អានតួអត្ថបទ
កម្ពុជា

ពិព័រណ៍​ផលិតផល​ថៃ​ដែល​មាន​ការ​ចូលរួម​ពី​ពាណិជ្ជករ​ខ្មែរ​នឹង​រៀបចំ​ឡើង​ចាប់​ពី​ថ្ងៃទី១៩ ខែឧសភា​នៅ​ភ្នំពេញ

ពិព័រណ៍​ផលិតផល​ថៃ​ដែល​មាន​ការ​ចូលរួម​ពី​ពាណិជ្ជករ​ខ្មែរ​គ្រោង​នឹង​រៀបចំ​ឡើង​ចាប់​ពី​ថ្ងៃទី​១៩​ខែ​ឧសភា​ដល់​ថ្ងៃទី​២២​នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​ទីក្រុង​ភ្នំពេញ។ គម្រោង​រៀបចំ​ពិព័រណ៍​ផលិតផល​ថៃ​នេះ​បាន​ធ្វើ​ឡើង​ក្រោយពេល​ដែល​ប្រទេស​កម្ពុជា​និង​ប្រទេស​ថៃ​បាន​បោះ​សម្ដី​ដាក់គ្នា​ពី​រឿង​លទ្ធភាព​បិទ​ការ​ចរាចរណ៍​ទំនិញ​រវាង​ប្រទេស​ទាំងពីរ​ដោយសារ​ទំនាស់​ព្រំដែន។

ពិព័រណ៍​ផលិតផល​ថៃ​ដែល​មាន​ការ​ចូលរួម​ពី​ពាណិជ្ជករ​ខ្មែរ​នឹង​រៀបចំ​ឡើង​ចាប់​ពី​ថ្ងៃទី១៩ ខែឧសភា​នៅ​ភ្នំពេញ
ពិព័រណ៍​ផលិតផល​ថៃ​ដែល​មាន​ការ​ចូលរួម​ពី​ពាណិជ្ជករ​ខ្មែរ​នឹង​រៀបចំ​ឡើង​ចាប់​ពី​ថ្ងៃទី១៩ ខែឧសភា​នៅ​ភ្នំពេញ ©សុខលីម
ផ្សាយពាណិជ្ជកម្ម

បើ​ទោះ​បី​ជា​ប្រទេស​កម្ពុជា​និង​ប្រទេស​ថៃ​នៅ​មិនទាន់​រក​ឃើញ​ដំណោះ​ស្រាយ​ជម្លោះ​ព្រំដែន​ក៏​ដោយ​ក៏​ពិព័រណ៍​ផលិត​ផល​ថៃ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​នៅ​តែ​ដំណើរ​ការ​ដូច​ការ​គ្រោងទុក។

ពិព័រណ៍​ទំនិញ​ថៃ​គ្រោង​នឹង​រៀបចំ​ឡើង​ចាប់​ពី​ថ្ងៃ​ទី​១៩​ដល់​ថ្ងៃ​ទី​២២​ខែ​ឧសភា​ខាងមុខនេះ​នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​​ទីក្រុង​ភ្នំពេញ។ សម្រាប់​ពិព័រណ៍​ថៃ​លើក​នេះ​នឹង​មាន​ការ​ចូលរួម​ពី​ពាណិជ្ជករ​ខ្មែរ​ផង​ដែរ។ បើ​យោង​តាម​គម្រោង ប្រទេស​ថៃ​មាន​ស្តង់​លក់​ផលិតផល​ថៃ​ចំនួន​ប្រមាណ​ជា​២០០​ស្តង់​រីឯ​ប្រទេស​កម្ពុជា​វិញ អាច​មាន​ស្តង់​ចំនួន​២៤​ដែល​លក់​ផលិត​ផល​មក​ពី​២៤​ខេត្ត​ក្រុង​នៃ​ប្រទេស​កម្ពុជា។

មន្ត្រី​ជំនាញ​នៃ​នាយកដ្ឋាន​ជំរុញ​ពាណិជ្ជកម្ម​​ក្រសួង​ពាណិជ្ជកម្ម​ខ្មែរ​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​បញ្ជាក់​ប្រាប់​នៅ​ថ្ងៃ​សៅរ៍​នេះ​ថា រហូត​មក​ដល់​ពេល​នេះ គម្រោង​រៀបចំ​ពិព័រណ៍​ផលិតផល​ថៃ​នៅ​រក្សា​ដដែល​ពោល​គឺ​មិន​មាន​សញ្ញា​លុបចោល​ណា​មួយ​ដោយសារ​តែ​ភាព​តានតឹង​នៅ​តំបន់​ព្រំដែន​នា​ពេល​កន្លង​មក​ថ្មីៗ​​នោះ​ទេ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ប្រទេស​កម្ពុជា​គ្រោង​បើក​ស្តង់​ចំនួន​២៤​របស់​ខ្លួន​នៅ​ក្នុង​ពិព័រណ៍​ថៃ​នេះ​ដែរ។

ទាក់ទង​ទៅ​នឹង​ការ​រៀបចំ​ពិព័រណ៍​ថៃ​នៅ​ក្នុង​ប្រទេស​កម្ពុជា​នេះ​មន្ត្រី​ថៃ​បាន​ប្រាប់​កាសែត​ក្នុង​ស្រុក​កាល​ពី​ដើម​ខែ​ឧសភា​នេះ​ថា ភាគី​ថៃ​នឹង​ប្រកាន់​ជំហរ​រៀបចំ​ពិព័រណ៍​ផលិតផល​ថៃ​ដដែល​នៅ​ចុង​ខែ​ឧសភា​នេះ។ ជា​ធម្មតា ប្រទេស​ថៃ​តែងតែ​រៀបចំ​ពិព័រណ៍​ផលិតផល​របស់​ខ្លួន​ជា​រៀងរាល់​ឆ្នាំ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ប៉ុន្តែ​ចាប់តាំង​ពី​ប្រទេស​ទាំង​ពីរ​មាន​ជម្លោះ​ព្រំដែន​នឹង​គ្នា​មក គេ​តែងតែ​លេច​ឮ​ដំណឹង​លុបចោល​នៃ​ការ​រៀបចំ​ពិព័រណ៍​ផលិតផល។

គម្រោង​រៀបចំ​ពិព័រណ៍​នៅ​ចុង​ខែ​នេះ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ព្រះរាជាណាចក្រ​ជិតខាង​ទាំងពីរ​បាន​ដំឡើង​សំឡេង​ដាក់គ្នា​ពី​លទ្ធភាព​បិទ​ច្រក​ព្រំដែន​និង​ការ​ធ្វើ​ពហិការ​មិន​ប្រើប្រាស់​ទំនិញ​ទៅវិញ​ទៅមក។ កាល​ពី​ចុង​ខែ​មេសា​កន្លងមក​នេះ ដោយសារ​ការ​បាញ់​ប្រយុទ្ធ​គ្នា អ្នក​នយោបាយ​ថៃ​មាន​ចេតនា​ចង់​ប្រកាស​បិទ​ព្រំដែន​ប៉ុន្តែ​រំពេច​ភ្លាម​នោះ​លោក​នាយក​រដ្ឋ​មន្ត្រី​ខ្មែរ ហ៊ុន សែន បាន​ព្រមាន​វិញ​​ថា ប្រសិនបើ​ថៃ​បិទ​ព្រំដែន ប្រជាជន​ខ្មែរ​នឹង​ឈប់​ទិញ​ផលិតផល​របស់​ថៃ។

កាល​ពី​១០​ឆ្នាំ​មុន ប្រទេស​កម្ពុជា​ប្រើប្រាស់​ផលិតផល​ថៃ​ស្ទើរ​ទាំងស្រុង​ប៉ុន្តែ​ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ ប្រទេស​កម្ពុជា​មាន​ជម្រើស​រវាង​ផលិតផល​ថៃ​និង​ផលិតផល​វៀតណាម​និង​ផលិតផល​ចិន។

តួលេខ​មួយ​ចំនួន​បាន​បង្ហាញថា កាល​ពី​ឆ្នាំ​២០១០​កន្លងមក ការ​ផ្លាស់ប្ដូរ​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំងពីរ​មាន​ទំហំ​ទឹក​ប្រាក់​ជាង​២៥០០​លាន​ដុល្លារ​អាមេរិក​ក្នុង​នោះ​ប្រទេស​ថៃ​នាំ​ចេញ​មក​កម្ពុជា​ជាង​២៣០០​លាន​ដុល្លារ​រីឯ​កម្ពុជា​នាំចេញ​ទៅ​ប្រទេស​ថៃ​វិញ​តែ​ក្នុង​ទឹក​ប្រាក់​ជាង​២០០​លាន​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ