អានតួអត្ថបទ
តុលាការ​ខ្មែរ​ក្រហម

តុលាការ​ខ្មែរ​ក្រហម ជំនុំ​ជម្រះ​រឿង ខៀវ សំផន សុំ​នៅ​ក្រៅ​ឃុំ ជា​លើក​ទី៣

អង្គ​បុរេ​ជំនុំ​ជម្រះ របស់​តុលាការ​ខ្មែរ​ក្រហម បាន​បើក​សវនាការ ជំនុំ​ជម្រះ​លើ​បណ្តឹង ឧទ្ធរណ៍​របស់​លោក ខៀវ សំផន ប្រឆាំង​នឹង​ដីកា​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន ជា​លើក​ទី​៣ នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​១២​កុម្ភៈ​នេះ។ លោក ខៀវ សំផន បាន​ប្រកែក​ជំទាស់​ថា ក្នុង​នាម​ជា​ប្រមុខ​រដ្ឋ ខ្លួន​មិន​មាន​អំណាច​អ្វី លើ​ការ​សម្លាប់​ជីវិត​មនុស្ស​ជិត ២ លាន​នាក់ ក្នុង​សម័យ​ខ្មែរ​ក្រហម​នោះ​ឡើយ។

ខៀវ សំផន នៅ​ក្នុង​រង្វង់​ក្រចក​សេះ​ នៃ​តុលាការ​ខ្មែរ​ក្រហម
ខៀវ សំផន នៅ​ក្នុង​រង្វង់​ក្រចក​សេះ​ នៃ​តុលាការ​ខ្មែរ​ក្រហម © RFI/សុវណ្ណារ៉ា
ផ្សាយពាណិជ្ជកម្ម

សវនាការ​នេះ ជា​លើក​ទី​៣ ​ហើយ ដែល​អតីត​ប្រមុខ​រដ្ឋ​សម័យ​ខ្មែរ​ក្រហម អាយុ ៧៨ ឆ្នាំ លោក ខៀវ សំផន បាន​ប្តឹង​សុំ​នៅ​ក្រៅ​មន្ទីរ​ឃុំឃាំង​របស់​តុលាការ​ខ្មែរ​ក្រហម។

លោក ខៀវ សំផន ត្រូវ​បាន​នាំ​ខ្លួន មក​ឃុំឃាំង​នៅ​តុលាការ​ខ្មែរ​ក្រហម កាលពី​ថ្ងៃ​ទី​១៩ វិច្ឆិកា ឆ្នាំ​២០០៧។ បើ​តាម​ច្បាប់​ ដីកា​បន្ត​ឃុំ​ខ្លួន​អតីត​មេ​ខ្មែរ​ក្រហម មាន​សុពលភាព រយៈ​ពេល ១ ឆ្នាំ ហើយ​ចៅក្រម​ស៊ើប​អង្កេត ក៏​អាច​ចេញ​ដីកា​សម្រេច​បន្ត​ឃុំ​ខ្លួន​ជន​ត្រូវ​ចោទ ជា​មេ​​ខ្មែរ​ក្រហម បាន​រយៈ​ពេល​តែ ៣ ឆ្នាំ​ប៉ុណ្ណោះ។

មេធាវី​ការពារ​លោក ខៀវ សំផន គឺ​លោក​មេធាវី ស សូវ៉ាន ទាមទារ​ឲ្យ​តុលាការ​ដោះ​លែង​រូប​លោក ចេញ​ពី​មន្ទីរ​ឃុំឃាំង​របស់​តុលាការ​ខ្មែរ​ក្រហម ឬ​ក៏​ដាក់​ឲ្យ​គាត់ ជាប់​ឃុំ​នៅ​ផ្ទះ ដោយ​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​របស់​តុលាការ។ លោក​មេធាវី បាន​ធានា​​ប្រាប់​តុលាការ​នៅថ្ងៃ​នេះ​ថា លោក ខៀវ សំផន មិន​រត់​គេច​ទៅ​ណា​ទេ។ បើ​លែង​លោក ខៀវ សំផន ក៏​មិន​ប៉ះ​ពាល់​ដល់​សុវត្ថិភាព​ផ្ទាល់​ខ្លួន​គាត់ ឬ​ក៏​នាំ​ដល់​ការ​ចលាចល​សន្តិសុខ​សង្គម​នោះ​ឡើយ។

លោក​មេធាវី​ជនជាតិ​ បារាំង ហ្សាក់ វែរហ្សែស ដែលជា​មេធាវី​អន្តរជាតិ​ការពារ​លោក ខៀវ សំផន មិន​​បាន​បង្ហាញ​ខ្លួន​ទេ នៅ​ក្នុង​សវនាការ​កាលពី​ព្រឹក​ថ្ងៃ​សុក្រ​នោះ។

ចំណែក ​ភាគី​តំណាង​ព្រះ​រាជ​អាជ្ញា និង​ក្រុម​មេធាវី​ការពារ​ជន​រង​គ្រោះ បាន​លើក​ឡើង​នូវ​ទឡ្ហីករណ៍​​ផ្លូវ​ច្បាប់​ដដែលៗ ដើម្បី​ជំទាស់​នឹង​បំណង​ចង់​នៅ​ក្រៅ​​ឃុំ​​របស់​លោក ខៀវ សំផន។ ជាពិសេស​គឺ​បើ​ដោះលែង​លោក ខៀវ សំផន និង​ប៉ះពាល់​ដល់​សុវត្ថិភាព​របស់​លោក ព្រោះ​ថា មក​ទល់​នឹង​ពេល​នេះ គេ​នៅ​តែ​មាន​អារម្មណ៍​ចង​កំហឹង ចង់​សង​សឹក​នឹង​មេ​ខ្មែរ​ក្រហម​នៅ​ឡើយ ។

នៅមុន​ពេល​បិទ​សវនាការ លោក ខៀវ សំផន ក្នុង​សំដី​ចុង​ក្រោយ​​បាន​ប្រកែក​ជំទាស់ នឹង​បទ​ចោទ​ប្រកាន់​លើ​រូប​លោក ក្នុង​រឿង​ឧក្រិដ្ឋកម្ម​សង្គ្រាម ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ និង​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជ​សាសន៍ ដែល​នាំ​ដល់​ការ​សម្លាប់​មនុស្ស​ជិត ២ លាន​នាក់ ក្នុង​របប​ខ្មែរ​ក្រហម។

នៅថ្ងៃនេះ និង​ជា​លើក​ដំបូង ដែល​លោក ខៀវ សំផន បាន​ថ្លែង​ការពារ​ខ្លួន​ជា​សាធារណៈ ដោយ​សម្លេង​ញ័រៗ តែ​ឮ​ខ្លាំងៗ និង​លើក​​ដៃ​ជា​កាយ​វិការ​ផង។ ក្នុង​ឋានៈ​ជា​ប្រមុខ​រដ្ឋ ឬ ប្រធាន​រដ្ឋ​សម័យ​ខ្មែរ​ក្រហម បន្ត​វេន​ពី​សម្តេច​ឪ នរោត្តម សីហនុ លោក ខៀវ សំផន អះអាង​ថា ខ្លួន​គ្មាន​អំណាច​អ្វី​ទាល់​​តែ​សោះ ពិសេស​ក្នុង​រឿង​សម្លាប់​​មនុស្ស​នៅ​ជំនាន់​នោះ។

យ៉ាងណាក៏ដោយ សេចក្តី​សម្រេច​លើ​រឿង​លោក ខៀវ សំផន នឹង​ត្រូវ​ប្រកាស​នា​ពេល​ក្រោយ។ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១១​កុម្ភៈ តុលាការ​ខ្មែរ​ក្រហម ក៏​បាន​បើក​សវនាការ​លើ​ករណី​សុំ​នៅ​ក្រៅ​ឃុំ​របស់ អៀង សារី អតីត​រដ្ឋមន្ត្រី​ការបរទេស​ខ្មែរ​ក្រហម។ ចំណែក​នៅ​ថ្ងៃ​ច័ន្ទ ​ទី​១​៥កុម្ភៈ ឆ្នាំ​២០១០ ដល់​វេន​លោកស្រី អៀង ធីរិទ្ធ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ