អានតួអត្ថបទ
កម្ពុជា

សម្ពោធ​ស្ថានីយ៍​ចម្រោះ​ទឹកសំណល់​និង​ប្រព័ន្ធ​លូ​នៅ​សៀមរាប

នៅថ្ងៃនេះ រដ្ឋាភិបាល​កម្ពុជា និង​ធនាគារ​អភិវឌ្ឍន៍​អាស៊ី បាន​បើក​ដាក់​ឲ្យ​ប្រើប្រាស់​នូវ​ស្ថានីយ៍​ច្រោះ​សម្អាត​ទឹក​សំណល់ និង​ប្រព័ន្ធ​លូ​បង្ហូរ​ទឹក ក្នុង​ខេត្ត​សៀមរាប។ សមិទ្ធិផល​ដែល​មាន​តម្លៃ​ជាង ១០លាន​ដុល្លារ​នេះ​​សាងសង់ឡើង ដើម្បី​ដោះស្រាយ​បញ្ហា​ទឹកជំនន់​ដ៏​ធ្ងន់ធ្ងរ ដែល​តែងតែ​កើតមាន ក្នុង​តំបន់​ទេសចរណ៍​អង្គរវត្ត​ដ៏​ល្បីល្បាញ​របស់​កម្ពុជា។

ប្រព័ន្ធ​ចម្រោះទឹក និង​ប្រព័ន្ធលូទឹក ត្រូវបាន​សាងសង់​​ ដើម្បី​ជៀសវាង​បញ្ហា​ទឹកជំនន់
ប្រព័ន្ធ​ចម្រោះទឹក និង​ប្រព័ន្ធលូទឹក ត្រូវបាន​សាងសង់​​ ដើម្បី​ជៀសវាង​បញ្ហា​ទឹកជំនន់ ©ម៉េងហួរ/RFI
ផ្សាយពាណិជ្ជកម្ម

 

04:50

សំឡេង​របស់​​លី ម៉េងហួរ

លី ម៉េងហួរ

គម្រោង​កែលម្អ​ប្រព័ន្ធ​ចម្រោះ​ទឹក​សំណល់ និង​ប្រព័ន្ធ​លូ នៅ​តំបន់​ទេសចរណ៍​អង្គរវត្ត ខេត្ត​សៀមរាប​ទទួល​បាន​ថវិកា កម្ចី​សម្បទាន ចំនួន ១០,៩៣ លាន​ដុល្លារ​អាមេរិក ពី​ធានាគារ​អភិវឌ្ឍន៍​អាស៊ី រួមទាំង​ថវិកា​បដិភាគ របស់​រដ្ឋាភិបាល​កម្ពុជា ចំនួន ៦ លាន ៨ សែន ២ ម៉ឺន ដុល្លារ​អាមេរិក​សំរាប់​សាងសង់​ហេដ្ឋា​រចនា​សម្ព័ន្ធ ប្រព័ន្ធ​លូ អាង​ចម្រោះ​ទឹក និង​ដោះស្រាយ​ផល​ប៉ះ​ពាល់​ដល់​ប្រជាជន។

គម្រោង​ថ្មី​ដែល​បាន​បើក​ឲ្យ​ដំណើរការ នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែ​មេសា ឆ្នាំ​២០១០ រួម​មាន​ការធ្វើ​ប្រព័ន្ធ​បង្ហូរ​ទឹក​ក្នុង​ក្រុង នៅ​ផ្នែក​ខាង​លិច​ខេត្ត​សៀមរាប និង​ស្ថានីយ៍​ចម្រោះ​ទឹក​សំណល់​មួយ ដែល​មាន​បឹង​រក្សា​កម្រិត​ទឹក សម្រាប់​ចម្រោះ​កាក​សំណល់​តាម​ផ្ទះ និង​តាម​អាជីវកម្ម​នានា ក្នុង​ខេត្ត​សៀមរាប។
 
ខេត្ត​សៀមរាប ជា​តំបន់​ទេសចរណ៍​ដ៏​ល្បីល្បាញ​បាន​ទទួល​រងគ្រោះ ដោយ​ទឹក​ជំនន់​ជា​ញឹកញាប់ នៅ​រដូវ​វស្សា។ ពេល​ភ្លៀង​ម្តងៗ នៅ​តំបន់​ព្រៃ និង​ភ្នំ​គូលេន ទឹក​បាន​ហូរ​មក​ប្រមូល​ផ្ដុំ មក​កាន់​ទី​រួម​ខេត្ត តាម​ស្ទឹង​សៀមរាប ទើប​បន្ដ​ហូរ​ចូល​ទៅ​ក្នុង​បឹង​ទន្លេសាប។ ពេល​ខ្លះ តំបន់​ប្រាង្គប្រាសាទ​មួយ​នេះ ត្រូវ​រងគ្រោះ​ដោយ​ទឹក​ជំនន់​ទន្លេសាប។ ក្នុង​រយៈពេល​កន្លង​មក ដោយសារ​តែ​ប្រព័ន្ធ​លូ​បង្ហូរ​ទឹក​មាន​សភាព​ចាស់​ទ្រុឌទ្រោម មិន​អាច​រំដោះ​ទឹក​ជំនន់​បាន​ទេ។

ផ្លូវ​សំខាន់ៗ និង​សណ្ឋាគារ​មួយ​ចំនួន ត្រូវ​លិចលង់។ ការលិចលង់​ទាំង​អស់​នេះ​បាន​បង្ក​ការគម្រាម​កំហែង ចំពោះ​សុវត្ថិភាព និង​សុខភាព​សាធារណៈ បង្ក​បញ្ហា​ចំពោះ​ការប្រើប្រាស់​ផ្លូវ​ថ្នល់ ជាពិសេស​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​វិស័យ​ទេសចរណ៍​របស់​កម្ពុជា។
 
ការកែ​លំអ​ប្រព័ន្ធ​គ្រប់គ្រង​ទឹក​សំណល់ និង​ប្រព័ន្ធ​លូ​បង្ហូរ​ទឹក​នេះ នឹង​ដោះស្រាយ​វិបត្តិ​លិចលង់​ទីរួម​ខេត្ត​ទេសចរណ៍​ដ៏​សំខាន់​នេះ។ មិន​ត្រឹម​តែ​ជួយ​ដល់​វិស័យ​ទេសចរណ៍​ក្នុង​ប្រទេស​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​គម្រោង​ថ្មី​នេះ ក៏​ស្ថិត​នៅ​ក្នុង​ក្របខណ្ឌ​អភិវឌ្ឍន៍​ទេសចរណ៍​របស់​មហា​អនុ​តំបន់​ទន្លេមេគង្គ ដែល​រួម​មាន៖ ប្រទេស​កម្ពុជា ចិន ឡាវ ភូមា ថៃ និង​វៀតណាម។

នាយក​ធានាគារ​អភិវឌ្ឍន៍​អាស៊ី លោក ពូទូ កាម៉ាយ៉ាណា បាន​លើក​ឡើង​ក្នុង​សេចក្តី​ប្រកាស​នៅ​ថ្ងៃ​នេះ​ថា ការកែ​លម្អ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ក្នុង​ប្រទេស​តំបន់​ទន្លេមេគង្គ គឺ​ជា​ការងារ​មួយ​យ៉ាង​សំខាន់ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បន្ថែម​ទៀត។

ចំណែក​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ក្នុង​ពិធី​នៅ​ព្រឹកមិញ ក៏​បាន​លើក​ឡើង​ថា ប្រព័ន្ធ​លូ និង​ស្ថានីយ៍​ចម្រោះ​ទឹក​កាក​សំណល់​នេះ មាន​តួនាទី​យ៉ាង​សំខាន់ សំរាប់​រួម​ចំណែក​ជំរុញ​កំណើន​សេដ្ឋកិច្ច ការអភិវឌ្ឍន៍​សង្គម និង​ជួយ​លើក​ស្ទួយ​ដល់​កិត្ដិយស​ប្រទេស​កម្ពុជា​ទៀត​ផង។
 
ក៏ប៉ុន្តែ សមិទ្ធិផល​ប្រព័ន្ធ​ចម្រោះ​ទឹក និង​ប្រព័ន្ធ​លូ​បង្ហូរ​ទឹក​កខ្វក់​រាប់​ពាន់​ម៉ែត្រ ដែល​បើក​ឲ្យ​ប្រើប្រាស់ នៅ​ថ្ងៃ​នេះ គ្រាន់​តែ​ជួយ​រំដោះ​ទឹក​ចេញ​ពី​ខេត្ត​សៀមរាប​បាន​មួយ​ផ្នែក​ប៉ុណ្ណោះ។ រដ្ឋាភិបាល​កម្ពុជា​កំពុង​រៀបចំ​គូស​ប្លង់​សាងសង់​បន្ថែម​នូវ​ប្រព័ន្ធ​លូ​សំអាត​ទឹក​សំណល់ និង​កែ​លំអ​ស្ទឹង​សៀមរាប ក្រោម​ប្រាក់​កម្ចី​សម្បទាន​ពី​ប្រទេស​កូរ៉េ​ចំនួន ៣០​លាន ដុល្លារ​អាមេរិក។ គំរោង​ថ្មី​នេះ អាច​នឹង​ចាប់​ផ្តើម​នៅ​ឆ្នាំ២០១១៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ