អានតួអត្ថបទ
ជំងឺ​គ្រុន​ផ្តាសាយ

ពលរដ្ឋ​ខ្មែរ​បាន​ទទួល​វ៉ាក់សាំង​ជំងឺ​ផ្តាសាយ​ប្រភេទ​ថ្មី A/H1N1​លើក​ដំបូង

ថ្នាំ​វ៉ាក់សាំង​ការពារ​ជំងឺ​ផ្តាសាយ​ប្រភេទ​ថ្មី​A/H1N1​ត្រូវ​បាន​ផ្តើម​ ប្រើប្រាស់​ហើយ នៅ​ព្រឹក​ថ្ងៃ ពុធ ទី ២៤ មីនា​នេះ នៅ​ក្នុង​មន្ទីរ​ពេទ្យ​បង្អែក​ខណ្ឌ​ចំការមន បន្ទាប់​ពី​ថ្នាំ​វ៉ាក់សាំង​នេះ​បាន​មក​ដល់​ប្រទេស​កម្ពុជា។ ថ្នាំ​វ៉ាក់សាំង​នឹង​ត្រូវ​ប្រើប្រាស់ ជា​ជំហាន​ដំបូង នៅ​ក្នុង​រាជធានី​ភ្នំពេញ ខេត្ត​កណ្តាល កំពង់ស្ពឺ និង​ខេត្ត​កំពង់ឆ្នាំង។

ការ​ចាក់​ថ្នាំ​បង្ការ​ជំងឺ​គ្រុន​ផ្សាសាយ​A(H1N1)
ការ​ចាក់​ថ្នាំ​បង្ការ​ជំងឺ​គ្រុន​ផ្សាសាយ​A(H1N1) រូបថត ៖ សុវណ្ណារ៉ា/RFI
ផ្សាយពាណិជ្ជកម្ម

យុទ្ធនាការ​ចាក់ថ្នាំ​វ៉ាក់សាំង​ការពារ​ជំងឺ​ផ្តាសាយ​ប្រភេទថ្មី​A/H1N1 ដែល​គេ​និយម​ហៅ​ថា ផ្តាសាយ​ជ្រូក​នោះ បាន​ចាប់ផ្តើម ជា​លើក​ដំបូង​ហើយ នៅ​កម្ពុជា នៅព្រឹក​ថ្ងៃ​ពុធ​ទី​២៤​មិនា​នេះ។ ពិធី​ផ្លូវការ​ត្រូវ​បាន​រៀបចំ​ធ្វើ នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​ខណ្ឌ​ចំការមន ក្បែរ​វិមាន​ឯករាជ្យ ដើម្បី​ចាក់ថ្នាំ​វ៉ាក់សាំង​នេះ​ទៅ​លើ​ក្រុម​ពលរដ្ឋ​ដែល​មាន​ជំងឺ​សួត​ រ៉ាំរ៉ៃ ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ​ដែល​មាន​អាយុ​ពី ៦​ខែ ដល់​២៤​ខែ។ ក្រៅ​ពី​នេះ ក្រុម​គ្រូពេទ្យ នៅ​ទូទាំង​ប្រទេស ក៏​ត្រូវ​ទទួល​ការចាក់ថ្នាំ​វ៉ាក់សាំង​នេះ​ដែរ។ លោក​ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល លោក​ភីតថឺ វ៉ាន់ម៉ារ៉េន(Pieter Van Marren) ប្រធាន​តំណាង​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​កម្ពុជា និង​លោក កែប ជុតិមា​អភិបាល​រាជធានី​ភ្នំពេញ​បាន​ចូលរួម​ក្នុង​ពិធី​ផ្តើម​យុទ្ធនាការ​ ចាក់ថ្នាំ​វ៉ាក់សាំង​ជំងឺ​ផ្តាសាយ​ប្រភេទ​ថ្មី​នេះ។

ថ្នាំ​វ៉ាក់សាំង​ A/H1N1​ចំនួន​៣​សែន​ដប គឺ​ជា​ជំនួយ​របស់​រដ្ឋាភិបាល​បារាំង​ដែល​ផ្តល់​មក​អោយ​កម្ពុជា​តាមរយៈ​ អង្គការ​សុខភាព​ពិភពលោក។ លោក​ភីតថឺ វ៉ាន់ម៉ារ៉េន ប្រធាន​តំណាង​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​កម្ពុជា​បាន​អត្ថាធិប្បាយ​ថា ទស្សនៈ​របស់​អង្គការ​សុខភាព​ពិភពលោក គឺ​ផ្តល់​វ៉ាក់សាំង​ដល់​ប្រទេស​ក្រីក្រ គឺ​មិនមែន​ចាក់​ជូន​ដល់​ប្រជាជន​ប្រទេស​ជឿនលឿន​ទេ ហើយ​ទស្សនៈ​នេះ​ក៏​មាន​ការគាំទ្រ​ពី​ប្រទេស​អភិវឌ្ឍន៍ និង​បណ្តា​រោងចក្រ​នានា​ដែល​បាន​ខិតខំ​ស្រាវជ្រាវ ផលិត​វ៉ាក់សាំង​នេះ​ដែរ។

បើ ​តាម​ការបញ្ជាក់​របស់​លោក​ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល យុទ្ធនាការ​ចាក់ថ្នាំ​វ៉ាក់សាំង A/H1N1 ដំណាក់​កាល​ទី​២ នឹង​ធ្វើ​លើ​ខេត្ត​ចំនួន​២០​ទៀត នៅ​ពេល​ក្រសួង​សុខាភិបាល​បាន​ទទួល​វ៉ាក់សាំង​គ្រប់គ្រាន់។ លោក​រដ្ឋមន្ត្រី​សុខាភិបាល​បាន​រម្លឹក​ថា ជំងឺ​ផ្តាសាយ​ថ្មី​នេះ បាន​រីក​រាលដាល​ស្ទើរ​ពេញ​ពិភពលោក ចាប់​ឮ​ពី​ខែ​មិថុនា ឆ្នាំ​២០០៩​មក ដោយ​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន​ជាង ១៦ ០០០នាក់។ ហើយ​នៅ​ប្រទេស​កម្ពុជា​វិញ គិត​ត្រឹម​ថ្ងៃទី​១២ មីនា កម្ពុជា​មាន​អ្នកជំងឺ​នេះ​ចំនួន ៥៦៦ ករណី ក្នុង​នោះ ៦​នាក់​បាន​បាត់បង់​ជីវិត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ