អានតួអត្ថបទ
កម្ពុជា

ផ្សារមូលបត្រ​កម្ពុជា​ចាប់​បើកទ្វារ​​នៅ​ថ្ងៃទី១១​កក្កដា​២០១១

រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ប្រកាស​ថា ផ្សារ​មូលបត្រ​កម្ពុជា​នឹង​បើកទ្វារ​ នៅថ្ងៃ​ទី១១​កក្កដា២០០១​នេះ​ហើយ ​តាម​ការ​គ្រោងទុក ហើយថា​ ​នឹង​មាន​ភាគហ៊ុន​ក្រុមហ៊ុន​របស់​រដ្ឋ​ចំនួន​២​ ដែល​នឹង​ចាប់ផ្តើម​​​នៅក្នុង​ទីផ្សារ​នេះ។ លោកគាត ឈន់​ថ្លែង​យ៉ាងនេះ​ នៅក្នុង​ពិធី​សម្ពោធ​ក្រុមហ៊ុន​មូលបត្រ​ SONATRA​ ដែល​នឹង​ក្លាយ​ជា​ក្រុមហ៊ុន​ឈ្មួញ​ជើងសា​មូលបត្រ។

ទីផ្សារមូលបត្រ​កម្ពុជា​មាន​ទីតាំង​នៅ​ក្នុង​អគារ​កាណាឌីយ៉ា
ទីផ្សារមូលបត្រ​កម្ពុជា​មាន​ទីតាំង​នៅ​ក្នុង​អគារ​កាណាឌីយ៉ា RFI/Channa Siv
ផ្សាយពាណិជ្ជកម្ម

 

នៅថ្ងៃចន្ទ​សប្តាហ៍​ក្រោយ​នេះ ផ្សារ​មូលបត្រ​កម្ពុជា​នឹង​ត្រូវ​បើក​ទ្វារ​យ៉ាង​ពិតប្រាកដ។ ជា​ផ្សារ​ហ៊ុន​ដែល​រដ្ឋាភិបាល​កម្ពុជា​សង្ឃឹមថា​នឹង​ក្លាយ​ជា​ប្រភព​ប្រមូល​ទុន និង​ជា​ចលករ​ជំរុញ​កំណើន​សេដ្ឋកិច្ច​បន្ថែមទៀត។

នៅក្នុង​ពិធី​សម្ពោធ​ដាក់​អោយ​ដំណើរការ​ក្រុមហ៊ុន​ឈ្មួញជើងសា​មូលបត្រ SONATRA លោកគាត ឈន់ រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​ បាន​បញ្ជាក់​អោយ​ដឹង​ថា ផ្សារ​មូលបត្រ​កម្ពុជា​នឹង​ចាប់ផ្តើម​ជា​លើក​ដំបូង​ជាមួយ​វត្តមាន​នៃ​ក្រុមហ៊ុន​រដ្ឋ​ចំនួន​២​ គឺ​ទូរគមនាគមន៍​កម្ពុជា ​និង​រដ្ឋាករ​ទឹក​ស្វយ័ត​ភ្នំពេញ។

រហូត​ដល់​ពេល​នេះ​ មាន​ក្រុមហ៊ុន​ឈ្មូញ​ជើងសា​មូលបត្រ​ចំនួន​៤​ ដែល​បាន​ទទួល​អាជ្ញាបណ្ណ​ពី​គណៈកម្មការ​មូលបត្រកម្ពុជា ​ដើម្បី​ប្រតិបត្តិការ​នៅក្នុង​ដំណើរការ​ទីផ្សារ​ហ៊ុន។ ក្រៅ​ពី​នោះ គណៈកម្មការមូលបត្រ​កម្ពុជា​ក៏​បាន​ប្រកាស​ទទួលស្គាល់​ភ្នាក់ងារ​ទូទាត់​សាច់ប្រាក់ ភ្នាក់ងារ​បញ្ជីការ​មូលបត្រ ភ្នាក់ងារ​ចុះ​បញ្ជី​ផ្ទេរ​មូលបត្រ​ជាដើម ដែល​ភ្នាក់ងារ​ទាំងនេះ​គឺជា​សុទ្ធ​តែ​ជា​ស្ថាប័ន​ធនាគារ​ធំៗ​នៅ​កម្ពុជា។

លោកគាត ឈន់​បាន​បញ្ជាក់​ប្រាប់​អ្នកកាសែត​ថា លោក​មាន​ជំនឿចិត្តថា ផ្សារ​មូលបត្រ​នេះ​នឹង​មាន​ដំណើរការ​ជោគជ័យ ជាមួយ​វត្តមាន​នៃ​តួអង្គ​ដែល​ត្រូវមាន​សមត្ថភាព​ទាំងអស់​នៅក្នុង​ប្រព័ន្ធ​ទីផ្សារ​មូលបត្រ​នេះ។

ផ្សារ​មូលបត្រ​កម្ពុជា​នឹង​បើកទ្វារ​ជា​លើក​ដំបូង​សប្តាហ៍​ក្រោយ​នេះ​ហើយ ប៉ុន្តែ​សាធារណជន​​ហាក់​នៅ​មិនទាន់​យល់ដឹង​ច្រើន​អំពី​សារៈប្រយោជន៍​នៃទីផ្សារ​នេះ​ ហើយ​ក៏​ទំនង​ជា​មិនទាន់​ត្រៀម​ខ្លួន​ចូលរួម​ក្នុង​ផ្សារ​នេះ​នៅឡើយ​ដែរ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ