អានតួអត្ថបទ
កម្ពុជា

កម្ពុជា-អាមេរិក​ធ្វើសមយុទ្ធ​រួម​គ្នា​នៅ​ខេត្ត​ព្រះសីហនុ​

កងទ័ព​ជើងទឹក​កម្ពុជា​និង​អាមេរិក​កំពុង​ធ្វើ​សមយុទ្ធ​យោធា​រួមគ្នា​នៅក្នុង​ទឹកដី​ខេត្ត​ព្រះសីហនុ។ សម​ យុទ្ធ​យោធាជើ​ងទឹក​រួម​គ្នា​ ត្រូវ​ក្រុម​មន្ត្រីថ្លែង​ឲ្យដឹងថា​ធ្វើឡើង​ដើម្បី​រឹត​ចំណង​កិច្ច​សហ​ប្រតិបត្តិការ​រវាង​ប្រទេស​ ទាំង​ពីរ។​ សម​យុទ្ធ​រយៈ​ពេល​ ៦ថ្ងៃនេះ​ត្រូវបាន​ធ្វើឡើង​ស្របពេល​ដែល​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាមេរិក​ លោក​ស្រី ​ហ៊ីឡារី​ គ្លីនតុន​ នឹង​ធ្វើទស្សន​កិច្ច​នៅ​កម្ពុជា​​នៅចុង​សបា្តហ៍​នេះ។

កម្ពុជា-អាមេរិក​ ធ្វើ​សមយុទ្ធ​រួមគ្នា​​នៅ​​ខេត្ត​​ព្រះសីហនុ​
កម្ពុជា-អាមេរិក​ ធ្វើ​សមយុទ្ធ​រួមគ្នា​​នៅ​​ខេត្ត​​ព្រះសីហនុ​ © សុវណ្ណារ៉ា
ផ្សាយពាណិជ្ជកម្ម

 

02:26

សេចក្តីរាយការណ៍​របស់ នេត្រ ភក្រ្តា

បូលីន ដាវីដ

ទាហាន​ជើង​ទឹក​សហ​រដ្ឋ​អាមេរិក​ប្រហែល​ ៦០០ នាក់​ រួមនឹង​កង​នាវិក​ខេមរភូមិន្ទ​ជាច្រើន​រយ​នាក់​ទៀត បាន​ចាប់​ផ្តើម​​​ការហ្វឹក​ហាត់​​រួម​គ្នា​ស្តី​ពី​សន្តិ​សុខ​ និង​សុវត្ថិភាព​​ជើង​ទឹក​ក្នុង​ខេត្ត​ព្រះ​សីហនុ​ សម្រាប់​រយៈ​ពេល ៦ ថ្ងៃ។

ចាប់ផ្តើម​ពីថ្ងៃម្សិលមិញ ​ការហ្វឹកហាត់​រួមគ្នានេះ​នឹងត្រូវ​បញ្ចប់នៅ​ដំណាច់​ខែតុលានេះ។ មន្ត្រីកងទ័ព​ជើងទឹក​អាមេរិក​បានថ្លែង​ក្នុង​សេចក្តីថ្លែងការណ៍​ថា សន្តិសុខ និង​សុវត្ថិភាព​ជើង​ទឹក​ជា​ចំណុច​សំខាន់​នៃ​វគ្គ​កិច្ចសហប្រតិបត្តិការ​​ហ្វឹកហាត់​និង​ការ​ត្រៀម​ជា​ច្រើន​​លើ​ផ្ទៃ​ទឹកនៅ​កម្ពុជា ឆ្នាំ​២០១០​​ ដែល​ហៅ​កាត់​ថា CARAT។ លោក David Welch ឧត្តម​នាវី​ត្រី​រង​​នៃ​ក្រុមកង​ពល​​ចម្រុះ​អាមេរិក​ក្នុង​វគ្គ CARAT បាន​ថ្លែងថា​នេះ គឺ​ជា​កិច្ច​សហ​ប្រតិបតិ្តការ​ដ៏​ល្អ​រវាង​កង​កម្លាំង​​ជើងទឹក​កម្ពុជា និង​កងកម្លាំង​ជើងទឹក​សហរដ្ឋអាមេរិក។

នេះ​គឺ​ជា​ឆ្នាំ​ទី​១ ហើយ​ដែល​កម្ពុជា បាន ចូល​រួម​ហ្វឹកហាត់​ក្នុង​វគ្គ CARAT ជាមួយ​នឹង​កងកម្លាំង​ជើង​ទឹក​អាមេរិក ​ហើយ​មន្ត្រី​កងទ័ព​កម្ពុជា និង​អាមេរិក​បាន​មើល​ឃើញ​លទ្ធផល​រួច​ហើយ​ទាក់​ទង​ទៅ​នឹង​វិធី​ដែល​កង​ទ័ព​ទាំង​ពីរ​អាច​ប្រាស្រ័យ​ទាក់ទង​កាន់តែ​ល្អ​ប្រសើរ និង​ធ្វើ​ការរួមគ្នា។ យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន ដែល​ចេញ​ផ្សាយ​ដោយ​ផ្នែក​កិច្ចការ​សាធារណៈ​នៃ​វគ្គ CARAT បាន​ឲ្យ​ដឹង​ថា វគ្គ CARAT ក៏​ផ្តោត​លើ​ផ្នែក​សន្តិសុខ​ផ្ទៃ​សមុទ្រ​ជា​ច្រើន ក្នុង​នោះ​រួម​មាន​ប្រតិបតិ្តការ​មុជទឹក និង​ជួយ​សង្គ្រោះ សន្តិសុខ​កំពង់​ផែ​ ការចាត់ចែង និង​ថែ​ទាំង​ទូក​តូច​ៗ ការ​បង្អាក់​លើ​ផ្ទៃ​សមុទ្រ ការ​ឡើង​ឆែកឆេរ និង​ចាប់​យក ប្រតិបតិ្តការ​យន្តហោះ​លើ​ផ្ទៃ​សមុទ្រ និង​កម្ម​វិធី​វិស្វកម្ម និង​ព្យាបាល​ជំងឺ​ឬ​របួស។

ការហ្វឹកហ្វឺន​រួមគ្នា​រវាង​កងទ័ពជើងទឹក​កម្ពុជា និង​អាមេរិក ត្រូវ​បាន​ធ្វើ​ឡើង​គាប់​ជួន​នឹង​គម្រោង​​នៃ​ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្រ្តី​ក្រសួងការ​បរទេស​អាមេរិក​ លោកស្រី​ហ៊ីឡារី គ្លីនតុន​ មក​ទស្សនកិច្ច​នៅ​កម្ពុជា​នៅ​ថ្ងៃ​ទី​ ៣០ និង ៣១ ខែ​តុលា​ខាង​មុខ។ នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ ក្រសួងការបរទេស​អាមេរិក​បាន​ថ្លែង​ថា លោកស្រី Hillary Clinton នឹង​មក​ដល់​ប្រទេស​កម្ពុជា​​នៅ​ថ្ងៃ​ទី​៣០ តុលា ហើយ​នឹង​ជួប​ជា​មួយ​រដ្ឋា​ភិបាល​និង​មេដឹកនាំ​ក្រុម​ស៊ីវិល​​នៅ​រាជធានី​ភ្នំ​ពេញ។

លោកស្រី​នឹង​​ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅ​ប្រាសាទ​អង្គវត្ត​ផង​ដែរ​​មុន​ពេល​ចេញ​ទៅ​ប្រទេស​ម៉ាឡេស៊ី​។ដំណើរ​ទស្សនកិច្ច​របស់​លោក​ស្រី ក្លីនតុន មកកាន់​​កម្ពុជា​គឺ​ជា​ផ្នែក​មួយ​នៃ​ដំណើរទស្សនកិច្ចធំ​មួយ​ដែល​មាន​គោលបំណង​លើក​កម្ពស់​​ទំនាក់​ទំនង​របស់​សហរដ្ឋអាមេរិក​ជាមួយ​នឹង​ប្រទេស​សម្ព័ន្ធមិត្ត​សំខាន់ៗ នៅ​តំបន់​ប៉ាស៊ីហ្វិក ដែល​រាប់បញ្ចូល​ប្រទេស​វៀតណាម​ ម៉ាឡេស៊ី ប្រទេស​ Papau New Guinea អូស្រ្តាលី និង​នូវែលសេឡង់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ