អានតួអត្ថបទ
កម្ពជា

លោករុន រ័ត្នវាសនា ៖ ជិត​ពីរ​ខែ​នេះ អ្នក​បើក​បរ​ស្រវឹង​ជាង​ពីរ​រយ​នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​តុលា​ការ

លោករុន រ័ត្នវាសនា ប្រធាន​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្តាប់​ធ្នាប់​សាធារណៈ​នៃ​ក្រសួង​មហា​ផ្ទៃ បាន​ឲ្យ​ដឹង​ថា គិត​មក​ដល់​ពេល​នេះ អ្នក​បើក​បរ​ក្រោម​ឥទ្ធិ​ពល​គ្រឿង​ស្រវឹង​កម្រិត​ខ្ពស់​ ចំនួន​ជាង​២០០​នាក់​ ត្រូវបាន​នគរ​បាល​ចរាចរណ៍​បញ្ជូន​ទៅ​តុ​លា​ការ ដើម្បី​ធ្វើ​ការ​ផាក​ពិន័យ និង ផ្ទន្ទា​ទោស​ទៅ​តាម​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី។ 

លោក​ឧត្តមសេនីយ៍ឯក​ រុន រ័ត្នវាសនា ​ប្រធាន​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ ​និង​សណ្តាប់​ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរបាលជាតិ។​
លោក​ឧត្តមសេនីយ៍ឯក​ រុន រ័ត្នវាសនា ​ប្រធាន​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ ​និង​សណ្តាប់​ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរបាលជាតិ។​
ផ្សាយពាណិជ្ជកម្ម

ថ្លែង​ប្រាប់​វិទ្យុ​បារាំង​អន្តរ​ជាតិ​តាម​រយៈ​ខ្សែ​ទូ​រស័ព្ទ​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ លោករុន រ័ត្នវាសនា ប្រធាន​នាយកដ្ឋាន​នគរ​បាល​ចរាចរណ៍ និង​សណ្តាប់​ធ្នាប់​សាធារណៈ នៃ​ក្រសួង​មហា​ផ្ទៃ បាន​បញ្ជាក់​ថា អ្នក​បើក​បរ​ដែលត្រូវ​បាន​បញ្ជូ​ន​ទៅ​កាន់​តុលាការ​ជាង​២០០នាក់​នេះ គឺ​សុទ្ធ​តែ​បាន​រក​ឃើញ​ថា មាន​ជាតិ​អាល់​កុល​លើស​ពី០,៤០​មីលី្ល​ក្រាម​ក្នុង​មួយ​លីត្រ​ខ្យល់។

​លោក​រុន រ័ត្ន​វាសនា នៅ​ក្នុង​ការ​ចុះ​ត្រួត​ពិនិត្យ​ជាតិ​ស្រវឹង​ជារៀង​រាល់​យប់​ អះអាងថា នគរ​បាល​ចរារចណ៍​​ផ្លូវ​គោក​បាន​ឃាត់​ខ្លួន​ជា​មធ្យម​អ្នក​បើក​បរ​ក្នុង​ជាតិ​ស្រវឹង​កម្រិត​ខ្ពស់ប្រមាណ​២៥​នាក់​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា។ ជាក់​ស្តែង​កាល​ពី​យប់​ថ្ងៃ​សៅរ៍ ទី២៧ កុម្ភៈ អ្នក​បើក​បរ​យាន​យន្តចំនួន​១៣​នាក់ ត្រូវ​បាន​កម្លំាង​សម្ថកិច្ច​នគរបាល​ចរាចរណ៍​ធ្វើ​ការ​ឃាត់​ខ្លួន​ពាក់​ព័ន្ធ​ការ​បើក​បរ​ក្រោម​ឥទ្ធិ​ពលនៃ​គ្រឿង​ស្រវឹង​ក្នុង​កម្រិត​ខ្ពស់​ដែល​មិន​អាច​ពិន័យ និង​អប់​រំ​បាន​នៅ​នឹង​កន្លែង។

អ្នក​បើក​បរ​ក្រោម​ជា​តិ​ស្រវឹង​ទាំង​នេះ ត្រូវ​បាន​នគរបាល​ឃាត់​ខ្លួន​រយៈ​ពេល​៤៨​ម៉ោង​រហូត​ដល់​ពួក​គាត់​ស្វាងពី​ស្រវឹង​ទើប​បញ្ជូន​ទៅ​កាន់​តុលា​ការ ដើម្បី​ដាក់​ទោស​ទណ្ឌ។ ក៏​ប៉ុន្តែ ពួក​គេ​តែង​តែ​ស្នើ​ដាក់​ប្រាក់​តម្តល់ ដើម្បី​សុំ​នៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន។ នេះ​បើ​តាម​លោក​រុន រ័ត្នវាសនា។ ចំណែក​ការ​អនុវត្ត​ទោស​ទណ្ឌ​លើអ្នក​បើក​បរ​ក្រោម​ឥទ្ធិ​ពល​ក្នុង​កម្រិត​ខ្ពស់​ទាំង​ជាង​២០០​នាក់ ត្រូវ​បាន​ប្រធាន​នាយក​រដ្ឋានចរាចរណ៍​ផ្លូវ​គោកគូស​បញ្ជាក់​ថា តុលា​កា​របាន​ព្យួរ​ទោស​ពួក​គេ​នោះ​ទាំង​អស់។

ដោយ​ឡែក​ទាក់​ទង​នឹង​ការ​បង់​ប្រាក់​ពិន័យ​ដែល​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​ទទួល​បាន​នៅ​ក្នុង​រយៈ​ពេលជិត​ពីរ​ខែ​នេះ មិន​ទាន់​ត្រូវ​បាន​បូក​សរុ​ប​នៅ​ឡើយ​ទេ។ តែ​ទោះ​ជា​យ៉ាង​ណា លោករុន រ័ត្នវាសនា អះ​អាង​ថា អ្នក​ល្មើស​ច្បាប់​ចរាចរណ៍ ប្រមាណ​ជា​៨៨​ទៅ​៩០​ភាគ​រយ បាន​ទៅ​ប​ង់​ប្រាក់​ពិន័យ​តាម​ការ​ល្មើស​របស់​ពួ​ក​គេនី​មួយៗ។ គួរ​ជំ​រាប​ជូន​ថា កាល​ពី​ខែ​មករា​កន្ល​ង​ទៅ នគរ​បាល​ចរាចរណ៍​ផ្លូវ​គោក ទទួល​បាន​ទឹក​ប្រាក់​ជាង​៣ពាន់​លាន​រៀល​ពី​ការ​ផាក​ពិន័យ​អ្នក​ល្មើស​ច្បាប់​ចរាចរណ៍។

បើ​តាម​ក្រសួង​មហា​ផ្ទៃ ទឹក​ប្រាក់​ដែ​ល​បាន​ពី​ការ​ផាក​ពិន័យ​ទាំង​នេះ នឹង​ត្រូវ​បែង​ចែក​ជូន​កងកម្លាំង​នគរបាល​ចរាចរណ៍​នៅក្នុង​ខែ​មីនា​ខាង​មុខ​នេះ ហើយ​ប្រាក់​រង្វាន់​ដែល​លោកស ខេង​បាន​ប្រកាស​ផ្តល់ជូន ៤០០០​រៀល​ក្នុង​មួយ​ថ្ងៃ​ដល់​នគរបាល​ចរាចរណ៍​នោះ ក៏​ត្រូវ​ផ្តល់​ជូន​ជា​មួយ​គ្នា​នេះ​ផង​ដែរ។ យ៉ាង​ណា​ក៏​ដោយ លោកស ខេង រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ​កម្ពុជា បាន​បញ្ជា​ឲ្យ​មន្រ្តី​ថ្នា​ក់​ក្រោម ត្រូវ​បែង​ចែក​ប្រាក់​ទាំង​នេះ​ឲ្យ​បានត្រឹម​ត្រូវ ហើយ​មន្រ្តី​នគរបាល​ទាំង​អស់​ត្រូវ​បើក​គណនី​នៅ​ធនា​គារ ដើម្បី​បើក​ប្រាក់​ទាំង​អស់​នេះ៕

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ