អានតួអត្ថបទ
កម្ពជា

តំណាងរាស្រ្ត​បក្ស​កាន់អំណាច​បដិសេធ​មិន​ចុះ​មើល​បន្ទាត់​ព្រំដែន

សមាជិក​សភា​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​មាន​សំឡេង​ភាគច្រើន​ក្នុង​សភា​បាន​ អះអាង​ថា ពួក​គេ​មិន​ចាំ​បាច់​ចុះ​ពិនិត្យ​បង្គោល​ព្រំដែន​តាម​ការ​ស្នើ​របស់​បក្ស​ ប្រឆាំង​ទេ ពីព្រោះ​តែ​គេ​ជឿជាក់​លើ​រដ្ឋាភិបាល។ ការ​អះអាង​នេះ​បាន​ធ្វើ​ឡើង បន្ទាប់ពី​សមាជិក​សភា​គណបក្ស​សម​ រង្ស៊ី​បាន​ស្នើ​ឲ្យ​តំណាងរាស្ត្រ​ទាំង​អស់ រាប់​ទាំង​គណបក្ស​កាន់អំណាច​ផង ចុះ​ទៅ​ពិនិត្យ​មើល​ការ​បោះ​បង្គោល​ព្រំដែន​ដើម្បី​ឲ្យ​ឃើញ​បញ្ហា​ជាក់​នឹង​ ភ្នែក។ ​ប៉ុន្តែ​សេចក្តីស្នើ​នេះ​ត្រូវ​បាន​បដិសេធ​ពី​សំណាក់​បក្ស​កាន់អំណាច និង​ត្រូវ​បាន​ចាត់​ទុក​ជា​សំណើ​ដែល​មាន​ចរិត​កេង​ចំណេញ​នយោបាយ។

លោក ជាម យៀប តំណាងរាស្រ្ត​មក​ពី​គណបក្ស​ប្រជាជនកម្ពុជា
លោក ជាម យៀប តំណាងរាស្រ្ត​មក​ពី​គណបក្ស​ប្រជាជនកម្ពុជា ©វណ្ណារ៉ា
ផ្សាយពាណិជ្ជកម្ម
02:20

សេចក្តីរាយការណ៍​របស់ ប៉ែន បូណា ពីទីក្រុង​ភ្នំពេញ

លោក ​ជាម ​យៀប ​តំណាងរាស្រ្ត​មណ្ឌល​ព្រៃវែង​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​បាន​បដិសេធ​នៅ​ចុង​សប្តាហ៍​នេះ​ថា តំណាងរាស្ត្រ​គណបក្ស​កាន់អំណាច​ដែល​មាន​៩០​កៅអី​ក្នុង​រដ្ឋសភា មិន​ចាំ​បាច់​ចុះ​មើល​ការ​បោះ​បង្គោល​ព្រំដែន​តាម​ការស្នើ​របស់​គណបក្ស​ប្រឆាំង​ទេ ពីព្រោះ​តែ​ពួក​គេ​ជឿជាក់​លើ​រដ្ឋាភិបាល។ លោក​ជាម ​យៀប ​ពន្យល់​ថា ​រដ្ឋសភា​បាន​បោះឆ្នោត​ផ្តល់​ការ​ទុកចិត្ត​លើ​រដ្ឋាភិបាល​ក្នុង​ការ​ដឹកនាំ​ប្រទេស។ ​ដូច្នេះ​រដ្ឋាភិបាល​មាន​ការ​ទទួល​ខុសត្រូវ​ចំពោះ​មុខ​រដ្ឋសភា និង​ចំពោះ​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​មូល។​ ម្យ៉ាងទៀត​ រដ្ឋាភិបាល​មាន​អ្នកជំនាញ​ច្បាស់លាស់​សម្រាប់​ធ្វើ​កិច្ចការ​ព្រំដែន។

ប្រតិកម្ម​នេះ​បាន​ធ្វើ​ឡើង នៅ​ក្រោយ​ពេល​ដែល​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​បាន​ស្នើ​ទៅ​កាន់​សមាជិក​សភា​ទាំងអស់ រាប់ទាំង​តំណាងរាស្ត្រ​មក​ពី​គណបក្ស​កាន់អំណាច​ផង ឲ្យ​ចុះ​ទៅ​ពិនិត្យ​មើល​ការបោះ​បង្គោល​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម ដើម្បី​ឲ្យ​ឃើញ​បញ្ហា​ផ្ទាល់​នឹង​ភ្នែក។ ​ប៉ុន្តែ ​សម្រាប់​លោក ​ជាម ​យៀប ​អ្នកតំណាងរាស្រ្ត​គ្មាន​ជំនាញ​ផ្នែក​កិច្ចការ​ព្រំដែន​ឡើយ។ ​ដូច្នេះ​ពួកគេ​នឹង​គ្មាន​មូលដ្ឋាន​អ្វី​ទាំង​អស់​ក្នុង​ការ​វាយតម្លៃ​លើ​ការងារ​បោះ​បង្គោល​ព្រំដែន។

សំណុំរឿង​ព្រំដែន​នៅ​តែ​ជា​អធិករណ៍​មួយ​រវាង​រដ្ឋាភិបាល និង​គណបក្ស​ប្រឆាំង និង​សង្គមស៊ីវិល​មួយ​ចំនួន​ផង។ ​គណបក្ស​សម​ រង្ស៊ី​គ្រោង​នឹង​ចុះ​ទៅ​ពិនិត្យ​បង្គោល​ព្រំដែន​មួយ​កន្លែង​នៅ​ក្នុង​ឃុំដារ​ ស្រុក​មេមត់ ​ខេត្ត​កំពង់ចាម​នៅ​ចុង​ខែ​វិច្ឆិកា​នេះ។ ការ​ចុះ​ពិនិត្យ​បង្គោល​ព្រំដែន​នៅ​ទីនោះ គឺ​បន្ទាប់​ពី​មាន​ការ​តវ៉ា​ពី​សំណាក់​អ្នកភូមិ​ជាង​២០០​នាក់​ថា ពួកគេ​បាន​បាត់បង់​ដីស្រែ​ចម្ការ​របស់​ខ្លួន ដោយសារ​តែ​ការបោះ​បង្គោល​ព្រំដែន។

ប៉ុន្តែ​លោក ​វ៉ា ​គឹមហុង​ ប្រធាន​គណៈកម្មាធិការ​ព្រំដែន​របស់​រដ្ឋាភិបាល​បាន​ចាត់​ទុក​ការ​តវ៉ា​នោះ​ថា បាន​ធ្វើ​ឡើង​តាម​ការ​ញុះញង់​របស់​គណបក្ស​សម ​រង្ស៊ី។ ​អ្នកជំនាញ​កិច្ចការ​ព្រំដែន​រូប​នេះ​អះអាង​ថា ការ​បោះ​បង្គោល​ព្រំដែន​លេខ​១០៩​នៅ​ក្នុង​ឃុំដារ​ស្រុក​មេមត់​បាន​ធ្វើ​ឡើង​ដោយ​មាន​ការ​ចូល​រួម​ពី​អាជ្ញាធរ​ដែនដី និង​ប្រជាពលរដ្ឋ​ផង​ដែរ ​ហើយ​ដំណើរការ​នេះ​មិន​បាន​ធ្វើ​ឲ្យ​បាត់​ដី​កសិករ​ណា​ម្នាក់​ទេ។

យ៉ាង​ណា​ក៏​ដោយ ​ក្រុម​របស់​លោក​ រ៉ុង ​ឈុន​ ក្នុង​នាម​ក្រុមប្រឹក្សា​ឃ្លាំ​មើល ក៏​គ្រោង​នឹង​ចុះ​ទៅ​ពិនិត្យ​បង្គោល​ព្រំដែន​ក្នុង​ស្រុក​មេមត់​ដែរ នៅ​ថ្ងៃទី​២៤​វិច្ឆិកា​នេះ។ ​ប៉ុន្តែ​សមាជិកសភា​​គណបក្ស​កាន់អំណាច​ លោក ​ជាម ​យៀប ​បាន​ចាត់​ទុក​ការ​លើក​ឡើង​ពី​បញ្ហា​ព្រំដែន​ពី​សំណាក់​បក្ស​ប្រឆាំង និង​សង្គមស៊ីវិល​មួយ​ចំនួន​នោះ​ថា គ្រាន់តែ​ជា​ការ​ចង់​បាន​ប្រជាប្រិយភាព​នយោបាយ​តែ​ប៉ុណ្ណោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ