អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

កម្ពុជា​ ក្រោម​«​យុទ្ធ​សាស្ត្រ​លួង​លោម​»​របស់​ថៃ​

ចុះផ្សាយ​នៅ​ថ្ងៃ៖

បន្ទាប់​ពី​​បាន​​បំបាក់​មុខ​​កម្ពុជា​​យ៉ាង​ខ្លាំង​​តាម​រយៈ​​ការ​ចាប់​​បញ្ជូន​​ពលករ​​ខ្មែរ​​យ៉ាង​គំហុក​​មក​​ទម្លាក់​​ចោល​​នៅ​​ព្រំ​ដែន​​ដោយ​​មិនបាន​​ជូន​ដំណឹង​​ជា​មុន​​នោះ​​ រដ្ឋាភិបាល​យោ​ធា​​ក្រុង​​បាង​កក​​បាន​​ប្រញាប់​​បញ្ជូន​​រដ្ឋ​មន្ត្រី​​ស្តី​ទី​​ក្រសួង​ការ​បរទេស​​រប​ស់​​ខ្លួន​​មក​ដល់​​កម្ពុជា​។ ​ទស្សន​កិច្ច​​នេះ​​ត្រូវ​គេ​​មើល​ឃើញ​ថា​​មាន​​គោល​ដៅ​«​លួង​លោម​»​ទី​ក្រុង​​ភ្នំ​ពេញ​​ដើម្បី​​លុប​លាង​​កំហុស​ឆ្គង​​របស់​ខ្លួន​​ផង​​និង​​ដើម្បី​​ទាក់​ទាញ​​កម្ពុជា​​ឲ្យ​​ប្រញាប់​​បញ្ជូន​​ពលករ​​ទៅ​​ធ្វើ​ការ​​ស្រប​ច្បាប់​​ក្នុង​ប្រទេស​​ថៃ​​វិញ​​ផង​។ ​ក្រោម​«​យុទ្ធ​សាស្ត្រ​​លួង​លោម​»​នេះ ​ទី​ក្រុង​​បាង​កក​​ទំនង​ជា​​ទទួល​ផល​​ហួស​​ពី​​ការ​រំពឹង​ទុក​ ខណៈ​ដែល​​ទី​ក្រុង​​ភ្នំ​ពេញ​​វិ​ញ​​ទំនង​ជា​​រំពឹង​​ការ​ឆ្លើយ​តប​​ជា​​វិជ្ជមាន​​ដូច​គ្នា​​ពី​​ភាគី​​ថៃ​។​

លោក ​ស៊ី​ហា​​សាក់​ ភួង​កេ​ត​កែវ​ រដ្ឋ​​មន្ត្រី​​ស្តី​ទី​​ក្រសួង​ការ​បរទេស​​ថៃ​ ជួប​ជាមួយ​លោក ​ហោ ​ណាំហុង​ រដ្ឋ​មន្រ្តី​ក្រសួង​ការបរទេស​កម្ពុជា​។​
លោក ​ស៊ី​ហា​​សាក់​ ភួង​កេ​ត​កែវ​ រដ្ឋ​​មន្ត្រី​​ស្តី​ទី​​ក្រសួង​ការ​បរទេស​​ថៃ​ ជួប​ជាមួយ​លោក ​ហោ ​ណាំហុង​ រដ្ឋ​មន្រ្តី​ក្រសួង​ការបរទេស​កម្ពុជា​។​ RFI/ Siv Channa
ផ្សាយពាណិជ្ជកម្ម

ទស្សនកិច្ច​របស់​រដ្ឋ​មន្ត្រី​ស្តីទី​ក្រសួងការបរទេស​ថៃ​លោក ស៊ី​ហា​សាក់ ភួង​កេ​ត​កែវ (SihasakPhuangketkoew) នៅ​កម្ពុជា​មិនមែនជា​រឿង​ចៃដន្យ​ទេ។ មិន​ចៃដន្យ​ពីព្រោះថា​ទស្សនកិច្ច​នេះ​ធ្វើឡើងភ្លាមៗក្រោយពី​របប​សឹក​ទីក្រុង​បាងកក​បាន​ចាប់បញ្ជូន​ពលករ​ខ្មែរ​យ៉ាងគំហុក​មក​កម្ពុ​ជា​វិញ​ដោយ​មិនបាន​ប្រាប់​ជាមុន។ ព្រឹត្តិការណ៍​នេះ​មិន​គ្រាន់តែ​ជាការ​បំបាក់មុខ​កម្ពុជា​ដែលជា​ប្រទេសជិតខាង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ ក៏បាន​ទទួល​ការរិះគន់​ពី​គ្រប់​មជ្ឈដ្ឋាន​ផងដែរ។

ម្យ៉ាងទៀត ចំណាត់ការ​ដ៏​តក់ក្រហល់​របស់​រដ្ឋាភិបាល​យោធា​ទីក្រុង​បាងកក​ក៏បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សេដ្ឋកិច្ច​របស់​ប្រទេស​ខ្លួនឯង​ផងដែរ។ សូម​កុំភ្លេចថា​រោងចក្រ សហគ្រាស សិប្បកម្ម និង​កសិដ្ឋាន​ជាច្រើន​របស់​ថៃ​ស្ទើរតែ​ដំណើរការ​លែងកើត​បន្ទា​ប់​ពី​ពលករ​រាប់សិប​ម៉ឺន​នាក់​ដែល​បម្រើការ​ក្នុង​វិស័យ​ទាំងនោះ​ត្រូវបាន​ចាប់បញ្ជូន​ឲ្យ​ត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ​ដោយ​មិនបាន​ប្រាប់​ដំណឹង​មុន។ ប្រឈមមុខ​នឹង​ស្ថានការណ៍​បែបនេះ ទីក្រុង​បាងកក​ប្រាកដជា​មិនអាច​ឈរ​ស្ងៀម​បានទេ។

ដូច្នេះ វត្តមាន​របស់​មន្ត្រីជាន់ខ្ពស់​ការបរទេស​ថៃ​នៅ​កម្ពុជា​ពេលនេះ​ត្រូវគេ​មើលឃើញថា​ស្ថិតនៅក្នុង​ក្របខ័ណ្ឌ​យុទ្ធសាស្ត្រ«លួងលោម»ដែលមាន​គោលដៅ​ពីរ​ទន្ទឹមគ្នា​គឺ​ដើម្បី​លុបលាង​អាកប្បកិរិយា​មិន​គប្បី​របស់ខ្លួន​ចំពោះ​កម្ពុជា​ផង និង​ដើម្បី​ទាក់ទាញ​ទីក្រុង​ភ្នំពេញ​ឲ្យ​ប្រញាប់​បញ្ជូន​ពលករ​របស់​ខ្លួន​ត្រឡប់​ទៅ​ធ្វើការ​នៅក្នុង​ប្រទេស​ថៃ​វិញ​ផង។ ដើម្បី​សម្រេច​គោលដៅ​នេះ មន្ត្រីការទូត​ថៃ​បាន​ប្រើ​ការសន្យា​ជាមួយ​កម្ពុជា​ថា​នឹង​ជួយ​សម្រួល​បញ្ហា​មួយចំនួន៖ ការផ្តល់​បែបបទ​ស្របច្បាប់​របស់​ពលករ​ខ្មែរ បញ្ឈប់​ការបាញ់ប្រហារ​ទៅលើ​ពលករ​ឆ្លងដែន​ខុសច្បាប់​ទៅ​កាប់​ឈើ​ក្នុង​ទឹកដី​ថៃ និង​ការសន្យា​អនុវត្តន៍​កិច្ចព្រមព្រៀង​ស្តីពី​បញ្ហា​ព្រះវិហារ​ជាដើម។

គោលដៅ​ទាំងពីរ​របស់​ទីក្រុង​បាងកក​បានទទួល​ការឆ្លើយតប​ជា​វិជ្ជមាន​ពីព្រោះ​កម្ពុជា​បាន​សម្តែង​ការយោគយល់​ចំពោះ​ថៃ​បើទោះជា​ប្រទេសជិតខាង​មួយ​នេះ​បំបាក់មុខ​អំពី​បញ្ហា​ពលករ​ក៏ដោយ។ កម្ពុជា​ក៏បាន​យល់ព្រម​បញ្ជូន​ពលករ​របស់ខ្លួន​ត្រឡប់​ទៅធ្វើ​ការ​ក្នុង​ទឹកដី​ថៃ​វិញ​ដោយ​មិន​មិន​បង្អង់​យូរ។ លើសពីនេះទៅទៀត គណៈប្រតិភូ​ថៃ​ក៏បាន​វិលត្រឡប់​ទៅវិញ​ជាមួយ​សកម្មជន​អាវ​លឿង​ដ៏​សំខាន់​ម្នាក់​របស់ខ្លួន​គឺ វីរៈ ស៊ុម​ខ្វាម​ឃី​ត ដែល​ត្រូវបាន​ដោះលែង​ចេញពី​ពន្ធនាគារ​កម្ពុជា​យ៉ាង​តក់ក្រហល់។

ជាការ​ពិតណាស់ រដ្ឋាភិបាល​កម្ពុជា​តែងតែ​ប្រកាន់​ជំហរ​នយោបាយ​ការទូត​ទន់ភ្លន់​ជាមួយ​ប្រទេសជិតខាង។ នេះ​ជា​នយោបាយ«សន្តិភាព​និយម»មួយ​គួរ​ឲ្យ​លើកទឹកចិត្ត​និង​ការឆ្លើយតប​វិញ​សមស្រប។ ប៉ុន្តែ នយោបាយ​ការទូត​ទន់ភ្លន់​របស់​កម្ពុជា​ជា​ញឹកញាប់​ត្រូវបាន​ប្រទេសជិតខាង​ចាត់ទុកជា​ភាព​ទន់ជ្រាយ​ងាយ​លួងលោម​ទៅវិញ។ ជាក់ស្តែង នៅ​ចំពោះមុខ​បញ្ហា​ពលករ កម្ពុជា​គួរតែ​ឆ្លៀត​ពេលដែល​ថៃ​កំពុង​ត្រូវការ​ពលករ​ខ្មែរ​ជា​ចាំបាច់​ដើម្បី​ទាមទារ​មកវិញ​នូវ​ការធានា​ខាង​ក្របខ័ណ្ឌគតិយុត្តិ​ឲ្យ​បានច្បាស់លាស់​ពី​ភាគី​ថៃ​ទាក់ទង​នឹង​ការគោរព​សិទ្ធិ​ពលករ​ខ្មែរ​ជាជាង​ការសន្យា​ដោយ​មាត់ទទេ។

ម្យ៉ាងទៀត ការដោះលែង​អ្នកទោស​ថៃ​ក៏​គួរតែ​ទទួលបាន​ការសន្យា​ឲ្យ​បានច្បាស់លាស់​ជាង​នេះដែរ​អំពី​ជោគវាសនា​របស់​ពលក​រ​ខ្មែរ​ដែល​ថៃ​ចាប់ខ្លួន។ សូម​កុំភ្លេចថា នេះ​មិនមែនជា​លើក​ទី១ទេ​ដែល​មន្ត្រី​ថៃ​បាន​សន្យា​ទាំង​បញ្ហា​ពលករ​ឆ្លងដែន​ខុសច្បាប់​ទាំង​បញ្ហា​ព្រះវិហារ។  ប៉ុន្តែ ពាក្យសន្យា​ទាំងនោះ​មិនត្រូវ​បាន​គោរព​នោះទេ។ យ៉ាងណា​ក៏ដោយចុះ ឥឡូវនេះ​គណៈប្រតិភូ​ក្រសួងការបរទេស​ថៃ​បាន​វិលត្រឡប់​ទៅវិញ​ហើយដោយ​នាំយកទៅ​ជាមួយ​នូវ​ជោគជ័យ​ដែល​ទំនងជា​ហួស​ពី​ការរំពឹងទុក​ផង​ពីព្រោះ​យុទ្ធសាស្ត្រ«លួងលោម»របស់​ថៃ​មិន​ត្រឹមតែ​ទទួលលទ្ធផល​ជាទី​គាប់ចិត្ត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ គណៈប្រតិភូ​ថៃ​ក៏បាន​វិលត្រឡប់​ជាមួយនឹង​វត្តមាន​សមាជិក​ថ្មី​ម្នាក់ទៀត​ដែល​អាច​ចាត់ទុកជា​កាដូ​របស់​ទីក្រុង​ភ្នំពេញ​ក៏​ថា​បាន។

ដូច្នេះ អំណឹះតទៅ អ្វីដែល​កម្ពុជា​រំពឹងទុក​មុនគេ​នោះ​គឺ ការដោះលែង​ពលករ​ខ្មែរ​ទាំង១៤នាក់​ដែល​កម្ពុជា​បានស្នើ​សុំ។ បន្ទាប់មក អ្វីដែល​សំខាន់​ជាងនេះទៅទៀត​នោះ​គឺ តើ​ទាហាន​ថៃ​ពិតជា​ឈប់​បាញ់ប្រហារ​ទៅលើ​ពលករ​ខ្មែរ​ឆ្លងដែន​ទៅ​កាប់​ឈើ​ក្នុង​ទឹកដី​របស់ខ្លួន​ទៀត​ដែរឬទេ? និង​ថា​តើ​ថៃ​ពិតជា​គោរព​សេចក្តីសម្រេច​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ​ទីក្រុង​ឡាអេ​ស្តីពី​បញ្ហា​ព្រះវិហារ​ដូច​ការសន្យា​មែនដែរ​ឬទេ?

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ