អានតួអត្ថបទ
កម្ពុជា-ឡាវ-វៀតណាម

កម្ពុជា​ស្វែង​រក​ការ​យល់ព្រម​ពី​សភា លើ​អនុសញ្ញា​ស្តីពី​ការ​កំណត់​ចំណុច​ប្រសព្វ​ខ្សែ​ព្រំដែន​កម្ពុជា ឡាវ និង​វៀតណាម

ក្នុង​ពេល​បន្ទាត់​ព្រំដែន​កម្ពុជា ថៃ​កំពុង​មាន​ជម្លោះ រដ្ឋាភិបាល​កម្ពុជា​ជិត​បញ្ចប់​ការ​បោះបង្គោល​ព្រំដែន និង​ការ​កំណត់​បន្ទាត់​ព្រំដែន​ជាមួយ​ប្រទេស​ឡាវ និង​ប្រទេស​វៀតណាម​ហើយ ទោះ​បី​ជា​​ពេល​​កន្លង​មក អនុសញ្ញា ឬ​កិច្ចព្រមព្រៀង នានា រវាង​រដ្ឋាភិបាល​កម្ពុជា​ជាមួយ​ប្រទេស​ទំាង​ពីរ​ទទួល​​រង​ការ​រិៈគន់ និង​ចោទ​ប្រកាន់​ថា បាន​ធ្វើ​អោយ​បាត់បង់​ទឹកដី​កម្ពុជា​យ៉ាង​ណា​ក្តី។ ​រដ្ឋាភិ​បាល​​កម្ពុជា​កំពុង​ស្វែង​រក​ការ​គំាទ្រ​ពី​ស្ថាប័ន​នីតិបញ្ញត្តិ​បន្ត​ទៀត លើ​អនុសញ្ញា​របស់​ខ្លួន​ដែល​បាន​ធ្វើ​ជាមួយ​ប្រទេស​ឡាវ និង​វៀត​ណាម។ អនុញ្ញា​ស្តីពី​ចំណុច​ប្រសព្វ​ខ្សែ​បន្ទាត់​ព្រំដែន​កម្ពុជា វៀតណាម និង​ឡាវ គឺ​ជា​ចំណុច​សំខាន់​នៅ​ពេល​ប្រទេស​ទំាង​បី​ជិត​បញ្ចប់​ការ​បោះ​បង្គោល​ព្រំដែន និង​ការ​ឯកភាព​គ្នា​លើ​បន្ទាត់​ព្រំដែន។​ មិន​ខុស​ពី​លើក​មុនៗ គណបក្ស​ប្រឆំាង​ប្រកាស​មិន​គំាទ្រ​អនុសញ្ញា​​នេះ​ឡើយ។

លោក​វ៉ា គឹមហុង ប្រធាន​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា
លោក​វ៉ា គឹមហុង ប្រធាន​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា
ផ្សាយពាណិជ្ជកម្ម

 

កាល​ពី​ឆ្នាំ២០០៨ លោក​វ៉ា គឹមហុង ប្រធាន​គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន តំណាង​អោយ​រដ្ឋាភិបាល​កម្ពុជា បាន​ចុះ​ហត្ថលេខា​ជាមួយ​សមភាគី​របស់​លោក តំណាង​អោយ​រដ្ឋាភិបាល​ឡាវ និង​វៀតណាម​លើ​អនុសញ្ញា​កំណត់​ចំណុច​ប្រសព្វ​នៃ​ខ្សែ​ព្រំដែន​រវាង​ប្រទេស​ទំាង​បី នៅ​ក្នុង​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម។ ខ្លឹមសារ​នៃ​អនុសញ្ញា​ប្រទេស​ទំាងបី​បាន​កំណត់​ថា ប្រទេស​កម្ពុជា ឡាវ និង​វៀតណាម​ត្រូវ​បោះបង្គោល​ព្រំដែន​មួយ ត្រង់​ចំណុច​ពិតប្រាកដ​នៃ​ចំណុច​ប្រសព្វ​នៃ​ខ្សែ​ព្រំដែន​ទំាង​បី​ប្រទេស។ ប្រទេស​ទំាង​បី​មិន​អាច​បង្ខិត ឬ​ផ្លាស់ប្តូរ​ទម្រង់​បង្គោល​​​ព្រំដែន​នោះ​ជា​ឯកតោ​​ភាគី​បាន​ឡើយ។

ថ្មីៗ​នេះ រដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​អនុសញ្ញា​នេះ​ទៅ​អោយ​សភា​អនុម័ត​យល់ព្រម ដើម្បី​អោយ​ដំណើរការ​​បោះ​បង្គោល​ព្រំដែន​រវាង​ប្រទេស​កម្ពុជា ឡាវ និង​វៀតណាម​ឈាន​ដល់​ចំណុច​បញ្ចប់។ លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន​បាន​សរសេរ​លិខិត​ផ្ញើ​ជូន​ប្រធាន​រដ្ឋសភា​ស្នើ​សុំ​អោយ​សភា​អនុម័ត​អនុសញ្ញា​នេះ​ជា​ប្រញាប់ ពីព្រោះ​ប្រទេស​ឡាវ និង​វៀតណាម​បាន​ផ្តល់​សច្ចាប័ន​លើ​អនុសញ្ញា​នេះ​​រួច​ហើយ ​នៅ​សល់​តែ​កម្ពុជា​មួយ​ប៉ុណ្ណោះ។ ភ្លាមៗ​បន្ទាប់​ពី​ទទួល​លិខិត​អញ្ជើញ​របស់​ប្រធាន​រដ្ឋសភា​អោយ​ចូល​រួម​ប្រជុំ​អនុម័ត​អនុសញ្ញា​នេះ តំណាងរាស្រ្ត​គណបក្ស​សិទ្ឋិមនុស្ស និង​គណបក្ស​សម រង្ស៊ី​បាន​បដិសេធ​មិន​ចូល​រួម​ប្រជុំ​សភា ហើយ​បើ​ចូលរួម​ប្រជុំ​ក៏​មិន​លើក​ដៃ​គំាទ្រ​អនុសញ្ញា​នេះ​ដែរ។ គណបក្ស​ប្រឆំាង​ទំាង​ពីរ​អះអាង​ជា​សម្តី និង​ជា​លិខិត​ក្នុង​ន័យ​ស្រដៀង​គ្នា​ថា អនុសញ្ញា​នេះ​នឹង​ធ្វើ​អោយ​បាត់បង់​ទឹកដី​កម្ពុជា ទៅ​ខាង​ប្រទេស​​​ឡាវ និង​វៀតណាម។​ ប្រទេស​កម្ពុជា​មាន​បន្ទាត់​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម ចំនួន ១២៧០គីឡូម៉ែត្រ។ កម្ពុជា វៀតណាម​គ្រោង​បោះបង្គោល​ព្រំដែន​អោយ​ចប់​សព្វគ្រប់​ក្នុង​ឆ្នាំ២០១២​ខាង​មុខ​នេះ។ ចំណែក​​​បន្ទាត់​ព្រំដែន​​កម្ពុជា​ជាមួយ​ប្រទេស​ឡាវ មាន​ប្រវែង​៥៤០គីឡូម៉ែត្រ។ ប្រទេស​ទំាង​ពីរ​បាន​ឯកភាព​គ្នា​លើ​បន្ទាត់​ព្រំដែន​បាន​ចំនួន​៨៦% រួច​ហើយ​ដែរ។ កម្ពុជា ឡាវ​ក៏​កំពុង​បន្ត​ពិភាក្សា​គ្នា​ទៀត លើ​ចំណុច​នៅ​សេសសល់។

រដ្ឋសភា​នឹង​បើក​កិច្ចប្រជុំ​ដើម្បី​អនុម័ត​លើ​អនុសញ្ញា​ចំណុច​ប្រសព្វ​ខ្សែ​បន្ទាត់​ព្រំដែន​កម្ពុជា វៀតណាម និង​ឡាវ​ក្នុង​សប្តាហ៍​ក្រោយ​នេះ ទោះបី​ជា​គណបក្ស​សម រង្ស៊ី និង​សិទ្ធិមនុស្ស​មិន​លើក​​ដៃ​គំាទ្រ​អនុសញ្ញា​នេះ​យ៉ាង​ណា​ក្តី៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ