អានតួអត្ថបទ
កម្ពុជា

កម្ពុជា​បារម្ភ​ថា ខ្លួន​អាច​ក្លាយ​ជា​ជន​រង​គ្រោះ​​ដោយសារ​វិបត្តិ​ផ្ទៃ​ក្នុង​ថៃ​ទៀត​

កម្ពុជា​និង​ថៃ​មិន​ទាន់​បាន​សម្រេច​គ្នា​អំពី​ការ​ចាប់ផ្តើម​អនុវត្ត​សាលដីកា​តុលាការ​ឡាអេ​ ថ្ងៃ​ទី១១​វិច្ឆិកា ​នៅឡើយទេ រហូតដល់ពេល​នេះ។ ខណៈនេះ វិបត្តិ​នយោបាយ​ផ្ទៃក្នុង​ថៃ​កំពុង​តែ​ពុះ​កញ្ជ្រោល​ឡើងវិញ​ទៀតហើយ។ អ្នកប្រវត្តិសាស្ត្រ និង​អ្នកស្រាវជ្រាវ​មួយ​ចំនួន​បាន​សំដែង​ការ​ព្រួយ​បារម្ភ​ថា វិបត្តិ​នយោបាយ​ថៃ​នឹង​ប៉ះពាល់ដល់​ការ​អនុវត្តន៍​សាលដីកា ស្តីពី​បញ្ហា​ព្រំដែន​ប្រាសាទ​ព្រះវិហារ។ ប៉ុន្តែ ​អ្នកជំនាញ​ព្រំដែន​របស់​កម្ពុជា និយាយ​ថា បញ្ហា​តុលាការ​ឡាអេ ជា​រឿង​ដាច់​ដោយឡែក​ពី​វិបត្តិ​ផ្ទៃក្នុង​ថៃ។

នាយករដ្ឋមន្ត្រីថៃលោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា(កណ្តាលឆ្វេង) ។
នាយករដ្ឋមន្ត្រីថៃលោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា(កណ្តាលឆ្វេង) ។ REUTERS/Samrang Pring
ផ្សាយពាណិជ្ជកម្ម

ប្រមុខ​រដ្ឋាភិបាល​ទាំងពីរ កម្ពុជា​ ថៃ​បាន​សន្យា​ជាមួយ​គ្នា ហើយ​ក៏​បាន​ប្រកាស​ប្រាប់ពលរដ្ឋ​រៀងខ្លួន​ដែរថា​ រដ្ឋាភិបាល​ទាំងពីរ​នឹង​អនុវត្ត​សាលដីកា​តុលាការ​ឡាអេ​ ក្នុង​សំណុំរឿង​តំបន់ប្រាសាទ​ព្រះវិហារ​ បើទោះជា​​សាលដីកា​នោះ មាន​អំណោយផល​ទៅ​ប្រទេសណា​ក៏​ដោយ។ ក្រោ​យ​ការ​ប្រកាស​សាលដីកា​​ដ៏​រសើប​មួយ​នេះ លោកស្រី​នាយក​រដ្ឋមន្ត្រីថៃ​បាន​ប្រកាស​ថា ប្រមុខ​ការទូត​នៃ​ប្រទេ​ស​ទាំងពីរនឹង​ជួប​គ្នា​ដើម្បី និយា​យអំពី​យន្តការ​នៃ​ការ​អនុវត្តន៍​​សាលដីកា​នេះ។

តាំង​ពី​ថ្ងៃ​ទី​១១​វិច្ឆិកាមក រហូត​ដល់ពេលនេះ នៅតែ​មិនទាន់មាន​ព័ត៌មាន​ស្តីអំពី​ការ​ចាប់ផ្តើម​អនុវត្ត​សាលដីកានៅឡើយទេ ខណៈ​ដែលវិបត្តិនយោបាយ​ផ្ទៃក្នុង​ថៃ​បាន​ផ្ទុះ​ឡើង​វិញ​យ៉ាង​ក្តៅគគុក​។

លោករស់ ចន្ត្រាបុត្រ​ អ្នកប្រវត្តិសាស្ត្រ​មួយ​រូប​របស់​កម្ពុជា​ បាន​ពន្យល់​ថា សាលដីកា​តុលាការ​យុត្តិធម៌​អន្តរជាតិ​បាន​បង្គាប់យ៉ាង​ដាច់ណាត់​ អោយភាគីទាំងពីរ​ត្រូវគោរពសេចក្តីសម្រេច​របស់​តុលាការ​។ ប៉ុន្តែ​ ប្រវត្តិវិទូ​រូបនេះ​ហាក់មិន​ទុកចិត្ត​ថា វិបត្តិ​ផ្ទៃក្នុង​ថៃ​នឹង​មិន​បង្ក​ផល​ប៉ះពាល់​ដល់​ការ​អនុវត្ត​ន៍​សាលដីកា​ឡាអេ​នោះទេ។

លោក​រស់ ចន្ត្រាបុត្រ​បញ្ជាក់ថា នៅពេលនេះ​ក្រុម​គណបក្ស​ប្រឆាំង​របស់​លោកអាប់ភីស៊ីត​​កំពុង​វាយប្រហារ​រដ្ឋាភិបាល​នៃ​គណបក្ស​ភឿ​ថៃ​ក្នុង​សំណុំរឿង​​ច្បាប់​លើកលែងទោស​មែន ​ប៉ុន្តែ​លោកថា​ នៅពេលខាងមុខ​គ្មាន​អ្នកណា​ហ៊ាន​អះអាង​​ថា ក្រុម​លោកអាប់ភីស៊ីត​មិន​លើក​បញ្ហាព្រំដែន​មកនិយាយនោះឡើយ។ នេះ​ជា​ការ​ព្រួយ​បារម្ភ​របស់​អ្នកលោករស់ ចន្ត្រាបុត្រ។

លោក កែម ឡី ​ដែល​ជាអ្នកស្រាវជ្រាវ​សង្គម​ឯណោះវិញ​ ក៏​បាន​បញ្ចេញទស្សនៈ​ព្រួយបារម្ភ​ស្រដៀង​គ្នានឹង​លោក​ប្រវត្តិ​វិទូ​ដែរ។ អ្នកស្រាវជ្រាវ​រូបនេះ អត្ថាធិប្បាយថា ការ​បណ្តុះ​គំនិត​ជាតិ​និយម និង​ការ​បញ្ចូល​មេរៀន​ប្រវត្តិសាស្ត្រ​មិន​គ្រប់ជ្រុងជ្រោយ​នៅ​ក្នុងប្រ័ន្ធអប់រំ​ថៃ សុទ្ធ​តែ​បង្ក​ផលលំបាក​នៅ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន សម្រាប់រដ្ឋាភិបាល​ថៃ។ លោកកែម ឡី​ បាន​មើលឃើញ​​យន្តការ​អង្គការ​សហប្រជាជាតិ ​ដែល​អាច​បង្ខំ​អោយ​ថៃ​អនុវត្ត​សាលដីកា​តុលាការ​ឡាអេ។

អះអាង​ខុស​ពី​អ្នកប្រវត្តិសាស្ត្រ និង​អ្នកស្រាវជ្រាវខាងលើ លោកវ៉ា គឹមហុង ទេសរដ្ឋ​មន្ត្រី​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន បាន​និយាយ​តែអំពី​ឆន្ទៈ​របស់​រដ្ឋាភិបាល​ទាំងពីរ។ ប្រធាន​គណៈកម្មការ​កិច្ចព្រំដែន​កម្ពុជា​ថៃ​រូប​នេះ ពន្យល់យ៉ាង​ច្បាស់លាស់​ថា សាលដីកា​តុលាការ​ឡាអេ និង​វិបត្តិ​នយោបាយ​ផ្ទៃក្នុង​ថៃ គឺ​ជា​រឿង​២​ដាច់ដោយឡែក​ពីគ្នា។

ទោះយ៉ាងណា​ក៏ដោយ គេនៅរង់ចាំ​មើល​ទិដ្ឋភាព និង​ការ​វិវត្ត​ន៍​ជាក់ស្តែង​នៃ​ស្ថានភាព​នេះ។ ស្ថានភាពដែល​កម្ពុជា​ធ្លាប់​ឆ្លងកាត់ហើយ ដោយ​បាន​ក្លាយ​ជា​ជនរងគ្រោះ​នៃ​វិបត្តិ​ផ្ទៃក្នុង​របស់​ថៃ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ