អានតួអត្ថបទ
កម្ពុជា

ស្ពាន​​បង់ប្រាក់​ឆ្លងកាត់​ទន្លេសាប​លើក​ដំបូង​បើក​សម្ពោធ​ជា​ផ្លូវការ​

ស្ពាន​ព្រែកព្នៅ​ឆ្លងកាត់​ទន្លសាប​ដែល​ជា​ការ​វិនិយោគ​របស់​ក្រុមហ៊ុន​ឯកជន​ ក្នុង​ស្រុក​​ត្រូវ​បាន​បើក​សម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវការ​ហើយ​ នៅ​ថ្ងៃ​ចន្ទនេះ។ ស្ពាន​ដែល​មាន​ប្រវែង​ជិត​១០០០​ម៉ែត្រ​នេះ​ជាការ​វិនិយោគ​របស់​ក្រុមហ៊ុន​ L Y P Group​ របស់​លោក​លី យុងផាត់​សមាជិក​ព្រឹទ្ធសភា​គណបក្ស​ប្រជាជន។ ស្ពាន​នេះ​គឺជា​ការ​វិនិយោគ​ដោយ​​ការ​យក​ប្រាក់​ពី​រថយន្ត​ដែល​ឆ្លងកាត់​ ក្នុង​រយៈពេល​៣០​ឆ្នាំ។​ នេះ​ជា​ស្ពាន​បង់​ប្រាក់​ទី២​​ដែល​វិនិយោគ​ដោយ​ក្រុមហ៊ុន​ L Y P Group​ បន្ទាប់​ពី​ស្ពាន​ឆ្លង​កាត់​ដៃ​សមុទ្រ​នៅ​ក្នុង​​ខេត្ត​កោះកុង។

ស្ពាន​បង់​ប្រាក់​ឆ្លង​កាត់​ទន្លេសាប​លើក​ដំបូង​បើក​សម្ពោធ​ជាផ្លូវការ
ស្ពាន​បង់​ប្រាក់​ឆ្លង​កាត់​ទន្លេសាប​លើក​ដំបូង​បើក​សម្ពោធ​ជាផ្លូវការ © សុវណ្ណារ៉ា
ផ្សាយពាណិជ្ជកម្ម

02:24

សេចក្តីរាយការណ៍​របស់ ប៉ែន បូណា

នេះ​ជា​លើក​ដំបូង​ហើយ​ដែល​ក្រុមហ៊ុន​ឯកជន​មួយ​បាន​បោះ​ទុន​វិនិយោគ​សាង​សង់​ស្ពាន​ឆ្លងកាត់​ទន្លេសាប​ដ៏​វែង​អន្លាយ​ដែល​មាន​បណ្តោយ​៩៩៦​ម៉ែត្រ​និង​​ទទឹង​១៤​ម៉ែត្រ។​ ស្ពាន​នេះ​ឈ្មោះ​ថា​ស្ពាន​ព្រែកព្នៅ​ដែល​តភ្ជាប់​រាជធានី​ភ្នំពេញ​ត្រង់​​សង្កាត់​ស្វាយប៉ាក​ខណ្ឌ​ឬស្សី​កែវ​ទៅ​កាន់​ស្រុក​មុខកំពូល​ខេត្ត​កណ្តាល។

ក្រុមហ៊ុន ​L Y P Group ​របស់​លោក​ឧកញ៉ា​លី យុងផាត់​ដែល​ជា​សមាជិក​ព្រឹទ្ធសភា​មកពី​គណបក្ស​ប្រជាជន​គឺជា​អ្នក​បោះទុន​វិនិយោគ​ដោយ​ចំណាយ​ថវិកា​ជាង​៤៣​លាន​ដុល្លារ​អាមេរិក។ ក្រុមហ៊ុន​នេះ​បាន​ទទួល​សិទ្ធិ​វិនិយោគ​លើ​ស្ពាន​ព្រែកព្នៅ​រយៈពេល​៣០​ឆ្នាំ​តាម​រយៈ​ការ​យក​ថ្លៃ​ពី​រថយន្ត​ដែល​ឆ្លង​កាត់​ស្ពាន។ ​ប៉ុន្តែ ​អ្នក​ធ្វើ​​ដំណើរ​ដោយ​ថ្មើជើង​ ដោយ​កង់ ម៉ូតូ ​និង​រ៉ឺម៉ក​កង់​៣ នឹង​មិន​ត្រូវ​គេ​ទារ​ប្រាក់​ឡើយ។លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន ​សែន​ដែល​ចូល​រួម​ក្នុង​ពិធី​សម្ពោធ​ស្ពាន​ព្រែកព្នៅ​នៅ​ព្រឹក​​មិញ​បាន​បង្ហាញ​មោទនភាព​ចំពោះ​ការ​ចូល​រួម​របស់​វិស័យ​ឯកជន​ក្នុង​ការ​កសាង​​ហេដ្ឋារចនាសម្ព័ន្ធ។

សូម​បញ្ជាក់​ថា​ស្ពាន​ព្រែកព្នៅ​នេះ​ក៏​ជា​ស្ពាន​ដែល​ដើរតួយ៉ាង​សំខាន់​ជា​អ្នក​តភ្ជាប់​​ត្រើយ​ខាង​កើត​ទន្លេសាប​ទៅ​ផ្លូវ​ជាតិ​លេខ​៥​និង​ផ្លូវ​ជាតិ​លេខ​៤​ដោយ​មិន​ចាំបាច់​ឆ្លង​កាត់​រាជធានី​ភ្នំពេញ​ឡើយ។​ស្ពាន​ព្រែកព្នៅ​គឺជា​ស្ពាន​ឆ្លង​កាត់​ទន្លេសាប​ទី​៣​បន្ទាប់​ពី​​ស្ពាន​មិត្តភាព​កម្ពុជា​ជប៉ុន​អតីត​ស្ពាន​ជ្រោយ​ចង្វា​ដែល​ជា​ជំនួយ​របស់​ជប៉ុន ​និង​ស្ពាន​​ព្រែកក្តាម​ដែល​ជា​ជំនួយ​របស់​ចិន។

បើ​យោង​តាម​ប្រសាសន៍​របស់​លោក​នាយក​រដ្ឋមន្ត្រី ​ការដ្ឋាន​សាងសង់​ស្ពាន​​អ្នកលឿង​ឆ្លង​កាត់​ទន្លេ​មេគង្គ​ដែល​តភ្ជាប់​ខេត្ត​កណ្តាល​ទៅ​ខេត្ត​ព្រៃវែង​និង​ខេត្ត​​ស្វាយរៀង​នឹង​ត្រូវ​ចាប់ផ្តើម​នៅ​ដើម​ឆ្នាំ​២០១១​ខាង​មុខ​នេះ​ហើយ​ដោយ​ប្រើប្រាស់​​ជំនួយ​ជប៉ុន។ ​រដ្ឋាភិបាល​ក៏មាន​គំរោង​សាងសង់​ស្ពាន​ជ្រោយចង្វា​ទី២​មួយ​ទៀត​ទន្ទឹម​​នឹង​ស្ពាន​ចាស់ ​និង​ស្ពាន​ឆ្លង​កាត់​ទន្លេ​បាសាក់​មួយ​ទៀត​ភ្ជាប់​ក្រុង​តាខ្មៅ​ត្រើយ​ខាង​​កើត​ផងដែរ។

ស្ពាន​ព្រែកព្នៅ​ជាស្ពាន​បង់ប្រាក់​ទី២​ដែល​បោះ​ទុន​វិនិយោគ​ដោយ​ក្រុមហ៊ុន​
L Y P Group ​បន្ទាប់​ពី​ស្ពាន​ឆ្លងកាត់​ដៃ​សមុទ្រ​ក្នុង​ខេត្ត​កោះកុង​ដែល​ត្រូវ​បាន​សម្ពោធ​​ដាក់​ឲ្យ​ប្រើប្រាស់​កាល​ពី​ឆ្នាំ​២០០៦។ ​ដើម្បី​ជាការ​អបអរ​ចំពោះ​ពិធី​សម្ពោធ​ស្ពាន​​ព្រែកព្នៅ​នៅ​ថ្ងៃ​នេះ​ ក៏ដូច​ជា​អបអរ​សាទរ​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​នេះ​ លោក​នាយក​រដ្ឋមន្ត្រី​​ហ៊ុន ​សែន​បាន​ស្នើ​ឲ្យ​ក្រុមហ៊ុន​អនុញ្ញាត​ឲ្យ​អ្នក​ឆ្លងកាត់​ស្ពាន​ទាំងអស់​ដោយ​មិន​បង់ប្រាក់​​រយៈពេល​២៥​ថ្ងៃ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ