អានតួអត្ថបទ
កម្ពុជា​-ថៃ

ស្ថានភាព​នៅ​ខេត្ត​​ឧត្តរមាន​ជ័យ និង​បន្ទាយ​មាន​ជ័យ​ ក្រោយ​ការ​ផ្ទុះ​អាវុធ​នៅ​ព្រះ​វិហារ

ក្រោយ​ការ​ផ្ទុះ​អាវុធ​នៅ​ព្រំដែន​ប្រាសាទ​ព្រះវិហារ តាម​បណ្តោយ​ព្រំដែន​កម្ពុជា-​ថៃ ក្នុង​ខេត្ត​ឧត្តរមានជ័យ និង​ខេត្ត​បន្ទាយមានជ័យ មិនមាន​ការ​ផ្ទុះ​អាវុធ​ដាក់​គ្នា​ឡើយ។ ក៏​ប៉ុន្តែ​កងទ័ព​កម្ពុជា-​ថៃ ស្ថិត​ក្នុង​លក្ខណៈ​ប្រុង​ជើង​ការ ចូល​ខ្សែ​ត្រៀម​ជួរ​មុខ ដើម្បី​ត្រៀម​ការ​វាយ​បក និង​ការពារ​ទីតាំង​រៀងៗ​ខ្លួន។

ទាហាន​ខ្មែរ​​​ការពារ​នៅក្រោយ​ច្រកទ្វារ​ព្រំដែន​ដែលបិទ​ទ្វារ​​
ទាហាន​ខ្មែរ​​​ការពារ​នៅក្រោយ​ច្រកទ្វារ​ព្រំដែន​ដែលបិទ​ទ្វារ​​ © លាង​ ដឺលុច
ផ្សាយពាណិជ្ជកម្ម

03:37

បទអន្តរាគមន៍​របស់ លី ម៉េងហួរ ពី​ទីក្រុង​ភ្នំពេញ

តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​ថៃ ពិសេស​នៅ​ច្រក​ព្រំដែន​សំខាន់ៗ ក្នុង​ខេត្ត​បន្ទាយមានជ័យ និង​ខេត្ត​ឧត្តរមានជ័យ មាន​ការ​ប្រុង​ជើង​ការ ត្រៀម​ប្រយុទ្ធ​រវាង​ភាគី​កម្ពុជា និង​ថៃ តែ​មិន​ដល់​ថ្នាក់​ផ្ទុះ​អាវុធ​ទេ កាលពី​រសៀល​ថ្ងៃ​ទី​៤​កុម្ភៈ ឆ្នាំ​២០១១។

ស្ថានការណ៍​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​ថៃ ក្នុង​ខេត្ត​បន្ទាយមានជ័យ នៅ​ចំណុច​បង្គោល​ព្រំដែន​លេខ ៤៦ ក្នុង​ស្រុក​អូរជ្រៅ និង​ចំណុច​ភ្នំ​ប្រាក់ ក្នុង​ស្រុក​ថ្មពួក គឺជា​ចំណុច​រសើប និង​ប្រឈម​ខ្លាំង។ កងកម្លាំង​កម្ពុជា និង​ថៃ បាន​បង្កើត​ការប្រុងប្រយ័ត្ន និង​ចូល​ខ្សែ​ត្រៀម​នៅ​ជួរមុខ។

នៅ​ឯ​ច្រក​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត ពលរដ្ឋ​ខ្មែរ​ជា​អ្នក​លក់ដូរ​ក្នុង​ផ្សារ​ទឹកដី​ថៃ និង​អ្នក​ទៅ​ធ្វើការ​ក្នុង​ទឹកដី​ថៃ បាន​សម្រុក​វិល​ត្រឡប់​មកពី​ទឹកដី​ថៃ ចូល​ក្នុង​ទឹកដី​កម្ពុជា​វិញ ដើម្បី​សុវត្ថិភាព។ នៅពេល​មាន​ការផ្ទុះអាវុធ​នៅ​ព្រំដែន​ប្រាសាទ​ព្រះវិហារ នៅ​ប៉ោយប៉ែត ទំនិញ​សព្វសារពើ ពិសេស​ប្រេងសាំង បាន​ឡើងថ្លៃ​ខ្ពស់​លើស​ថ្ងៃ​ធម្មតា ប៉ុន្តែ​អាជ្ញាធរ​សមត្ថកិច្ច បាន​អន្តរាគមន៍​ភ្លាមៗ។
នៅ​ព្រំដែន​កម្ពុជា​-​ថៃ ក្នុង​ខេត្ត​ឧត្តរមានជ័យ ចំណុច​រសើប និង​ប្រឈម​ខ្លាំង​នៅ​ចំណុច​ប្រាសាទ​តាមាន់ និង​ប្រាសាទ​តាក្របី ក្នុង​ស្រុក​បន្ទាយ​អំពិល។ ចំណុច​ព្រំដែន​ទាំងពីរ​នេះ កងកម្លាំង​ទាំង​សង​ខាង បាន​ចូល​ខ្សែ​ត្រៀម​ជួរ​មុខ ប្រុង​ជើងការ ដើម្បី​ត្រៀម​ការ​វាយ​បក និង​ការពារ​ទីតាំង​យ៉ាង​ប្រុងប្រយ័ត្ន។
នៅឯ​ច្រក​ព្រំដែន​អន្តរជាតិ​អូរស្មាច់ ក្នុង​ខេត្ត​ឧត្តរមានជ័យ ពលរដ្ឋ​ខ្មែរ​ដែល​បាន​ចូល​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ បាន​សម្រុក​វិលត្រឡប់​មក​វិញ។​ ចំណែក​នៅ​ច្រក​ព្រំដែន​អន្តរជាតិ​ជ្រាំ សភាពការណ៍​នៅ​ស្ងាត់​ធម្មតា តែ​ខាង​ភាគី​ថៃ មាន​ការប្រែប្រួល​កម្លាំង​ខ្លះ។ រីឯ​កងទ័ព​កម្ពុជា បាន​ប្រុង​ជើងការ​ជាប់​ជានិច្ច។

ដោយឡែក​នៅ​ឯ​ច្រក​ព្រំដែន​ត្រពាំង​ប្រាសាទ ប្រឈម​នឹង​ខេត្ត​ស៊ីសាកេត របស់​ថៃ កងកម្លាំង​ទាហាន​ថៃ ដែល​បាន​ដាក់ពង្រាយ​ទប់ទល់​នឹង​ពលរដ្ឋ​ខ្មែរ ឆ្លងដែន​ចូល​កាប់​ឈើ ក៏​ត្រូវបាន​បង្កើន​កម្លាំង​ទ័ព នៅ​ពេល​ដែល​មាន​ការផ្ទុះ​អាវុធ​នៅ​ព្រំដែន​ប្រាសាទ​ព្រះវិហារ។
ច្រកព្រំដែន​ជាំស្រង៉ាំ និង​ច្រកព្រំដែន​ត្រពាំង​ប្រាសាទ ជា​ច្រក​យុទ្ធសាស្ត្រ ដែល​ភាគី​ថៃ អាច​វាយ​បំបែក​កងកម្លាំង​កម្ពុជា និង​ចូល​ក្នុង​បូរណភាព​ទឹកដី​កម្ពុជា ដើម្បី​ឆ្ពោះទៅ​កាន់​សមរភូមិ​ព្រំដែន​ប្រាសាទ​ព្រះវិហារ។

ជា​សរុបទៅ ខណៈ​ដែល​កងទ័ព​កម្ពុជា​-​ថៃ ផ្ទុះ​អាវុធ​ដាក់គ្នា កាលពី​រសៀល​ថ្ងៃ​ទី​៤​កុម្ភៈ ពលរដ្ឋ​កម្ពុជា​នៅ​តាម​បណ្តោយ​ព្រំដែន​ថៃ ពិសេស​នៅ​តំបន់​ប៉ោយប៉ែត ពលរដ្ឋ​ខ្មែរ មិន​ទាន់​ចាកចេញ​ពី​ផ្ទះសម្បែង ដូច​ព្រឹត្តិការណ៍​ផ្ទុះ​អាវុធ​លើក​ដំបូង នៅ​ព្រំដែន​ប្រាសាទ​ព្រះវិហារ កាលពី​ថ្ងៃ​១៥​តុលា ឆ្នាំ​២០០៨ ឡើយ៕

 

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ