អានតួអត្ថបទ
កម្ពុជា

មីទ្ទីញ​រម្លឹក​ខួប​អនុស្សាវរីយ៍ លើក​ទី ៥៩ ថ្ងៃ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា

ថ្ងៃ ២៨ មិថុនា ឆ្នាំ​១៩៥១- ថ្ងៃ ២៨ មិថុនា ឆ្នាំ​២០១០ ថ្ងៃនេះ ជា​ខួប​លើក​ទី​៥៩ ឆ្នាំ នៃ​ថ្ងៃ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា។ អង្គ​មីទ្ទិញ​នៅ​ទី​ស្នាក់ការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​មិញ បាន​ប្រារព្ធ​ឡើង​យ៉ាង​អធិកអធម​ដូច​រៀង​រាល់​ឆ្នាំ។ ក៏ប៉ុន្តែ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា មិនបាន​ចូលរួម​ក្នុង​ពិធី​ជួបជុំ​នោះ​ទេ។ មូលហេតុ ត្រូវ​បាន​គេ​ប្រកាស​ថា លោក ហ៊ុន សែន មាន​បញ្ហា​សុខភាព។

លោក ជា ស៊ីម និង​ លោក ហេង សំរិន ​ក្នុង​​ពិធី​រំលឹក​ខួបទី​៥៩ ​​ថ្ងៃ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា ២៨ មិថុនា ២០១០
លោក ជា ស៊ីម និង​ លោក ហេង សំរិន ​ក្នុង​​ពិធី​រំលឹក​ខួបទី​៥៩ ​​ថ្ងៃ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា ២៨ មិថុនា ២០១០ © សុវណ្ណារ៉ា/RFI
ផ្សាយពាណិជ្ជកម្ម

06:45

បទ​អន្តរាគមន៍​របស់ លី ម៉េងហួរ

លី ម៉េងហួរ

គណបក្ស​ប្រជាជន​កម្ពុជា ត្រូវបាន​បង្កើតឡើង​នៅ​តំបន់​រំដោះ កាលពី​ថ្ងៃ ២៨​មិថុនា ឆ្នាំ​១៩៥១ មាន​ឈ្មោះ​ដើម​ថា បក្ស​ប្រជាជន​បដិវត្តន៍​ខ្មែរ ដើម្បី​តស៊ូ​ប្រឆាំង​ពួក​អាណានិគម​បារាំង។ រហូត​ដល់​ខែ​តុលា ឆ្នាំ​១៩៩១ ទើប​មាន​ការ​កែប្រែ​ឈ្មោះ ពី​បក្ស​ប្រជាជន​បដិវត្តន៍​កម្ពុជា មកជា គណបក្ស​ប្រជាជន​កម្ពុជា។

 
​ថ្នាក់ដឹកនាំ​កំពូលៗ​របស់​គណបក្ស​ប្រជាជន បាន​ចូលរួម​ជាមួយ​កងទ័ព​វៀតណាម ដើម្បី​វាយ​ផ្តួល​រំលំ​របប​ខ្មែរ​ក្រហម នៅ​ថ្ងៃ​៧​មករា ឆ្នាំ​១៩៧៩ និង​បាន​ឡើង​ដឹកនាំ​ប្រទេស​កម្ពុជា មក​ដល់​សព្វថ្ងៃ។​

ក្នុង​ពិធី​រម្លឹក​ខួប លើក​ទី​៥៩ ថ្ងៃ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ទីស្នាក់ការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​មិញ មាន​សកម្មជន​ជា​ថ្នាក់​ដឹកនាំ​តាម​មូលដ្ឋាន​រាប់រយ​នាក់ ពាក់​មួក និង​អាវយឺត​ស រូប​សញ្ញា ទេវតា​បាច​ផ្កា របស់​គណបក្ស​ប្រជាជន​កម្ពុជា​ គណបក្ស​ដៃ​គូ​សម្ព័ន្ធភាព​ ស្ថាប័ន​រដ្ឋ និង​អង្គទូត​នានា។ ពិធី​នៅ​ព្រឹក​មិញ ប្រារព្ធ​ឡើង​ក្រោម​វត្តមាន​របស់​ថ្នាក់​ដឹកនាំ​បក្ស​ប្រជាជន​កំពូលៗ រួម​មាន​៖ លោក ជា ស៊ីម ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​លោក ហេង សំរិន ប្រធាន​កិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា។

​ចំណែក​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជា​បុរស​មាន​អំណាច​ខ្លាំង មិន​បាន​បង្ហាញ​មុខ ក្នុង​ពិធី​ប្រចាំ​ឆ្នាំ របស់​គណបក្ស​កាន់​អំណាច​នោះទេ។ ​អវត្តមាន​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុង​ពិធី​ដ៏​មាន​អត្ថន័យ​របស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​ក្លាយជា​ប្រធានបទ ដែល​មហាជន​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង។​

ក៏ប៉ុន្តែ​អវត្តមាន​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ពិធី​បក្ស នៅ​ថ្ងៃនេះ ត្រូវបាន​គេ​ប្រកាសថា ដោយសារ​តែ លោក ហ៊ុន សែន ដែល​មាន​អាយុ ៦០ ឆ្នាំ​គត់ នៅ​ឆ្នាំ​នេះ មាន​បញ្ហា​សុខភាព។ ​បញ្ហា​សុខភាព​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបាន​លោក ជាម យៀប សមាជិក​គណៈ​អចិន្ត្រៃយ៍​គណបក្ស​ប្រជាជន​កម្ពុជា បាន​ឲ្យ​ដឹង​ថា ភ្នែក​របស់​លោក​នាយក​រដ្ឋមន្ត្រី ដែល​ពិការ ធ្វើទុក្ខ ហើយ​គួបផ្សំ​នឹង​ធាតុ​អាកាស​មិន​សូវ​ល្អ ធ្វើ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី ផ្តាសាយ​ធំ។ លោក​សម្រាក​នៅ​ផ្ទះ និង​ព្យួរ​ស៊ឺរ៉ូម។ មិន​ធ្ងន់ធ្ងរ​ទេ តែ​២-៣ ថ្ងៃ​ទៀត ជា​សះស្បើយ​វិញ​ហើយ។ កាលពី​ប៉ុន្មាន​ថ្ងៃមុន​នេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ជា​ញឹកញាប់​ថា លោក​ឈឺ​ភ្នែក ខាង​ស្តាំ ដែល​ពិការ​ដោយសារ​តែ​សង្គ្រាម ក្នុង​របប​ខ្មែរ​ក្រហម អំឡុង​ចុងឆ្នាំ​១៩៧៨។​

​អវត្តមាន​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ពិធី គណបក្ស​ប្រជាជន​កម្ពុជា នៅ​ព្រឹក​មិញ ក៏​ត្រូវបាន​មជ្ឈដ្ឋាន​ខ្លះ​យល់​ថា មក​ពី​ជម្លោះ បែកបាក់​ផ្ទៃក្នុង​បក្ស​ប្រជាជន។ ក៏​ប៉ុន្តែ​នៅ​មុន​នេះ លោក ជាម យៀប បាន​បញ្ជាក់​ថា មិន​មាន​បញ្ហា​ជម្លោះ ឬ​បែកបាក់​ផ្ទៃក្នុង កើតឡើង​ទេ។​

យ៉ាងណាក៏ដោយ ក្នុង​អង្គ​មីទ្ទីញ នៅ​ព្រឹក​មិញ លោក​ប្រមុខ​គណបក្ស​ប្រជាជន​កម្ពុជា ជា ស៊ីម បាន​អំពាវនាវ​ដល់​គណៈកម្មាធិការ​គណបក្ស​គ្រប់​ថ្នាក់ និង​មន្ត្រី​គណបក្ស​គ្រប់ៗ​រូប ឲ្យ​បន្ត​ពង្រឹង​សាមគ្គីភាព ឯកភាព​ផ្ទៃក្នុង លុប​បំបាត់​រាល់​ភាព​អសកម្ម និង​ខិតខំ​ពង្រីក​តែ​អំពើ​ល្អ។
​នៅ​ចំពោះមុខ​ថ្នាក់ដឹកនាំ និង​សកម្មជន​រាប់រយ​នាក់ ក្នុង​អង្គ​មីទ្ទីញ លោក ជា ស៊ីម ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​ថ្លែង​សុន្ទរកថា កម្រាស់ ៦ ទំព័រ និយាយ​រម្លឹក​ពី​ប្រវត្តិ​តស៊ូ​របស់​បក្ស និង​សមិទ្ធផល​នានា ដែល​គណបក្ស​ប្រជាជន សម្រេច​បាន​ក្នុង​រយៈពេល ៥៩ ឆ្នាំ ជាពិសេស សកម្មភាព និង​សមិទ្ធផល នៅក្នុង​រយៈពេល ៣ ទសវត្ស​ចុង​ក្រោយ​នេះ។​

លោក​ប្រមុខ​គណបក្ស​ប្រជាជន ក៏​បាន​ប្រកាស​ជំហរ គាំទ្រ​គោល​នយោបាយ និង​វិធានការ​ដ៏​ម៉ឺងម៉ាត់​របស់​រដ្ឋាភិបាល ក្នុង​ការបន្ត​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ ការបង្ក្រាប​បទល្មើស​ព្រៃ​ឈើ និង​ជលផល​ ការបញ្ឈប់​រាល់​សកម្មភាព​អនាធិបតេយ្យ ទន្ទ្រាន​យក​ដី​រដ្ឋ​គ្រប់​ប្រភេទ​ ការថែរក្សា​និរន្តរភាព​នៃ​បរិស្ថាន និង​ការធ្វើ​អាជីវកម្ម​លើ​ធនធាន​ធម្មជាតិ។​

​អំពី​ដំណើរការ កាត់ទោស​មេ​ខ្មែរក្រហម លោក​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ក៏​បាន​ប្រកាស​ជំហរ​គាំទ្រ ប៉ុន្តែ​លោក​ព្រមាន​ចំពោះ​ការប៉ុនប៉ង​ណា​មួយ ដែល​ចង់​ប្រើប្រាស់​សាលាក្តី​ខ្មែរក្រហម ក្នុង​បំណង​មិនល្អ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិភាព ស្ថិរភាព និង​ការបង្រួបបង្រួម​ជាតិ។​

​ក្នុង​សំណុំរឿង​ព្រំដែន​វិញ លោក ជា ស៊ីម ក៏​បាន​ប្រកាស​គាំទ្រ​លើ​ការងារ​ខណ្ឌ​សីមា និង​បោះបង្គោល​ព្រំដែន​រវាង​កម្ពុជា ជាមួយ​វៀតណាម និង​ជាមួយ​ប្រទេស​ឡាវ។ ក៏​ប៉ុន្តែ​លោក ជា ស៊ីម បាន​ថ្កោលទោស​យ៉ាង​ម៉ឺងម៉ាត់ ចំពោះ​ការឃោសនា មួល​បង្កាច់ ហើយ​បង្ក​សកម្មភាព​រារាំង និង​បំផ្លាញ​ដំណើរការ​បោះបង្គោល​ព្រំដែន​កម្ពុជា​វៀតណាម ដោយ​លោក​ជា ស៊ីម ចាត់ទុក​ជា​អំពើ​ឧក្រិដ្ឋ​ធ្ងន់ធ្ងរ​ប្រឆាំង​នឹង​ផលប្រយោជន៍​ជាតិ។ គណបក្ស​ប្រជាជន ក៏​គាំទ្រ​ចំពោះ​ការដោះស្រាយ​បញ្ហា​ព្រំដែន​ជាមួយ​ប្រទេស​ថៃ ដោយ​សន្តិវិធី នា​ពេលនេះ។

​ជា​ចុងក្រោយ ក្នុង​នាម​គណបក្ស​ប្រជាជន​កម្ពុជា លោក ជា ស៊ីម ក៏​បាន​បញ្ជាក់​យ៉ាង​ឧឡារិកជា​ថ្មី​ទៀត​នូវ​ការ​គាំទ្រ​លោក ហ៊ុន សែន ជា​នាយក​រដ្ឋមន្ត្រី សម្រាប់​អាណត្តិ​ក្រោយៗ​ទៀត៕

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ