អានតួអត្ថបទ
កម្ពុជា

មេធាវី​បក្ស​ប្រឆាំង៖រឿង​សកម្មជន​១១​រូប ជា​រឿង​នយោបាយ ប៉ុន្តែ​បក្ស​ទាំង​២​ថា​សម្រេច​តាម​យន្តការ​ច្បាប់

ជំនួប​ចរចា​អ្នក​នយោបាយ​កំពូល​រវាង​គណបក្ស​ប្រជាជន កម្ពុជា និង​គណបក្ស​សង្រោ្គះ​ជាតិ បាន​សម្រេច​ថា ជោគ​វាសនា​របស់​សកម្មជន​ទាំង​១៤​រូប​របស់​គណបក្ស​សង្គ្រោះជាតិ​ គឺ​ស្ថិត​នៅ​ក្នុង​ដៃ​របស់​តុលាការ​ដែល​គណបក្ស​ទាំង​ពីរ​នឹង​មិន​លូក​ដៃ​ប៉ះពាល់​ឡើយ។ ដោយ​ឡែក​មេធាវី​ការពារ​ក្តី​សកម្មជន​ទាំង​១៤​នាក់ បាន​អះអាង​ថា ខ្លួន​មាន​ភស្តុតាង​រឹងមាំ​ដើម្បី​ដោះ​បន្ទុក​កូន​ក្តី​របស់​ខ្លួន​បើ​មិន​មាន​សំពាធ​ពី​នយោបាយ​នោះ​ទេ។

លោក​ មាជ សុវណ្ណារ៉ា ​សកម្មជន​មួយ​រូប​ក្នុង​ចំណោម​សកម្មជន​ទាំង​១១​រូប​ផ្សេតទៀត ​ដែល​​ត្រូវ​​បាន​​តុលាការ​ក្រុង​ភ្នំពេញ​កាត់​ទោស​ដាក់​ពន្ធនាគារ។​
លោក​ មាជ សុវណ្ណារ៉ា ​សកម្មជន​មួយ​រូប​ក្នុង​ចំណោម​សកម្មជន​ទាំង​១១​រូប​ផ្សេតទៀត ​ដែល​​ត្រូវ​​បាន​​តុលាការ​ក្រុង​ភ្នំពេញ​កាត់​ទោស​ដាក់​ពន្ធនាគារ។​ RFI/ Siv Channa
ផ្សាយពាណិជ្ជកម្ម

វាសនា​សកម្មជន​គណបក្ស​សង្គ្រោះជាតិ​ទាំង​១១​រូប​ដែល​កំពុង​ជាប់​ឃុំ​នៅ​មិន​ទាន់​ច្បាស់​លាស់​ទេ។ ក្រុម​មេធាវី​ការពារ​ក្តី​បាន​អះអាង​ថា​សំពាធ​នយោបាយ​ជា​ឧបសគ្គ​ក្នុង​ការ​ដោះ ស្រាយ។ លោក ហែម សុជាតិ មេធាវី​ការពារ​ក្តី​បន្ថែម៖«...»

អ្នក​នាំ​ពាក្យ​តុលាការ និង​អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌​មិន​អាច​ទាក់ទង​បំភ្លឺ​ពី​ការ​ចោទ​ប្រកាន់​របស់​មេធាវី​បក្ស​ប្រឆាំង​បាន​នោះ​ទេ​រហូត​មក​ដល់​ពេល​នេះ។ ប៉ុន្តែ​លោក សុខ ឥសាន្ត អ្នក​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច​បាន​គូស​បញ្ជាក់​ថា គណបក្ស​មិនមាន​សិទ្ធ​បញ្ជា​តុលាការ​ដែល​ជា​ស្ថាប័ន​ឯករាជ្យ​នោះ​ទេ។ បើ​តាម​អ្នក​នាំពាក្យ​រូប​នេះ មេធាវី​ការពារ​ក្តី​ត្រូវ​តែ​ប្រកាន់​វិជ្ជាជីវៈ​របស់​ខ្លួន ហើយ​កុំ​ដាក់​ខ្លួន​ជា​មេធាវី​នយោបាយ។

យ៉ាង​ណា​ក៏​ដោយ​មេធាវី​សកម្មជន​គណបក្ស​ប្រឆាំង​លោក ហែម សុជាតិ​ដដែល បាន​គូស​បញ្ជាក់​ថា​ ក្រុម​មេធាវី​មាន​ភស្តុតាង​រឹងមាំ​ដើម្បី​ដោះ​បន្ទុក និង​លើក​លែង​ការ​ចោទ​ប្រកាន់​ទៅ​លើ​សកម្មជន​គណបក្ស​ប្រឆាំង​ដែល​ត្រូវ​ជាប់​ពន្ធនាគារ​ពី​៧ ទៅ​២០ឆ្នាំ។ ក្រុម​មេធាវី​បាន​លើក​ឡើង​ថា វីដេអូ​ឯកសារ ​និង​ភស្តុតាង​ជា​ពាក្យ​សំដី​របស់​ជន​ជាប់​ចោទ គឺ​មិន​មាន​ស្ថាន​ទំងន់​ទោស​នោះ​ឡើយ។ មិនមាន​ទំងន់​ព្រោះថា​អ្នក​ទាំង​១១​នាក់​គឺ​មិន​មែន​ជា​អ្នកដឹកនាំ និង​ចូលរួម​ប្រើប្រាស់​អំពើ​ហិង្សា​នៅ​ពេល​រំដោះ​ទីលាន​ប្រជាធិបតេយ្យ​នោះ​ដែរ។ ដោយ​ឡែក​ការ​ប្រើប្រាស់​ពាក្យ​សម្តី​របស់​លោក​មាជ សុវណ្ណារ៉ា​គឺ​លើក​ស្ទួយ​លទ្ធិ​ប្រជាធិបតេយ្យ​ប៉ុណ្ណោះ ​មិនមែន​ជា​ការ​ញុះញង់​ឱ្យ​បង្ក​អំពើ​ហិង្សា​ឡើយ។

ការ​លើក​ឡើង​ពី​ភស្តុតាង​របស់​ក្រុម​មេធាវី​នេះ គឺ​មួយ​ថ្ងៃ​បន្ទាប់​ពី​អ្នក​នយោបាយ​កំពូល​នៃ​គណបក្ស​កាន់​អំណាច និង​បក្ស​ប្រឆាំង​បាន​សម្រេច​ជា​ធ្លុង​មួយ​ថា មិន​ប្រើ​កម្លាំង​នយោបាយ​ប៉ះពាល់​កិច្ច​ការ​តុលាការ​នោះ​ទេ ប៉ុន្តែ​គណបក្ស​កាន់​អំណាច​ជំរុញ​ឱ្យ​បក្ស​ប្រឆាំង​ប្តឹង​ទៅ​សាលាឧទ្ធរណ៍ សម្រាប់​អ្នក​ដែល​ត្រូវ​បាន​កាត់​ទោស​រួច​ហើយ ចំណែក​ឯ​អ្នក​ដែល​កំពុង​ជាប់​ឃុំ​វិញ បក្ស​ប្រឆាំង​គួរ​រក​មេធាវី​ការពារ​នៅ​សាលា​ដំបូង។ សូម​បញ្ជាក់​ថា រហូត​មក​ដល់​ពេល​នេះ តុលាការ​បាន​កាត់​ទោស​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​១១​នាក់​ហើយ​ដាក់​ពន្ធនាគារ​ពី​បទ​ដឹកនាំ​បាតុកម្ម និង​ចូលរួម​កុប្បកម្ម​ខុស​ច្បាប់។

ដោយ​ឡែក សកម្មជន​៣​រូប​ផ្សេង​ទៀត​កំពុង​ជាប់​ឃុំ ខណៈ​សកម្មជន​ចំនួន​២ រូប និង​តំណាង​រាស្ត្រ​ចំនួន​៧​រូប​ទៀត​កំពុង​ជាប់​ចោទ​ក្នុង​សំណុំ​រឿង​ដដែល​នេះ​កាល​ពី​ឆ្នាំ​២០១៤។
ការ​ចោទ​តុលាការ​ថា​នៅ​ក្រោម​សំពាធ​នយោបាយ​ពី​មេធាវី​បក្ស​ប្រឆាំង​នេះ គឺ​បន្ទាប់​ពី​តុលាការ​បាន​ចាប់​ខ្លួន​សកម្មជន​ទាំង​១១​រូប​ភ្លាម​ៗ​ក្រោយ​ការ​ប្រកាស​ពី​លោក​នាយករដ្ឋ​មន្ត្រីហ៊ុន សែន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ