អានតួអត្ថបទ
កម្ពជា

ម្ចាស់​​រថយន្ត​​ចង្កូត​​ស្ដាំ​​ព្រមាន​​បិទ​​ផ្លួវ​​នា​​ល្ងាច​​នេះ​​ទៀត​​ដើម្បី​​ប្រឆាំង​​ការ​​កែ​​ចង្កូត​​ស្ដាំ​​ទៅ​​ឆ្វេង​

នៅ​ម៉ោង​២​រសៀល​នេះ តំណាង​១០​នាក់ នៃ​ម្ចាស់​រថយន្ត​ចង្កូត​ស្ដាំ​នឹង​ជួប​ចរចា​នៅ​សាលា​រាជធានី​ភ្នំពេញ អំពី​ដំណោះ​ស្រាយ​នៃ​ការ​តម្រូវ​ឲ្យ​កែ​ចង្កូត​រថយន្ត​ពី​ស្ដាំ​ទៅ​ឆ្វេង។ ការ​ជួប​ចរចា​ធ្វើឡើង​បន្ទាប់​ពី​ក្រុម​ម្ចាស់​រថយន្ត​ចង្កូត​ស្ដាំ​នៅ​ ព្រឹក​ថ្ងៃ​ពុធ​នេះ ជាង១០០ នាក់​បាន​បិទ​ផ្លូវ​ចំនួន​បីកន្លែង​ប្រឆាំង​នឹង​ការ​តម្រូវ​ឲ្យ​ចង្កូត​ ពីស្ដាំ​ទៅ​ឆ្វេង។ ហើយ​មក​ដល់​ម៉ោង​នេះ​ពួក​គេ​សម្រេច​ដកថយ និង បើក​ផ្លូវ​ឲ្យ​មាន​ចរាចរណ៍​ឡើង​វិញ នឹង បានព្រមាន​ពី​បិទ​ផ្លូវ​ជា​ថ្មី​នៅ​ល្ងាច​នេះ។

ទិដ្ឋភាព​នៃ​ការ​បិទ​ផ្លូវ​ពី​សំណាក់​ក្រុម​ម្ចាស់​រថយន្ត​ចង្កូត​ស្ដាំ​នៅ​ព្រឹក​ថ្ងៃ​ពុធ​ទី​២៣​ធ្នូ​ឆ្នាំ​២០១៥
ទិដ្ឋភាព​នៃ​ការ​បិទ​ផ្លូវ​ពី​សំណាក់​ក្រុម​ម្ចាស់​រថយន្ត​ចង្កូត​ស្ដាំ​នៅ​ព្រឹក​ថ្ងៃ​ពុធ​ទី​២៣​ធ្នូ​ឆ្នាំ​២០១៥ @siv channa
ផ្សាយពាណិជ្ជកម្ម

ការ​តវ៉ា​រឿង​ផ្លាស់​ប្ដូរ​ចង្កូត​រថយន្ត​នេះ បាន​ផ្ទុះ​ឡើង​ជា​លក្ខណៈ​ទ្រង់​ទ្រាយ​ធំ​ជា​ថ្មី​នៅ​ព្រឹក​ថ្ងៃ​ពុធទី​២៣​ធ្នូ​នេះ បន្ទាប់​ពី​ម្ចាស់​រថយន្ត​ប្រភេទ​ធំ​ជាង​១០០​គ្រឿង​បាន​បិទ​ផ្លូវ​បី​កន្លែង​ចូល​ក្នុង​ក្រុង​រួមមាន៖ផ្លូវ​ជាតិ​លេខ​៣ ផ្លូវ​ជាតិ​លេខ​១ និង នៅ​ម្ដុំ​ព្រែក​ហូរ។ ពួក​គេ​បាន​ព្រមាន​ថា នឹង​មាន​ការបិទ​ផ្លូវ​នៅ​ល្ងាច​នេះ​ទៀត​ប្រសិន​បើ​ការ​ស្នើ​សុំ​របស់​ពួក​គេ​ត្រូវ​បាន​បដិសេធ ហើយ​នៅ​ខណៈ​នេះពួក​គេ​បាន​ដក​ថយ​សិន​បន្ទាប់​ពី​មាន​អន្តរាគមន៍​និង​ការ​សន្យា​រក​ដំណោះ​ស្រាយ។ នេះ​បើ​តាមការ​បញ្ជាក់​ពី​លោក ប៊ុន ចាន់ត្រា ម្ចាស់​រថយន្ត​ចង្កូត​ស្ដាំ។

ថ្លែង​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​RFI លោក ប៊ុន ចាន់ត្រា បន្តថា នេះ​ជា​លើក​ទី​១០​ហើយ​នៃ​ការតវ៉ា​របស់​ម្ចាស់​រថយន្ត​ចង្កូត​ស្ដាំ​ដែល​បន្ត​គ្មាន​ដំណោះ​ស្រាយ។ លោក ប៊ុន ចាន់ត្រា បញ្ជាក់​ពីហេតុ​ផល​ថា កាល​ដែល​រដ្ឋ​តម្រូវ​ឲ្យ​កែ​ចង្កូត​ពី​ស្ដាំ​ទៅ​ឆ្វេង​មាន​ផល​ប៉ះ​ពាល់​ខ្លាំង​គឺ​ធ្វើ​ឲ្យ​បាត់​បង់គុណ​ភាព​រថយន្ត​៨០​ភាគ​រយ។ និង​ម្យ៉ាង​ទៀត​ការ​កែ​ចង្កូត​រថយន្ត​នេះ តម្រូវ​ឲ្យ​មាន​គ្រឿងបន្លាស់​ច្រើន​ជា​ហេតុ​ធ្វើ​ឲ្យ​ខាត​ពេល​វេលា​ក្នុង​ការ​ប្រកប​របរ​ប្រចាំ​ថ្ងៃ​ហើយ ប៉ះ​ពាល់​ជា​មួយបំណុល​ធនាគារ​ដែល​បាន​ខ្ចី​មក​ទិញ​រថយន្ត។ លោក ប៊ុន ចាន់ត្រា ក៏​បាន​លើក​ជា​ឧទាហរណ៍កើត​មាន​ស្រាប់​រួច​ទៅ​ហើយ​ក្រោយ​ការ​ចង្កូត​នេះ​រថយន្ត​មួយ​ចំនួន​បាន​ដាច់​ចង្កូត​នៅ​ពេល​ពួកគេ​បើក​បរ។

ដូច្នេះ​ហើយ​ពួក​គេ​បាន​ស្នើ​ទៅ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជួយ​អន្តរាគមន៍​លើ​បញ្ហា​នេះដោយ​ម្ចាស់​រថយន្ត​ចង្កូត​ស្ដាំ​ទាំង​នេះ​សន្យា​ថា នឹង​បង់​ពន្ធ​ជូន​រដ្ឋ​មិន​ឲ្យ​ខក​ខាន​ដើម្បី​ជា​ថ្នូរ​បានសិទ្ធ​រក្សា​ទុក​ចង្កូត​ស្ដាំ​ដដែល។ ការ​តវ៉ា​នេះ​ធ្វើ​ឡើង​ទន្ទឹម​នឹង​ពេល​វេលា​នៃ​ការ​អនុវត្តន៍​ច្បាប់ចរាចរណ៍​ផ្លូវ​គោក​ថ្មី​កាន់​តែ​ខិត​ជិត​មក​ដល់​នៅ ថ្ងៃ ទី១ មករា ឆ្នាំ ២០១៦។ នេះ​ជា​ការ​បន្ថែមរបស់​លោក ប៊ុន ចាន់ត្រា។

សូម​បញ្ជាក់ថា ការ​ជួប​ចរចា​គ្នា​នៅ​ម៉ោង​២​រសៀល​នេះ​ធ្វើ​ឡើង នៅ​សាលា​រាជធានី​ភ្នំពេញ​មានការ​សម្រប​សម្រួល​ពី​លោក ប៉ា សុជាតិវង្ស និង តំណាង​ក្រសួង​សាធារណៈការ​១​រូប តំណាងអគ្គ​នាយក​ដ្ឋាន​ពន្ធ​ដា១រូប និង តំណាង​ម្ចាស់​រថយន្ត​ចង្កូត​ស្ដាំ​ចំនួន​១០រូប។ គួរ​រម្លឹក​ជូន​ថា ការតម្រូវ​ឲ្យ​មាន​ការ​កែ​ចង្កូត​រថយន្ត​ពី​ស្ដាំ​ទៅ​ឆ្វេង​ធ្វើ​ឡើង​នៅ​បន្ទាប់​ពី​ការ​ចេញ​បញ្ជា​របស់​ស្ថាប័នពាក់​ព័ន្ធ​ក្នុង​ការ​លុប​បំបាត់​រថយន្ត​គេច​ពន្ធ​ដែល​បន្ត​ហូរ​ចូល​មក​កម្ពុជា​៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ