អានតួអត្ថបទ
កម្ពុជា

ប្រមុខ​រដ្ឋាភិបាល​ថៃ បង្ហាញ​ឆន្ទៈ​ចង់​ដោះស្រាយ​ជម្លោះព្រំដែន​ជាមួយ​កម្ពុជា

លោក​នាយក​រដ្ឋមន្ត្រី​ថៃ អាប់​ភិស៊ី​ត វេចា​ជីវ៉ា បាន​អះអាង​ថា រដ្ឋាភិបាល​ក្រុង​បាងកក ព្យាយាម​ដោះស្រាយ​ជម្លោះ ហើយ​ចង់ឲ្យ​ទំនាក់ទំនង​កម្ពុជា​-​ថៃ មាន​ភាព​ល្អ​ប្រសើរ​ឡើង​វិញ។ ក្នុងនោះ កំណត់ហេតុ​នៃ​កិច្ចប្រជុំ​ចរចា​រវាង​រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា​-​ថៃ ក្នុង​រឿង​ជម្លោះ​ព្រំដែន នឹង​ត្រូវ​ដាក់​ទៅ​កាន់​រដ្ឋសភា នា​សប្តាហ៍​ក្រោយ​។ ការបង្ហាញ​ឆន្ទៈ​ចំពោះ​ការ​ដោះស្រាយ​ជម្លោះ​ព្រំដែន ដែល​បាន​អូសបន្លាយ​ជាង​ពីរ​ឆ្នាំ​មក​ហើយ​ដូច្នេះ បាន​ធ្វើ​ឡើង ក្នុង​ពេល​នាយក​រដ្ឋមន្ត្រី​ថៃ ជួប​ជាមួយ​នឹង​ក្រុម​អ្នកកាសែត​កម្ពុជា កាលពី​ថ្ងៃ​ទី​១៩​តុលា​ម្សិលមិញ នៅ​ទីក្រុង​បាងកក​។​

ប្រមុខ​រដ្ឋាភិបាល​ថៃ បង្ហាញ​ឆន្ទៈ​ចង់​ដោះស្រាយ​ជម្លោះព្រំដែន​ជាមួយ​កម្ពុជា
ប្រមុខ​រដ្ឋាភិបាល​ថៃ បង្ហាញ​ឆន្ទៈ​ចង់​ដោះស្រាយ​ជម្លោះព្រំដែន​ជាមួយ​កម្ពុជា ©Reuters
ផ្សាយពាណិជ្ជកម្ម

 

02:55

សេចក្តីរាយការណ៍​របស់ លី ម៉េងហួរ ពីទីក្រុង​ភ្នំពេញ

លី ម៉េងហួរ

ការ​បញ្ជាក់​ពី​ឆន្ទៈ ដើម្បី​ដោះស្រាយ​ជម្លោះ​ព្រំដែន​ជាមួយ​កម្ពុជា​យ៉ាង​ដូច្នេះ បានធ្វើឡើង នៅ​ចំពោះមុខ​ក្រុម​អ្នកកាសែត​កម្ពុជា ដែល​បាន​ជួប​សម្ភាសន៍​ពិសេសជាមួយ​លោក​នាយក​រដ្ឋមន្ត្រី​ អាប់​ភិ​ស៊ីត នៅ​ទីក្រុង​បាងកក កាលពី​ថ្ងៃ​ទី​១៩ តុលា ឆ្នាំ​២០១០​។ ក្រុម​អ្នកកាសែត​កម្ពុជា​ និង​គណៈប្រតិភូ​ក្រសួង​ព័ត៌មាន ដឹកនាំ​ដោយ​លោក​រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ អ្នកនាំពាក្យ​រដ្ឋាភិបាល​​កម្ពុជា បាន​​ធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​ថៃ កាលពី​ថ្ងៃអាទិត្យ ទី​១៧​តុលា​។ ​ដំណើរ​​ទស្សនកិច្ច​របស់​អ្នកកាសែត​កម្ពុជា ដែល​បិទ​បញ្ចប់​នៅ​ថ្ងៃទី​២២ តុលា​ខាន​ស្អែក ដើម្បី​បង្កើន​ទំនាក់ទំនង​រវាង​អ្នកកាសែត និង​កាត់បន្ថយ​ជម្លោះ​ប៉ាក​កា តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​រវាង​ប្រទេស​ទាំង​ពីរ​។​

លោក​នាយក​រដ្ឋមន្ត្រី អាប់​ភិស៊ី​ត អះអាងថា កំណត់ហេតុ​នៃ​កិច្ចប្រជុំ​រវាង​រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា​-​ថៃ លើ​បញ្ហា​ជម្លោះ​ព្រំដែន នឹង​ដាក់​ចូល​ទៅ​កាន់​រដ្ឋសភា​ថៃ អនុម័ត​នា​សប្តាហ៍​ក្រោយ នា​ថ្ងៃ​ទី​២៦​តុលា​។ ក៏ប៉ុន្តែ​លោកនាយក​រដ្ឋមន្ត្រី បន្ថែម​ថា មិន​ទាន់​មាន​ភាព​ច្បាស់​លាស់​ទេ ដោយសារ​តែ​សភា​ថៃ ជាប់​រវល់​ច្រើន ដូច​ជា​ដោះស្រាយ​បញ្ហា​ទឹក​ជំនន់ និង​មាន​របៀបវារៈ​មួយ​ចំនួន​ទៀត ដែល​ត្រូវ​អនុម័ត​។​

យ៉ាង​ណា​ក៏​ដោយ លោក​នាយក​រដ្ឋមន្ត្រី អាប់​ភិស៊ី​ត សន្យា​ព្យាយាម​ដោះស្រាយ​ជម្លោះ ហើយ​ចង់​ឲ្យ​ទំនាក់ទំនង​ទ្វេភាគី​រវាង​កម្ពុជា​-​ថៃ មាន​ភាព​ល្អ​ប្រសើរ​ឡើង​វិញ។ ម្យ៉ាង​ទៀត ដំណោះស្រាយ​​ជម្លោះ​ព្រំដែន​ប្រទេស​ទាំង​ពីរ កាន់តែ​ខិត​ជិត​គ្នា នៅ​ពេល​រូបលោក និង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ជួបគ្នា​ពីរ​លើក​កន្លងមក​។​

រីឯ​លោក​រដ្ឋមន្ត្រី​ការបរទេស​ថៃ កា​ស៊ីត ភិរម្យ បាន​បញ្ជាក់​ប្រាប់​ក្រុម​អ្នកកាសែត​កម្ពុជា ក្នុង​ជំនួប​កាលពី​ថ្ងៃ​ម្សិលមិញ​ថា រដ្ឋាភិបាល​ក្រុង​បាងកក ប្រកាន់​យក​អនុស្សរណៈ​យោគយល់​គ្នា​ឆ្នាំ​២០០០ ដែល​ជា​បង្គោល ក្នុង​ការ​ប្រើប្រាស់ ចំពោះ​ការចរចា​ដោះស្រាយ​ជម្លោះ​ព្រំដែន​រវាង​កម្ពុជា​-​ថៃ​។ កន្លង​មក​ភាគី​ទាំងពីរ​បាន​រុករក​បង្គោល​ព្រំដែន ដែល​បាន​បោះ កាលពី​សម័យ​បារាំង បាន​ជាង ៤០ បង្គោល​ ក្នុង​ចំណោម ៧៣ បង្គោល។​

លោក​រដ្ឋមន្ត្រី​ការបរទេស​ថៃ បញ្ជាក់ថា រដ្ឋាភិបាល​ថៃ នឹង​យក​យន្តការ​នេះ សម្រាប់​ចរចា និង​ធ្វើ​ការពិនិត្យ​បោះបង្គោល​ព្រំដែន​ជាមួយ​កម្ពុជា​។​

ជុំវិញ​ការ​បង្ហាញ​ឆន្ទៈ​របស់​ក្រុង​បាងកក​ខាងលើនេះ ត្រូវបាន​លោក កុយ គួង អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា សម្តែង​ការ​ស្វា​គមន៍ ក៏​ប៉ុន្តែ​លោក​លើកឡើង​ថា សភា​ថៃ គួរតែ​អនុម័ត​លើ​ឯកសារ​ទាំងនោះ ឲ្យបាន​ឆាប់ ដើម្បី​ឲ្យ​គណៈកម្មការច​ម្រុះ​ព្រំដែន​កម្ពុជា​ថៃ បានធ្វើការ​ជាមួយ​គ្នា​បន្ត ក្នុង​ការដោះស្រាយ​បញ្ហា​ព្រំដែន​ប្រទេស​ទាំង​ពីរ​ឲ្យបាន​ឆាប់​។​

លោក កុយ គួង បានបញ្ជាក់​ថា ការដោះស្រាយ​ជម្លោះ​ព្រំដែន យឺតយូរ​នេះ ដោយសារ​តែ​ខាង​ភាគី​ថៃ ពិសេស​សភា​ថៃ មិន​ព្រម​អនុម័ត​នូវ​កំណត់ហេតុ​ទាំងបី របស់​រដ្ឋមន្ត្រីការបរទេស​ប្រទេស​ទាំង​ពីរ កាលពីចុង​ឆ្នាំ​២០០៨ និង​ដើមឆ្នាំ​២០០៩៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ