អានតួអត្ថបទ
កម្ពុជា

កម្ពុជា​ត្រូវ​ត្រៀម​ចំណាយ​ថវិកា​ខ្លួនឯង​ដើម្បី​ធ្វើ​ការងារ​អេដស៍

ក្រុម​គ្រូពេទ្យ​ជំនាញ​របស់​កម្ពុជា ដោយ​សហការ​ជាមួយ​វិទ្យាស្ថាន​លទ្ធផល​ដើម្បី​ការអភិវឌ្ឍន៍ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក​បាន​ធ្វើការ​ស្រាវជ្រាវ​ស្តីពី​ ការចំណាយ និង​បញ្ហា​ហិរញ្ញវត្ថុ​សម្រាប់​ការងារ​ប្រយុទ្ធ​ប្រឆាំង​មេរោគ​អេដស៍​នាពេល​អនាគត​នៅ​កម្ពុជា។ កម្ពុជា​សព្វថ្ងៃ​ចំណាយ​ថវិកា​ប្រមាណ​៥០​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ ហើយ​៩០​ភាគរយ​នៃ​ថវិកាទាំង​នោះ បាន​មក​ពី​ដៃគូអភិវឌ្ឍន៍។​ ការ​ស្រាវជ្រាវ​រកឃើញថា នៅពេល​ដែល​និន្នាការ​នៃ​ការ​ផ្តល់​ជំនួយ​បាន​ធ្លាក់ចុះ រដ្ឋាភិបាល​កម្ពុជា​ត្រូវ​ត្រៀមខ្លួន​ប្រើប្រាស់​ថវិកា​ផ្ទាល់ខ្លួន​ក្នុង​កិច្ចការងារ​ទប់ស្កាត់​ជំងឺ​ឆ្លងរាតត្បាត​មេរោគ​អេដស៏។

ការចំណាយសម្រាប់ការងារប្រយុទ្ធនឹងជំងឺអេដស៍បានកើនឡើងពី ២១លានដុល្លារក្នុងឆ្នាំ២០០៣ ដល់៥១,៨លានដុល្លារក្នុងឆ្នាំ២០០៨
ការចំណាយសម្រាប់ការងារប្រយុទ្ធនឹងជំងឺអេដស៍បានកើនឡើងពី ២១លានដុល្លារក្នុងឆ្នាំ២០០៣ ដល់៥១,៨លានដុល្លារក្នុងឆ្នាំ២០០៨ ©លាង ដឺលុច
ផ្សាយពាណិជ្ជកម្ម
02:14

សេចក្តី​​រាយការណ៍​របស់ លាង ដឺលុច ពី​ទី​ក្រុង​​ភ្នំពេញ

ឆ្នាំ​២០៣១​ខាងមុខ គឺ​ជា​ខួប​ឆ្នាំ​ទី​៥០​នៃ​វត្តមាន​មេរោគ​អេដស៍ ​ដែល​ត្រូវ​បាន​រកឃើញ​នៅលើ​ពិភពលោក​នេះ។ កម្ពុជា​ដែល​បាន​រកឃើញ​មាន​ករណី​មេរោគ​អេដស៍​ លើកដំបូង​នៅឆ្នាំ​១៩៩១​នោះ បាន​ជាប់​ឈ្មោះ​ថា ជាប្រទេស​មាន​ការ​ខិតខំ​ប្រឹងប្រែង​ខ្លាំង ហើយ​ទទួល​បាន​ជោគជ័យ​ក្នុង​យុទ្ធនាការ​ទប់ស្កាត់​ការឆ្លងរាល​មេរោគ​អេដស៍នេះ។ ប៉ុន្តែ ឆ្លងតាម​ការស្រាវជ្រាវ​ថ្មី​មួយ​ដែល​ធ្វើ​ដោយ​ក្រុម​អ្នកជំនាញ​របស់​កម្ពុជា ដែល​សហការ​ជាមួយ​អ្នកជំនាញ​របស់​សហរដ្ឋ​អាមេរិកមក​ពី​វិទ្យាស្ថាន​លទ្ធផល​សម្រាប់កា​រអភិវឌ្ឍន៍​នោះ កម្ពុជា​បាន​ដើរ​មក​ដល់​ផ្លូវ​បំបែក​មួយ​ទាក់ទងនឹង​ការ​ប្រើប្រាស់​ថវិកា។

ការ​ចំណាយ​សម្រាប់​ការងារ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​បាន​កើនឡើងពី ​២១លាន​ដុល្លារក្នុង​ឆ្នាំ២០០៣ ដល់​៥១,៨​លានដុល្លារ​ក្នុង​ឆ្នាំ​២០០៨។ ក្នុង​ចំណោម​ថវិកា​ទាំងនេះ ៩០​ភាគរយ គឺជា​ជំនួយ​របស់​ដៃ​គូ​អភិវឌ្ឍន៍។

នៅក្នុង​បរិបទ​នៃវិបត្តិសេដ្ឋកិច្ច ដែល​ដៃគូ​អភិវឌ្ឍន៍​នឹង​កាត់បន្ថយ​ជំនួយ​របស់​ខ្លួន​នោះ របាយការណ៍​ថ្មីនេះ បាន​ប្រាប់​រដ្ឋាភិបាល​កម្ពុជា​អោយ​ត្រៀមខ្លួន​បម្រុង​ថវិកា​ផ្ទាល់ខ្លួន​សម្រាប់​ប្រើប្រាស់​ក្នុង​កម្មវិធី​ទប់ស្កាត់​ការឆ្លង​រាលដាល​មេរោគ​អេដស៍​នៅពេល​ខាងមុខ។ របាយការណ៍​​ក៏​បាន​ប្រាប់​ផងដែរ​អំពី​ទំហំ​ថវិកា​ដែល​កម្ពុជា​ត្រូវមាន​ក្នុងដៃ​សម្រាប់​ការងារ​នេះ។ នោះគឺ​ប្រមាណ​៦៨​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ។

អ្នកជំនាញ​របស់​កម្ពុជា និង​អាមេរិក​បាន​សរសេរ​នៅក្នុង​របាយការណ៍​ថា បើទោះ​ជា​កម្ពុជា​នៅ​អនុវត្ត​សកម្មភាព​ទប់ស្កាត់​ល្អ​បំផុត​ក៏ដោយ​នោះ កម្ពុជា​នៅតែមាន​ករណី​ឆ្លងមេរោគអេដស៍​នេះ​ប្រមាណ​១០០០នាក់​ក្នុង​មួយឆ្នាំ​ នៅ​ឆ្នាំ២០៣១។ កាលពី​១០​ឆ្នាំ​មុន អត្រា​ឆ្លង​ខ្ពស់​បំផុត​មាន​ចំនួន​១៥០០០​នាក់។ កាល​ពី​ឆ្នាំ​កន្លង​ទៅ​នេះ អត្រា​ឆ្លង​មាន​២១០០នាក់។

គួរបញ្ជាក់ថា ក្រុម​អ្នក​សរសេរ​របាយការណ៍​នេះ នឹង​ត្រូវ​ធ្វើ​បទបង្ហាញ​ចំពោះ​រដ្ឋាភិបាល និង​ស្ថាប័ន​រដ្ឋសភា ដើម្បី​អោយ​អ្នកសម្រេចចិត្ត​ខាង​នយោបាយ​គាំទ្រ​អនុសាសន៍​នានា​ដែល​ត្រូវ​បាន​រកឃើញ​ក្នុង​របាយការណ៍​នេះ។​

គួរបញ្ជាក់ថា កម្ពុជា​កំពុង​ព្រួយ​បារម្ភ​អំពី​រលក​នៃ​ការ​ផ្ទុះ ការ​ឆ្លង​រាលដាល​មេរោគអេដស៍​នៅក្នុង​ក្រុម​គោលដៅ​ចំនួន៣ នោះ​គឺ​ក្រុម​ស្រ្តី​ធ្វើការ​នៅ​មណ្ឌល​កំសាន្ត ក្រុម​បុរស​ស្រលាញ់​ភេទដូចគ្នា និង​ក្រុម​អ្នក​ប្រើប្រាស់​គ្រឿងញៀន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ