អានតួអត្ថបទ
កម្ពជា

លោក ហ៊ុន សែន ចេញ​ទៅ​បំពេញ​បេសកម្ម​នៅ​ប្រទេសចិន​ចំ​ថ្ងៃ​ភ្ជុំ​ខណៈ​មេដឹក​នាំ​បក្ស​ប្រឆាំង​ទៅ​វត្ត​

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ​មិនមាន​វត្តមាន​នៅ​ក្នុង​ប្រទេស​ទេ​ចំ​ថ្ងៃ​បុណ្យ​ភ្ជុំ​បិណ្ឌ​។អវត្តមាន​លោកនាយករដ្ឋមន្ត្រី​ដោយ​សារ​តែ​ទៅ​ចូល​រួម​វេទិកា​និង​សន្និសីទ​មួយ​ចំនួន​នៅ​ទីក្រុង​ម៉ាកាវ​ប្រទេសចិន​ចាប់​ពី​ថ្ងៃ​ទី​១២​ដល់​ថ្ងៃ​ទី​១៧​តុលា។​ ចំណែកឯ​មេដឹកនាំ​គណបក្ស​ប្រឆាំង​​បាន​អញ្ជើញ​ទៅ​វត្ត​ជា​ធម្មតា​តាម​ការ​វិភាគ​ដែល​បាន​គ្រោង​ទុក​ហើយ​ក៏​គ្មាន​គម្រោង​ទៅ​ក្រៅ​ប្រទេស​ក្នុង​ឱកាស​នេះ​ដែរ​។  

លោក ហ៊ុន សែន និង​ លោកស្រី ប៊ុន រ៉ានី ពេល​អញ្ជើញ​ទៅ​ដល់​ប្រទេស​ចិន​
លោក ហ៊ុន សែន និង​ លោកស្រី ប៊ុន រ៉ានី ពេល​អញ្ជើញ​ទៅ​ដល់​ប្រទេស​ចិន​ @ហ្វេសប៊ុកលោក ហ៊ុន ​សែន
ផ្សាយពាណិជ្ជកម្ម

លោក ហ៊ុន សែន ជាមួយភរិយា លោកស្រី ប៊ុន រ៉ានី រួមនិងមន្ត្រីរដ្ឋាភិបាលដទៃទៀតរួម​មាន​លោក សុខ អាន លោក ថោង ខុន និង លោក ប្រាក់ សុខុន ជាដើម បាន​ចាកចេញ​ពី​ប្រទេស​កម្ពុជា​វេលា​ម៉ោង​៨ព្រឹក​នៅ​ថ្ងៃ​អាទិត្យ​ទី​១១​តុលា​ឆ្ពោះ​ទៅ​កាន់​ទី​ក្រុង​ម៉ាកាវ ប្រទេសចិន គឺ​ដើម្បី​ទៅ​ចូលរួម​វេទិកា​ចំនួន​បួន​ដូចជា.វេទិកាសេដ្ឋកិច្ចទេសចរណ៍សកលម៉ាកាវ ឆ្នាំ២០១៥ . សន្និសីទពិសេសរបស់គណបក្សនយោបាយនៅអាស៊ីស្តីពីវិថីសូត្រ . វេទិកាស្តីពី​ការកាត់​បន្ថយ​ភាពក្រីក្រសកលនិងការអភវឌ្ឍន៍ឆ្នាំ២០១៥.វេទិកាសៀងសានលើកទី៦។

 
ក្រៅពីនេះ​តាមគម្រោង​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹង​ជួប​ទ្វេភាគី​ជាមួយ​ថ្នាក់​ដឹកនាំ ប្រទេសចិន។ ជាការ​គត់សម្គាល់​ដំណើរ​ចេញ​ទៅ​បំពេញ​ការងារ​នៅ​ក្រៅ​ប្រទេស​របស់​លោក ហ៊ុន សែន ធ្វើ​ឡើង​ក្នុង​ឱកាស​ដែល​ពលរដ្ឋ​កម្ពុជា​រៀបចំ​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​ប្រចាំឆ្នាំ។
ទោះអវត្តមាន​ពី​ប្រទេស​តែ​ក្នុង​ឱកាស​បុណ្យ​កាន់​បិណ្ឌ​នាពេល​កន្លងមក​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​អញ្ជើញ​ទៅ​កាន់​បិណ្ឌ​ក្នុងវត្ត​លង្កា​រាជធានីភ្នំពេញ​និង​វត្តចំពុះក្អែក​ខេត្តកណ្ដាល។​ តាមរយៈ​សារជូនពរ​នៅ​ក្នុង​បណ្ដាញ​សង្គម​ហេ្វសប៊ុក​ផ្ទាល់​ខ្លួន​លោក ហ៊ុន សែន ​បានផ្ញើសារសួរ​សុខទុក្ខ​ដល់​កងទ័ព​ជាតិ​ទូទាំង​ប្រទេស​និង​បាន​ជូនពរ​ដល់ពួកគេ​ឲ្យ​កងទ័ព​ជួប​សេចក្ដីសុខ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​នេះ។

លោក សួស យ៉ារ៉ា អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ក៏​ឲ្យ​ដឹងដែរ​ទោះ​ជា​អវត្តមាន​ប្រធាន គណបក្សលោក ហ៊ុន សែន មន្ត្រី​គណបក្ស​អញ្ជើញ​ទៅវត្ត​ជាលក្ខណៈ​គ្រួសារ​រៀងខ្លួន។​បក្សប្រជាជន​មិន​បាន​រៀបចំ​ពិធី​អ្វីទេ​ក្នុង​ពេលនេះ។

ស្របពេលនេះ​មេដឹកនាំ​គណបក្ស​សង្គ្រោះជាតិ​ទាំងលោក សម រង្ស៊ី និង​ លោក កឹម សុខា គ្មាន​គម្រោង​ចេញ​ទៅ​ក្រៅ​ប្រទេស​ទេ​នៅ​ក្នុង​ឱកាស​នេះ។​​ ហើយ​នៅ​ថ្ងៃអាទិត្យ​ដែល​ជា​វេន កាន់បិណ្ឌ​ទី១៤ លោក កឹម សុខា និង លោក សម រង្ស៊ី បាន​អញ្ជើញ​ទៅ​វត្ត​ជា​លក្ខណៈគ្រួសារ ។ លោក សម រង្ស៊ី បានចូលរួមកាន់បិណ្ឌ វេនទី១៤ នៅវត្ដសន្សំកុសល និង​ បន្តហួសជួប អាជីវករ ​នៅ​ផ្សារ​បឹងទំពុន។ ចំពោះ​គណបក្សសង្គ្រោះជាតិ​ក៏​គ្មាន​គម្រោង​រៀបចំ​កម្មវិធី​អ្វី​ដែរក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌនេះ៕

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ