អានតួអត្ថបទ
កម្ពុជា

ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ជួយ​កសាង​ហេដ្ឋារចនា​សម្ពន្ធ​ផ្លូវថ្នល់ និង​ប្រព័ន្ធ​ធារាសាស្ត្រ

ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ប្រកាស​ផ្តល់​ជំនួយ និង​កម្ចី​ដើម្បី​កសាង​ហេដ្ឋារចនាសម្ពន្ធ​ផ្លូវ​ថ្នល់ និង​ប្រព័ន្ធ​ធារាសាស្ត្រ​នៅក្នុង​ប្រទេស​កម្ពុជា។ អ្នកជំនាញ​និយាយ​ថា ប្រជាជន​ខ្មែរ​ច្រើន​សែន​នាក់​នឹង​ទទួល​បាន​ផល​ប្រយោជន៍​ពី​គម្រោង​ផ្តល់​ ជំនួយ​និង​កម្ចី​នេះ។

កសិករ​នៅ​តែ​ត្រូវ​ការ​ប្រព័ន្ធ​ធារាសាស្រ្ត​ដើម្បី​ធានា​ការផលិតផល​ស្រូវ​
កសិករ​នៅ​តែ​ត្រូវ​ការ​ប្រព័ន្ធ​ធារាសាស្រ្ត​ដើម្បី​ធានា​ការផលិតផល​ស្រូវ​ ©reuters
ផ្សាយពាណិជ្ជកម្ម

 

02:20

សេចក្តី​រាយការណ៍​របស់​គី សុខលីម ពី​ទីក្រុង​ភ្នំពេញ

ធនាគារ​អភិវឌ្ឍន៍​អាស៊ី​បាន​ប្រកាស​ពី​ការផ្តល់​កម្ចី និង​ផ្តល់​ជំនួយ​ឥត​សំណង​ប្រមាណ​ជា ៧០​លាន​ដុល្លារ​អាមេរិក​ដល់​ប្រទេស​កម្ពុជា​ក្នុង​ការជួសជុល​ហេដ្ឋារចនាសម្ពន្ធ​ផ្លូវថ្នល់ និង​ប្រព័ន្ធ​ធារាសាស្ត្រ​មួយ​ចំនួន​ឡើង​វិញ។

នៅក្នុង​សេចក្តី​ថ្លែងការណ៍​ដាច់​ដោយ​ឡែក​ពី​គ្នា ធនាគារ​អភិវឌ្ឍន៍​អាស៊ី​បាន​បញ្ជាក់​ថា ខ្លួន​នឹង​ផ្តល់​កម្ចី​៣៥​លាន​ដុល្លារ​អាមេរិក​ដើម្បី​ជួសជុល​ផ្លូវ​នៅ​ជនបទ​នៅក្នុង​ខេត្ត​ចំនួន​៧​ដែល​ក្រីក្រ​ជាងគេ​នៅ​ជុំវិញ​បឹង​ទន្លេសាប។ បើ​យោង​តាម​សេចក្តី​ថ្លែងការណ៍ ប្រាក់​កម្ចី​នេះ​អាច​ជួសជុល​ផ្លូវ​ជនបទ​ឡើងវិញ​បាន​ចម្ងាយ​ជាង​៥០០​គីឡូម៉ែត្រ។

លោក Shihiru Date មន្ត្រី​ជាន់ខ្ពស់​ផ្នែក​ដឹក​ជញ្ជូន​នៃ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​បាន​និយាយ​ថា ការ​ផ្តល់​កម្ចី​ជួសជុល​ផ្លូវ​លំ​ជនបទ​នេះ គឺ​មាន​គោល​បំណង​ធ្វើអោយ​ការចរាចរណ៍​អាច​ដំណើរការ​បាន​ពេញ​មួយ​ឆ្នាំ​ពី​តំបន់​កសិកម្ម​ដាច់​ស្រយាល​មក​ទី​ប្រជុំ​ជន​ខេត្ត​និង​ពី​តំបន់​ខេត្ត​ទៅកាន់​តំបន់​ផ្សេង​ៗ​ទៀត។ ការ​ជួសជុល​ផ្លូវលំ​ឡើងវិញ​នេះ​អាច​ធ្វើ​ឲ្យប្រជាជន​នៅ​តំបន់​នោះ​ចំនួន​ជាង​កន្លះ​លាន​នាក់​ទទួល​បាន​ផល​ប្រយោជន៍​ពី​គម្រោង។

ក្រៅ​ពី​គម្រោង​ជួសជុល​ផ្លូវ​ជនបទ ធនាគារ​អភិវឌ្ឍន៍​អាស៊ី​បាន​បញ្ជាក់​ផង​ដែរ​ថា ខ្លួន​នឹង​ផ្តល់​ជំនួយ​ឥត​សំណង កម្ចី និង ជំនួយ​បច្ចេកទេស​គិតជា​ទឹកប្រាក់​ប្រមាណ​ជា​៣៤​លាន​ដុល្លារ​អាមេរិក​ដើម្បី​កែ​លម្អ​ការគ្រប់គ្រង​ធនធាន​ទឹក និង​ជួសជុល​កែ​លម្អ​ប្រព័ន្ធ​ធារាសាស្ត្រ​មួយ​ចំនួន។ ការ​ធ្វើ​យ៉ាង​នេះ​គឺ​ដើម្បី​ពង្រឹង​សន្តិសុខ​ស្បៀង និង​ចូលរួម​កាត់​បន្ថយ​ភាព​ក្រីក្រ​ជូន​ប្រជាជន​ខ្មែរ។

ជំនួយ​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​លើ​ការជួសជុល​ផ្លូវ​លំ​នៅ​ជនបទ និង​ការកែ​លម្អ​ប្រព័ន្ធ​ធារាសាស្ត្រ​នេះ​បាន​ធ្វើ​ឡើង ចំ​ពេល​ដែល​ប្រទេស​កម្ពុជា​កំពុង​ជួប​ការលំបាក​នៅ​ក្នុង​វិស័យ​ទាំង​ពីរ​នេះ។

នា​ពេល​កន្លង​មក ដោយសារ​តែ​ផ្លូវ​ជនបទ​ភ្ជាប់​មក​ទី​ប្រជុំជន​មាន​ការ​លំបាក ផលិតផល​កសិកម្ម​មួយ​ចំនួន​ធំ​ត្រូវ​បាន​ឈ្មួញ​ទិញ​ក្នុង​តម្លៃ​ថោក​បំផុត។ ផ្ទុយទៅវិញ ប្រជាជន​នៅក្នុង​តំបន់​នោះ​ទិញ​ទំនិញ​ហូបចុក​ពី​ទី​ប្រជុំជន​ទៅ​វិញ​មាន​តម្លៃ​ថ្លៃ​ខ្ពស់​ណាស់។

ទាក់ទង​ទៅ​នឹង​កង្វះខាត​ប្រព័ន្ធ​ធារាសាស្ត្រ រហូត​មក​ដល់​ពេល​នេះ កសិករ​ខ្មែរ​នៅតែ​ធ្វើ​ស្រែ​ប្រវាស់​នឹង​មេឃ​ដដែល​មានន័យថា នៅពេល​ណា​មាន​ទឹកភ្លៀង​គ្រប់គ្រាន់ ពេលនោះ​កសិករ​ទទួល​បាន​ផល​កសិកម្ម​ល្អ​ប៉ុន្តែ​នៅ​ពេល​ណា​អត់​ទឹក​ភ្លៀង ពេលនោះ​ដំណាំ​កសិកម្ម​នឹង​ក្រៀមស្វិត​តែ​ម្តង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ