អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

កម្ពុជា​មិនគួរ​កំដរ​នយោបាយ​ផ្ទៃក្នុង​របស់​ថៃ​ទៀត​ឡើយ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ដំណោះស្រាយ ​ការទូត​រវាង​កម្ពុជា​និង​ថៃ​ ដែល​ក្រុម​អ្នកវិភាគ​បាន​ហៅថា​ជា​ដំណោះស្រាយ​ដ៏​ផុយ​ស្រួយ​នោះ ​កំពុង​វិល​ត្រឡប់​ទៅរក​ភាព​តានតឹង​ជាថ្មី​វិញ​ហើយ​នៅ​ពេល​នេះ។ ​បន្ទាប់​ពី​បាន​ជោគជ័យ​ក្នុង​ការ​ស្នើឱ្យ​កម្ពុជា​រុះរើ​ផ្ទាំង​អក្សរ​ ចារឹក​នៅ​មុខ​វត្ត​កែវសិក្ខាគីរីស្វារៈ ​ភាគី​ថៃ​បាន​សុំឱ្យ​កម្ពុជា​ដក​ទង់ជាតិ​ចេញ​ពី​តំបន់​ក្បែរ​ប្រាសាទ​ ព្រះវិហារ​ទៀត។ ​ស្រប​ពេល​ជាមួយ​គ្នា​នោះ​ទាហាន​ថៃ​បាន​ធ្វើ​សមយុទ្ធ​នៅ​តាម​ជាយដែន​ទៀត​ផង។ ​ទាំង​នេះ​គឺ​ជា​ចរិត​បង្កហេតុ​ដែល​រដ្ឋាភិបាល​លោក​អាភីស៊ីត ​វាចាជីវ៉ា​ មិន​ញញើត​នឹង​ធ្វើ​ដាក់​កម្ពុជា​ ដោយសារ​តែ​សម្ពាធ​ពី​ក្រុម​ជ្រុល​និយម​អាវ​លឿង។ ​តើ​កម្ពុជា​គួរ​បន្ត​កំដរ​នយោបាយ​ផ្ទៃក្នុង​របស់​ថៃ​ទៀត​ដែរ​ឬ​ទេ?

ក្រោយ​ពី​ទាមទារ​ឲ្យ​ដក​ផ្ទាំងថ្ម ថៃ​ទាមទារ​ឲ្យ​ខ្មែរ​ទម្លាក់​ទង់ជាតិ​ពី​វត្តកែវសិក្ខាគិរីស្វារៈទៀត
ក្រោយ​ពី​ទាមទារ​ឲ្យ​ដក​ផ្ទាំងថ្ម ថៃ​ទាមទារ​ឲ្យ​ខ្មែរ​ទម្លាក់​ទង់ជាតិ​ពី​វត្តកែវសិក្ខាគិរីស្វារៈទៀត ©ម៉េងហួរ
ផ្សាយពាណិជ្ជកម្ម

កម្ពុជា​និង​ថៃ​កំពុង​ឈាន​ទៅ​រក​មាត់​ជ្រោះ​សង្គ្រាម​ជាថ្មី​ទៀត ​ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ។ ប្រសិន​បើ​ថៃ​មិន​ផ្លាស់​ប្តូរ​ឥរិយាបថ​គឃ្លើន​របស់​ខ្លួន​ទេ ការ​ផ្ទុះ​សង្គ្រាម​ទំនង​ជា​ពិបាក​ទប់ស្កាត់។

ជាការពិត ​ដំណោះស្រាយ​ការទូត​រវាង​កម្ពុជា​និង​ថៃ​ ដែល​ហាក់បាន​ធ្វើឱ្យ​ស្ថានការណ៍​វិល​ទៅរក​ភាព​ល្អ​ប្រសើរ​ឡើង​វិញ​ កាល​ពី​រយៈ​ពេល​ថ្មីៗ​នេះ ​វាគ្រាន់តែ​ជា​ដំណោះស្រាយ​បណ្តោះអាសន្ន​ និង​យ៉ាង​ផុយ​ស្រួយ​មួយ​ប៉ុណ្ណោះ។ ​គេ​អាច​និយាយ​យ៉ាង​ដូច្នេះ​ដោយ​សំអាង​ថា​នៅ​មិនទាន់​មាន​យន្តការ​អ្វី​ទាំង​អស់​ដែល​ត្រូវ​យក​មក​ប្រើប្រាស់​ ដើម្បី​បង្ខំ​ឱ្យ​ភាគី​ថៃ​បញ្ឈប់​មហិច្ឆតា​ឈ្លានពាន​របស់​ខ្លួន​ចោល។ ​នេះជា​ស្នូល​នៃ​បញ្ហា​ដែល​មិន​ទាន់​បាន​ដោះស្រាយ​បាន​នៅឡើយ។

ជា​លទ្ធផល​ ឥឡូវ​នេះ​ ភាព​ផុយស្រួយ​បាន​បង្ហាញ​ច្បាស់​ហើយ។ ​ថៃ​បាន​ផ្តើម​ហួងហែង​វត្តកែវសិក្ខាគីរីស្វារៈ​សាជាថ្មី។ ​ដំបូង ​ពួកគេ​ទាមទារ​ឱ្យ​ភាគី​កម្ពុជា​ដក​ផ្ទាំង​ថ្ម​មួយ​ដុំ​ ដែល​គេ​ឆ្លាក់​ជាអក្សរ​ខ្មែរ​ដាក់​ពីមុខ​វត្តកែវ​សិក្ខាគីរីស្វារៈ។ ​បន្ទាប់​មក​ទៀត​ នាយក​រដ្ឋមន្ត្រី​ថៃ​បាន​ទាមទារ​ឱ្យ កម្ពុជា​ដក​ទង់ជាតិ​ដែល​បង្ហូត​នៅ​ក្នុង​វត្ត​នេះ​ចេញ​ទៀត។

តើ​អ្វីទៅ​ជា​ភាព​សមរម្យ​នៃ​សំណើ​បែប​ឆ្កួត​លេលា​នេះ? ​តើ​មាន​ការ​ចាំបាច់​អ្វី​ដែល​កម្ពុជាត្រូវ​ធ្វើតាម​សំណើ​គ្មាន​មូលដ្ឋាន​របស់​ថៃ?

គេប្រាកដ​ជា​អាច​យល់​បាន​អំពី​ការ​ចាំបាច់​របស់​រដ្ឋាភិបាល​លោក​អាភីស៊ីត​ ដែល​ត្រូវ​ដំឡើង​សំឡេង​ដាក់​កម្ពុជា​ នៅ​ពេល​ដែល​ក្រុម​ជ្រុល​និយម​អាវលឿង​កំពុង​ដាក់​សម្ពាធ​យ៉ាង​ខ្លាំង​មកលើ​រដ្ឋាភិបាល។ បញ្ហា​វា​នៅតែ​ដដែល​ទេ​នោះ គឺ​ដើម្បី​រក្សា​អត្ថិភាព​របស់​រដ្ឋាភិបាល​បច្ចុប្បន្ន​ នាយក​រដ្ឋមន្ត្រី​អាភីស៊ីត​វាចាជីវ៉ា​ត្រូវតែ​បង្ហាញ​ឱ្យ​ឃើញ​នូ​វភាព​ជា​អ្នក​ការពារ​បូរណភាព​ទឹកដី​ថៃ ​តាម​របៀប​អ្នកជាតិ​និយម​ជ្រុល​ដូច​ពួក​អាវលឿង​ដែរ​ ពី​ព្រោះ​ថា ប្រសិន​បើ​មិន​ដូច្នោះ​ទេ ​ក្រុម​អាវ​លឿង​នឹង​ឆាឆៅ​រដ្ឋាភិបាល​នេះ​ឱ្យ​រលំ​រលាយ​ជា​មិន​ខាន។

នេះ​ជា​រឿង​នយោបាយ​ផ្ទៃ​ក្នុង​របស់​ថៃ​សុទ្ធសាធ​ ប៉ុន្តែ​ជា​អកុសល​ បញ្ហា​នេះ​វា​បាន​រាលដាល​ដល់​កម្ពុជា ​និង​ធ្វើ​ឱ្យ​យើង​ឈឺ​ក្បាល​គ្រប់ៗ​គ្នា។ ​ឈឺក្បាល​នឹង​រឿង​បង្ក​ហេតុ​របស់​ថៃ​ជារឿង​មួយ ​តែឈឺ​ក្បាល​ដោយ​សារ​រឿង​ក្រោយ​ឆាក​នៅ​ក្នុង​ទំនាស់​ខ្មែរ​និង​ថៃ​ជារឿង​មួយ​ទៀត។

រហូត​មក​ទល់​នឹង​ពេល​នេះ ​រដ្ឋាភិបាល​កម្ពុជា​នៅ​តែ​អះអាង​ម្តង​ហើយ​ម្តង​ទៀត​ថា​ខ្លួន​បាន​ត្រៀម​គ្រប់​លក្ខណៈ​អស់​ហើយ​ក្នុង​ការ​ទប់ទល់​ជាមួយ​ថៃ​ ពោលគឺ​ត្រៀម​ទាំង​ការទូត​ ទាំង​ផ្លូវ​ច្បាប់​ និង​ទាំង​ផ្លូវ​យោធា ​ប៉ុន្តែ​អ្វី​ដែល​គួរ​ឱ្យ​កត់សម្គាល់ ​គឺ​កម្ពុជា​បាន​ទុក​លទ្ធភាព​គ្រប់​បែបយ៉ាង​ឱ្យ​ភាគី​ថៃ​ជា​អ្នក​វាយ​លុក​មុន ​ហើយ​ខ្លួន​គ្រាន់តែ​ជា​អ្នក​ទប់ទល់​តែ​ប៉ុណ្ណោះ។ ​យុទ្ធសាស្ត្រ​នេះ​ពិតជា​ត្រឹម​ត្រូវ​ក្នុង​ន័យ​ ដើម្បី​បង្ហាញ​ថា​កម្ពុជា​ជា​ប្រទេស​ដែល​មិន​បង្កហេតុ។
 

ប៉ុន្តែ ​ប្រសិន​បើ​យើង​ពិនិត្យ​មើល​លទ្ធភាព​ទាំងបី​គឺ​ការទូត​ ផ្លូវ​ច្បាប់​ និង​យោធា ​កម្ពុជា​មានប្រៀប​យ៉ាង​ខ្លាំង​ លើ​បញ្ហា​ផ្លូវ​ច្បាប់​ គឺ​ច្បាប់​អន្តរជាតិ​ដែល​ថៃ​តែង​ខ្លាច​រអារ។ ​ក៏ប៉ុន្តែ ​គួរ​ឱ្យស្តាយ​ កម្ពុជា​មិន​ទាន់​បាន​ប្រើ​លទ្ធភាព​នេះ​នៅ​ឡើយ​ទេ ​រហូត​មកទល់​នឹង​ពេល​នេះ។ ​ផ្ទុយ​ទៅវិញ​ កម្ពុជា​នៅតែ​បន្ត​ដើរ​តាម​ក្រោយ​ថៃ​ ដែល​បាន​និង​កំពុង​ប្រើ​លទ្ធភាព​ការទូត​និង​យោធា​ជាជាង​យន្តការ​ផ្លូវ​ច្បាប់។ ​យុទ្ធសាស្ត្រ​ដដែលៗ​របស់​ថៃ​ គឺ​ការ​គំរាម​ ឬ​បង្កហេតុ​ខាង​យោធា​ ដើម្បីគាបសង្កត់​លើ​ការចរចា​ផ្នែក​ការទូត។

មានន័យថា ​ទីបំផុត​នៃ​បញ្ហា​ គឺ​សង្គ្រាម​ ដែល​ធ្វើ​ឱ្យ​ភាគី​ទាំង​ពីរ​ជាអ្នក​ខាត​បង់។ ​ដូច្នេះ ​បើ​យោង​តាម​ភាព​ឡូហ្ស៊ិច ​គ្មាន​ហេតុផល​អ្វី​ដែល​កម្ពុជា​បន្ត​ផ្តល់​ជម្រើស​ឱ្យ​ថៃ​ធ្វើ​ព្យុះ​ភ្លៀង​មកលើ​បូរណភាព​ទឹកដី​របស់​ខ្លួន​ទៀត​ឡើយ​ មានន័យថា​ វា​ដល់​ពេល​ហើយ​ដែល​កម្ពុជា​ត្រូវ​ប្រកាន់​យក​វិធានការ​ច្បាប់​អន្តរជាតិ​ ដើម្បី​កាច់​ធ្មុង​ប្រទេស​ថៃ​ម្តង​ទៀត​ ពីព្រោះថា ​ធ្មុង​នេះ​បើ​មិន​ប្រញាប់​កាច់​វា​ទេ​ វា​នឹង​បន្ត​ធ្វើ​ឱ្យ​កម្ពុជា​ឈឺ​ផ្សាគ្មាន​ទី​បញ្ចប់​ឡើយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ