អានតួអត្ថបទ
កម្ពុជា

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស៖ អ្នក​ប្រកប​មុខ​របរ​រកស៊ី​ផ្លូវភេទ ប្រឈម​នឹង​ការ​ចាប់​ខ្លួន និង​ឃុំ​ខ្លួន ដោយ​ខុស​ច្បាប់

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស Human Rights Watch បាន​រក​ឃើញ​ថា អ្នក​ប្រកប​មុខរបរ​រកស៊ី​ផ្លូវភេទ ប្រឈម​នឹង​ការចាប់ខ្លួន និង​ឃុំខ្លួន ដោយ​ខុសច្បាប់​។ ក្នុង​របាយការណ៍​កម្រាស់ ៧៦ ទំព័រ​ដែល​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​អង្គារ ទី​២០ កក្កដា​នេះ Human Rights Watch បាន​ជម្រុញ​រដ្ឋាភិបាល​កម្ពុជា ឲ្យ​បញ្ឈប់​ជា​បន្ទាន់​នូវ​រាល់​អំពើហិង្សា​ប្រឆាំង​នឹង​អ្នក​ប្រកប​របរ​ ផ្លូវភេទ និង​បិទ​ជា​ស្ថាពរ​នូវ​មជ្ឈមណ្ឌល​សង្គមកិច្ច ដែល​ជា​កន្លែង​ឃុំឃាំង​អ្នក​ប្រកប​របរ​ផ្លូវភេទ​ទាំង​នោះ​។​

អ្នក​ប្រកប​មុខ​របរ​រកស៊ី​ផ្លូវភេទ ធ្វើ​បាតុកម្ម​ទាមទារ​សិទ្ធិ​ប្រកប​មខរបរ​រកស៊ី​ផ្លូវភេទ
អ្នក​ប្រកប​មុខ​របរ​រកស៊ី​ផ្លូវភេទ ធ្វើ​បាតុកម្ម​ទាមទារ​សិទ្ធិ​ប្រកប​មខរបរ​រកស៊ី​ផ្លូវភេទ ©វណ្ណារ៉ា
ផ្សាយពាណិជ្ជកម្ម

04:12

បទអន្តរាគមន៍​របស់ លី ម៉េងហួរ ពីទីក្រុង​ភ្នំពេញ

លី ម៉េងហួរ

របាយការណ៍​ដែល​មាន​ចំណងជើង​ថា បង្ក្រាប​អ្នក​ប្រកបមុខរបរ​រកស៊ី​ផ្លូវភេទ នាំឲ្យ​មាន​ការឃុំ​ខ្លួន​តាម​អំពើ​ចិត្ត និង​អំពើ​រំលោភ​ផ្សេងទៀត ប្រឆាំង​នឹង​អ្នក​ប្រកប​របរ​រកស៊ី​ផ្លូវភេទ នៅក្នុង​ប្រទេស​កម្ពុជា អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស Human Rights Watch បាន​ពិពណ៌នា​នូវ​របៀប​ដែល​អ្នក​ប្រកប​របរ​រកស៊ី​ផ្លូវភេទ ប្រឈម​នឹង​ការ​រំលោភ​ដ៏​រីក​រាលដាល មាន​ជាអាទិ៍ ការ​វាយដំ អំពើ​ជម្រិត​យក​លុយ និង​អំពើ​រំលោភ​សេពសន្ថវៈ នៅ​ក្នុង​ដៃ​អាជ្ញាធរ ជាពិសេស នៅ​ក្នុង​រាជធានី​ភ្នំពេញ​។

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ញូយ៉ក សហរដ្ឋអាមេរិក​មួយ​នេះ ក៏​បាន​រក​ឃើញ​ថា មន្ត្រី​ប៉ូលីស​កម្ពុជា ពេល​ខ្លះ អាច​ប្រើ​ច្បាប់​ស្តីពី​ការ​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ ឆ្នាំ​២០០៨ ដើម្បី​បង្ក្រាប​ផ្ទះបន និង​ដើម្បី​បិទបាំង​កំហុស​ឆ្គង​របស់​ខ្លួន ដែល​បាន​យាយី​លើ​ស្ត្រី​ប្រកប​របរ​ផ្លូវភេទ​។

ការ​លើក​ឡើង​នេះ Human Rights Watch បាន​ផ្អែក​លើ​ការ​សម្ភាសន៍ និង​ការ​ពិភាក្សា​ជាមួយ​ក្រុម​អ្នក​ប្រកប​របរ​ផ្លូវភេទ ជា​ស្ត្រី និង​ស្រី​ស្រស់ ដែល​ជា​ក្រុម​ប្រុស​ខ្ទើយ ច្រើន​ជាង ៩០ នាក់​នៅ​ក្នុង​រាជធានី​ភ្នំពេញ ខេត្ត​បាត់ដំបង បន្ទាយមានជ័យ និង​នៅ​ខេត្តសៀមរាប​។

ក្នុង​សន្និសីទ​កាសែត​ផ្សព្វផ្សាយ​របាយការណ៍ នៅ​ថ្ងៃ​អង្គារ​នេះ លោកស្រី អេ​ឡេន ភា​សុន ( Elaine Pearson ) នាយក​ស្តីទី ប្រចាំ​តំបន់​អាស៊ី​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស Human Rights Watch បាន​លើក​ឡើង​ថា អស់​ពេល​ជា​យូរ​មក​ហើយ ប៉ូលីស និង​អាជ្ញាធរ​កម្ពុជា​បាន​ចាក់​សោ​បង្ខំាង​អ្នក​ប្រកប​របរ​រកស៊ី​ផ្លូវភេទ​ដោយ​ខុសច្បាប់ វាយដំ និង​រំលោភ​លើ​ផ្លូវភេទ​របស់​ពួកគេ ហើយ​លួច​លុយ និង​ទ្រព្យសម្បត្តិ ដែល​មាន​ជាប់​ខ្លួន ក្រុម​អ្នក​ប្រកប​របរ​ផ្លូវភេទ​ថែម​ទៀត​ផង​។

ចំពោះ​ការ​រក​ឃើញ​ដូច្នេះ Human Rights Watch បាន​ជម្រុញ​ទៅ​កាន់​រដ្ឋាភិបាល​កម្ពុជា ឲ្យ​ធ្វើ​សកម្មភាព​បញ្ឈប់​ជាបន្ទាន់ នូវ​រាល់​អំពើហិង្សា​ប្រឆាំង​នឹង​អ្នក​ប្រកប​របរផ្លូវភេទ​។ រដ្ឋាភិបាល ក៏​គួរ​បិទ​ជា​ស្ថាពរ​នូវ​មជ្ឈមណ្ឌល​សង្គមកិច្ច នៅ​ព្រៃ​ស្ពឺ និង​កោះគ ដែល​ស្ត្រី​ប្រកប​របរ​រកស៊ី​ផ្លូវភេទ​ទាំង​ឡាយ ត្រូវ​បាន​គេ​ឃុំ​ឃាំង​ខ្លួន ដោយ​ខុស​ច្បាប់ និង​ដោយ​រំលោភ​នៅ​ទីនោះ​។ ម្យ៉ាង​ទៀត រដ្ឋាភិបាល​កម្ពុជា ក៏​គួរ​តែ​ពិនិត្យ កែ​សម្រួល​ច្បាប់ ស្តី​ពី​ការ​បង្ក្រាប​អំពើ​ជួញ​ដូរ​មនុស្ស និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ ព្រោះ​ច្បាប់​នេះ​បាន​សម្របសម្រួល​ឲ្យ​ប៉ូលីស​ប្រព្រឹត្ត​អំពើ​យាយី និង​អំពើ​រំលោភ​បំពាន​លើ​ក្រុម​អ្នក​ប្រកប​របរ​ផ្លូវភេទ ជា​ពិសេស ច្បាប់​ឆ្នាំ​២០០៨​នោះ​បាន​ហាម​មិន​ឲ្យ​មាន​ផ្ទះបនស្រី ជា​ចំហ​ឡើយ​។

ចំពោះ​របាយការណ៍​នេះ ត្រូវ​បាន​លោក​ឧត្តមសេនីយ៍ឯក ខៀវ សុភ័គ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ​បាន​បដិសេធ​ថា ប៉ូលីស​មិន​បាន​វាយដំ និង​ដេញ​ចាប់​ក្រុម​អ្នក​ប្រកប​របរ​ផ្លូវភេទ​ទាំង​ដូច​ការ​លើក​ឡើង​នោះ​ទេ​។ កន្លង​មក អាជ្ញាធរ​សមត្ថកិច្ច​ប៉ូលីស គ្រាន់​តែ​ឃាត់​ខ្លួន​អ្នក​ទាំង​នោះ​មិន​ឲ្យ​រកស៊ី​ផ្លូវភេទ ដោយ​ឈរ​បោយ​ដៃ នៅ​តាម​ផ្លូវ​សាធារណៈ និង​សួនច្បារ​ក្នុង​រាជធានី​ភ្នំពេញ ជា​ដើម​។ លោក​ឧត្តមសេនីយ៍ ខៀវ សុភ័គ បាន​បញ្ជាក់​ថា ការ​ឃាត់​ខ្លួន​ក្រុម​អ្នក​ប្រកប​របរ​ផ្លូវភេទ ដើម្បី​អប់រំ និង​ណែនាំ ដោយ​បញ្ជូន​ពួក​គេ​ទៅ​កាន់​មជ្ឈមណ្ឌល​ស្តារ​នីតិសម្បទា។ នៅ​ទី​នោះ មិន​មែន​ជា​កន្លែង​ឃុំឃាំង និង​វាយដំ​ធ្វើ​ទារុណកម្ម​ទេ តែ​ជា​កន្លែង​អប់រំ និង​បង្រៀន​វិជ្ជាជីវៈ​មួយ​សមស្រប ដូច​ជា វិជ្ជាជីវៈ​កាត់ដេរ​ជា​ដើម​។

យ៉ាង​ណា​ក៏​ដោយ លោក​ឧត្តមសេនីយ៍ ខៀវ សុភ័គ បាន​គូស​បញ្ជាក់​ថា ច្បាប់​កម្ពុជា​មិន​អនុញ្ញាត​ឲ្យ​មាន​ការ​រក​ស៊ី​ផ្លូវភេទ ជា​របរ​ស្រប​ច្បាប់​ទេ មិន​ថា នារី បុរស ឬ​អ្នក​ភេទ​ទី​៣​ទេ​។ ម្យ៉ាង​ទៀត ប្រជាជន​កម្ពុជា​ភាគ​ច្រើន​ដាច់​ខាត បាន​គាំទ្រ​ច្បាប់​ដែល​មិន​ឲ្យ​មាន​ការ​រកស៊ី​ផ្លូវភេទ ព្រោះ​របរ​នេះ​ប៉ះពាល់​ទៅ​ដល់​សីលធម៌ និង​ប្រពៃណី​ដ៏​ល្អ​ប្រសើ​របស់​ប្រជាជន​កម្ពុជា​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ