អានតួអត្ថបទ

ព្រះអង្គ​ម្ចាស់​ធម្មិកោ៖ "កុំ​យក​ព្រះមហាក្សត្រ​ទៅ​ពាក់ព័ន្ធ​ក្នុង​ជម្លោះ​នយោបាយ"

មុន​ការ​យាង​ចេញ​របស់​ព្រះមហាវីរៈក្សត្រ និង​សម្តេចម៉ែ​ទៅ​ធ្វើ​ព្រះរាជ​ទស្សនកិច្ច​នៅ​ប្រទេស​វៀតណាម​ដែល​គ្រោង​ចាប់ ​ផ្តើម​ពី​ថ្ងៃ​អង្គារ៍​ទី​២២​ដល់​ថ្ងៃ​ទី​២៥​មិថុនា​នោះ ព្រះអង្គម្ចាស់​ស៊ីសុវត្ថិ ធម្មិកោ ព្រះរាជ​លេខា​ផ្ទាល់​របស់​សម្តេច​ឪ​នរោត្តម សីហនុ​បាន​ត្រលប់​មក​បញ្ជាក់​សារ​ជា​ថ្មី​ម្តង​ទៀត​ប្រាប់​អ្នក​នយោបាយ និង​តំណាង​សង្គមស៊ីវិល​មួយ​ចំនួន​មិន​អោយ​យក​សម្តេចឪ​ទៅ​ពាក់ព័ន្ធ​ក្នុង​ បញ្ហា​ព្រំដែន។

ព្រះអង្គម្ចាស់ស៊ីសុវត្ថិ ធម្មិកោ ជា​ព្រះរាជ​លេខា​ផ្ទាល់​របស់​សម្តេចឪ
ព្រះអង្គម្ចាស់ស៊ីសុវត្ថិ ធម្មិកោ ជា​ព្រះរាជ​លេខា​ផ្ទាល់​របស់​សម្តេចឪ ©លាង ដឺលុច
ផ្សាយពាណិជ្ជកម្ម

04:01

បទ​អន្តរាគមន៍​របស់​លាង ដឺលុច​ពី​ទីក្រុង​ភ្នំពេញ

ក្នុង​ដំណើរ​យាង​ទៅ​ធ្វើ​ព្រះរាជ​ទស្សនកិច្ច​នៅ​ប្រទេស​វៀតណាម​នោះ បើ​យោង​តាម​បន្ទូល​របស់​ព្រះអង្គម្ចាស់​ស៊ីសុវត្ថិ ធម្មិកោ ក៏​នឹង​មាន​ព្រះរាជ​វត្តមាន​របស់​ព្រះមហាក្សត្រ​ព្រះបាទ​ព្រះបរមនាថ នរោត្តម​សីហមុនី​ផង​ដែរ។

អំពី​ការអត្ថាធិប្បាយ​របស់​ព្រះអង្គម្ចាស់​ស៊ីសុវត្ថិ ធម្មិកោ ដែល​ជា​ព្រះរាជ​លេខា​ផ្ទាល់​របស់​សម្តេចឪ​នរោត្តម សីហនុ​វិញ។ ព្រះអង្គម្ចាស់​ធម្មិកោ​ត្រូវ​មាន​បន្ទូល​ការពារ​ព្រះមហាក្សត្រ​ទាំង​បី​ព្រះអង្គ ដោយសារ​តែ​នៅ​តែ​មាន​មតិ​លើក​ឡើង ស្នើ​អោយ​សម្តេចឪ​លើក​ឡើង​អំពី​បញ្ហា​ព្រំដែន​ពិភាក្សា​ជាមួយ​ថ្នាក់​ដឹកនាំ​វៀតណាម ក្នុង​ព្រះរាជ​ទស្សនកិច្ច​សម្តេចឪ នៅ​ប្រទេស​វៀតណាម។ ក្រៅ​ពី​លិខិត​របស់​គណបក្ស​សម រង្ស៊ី នៅ​ថ្ងៃ​ច័ន្ទ​នេះ លោក​សឺន ស៊ូប៊ែរ អនុ​ប្រធាន​រណៈសិរ្ស​ជាតិ​រំដោះ​ប្រជាពលរដ្ឋ​ខ្មែរ​ក៏​បាន​ចេញ​ផ្សាយ​សេចក្តី​ថ្លែងការណ៍​មួយ​ដែរ។

នៅ​ក្នុង​សេចក្តីប្រកាស​នោះលោក​សឺន ស៊ូប៊ែរ​បាន​និយាយ​ថា ប្រជាពលរដ្ឋ​ខ្មែរ និង​ប្រជាពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​ទាំងអស់​សង្ឃឹម​ថា ព្រះរាជ​ទស្សនកិច្ច​របស់​សម្តេចឪ សម្តេចម៉ែ និង​ព្រះមហាក្សត្រ​នៅ​ប្រទេស​វៀតណាម​នឹង​ស្តែងចេញ​ជា​លទ្ធផល​នៃ​សហប្រតិបត្តិការ​ស្មោះត្រង់​នឹង​គ្នា​រវាង​ប្រទេស​ទាំងពីរ។ ហើយ​ផ្តើម​ចេញ​ពី​កិច្ច​សហប្រតិបត្តិការ​ស្មោះត្រង់​នឹងគ្នា​នេះ លោក​សឺន ស៊ូប៊ែរ​អំពាវនាវ​ដល់​មេដឹកនាំ​ប្រទេស​វៀតណាម​អនុវត្ត​ការ​គ្រប់គ្រង​រួមគ្នា​ជាមួយ​កម្ពុជា លើ​ទឹកដី​កោះត្រល់ និង​ទឹកដី​កម្ពុជា​ក្រោម។

ព្រះអង្គម្ចាស់​ធម្មិកោ​បាន​អំពាវនាវ​មិន​អោយ​អ្នក​នយោបាយ និង​សង្គមស៊ីវិល​យក​ព្រះនាម​ព្រះមហាក្សត្រ សម្តេច​ឪ និង​សម្តេច​ម៉ែ​ទៅ​ពាក់ព័ន្ធ​បញ្ហា​នយោបាយ។ នយោបាយ​នៅត្រង់​ថា សម្រាប់​ព្រះអង្គម្ចាស់​ធម្មិកោ លិខិត​របស់​គណបក្សសម រង្ស៊ី​ផ្ញើ​ថ្វាយ​សម្តេច​ឪ​នោះ មិនមាន​ចរិត​ស្មោះត្រង់​នោះទេ។ ព្រោះ​លិខិត​នោះ​ត្រូវ​បាន​គណបក្ស​សម រង្ស៊ី​ផ្សព្វផ្សាយ​ទៅ​សារព័ត៌មាន មុន​លិខិត​នោះ​ទៅ​ដល់​ព្រហស្ថ​របស់​សម្តេច​ឪ​ទៅ​ទៀត។ ប៉ុន្តែ ទោះ​យ៉ាង​ណា​ក៏​ដោយ ព្រះអង្គម្ចាស់​ធម្មិកោ​ពន្យល់​ថា ទាំង​ព្រះមហាក្សត្រ ទាំង​សម្តេច​ឪ និង​សម្តេច​ម៉ែ ព្រះអង្គ​ទាំង​បីមិន​អាច​លូក​ព្រហស្ថ​ចូល​ក្នុង​កិច្ចការ​របស់​រដ្ឋាភិបាល​បាន​ទេ។ លើកលែង​តែ​មាន​ការ​ស្នើ​ពី​រដ្ឋាភិបាល។

ក្នុង​សំណុំ​រឿង​ព្រំដែន​ដដែល ព្រះអង្គម្ចាស់​ធម្មិកោ​បាន​មើល​ឃើញ​ថា អ្វី​ដែល​គណបក្ស​សម រង្ស៊ី​បាន​លើកឡើង​ចំពោះ​រដ្ឋាភិបាល គឺ​ជា​រឿង​នយោបាយ។ ជា​ការ​ប្រកួតប្រជែង​ផ្នែក​នយោបាយ​ដែល​ព្រះមហាក្សត្រ​មិន​អាច​លូក​ព្រហស្ថ​ក្នុង​ជម្លោះ​កាន់​ជើង​ម្ខាងៗ​នោះ​ឡើយ។

លោក​យឹម សុវណ្ណ​ពន្យល់​ថា​បញ្ហា​ព្រំដែន​ដែល​គណបក្ស​សម រង្ស៊ី​របស់​លោក​លើកឡើង​នោះ គឺ​ជា​បញ្ហា​របស់​ជាតិ​ទាំងមូល មិនមែន​ជា​បញ្ហា​គណបក្ស​នោះទេ។ ហើយ​ការ​ដែល​គណបក្ស​របស់​លោក​សរសេរ​លិខិត​ថ្វាយ​សម្តេចឪ​អោយ​លើក​បញ្ហា​ព្រំដែន​ជាមួយ​ថ្នាក់​ដឹកនាំ​វៀតណាម​នោះ គឺ​ដោយសារ​គណបក្ស​លោក​គោរព​សម្តេចឪ ជឿជាក់​លើ​ព្រះរាជ​តំរិះ​ដោះស្រាយ​របស់​សម្តេចឪ​ក្នុង​បញ្ហា​ទឹកដី ដូចជា​រឿង​ប្រាសាទ​ព្រះវិហារ​ជាដើម។

សង្គ្រាម​ប៉ាកា​នៅ​តែ​កើត​មាន​បន្ត ជុំវិញ​ព្រះរាជ​ដំណើរ​ទស្សនកិច្ច​របស់​សម្តេច​ឪ សម្តេច​ម៉ែ និង​ព្រះមហាក្សត្រ​នៅ​ប្រទេស​វៀតណាម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ