៈ​បណ្តាញ​ត​ៗ​គ្នា​

គណៈ​កម្មការ​​មូល​​ប​ត្រ​​កម្ពុជា​​បាន​​ដាស់​តឿន​​​ដល់​​សាធារណជន​​ឲ្យ​​មាន​ការ​​ប្រុង​ប្រយ័ត្ន​​ខ្ពស់​​ក្នុង​​ការ​ដាក់​​ប្រាក់​​វិនិយោគ​​ក្នុង​​គម្រោង​​វិនិយោគ​​របស់​​ក្រុមហ៊ុន​​ដែល​​ធ្វើ​​សកម្មភាព​​អាជីវកម្ម​​មាន​​លក្ខណៈ​​ជា​​គម្រោង​​​វិនិយោគ​​រួម​ ឫ​​អាជីវកម្ម​​ដែល​​ធ្វើ​ការ​​ប្រមូល​ប្រាក់​​វិនិយោគ​​ពី​​សាធារ​ណ​ជន​​ជា​​លក្ខណៈ​​បណ្តាញ​តៗ​គ្នា​។ការ​អំពាវនាវ​​នេះ​​បាន​ធ្វើ​​ឡើង​​ស្រប​​ពេល​ដែល​​ប្រ​ភេទ​​ក្រុមហ៊ុន​​ទាំង​នេះ​​បាន​និង​កំពុង​​ទាក់​ទាញ​​សាធារណជន​​យ៉ាង​​សន្ធឹក​សន្ធាប់​​នៅក្នុង​​ប្រ​ទេស​​កម្ពុជា​ និង​ បន្ទាប់​ពី​​ក្រុមហ៊ុន​​TelexFree​ ដែល​​ធ្វើ​ការ​​ប្រមូល​ប្រាក់​​ពី​​សាធារណជន​​ជា​​លក្ខណៈ​​បណ្តាញ​តៗគ្នា​​កំពុង​​ត្រូវ​បាន​​គណៈកម្មការ​​មូល​ប​ត្រ​​សហរដ្ឋ​អាមេរិក​​ធ្វើ​ការ​​ស៊ើប​អង្កេត​​ករណី​​ឆបោក​​ប្រាក់​​ពី​​សាធារណជន​។ គណៈកម្មការ​​មូល​ប​ត្រ​​កម្ពុជា​​អះអាង​ថា ​ខ្លួន​​កំពុង​​ស៊ើបអង្កេត​​លើ​​ប្រភេទ​​ក្រុមហ៊ុន​​ទាំង​នោះ និ​ង​ចាត់​វិធាន​ការ​តាម​ផ្លូវ​​ច្បាប់​​ប្រសិន​បើ​ទទួល​បាន​​ព័ត៌មាន​​ច្បាស់​លាស់។​ 

អគារ​ទីស្នាក់ការ​គណៈកម្មការ​ផ្សារ​មូលបត្រ​កម្ពុជា
អគារ​ទីស្នាក់ការ​គណៈកម្មការ​ផ្សារ​មូលបត្រ​កម្ពុជា ©SECC
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​សេចក្តីជូនដំណឹង​របស់​ខ្លួន​កាលពី​ថ្ងៃទី ២៤ មេសា គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា​បាន​អំពាវនាវ​ដល់​សាធារណជន​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​ក្នុង​ដាក់​ប្រាក់​វិនិយោគ​ជាមួយ​ក្រុម​ហ៊ុន​ធ្វើ​អាជីវកម្ម​ជា​លក្ខណៈ​រួម និង ប្រមូលប្រាក់​វិនិយោគ​ជា​លក្ខណៈ​បណ្តាញតៗគ្នា។

លោក សៀង ធី​រិ​ទ្ធ ប្រធាន​នាយកដ្ឋាន​កិច្ចការ​គតិយុត្តិ​នៃ​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា​បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​មាន​ប្រជាពលរដ្ឋ​ខ្មែរ​មួយចំនួន​បាន​ចាញ់បោក​ធ្វើ​សកម្មភាព​ចូលរួម​វិនិ​យោគ​​បែបនេះ។បើតាម​ប្រធាន​នាយកដ្ឋាន​រូបនេះ ក្រុមហ៊ុន​វិនិយោគ​រួម ឫ​ជា​បណ្តាញតៗគ្នា​ទាំងនេះ​មិនបាន​ចុះបញ្ជី​តាមផ្លូវ​ច្បាប់ គ្មាន​ឯកសារ​ត្រឹមត្រូវ និង គ្មាន​ទីស្នាក់ការ​នៅក្នុង​ប្រ​ទេស​​កម្ពុជា​នោះឡើយ។

លោក សៀង ធី​រិ​ទ្ធ​បាន​បញ្ជាក់ថា​គណៈកម្មកា​រមូល​ប​ត្រ​កម្ពុជា​បាន និង​កំពុងធ្វើការ​ស៊ើប​អង្កេត​លើ​បណ្តា​ក្រុមហ៊ុន​ទាំងនេះ ហើយ​ប្រសិនបើ​ប្រមូលបាន​ព័ត៌មាន​ពិតប្រាកដ ច្បាស់​លាស់ និង គ្រប់គ្រាន់​នោះ គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា​នឹង​ចាត់វិធានការ​ទៅតាម​ផ្លូវច្បាប់។ លោក សៀង ធី​រិ​ទ្ធ​បាន​រម្លឹក​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ថា មុន​ធ្វើការ​វិនិយោគ គួរ​ពិចារណា​ទៅ​លើ​ក្រុមហ៊ុន​ណា​ដែលមាន​អាជ្ញា​បណ្ណ ឫ​ការអនុញ្ញាត​ត្រឹមត្រូវ​ពី​អាជ្ញាធរ​ដើម្បី​ជៀសវាង​ការ​ចាញ់បោក​ក្រុមហ៊ុន​ទាំងនោះ។

ការអំពាវនាវ​របស់​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា​នៅពេលនេះ​បានធ្វើ​ឡើង​ក្រោយ​ពេលដែល​ក្រុមហ៊ុន TelexFree ដែល​ធ្វើការ​ប្រមូលប្រាក់​ពី​សាធារណជន​ជា​លក្ខណៈ​បណ្តាញតៗគ្នា​កំពុង​ត្រូវបាន​គណៈកម្មការ​មូល​ប​ត្រ​សហរដ្ឋអាមេរិក​ធ្វើការ​ស៊ើបអង្កេត​ករណី​ឆបោក​ប្រាក់​ពី​សាធារណជន​កាលពី​សប្តាហ៍​មុន។

គួរ​កត់សម្គាល់ថា នាពេលថ្មីៗនេះ​មាន​អង្គការ និង ក្រុមហ៊ុន​មួយចំនួន​បាន និង​កំពុង​ផ្សព្វ​ផ្សាយ​​នៅ​រាជធានី​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត​នានា​ដូចជា បាត់ដំបង បន្ទាយមានជ័យ សៀម​រាប កំពង់ចាម​ជាដើម ព្រមទាំង​បាន​ប្រើប្រាស់​ប្រព័ន្ធ​ទាក់ទាញ​អតិថិជន​ជា​លក្ខណៈ​បណ្តាញ​តៗគ្នា​ដើម្បី​ឲ្យ​សាធារណជន​ដាក់​ប្រាប់​វិនិយោគ​ដោយផ្ទាល់ ឫ​បើក​គណនី​នៅ​ធនាគារ ឫ​តាម​អន​ឡាញ​នៅក្នុង​វិនិយោគផ្សេងៗដូចជា គម្រោង​វិនិយោគ​លើ​ប្រេង ជួញដូរ​ហាងឆេង​រូបិយ​បណ្ណ ហាងឆេង​មាស ដោយ​សន្យា​ផ្តល់​ដល់​អ្នក​ដាក់​ប្រាក់​វិនិយោគ​ទាំងនោះ​នូវ​ផល​ប្រយោជន៍​ជា​កម្រៃ​ហិរញ្ញវត្ថុ​ប្រចាំ​សប្តាហ៍ ឫ​ប្រចាំខែ​ក្នុង​ប្រាក់ចំណេញ​ខ្ពស់​ខុសពី​ធម្មតា។

គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា​បានបញ្ជាក់​ឲ្យ​ដឹងថា ខ្លួន​មិនទាន់​ផ្តល់​ការអនុញ្ញាត​ឫ​អាជ្ញា​បណ្ណ​​ឲ្យ​ក្រុមហ៊ុន​ណាមួយ​ធ្វើ​អាជីវកម្ម​ប្រភេទ​នេះ​នៅឡើយ​ទេ​ដោយ​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា​កំពុង​សិក្សា​លើ​ហានិភ័យផ្សេងៗ និង រៀបចំ​ក្របខណ្ឌ​ច្បាប់​លម្អិត​ឲ្យ​បានច្បាសលាស់​ជាមុនសិន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ