CNRPរៀបចំវិធានផ្ទៃក្នុងដើម្បីពង្រឹងការតស៊ូមតិក្នុងរដ្ឋសភា
គណបក្សសង្គ្រោះជាតិ(CNRP) រៀបចំវិធានផ្ទៃក្នុងនៃក្រុមតំណាងរាស្ត្រមតិភាគតិច ក្នុងរដ្ឋសភា។ វិធានផ្ទៃក្នុងនេះរៀបចំឡើង ដើម្បីពង្រឹងសិទ្ធិអំណាចរបស់ខ្លួន ក្នុងការតស៊ូមតិលើការអនុម័តច្បាប់នានាឲ្យកាន់តែមានប្រសិទ្ធភាព។ វិធានផ្ទៃក្នុងគណបក្សសង្គ្រោះ ជាតិដែលកំពុងតែរៀបចំនៅពេលនេះស្រប ពេលនឹងការត្រៀមខ្លួនរបស់តំណាងរាស្ត្រគណបក្សសង្គ្រោះចូលរួមកិច្ចប្រជុំសភាពេញអង្គនៅថ្ងៃទី១៦ស្អែក។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០១:៣៦
លោក យ៉ែម ប៉ុញ្ញឫទ្ធ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិពន្យល់ថា សេចក្ដីព្រាងស្ដីពីវិធានផ្ទៃក្នុង នៃក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិបានបញ្ញត្តិអំពីការបែងចែកតួនាទីភារៈកិច្ចរបស់តំណាងរាស្ត្រសំឡេងមតិភាគតិចបញ្ចូលទៅក្នុងគណៈកម្មការនានារបស់រដ្ឋសភា។ វិធានផ្ទៃក្នុងនេះក៏បានកំណត់ឲ្យ តំណាងគណៈកម្មការរដ្ឋសភាមកពីគណបក្សសង្គ្រោះជាតិមានតួនាទីពិនិត្យនិងសិក្សាលើសេចក្ដីព្រាងច្បាប់និងស្វែងរកប្រភពព័ត៌មាននានាមុននឹងយកបញ្ហាទាំងអស់នេះជួបជជែកគ្នារវាងក្រុមតំណាងរាស្ត្រមតិភាគតិចនិងភាគច្រើនក្នុងរដ្ឋសភា ហើយក៏ត្រៀមយកទៅពិភាក្សានៅក្នុងកិច្ចប្រជុំសភាពេញអង្គផងដែរ។ នេះជាការបន្ថែមរបស់លោក យ៉ែម ប៉ុញ្ញឫទ្ធ។
លោកអ្នកនាំពាក្យរូបនេះឲ្យដឹងថា គោលដៅសំខាន់នៃវិធានផ្ទៃក្នុងរបស់ក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិនៅពេលនេះគឺដើម្បីពង្រឹងប្រសិទ្ធភាពនៃការតស៊ូមតិសម្រាប់ការអនុម័តច្បាប់ឲ្យកាន់តែមានប្រសិទ្ធភាព។ សូមបញ្ជាក់ថា មុននឹងមានការរៀបចំសេចក្ដីព្រាងស្ដីពីវិធានផ្ទៃក្នុងនៃក្រុមតំណាងរាស្ត្រនេះ គណបក្សសង្គ្រោះជាតិបានរៀបចំសិក្ខាសាលាកាលពីថ្ងៃទី០៦ធ្នូក្រោមវត្តមានលោក កឹម សុខា ប្រធានស្ដីទីគណបក្ស សមាជិកព្រឹទ្ធសភាមកពីគណបក្ស សម រង្ស៊ី និង ក្រុមអ្នកច្បាប់របស់គណបក្សប្រឆាំងផងដែរដើម្បីប្រមូលមតិយោបល់ចង់ក្រងវិធានផ្ទៃក្នុងនេះឡើង។
ជាការកត់សម្គាល់ដំណើរការរៀបចំសេចក្ដីព្រាងស្ដីពីវិធានផ្ទៃក្នុងនៃក្រុមតំណាងរាស្ត្រមតិភាគតិចនៅពេលនេះធ្វើឡើងស្របនឹងការត្រៀមខ្លួនរបស់តំណាងរាស្ត្រគណបក្សសង្គ្រោះចូលរួមកិច្ចប្រជុំសភាពេញអង្គនៅថ្ងៃទី១៦ធ្នូស្អែកបន្ទាប់ពីការធ្វើពហិកានាពេលកន្លងមក៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ