អានតួអត្ថបទ
កម្ពុជា

សមយុទ្ធ​យោធា​ពហុសាសន៍​២៦​ប្រទេស​នៅ​កម្ពុជា​សប្តាហ៍​ក្រោយ

នៅ​សប្តាហ៍​ក្រោយ​នេះ ចាប់​ពី​ថ្ងៃ​ទី​១៧​កក្កដា​រហូត​ដល់​ចុង​ខែ​កក្កដា កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀបចំ​សមយុទ្ធ​យោធា​ពហុសាសន៍​មួយ​ដែល​មាន​ យោធា​មក​ពី​ប្រទេស​ចំនួន​២៦​ចូល​រួម។ សមយុទ្ធ​ទ្រង់ទ្រាយ​ធំ​លើកទី​១​នៅ​កម្ពុជា​នឹង​ត្រូវ​ប្រព្រឹត្តទៅ​ក្នុង​ ក្របខណ្ឌ​អង្គការ​សហប្រជាជាតិ​ដើម្បី​ការ​ពង្រឹង​សន្តិសុខ​អន្តរជាតិ។

សមយុទ្ធ​អន្តរជាតិ​នឹង​ប្រព្រឹត្ត​ទៅ​នៅ​កម្ពុជា ក្នុង​ថ្ងែទី ១៧​ដល់​៣០ កក្កដា ២០១០
សមយុទ្ធ​អន្តរជាតិ​នឹង​ប្រព្រឹត្ត​ទៅ​នៅ​កម្ពុជា ក្នុង​ថ្ងែទី ១៧​ដល់​៣០ កក្កដា ២០១០ © សុវណ្ណារ៉ា/RFI
ផ្សាយពាណិជ្ជកម្ម

04:39

បទ​អន្តរាគមន៍​របស់ លាង ដឺលុច

ប្រទេស​ទាំង​២៦​នោះ​មាន​មក​ពី​គ្រប់​ទ្វីប​នៅលើ​ពិភពលោក​ ​សុទ្ធសឹង​ជា​ប្រទេស​សមាជិក​អង្គការ​សហប្រជាជាតិ។ ប្រទេស​ទាំងនោះ​រួមមាន ប្រទេស​បង់ក្លាដេស ម៉ុងហ្គោលី នេប៉ាល់ ឥណ្ឌូនេស៊ី ហ្វីលីពីន តុងហ្កា ចិន បារាំង អាមេរិក អូស្ត្រាលី ឥណ្ឌា ថៃ កម្ពុជា ប្រុយនេ អ៊ីតាលី ជប៉ុន អាល្លឺម៉ង់ និង​អង់គ្លេស​ជាដើម។ ហើយ​បើ​និយាយ​ពី​ចំនួន​យោធា​ដែល​នឹង​ត្រូវ​ចូលរួម​វិញ​នោះ មាន​ចំនួន​ប្រមាណ​១០៣៩​នាក់។

            បើ​តាម​លោក​ឧត្តមសេនីយ​ឯក ឈុំ សុជាតិ​ ដែល​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ ប្រទេស​ដែល​បញ្ជូន​ទាហាន​ច្រើន​ជាង​គេ ដើម្បី​អោយ​ចូលរួម​ក្នុង​សមយុទ្ធ​ពហុសាសន៍​នេះ គឺ​មាន​កម្ពុជា និង​សហរដ្ឋ​អាមេរិក។ ប៉ុន្តែ​ប្រហែល​ជា​ធម្មតា​ទេ​សម្រាប់​កម្ពុជា ព្រោះ​ថា កម្ពុជា​ជា​ម្ចាស់​ផ្ទះ ហើយ​ថា​អាមេរិក​នោះ​ជា​អ្នក​ជួយ​រៀបចំ​ផង​ដែរ។

            សមយុទ្ធ​នេះ​ត្រូវ​រៀបចំ​ក្នុង​ក្របខណ្ឌ​អង្គការ​សហប្រជាជាតិ​ដើម្បី​បង្ហាញ​ពី​សមត្ថភាព​នៃ​ការ​ពង្រឹង​សន្តិសុខ​ថ្នាក់​តំបន់ ឬ​ថ្នាក់​អន្តរជាតិ។ ហើយ​ថា នេះ​មិនមែន​ជា​ការ​រៀបចំ​លើក​ដំបូង​នោះ។ សមយុទ្ធ​ទ្រង់ទ្រាយ​ធំ​យ៉ាងនេះ ត្រូវ​បាន​រៀបចំ​ច្រើន​លើក​រួចមក​ហើយ។ ហើយ​កម្ពុជា​ក៏​បាន​បញ្ជូន​កំលាំង​យោធា​របស់​ខ្លួន​ទៅ​ចូលរួម​ផង​ដែរ។

            បើ​តាម​ការ​អះអាង​របស់​អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ លោក ​ឈុំ សុជាតិ ការ​រៀបចំ​សមយុទ្ធ​នេះ​នៅ​កម្ពុជា គឺ​ជា​សំណូមពរ ឬ​ក៏​ការ​ចង់បាន​របស់​អង្គការ​សហប្រជាជាតិ​តែ​ម្តង។ លោក​ ឈុំ សុជាតិ​ មិន​បាន​ដឹង​មូលហេតុ​ពិតប្រាកដ​នោះ​យ៉ាងណា​ទេ។ ប៉ុន្តែ​លោក​បង្ហើប​អោយ​ដឹង​ថា អង្គការ​សហប្រជាតិ និង​ប្រទេស​ធំៗ​មួយ​ចំនួន​ធ្លាប់​បាន​កោត​សរសើរ​សមត្ថភាព​កំលាំង​យោធា​កម្ពុជា ជាពិសេស​ក្រុម​ទាហាន​បោស​សម្អាត​មីន។ ហើយ​ថា កម្ពុជា​ក៏​មាន​គោលជំហរ និង​ឆន្ទៈ​មោះមុត​ក្នុងការ​ចូលរួម​រក្សា​សន្តិភាព​តំបន់ និង​ពិភពលោក​ផង​ដែរ។ ដូច្នេះ សម្រាប់​អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ ទាំងនេះ​អាច​ជា​មូលហេតុ​ដែល​នាំ​អោយ​មាន​ការ​រៀបចំ​សមយុទ្ធ​អន្តរជាតិ​នៅក្នុង​ប្រទេស​កម្ពុជា​នោះ។

            កាល​ពី​ថ្ងៃ​ទី​៨​កក្កដា អង្គការ​Human Rights Watch​បាន​និយាយ​រិះ​គន់​ទាំង​អាមេរិក​ដែល​បាន​គាំទ្រ​ការ​រៀបចំ​សមយុទ្ធ​ពហុសាសន៍​នេះ​នៅ​កម្ពុជា ហើយ​ក៏​រិះគន់​កម្លាំង​ប្រដាប់​អាវុធ​កម្ពុជា​ថា មិនបាន​ធ្វើការ​ដើម្បី​ការពារ​សិទ្ធិ​មនុស្ស​ទេ តែ​ច្រើន​ពាក់ព័ន្ធ​នឹង​ការ​រំលោភ​សិទ្ធិ​អ្នក​ក្រីក្រ​ទន់​ខ្សោយ​វិញ។ កម្ពុជា​មិន​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ការ​រិះគន់​របស់​Human Rights Watch ​នេះ​ទេ។ លោក​ឧត្តមសេនីយ​ ឈុំ សុជាតិ បាន​ចាត់ទុក​ថា ការ​រិះគន់​របស់ Human Rights Watch​គឺ​ជា​ការ​ព្យាយាម​បន្តុះ​បង្អាប់​កម្ពុជា បន្តុះ​បង្អាប់​កង​យោធពល​ខេមរភូមិន្ទ​ខ្មែរ​ដែល​កំពុង​ទទួល​បាន​ការ​សរសើរ​ពី​ប្រទេស​មហាអំណាច​ធំៗ មាន​តាំង​ពី​អាមេរិក បារាំង អូស្ត្រាលី​ជាដើម។ អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិ​បាន​បញ្ជាក់​ថា បើ​ប្រទេស​ធំៗ​ទាំង​នេះ​មិន​មើល​ឃើញ​ពី​ចំណុច​ល្អ​របស់​កង​កម្លាំង​ប្រដាប់​អាវុធ​កម្ពុជា មិនមែន​ពួក​គេ​គាំទ្រ​អោយ​មាន​ការ​រៀបចំ​សមយុទ្ធ​អន្តរជាតិ​នេះ​នៅ​កម្ពុជា​នោះ​ទេ។

            លោក​ឧត្តមសេនីយ​ឯក​ ឈុំ សុជាតិ​ បាន​រៀបរាប់​អោយ​ដឹង​ថា សមយុទ្ធ​ទ្រង់ទ្រាយ​ធំ​នេះ នឹង​ត្រូវ​រៀបចំ​ធ្វើ​២​ក្រុម​ផ្សេង​គ្នា​ដែល​មាន​រយៈពេល​២​សប្តាហ៍​ឯណោះ។ ពោល​គឺ​ពី​ថ្ងៃ​ទី​១៧​ដល់​ថ្ងៃ​ទី​៣០​ខែ​កក្កដា​នេះ។ អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ​បាន​ប្រាប់​ថា សមយុទ្ធ​ក្រុម​ទី​មួយ​នោះ គឺ​ជា​សមយុទ្ធ​ថ្នាក់​បញ្ជាការ​ដ្ឋាន។ បាន​ន័យ​ថា ជា​ការ​ហ្វឹកហាត់​ការ​ដាក់​បញ្ជា​ពី​បញ្ជាការ​ដ្ឋាន​ទៅ​សមរភូមិ។

            រីឯ​សមយុទ្ធ​ក្រុម​ទី​២ គឺ​ជា​ការ​ធ្វើ​សមយុទ្ធ​នៅ​លាន​ផ្ទាល់​តែ​ម្តង​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​មូល​ដ្ឋាន​ហ្វឹកហាត់​កង​កាំភ្លើង​ធំ​នៅក្នុង​ខេត្ត​កំពង់ស្ពឺ។ ក្នុងនោះ​ក៏​មាន​ការ​អនុវត្តន៍​លំហាត់​ផ្នែក​ជួយ​សង្គ្រោះ​ផ្នែក​មនុស្សធម៌​ផង​ដែរ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ