អានតួអត្ថបទ
កម្ពុជា-ច្បាប់

សាលាក្រុង​មិន​អនុញ្ញាត​ឲ្យ CNRP ដង្ហែ​ញត្តិ​សុំ​អន្តរាគមន៍​ពី​បរទេស

សាលាក្រុង​ភ្នំពេញ​បាន​ប្រកាស​នៅ​ថ្ងៃ​សៅរ៍​នេះថា នឹង​មិន​អនុញ្ញត​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ដាក់​ញត្តិ​ទៅ​កាន់​ស្ថានទូត​ប្រទេស​ហត្ថលេខី​នៃ​សន្ធិសញ្ញា​ទី​ក្រុង​ប៉ារីស ទាំង​៥​និង សមាជិកអាស៊ាន​មួយ​ចំនួន​នៅ​ថ្ងៃ​ចន្ទ​សប្ដាហ៍​ក្រោយ​នោះ​ទេ។  ការ​បិទ​ភ្លើង​ខៀវ​របស់​សាលា​ក្រុង​ធ្វើ​ឡើងតែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់​ពី​គណបក្ស​សង្គ្រោះជាតិ​បាន​បង្ហាញ​ពី​បំណង​នៃ​ការ​ដាក់​ញត្តិ​កាល​ពីថ្ងៃ​ទី​០២​ កញ្ញា ។ 

មេដឹកនាំគណបក្សសង្គ្រោះជាតិ ចេញពីតុលាការនៅថ្ងៃ ១៤ មករា ឆ្នាំ ២០១៤
មេដឹកនាំគណបក្សសង្គ្រោះជាតិ ចេញពីតុលាការនៅថ្ងៃ ១៤ មករា ឆ្នាំ ២០១៤ RFI/ siv channa
ផ្សាយពាណិជ្ជកម្ម

ការ​បដិសេធ​របស់​សាលា​ក្រុង​ភ្នំពេញ​ចំពោះ​សំណើ​របស់​គណបក្ស​សង្គ្រោះជាតិ​ដោយ​សារ​តែគណបក្ស​ប្រឆាំង​មួយ​នេះ មិន​បាន​គោរព​លក្ខខណ្ឌ​និង​នីតិវិធី​នៃ​ច្បាប់​ស្ដីពី​បាតុកម្ម​ដោយ​សន្តិវិធី។

 
លោក មាន ចាន់យ៉ាដា អ្នកនាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ​បាន​គូស​បញ្ជាក់​ថា គណបក្ស​សង្គ្រោះជាតិ​បាន​ដាក់​លិខិត​មក​សាលារាជធានី​ភ្នំពេញ​កាល​ពី​ល្ងាច​ថ្ងៃ​សុក្រ​ទី​២ កញ្ញា ។ ប៉ុន្តែលិខិត​នេះ​ត្រូវ​បាន​សាលា​ក្រុង​ធ្វើ​ការ​បដិសេធ​ភ្លាមៗ​ដោយ​សារ​គណបក្ស​សង្គ្រោះ​ជាតិ​ធ្វើ​ខុសនីតិវិធី​ព្រោះ​ថា តាម​គោលការណ៍​ច្បាប់​គណបក្ស​សង្គ្រោះជាតិ​ត្រូវ​ជូន​ដំណឹង​មក​សាលា​ក្រុងឲ្យ​បាន​មុន​យ៉ាង​តិច​បី​ថ្ងៃ​នៃ​ថ្ងៃ​ធ្វើ​ការ។

 
សាលា​ក្រុង​បាន​ព្រមាន​ថា ប្រសិន​បើ​គណបក្ស​សង្គ្រោះជាតិ​នៅ​តែ​បន្ត​សកម្មភាព​នៃ​ការ​ដង្ហែ​ញត្តិ នោះ​អាជ្ញាធរ​នឹង​ប្រើ​វិធាន​ការ​ដែល​មាន​ចែង​នៅ​ក្នុង​ច្បាប់។

 
សូមបញ្ជាក់ថា គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ថ្ងៃ​ទី​២​កញ្ញាបាន​ប្រកាស​ថាតំណាង​រាស្ត្រ​គណបក្ស​​ទាំង​អស់​នឹង​យក​ញត្តិ​សុំ​អន្តរាគមន៍​ទៅ​កាន់​បណ្តា​ប្រទេស​មហា​អំណាចនិង​សមាជិក​អាស៊ាន​ចំពោះ​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា នា​ថ្ងៃ​ចន្ទ​សប្ដាហ៍​ក្រោយ។ ជា​ញត្តិ​ដែល​បក្សប្រឆាំង​ស្នើ​ភាគី​ទាំង​អស់​សម្រប​សម្រួល​ស្ថានការណ៍​នៅ​កម្ពុជា​ប្រក្រតី​ឡើង​វិញ។

 
លោក អេង ឆៃអ៊ាង មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះជាតិ​ បាន​អះអាង​ថាការ​ស្វែង​រក​កិច្ច​អន្តរាគមន៍​ពី​បរទេស​នេះគឺ​ដោយ​សារ​តែ​ស្ថានភាព​នយោបាយ​នៅ​តែ​បន្ត​តាន​តឹង​ខណៈ​សមាជិក​សភា​គណបក្ស​សង្គ្រោះ​ជាតិជាពិសេស​ប្រធាន​គណបក្ស​ប្រឆាំង​ទាំង​ពីរ​រូប​កំពុង​ប្រឈម​នឹង​ប្រព័ន្ធតុលាការ។ លោកសមរង្ស៊ី កំពុង​មាន​បណ្តឹង​ជាប់​ខ្លួន​ចំនួន ៥បណ្តឹងដោយ​ឡែក​លោកកឹមសុខាកំពុង​រង​បណ្តឹង​របស់​តុលាការ​ចំនួន​៣ផងដែរ។ នេះគឺ​មិន​ទាន់រាប់​បញ្ជូល​​បណ្តឹង​លើ​សមាជិករដ្ឋសភាព្រឹទ្ធសភានិង សកម្មជន​នៅ​ឡើយ​ទេ៕

 

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ