អានតួអត្ថបទ
កម្ពុជា-ថៃ

ហ៊ុន សែន៖ គ្មាន​ការដោះដូរ​អ្នកទោស ជាមួយ​ថៃ​ដាច់ខាត

នាយក​រដ្ឋមន្ត្រី​កម្ពុជា​លោក​ហ៊ុន សែន​បាន​ចេញ​មុខ​នៅ​ថ្ងៃ​ពុធ ទី១៥ មិថុនា ​ប្រកាស​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​ដដែលៗ​របស់​មេដឹកនាំ​ថៃ ​មក​លើ​បុរស​ជនជាតិ​ខ្មែរ​ដែល​ថៃ​បាន​ចាប់ឃុំ​ខ្លួន។ ​ក្រៅ​ពី​​ប្រកាស​បដិសេធ​ការ​ចោទ​ប្រកាន់​ថា ​ជនជាតិ​ខ្មែរ​ជា​អ្នក​ធ្វើ​ ចារកម្ម​នោះ ​ប្រមុខ​រដ្ឋាភិបាល​ភ្នំពេញ​អះអាង​នៅ​ថ្ងៃនេះថា​ គ្មាន​ឡើយ​ការ​ដោះដូរ​អ្នកទោស​ថៃ ​ជាមួយ​ជនជាតិ​ខ្មែរ​ដែល​ថៃ​ចាប់ខ្លួន។

នាយករដ្ឋមន្ត្រីកម្ពុជា លោកហ៊ុន សែន
នាយករដ្ឋមន្ត្រីកម្ពុជា លោកហ៊ុន សែន © ស៊ីវ​ ចាន់ណា
ផ្សាយពាណិជ្ជកម្ម

សេចក្តី​ថ្លែងការណ៍​របស់​លោក​ហ៊ុន សែន​នៅ​ថ្ងៃពុធ​​ ​ល្មម​អាច​បិទ​បញ្ចប់​ការ​អត្ថាធិប្បាយ​របស់​មេដឹកនាំ​ថៃ​បាន។ ​មេដឹកនាំ​រដ្ឋាភិបាល​ក្រុង​បាងកក ដែល​ក្រោយ​ពី​មាន​ការ​ចាប់​ខ្លួន​ជនជាតិ​ខ្មែរ​ម្នាក់ រួម​ជាមួយ​ជនជាតិ​ថៃ​និង​ជនជាតិ​វៀតណាម​នោះ ​ហើយ​សង្ស័យ​ពួកគេ​ថា​ ធ្វើ​ចារកម្ម​នោះ ស្រាប់តែ​បង្ហើប​ពី​បំណង​របស់​ខ្លួន​ចង់​ដោះ​ដូរ​ជនសង្ស័យ​ទាំងនោះ ​ជាមួយ​ពិរុទ្ធជន​ថៃ​ពីរ​នាក់​ដែល​កំពុង​ជាប់​ឃុំឃាំង​នៅ​កម្ពុជា។

 
ទំនង​ជា​មិន​ទាន់​បាន​ឮ​ជំហរ​របស់​លោក​នាយករដ្ឋមន្ត្រី​ខ្មែរ​ ហ៊ុន សែន​ ផ្ទាល់ត្រចៀក​ ទើប​កន្លងមក​នេះ ​នាយក​រដ្ឋមន្ត្រី​ថៃ ​រដ្ឋមន្ត្រី​ការបរទេសថៃ និង​ឧបនាយក​រដ្ឋមន្ត្រី​ថៃ​ទទួល​បន្ទុក​សន្តិសុខ ​នៅតែ​និយាយ​ឆ្លងឆ្លើយ​ម្តង​ហើយ​ម្តងទៀត ​ជាមួយ​មន្ត្រី​អ្នកនាំពាក្យ​របស់​កម្ពុជា​ អំពី​បំណង​ចង់ប្តូរ​អ្នកទោស។

មេដឹកនាំថៃ​និយាយ​ភាសា​ប្តូរ​អ្នកទោស​ជាមួយ​កម្ពុជា​មាន​តែ​ធ្វើ​អោយ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ ស្តីបន្ទោស​អោយ​តែ​ប៉ុណ្ណោះ។ ​លោក​ហ៊ុន សែន​បាន​មាន​ប្រសាសន៍​ថា បុរស​ខ្មែរ​នៅ​មិនទាន់​ត្រូវ​បាន​តុលាការ​ថៃ​កាត់ទោស​និង​ចោទប្រកាន់​ជា​ផ្លូវការ​អំពី​បទ​ល្មើស​អ្វី​ផង ​មេដឹកនាំ​ថៃ​និយាយ​រឿង​ប្តូរ​អ្នកទោស​ទៅ​ហើយ។ ​ប៉ុន្តែ​និយាយ​យ៉ាងដូច្នេះ​ ក៏​មិន​ប្រាកដ​ថា​ កម្ពុជា​នឹង​អាច​និយាយ​អំពី​ការ​ប្តូរ​អ្នកទោស​នៅពេល​ខាងមុខ​នោះ​ឡើយ។​ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​បាន​ថ្លែង​អោយ​អាជ្ញាធរ​ថៃ​អនុវត្ត​តាម​ច្បាប់​របស់​ខ្លួន​ចុះ។

ប្រហែល​ជា​ចង់​ចំអក​អោយ​ថៃ​ផង ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​បាន​ថ្លែង​ផ្តាំ​ដល់​មន្ត្រី​របស់ខ្លួន​ អោយ​ប្រុងប្រយ័ត្ន​នៅពេល​ធ្វើ​ដំណើរ​ទៅ​ប្រទេសថៃ។​ ប្រុង​ប្រយ័ត្ន​ក្រែង​អាជ្ញាធរ​ថៃ​ចាប់ខ្លួន ​ដើម្បី​យក​មក​ប្តូរ​ជាមួយ​អ្នកទោស​ថៃ​នៅ​កម្ពុជា។

កាល​ពី​ថ្ងៃ​ទី​១កុម្ភៈ​តុលាការ​កម្ពុជា​បានសម្រេច​ផ្តន្ទាទោស ​សកម្មជន​ថៃ​អាវលឿង​២​នាក់ ​គឺ​វីរៈស៊ុមខ្វាមឃីត​អោយ​ជាប់​ពន្ធនាគារ​៨​ឆ្នាំ ​និង​បង់​ពិន័យ​១​លាន​៨​សែន​រៀល និង​នាង​រ៉ាត់ទ្រី​អោយ​ជាប់​ឃុំឃាំង​៦ឆ្នាំ ​និង​បង់ពិន័យ​១​លាន​២​សែន​រៀល ​ក្រោម​បទល្មើស​ចារកម្ម ​ឆ្លងដែន​ខុសច្បាប់​ចូល​ទឹកដី​កម្ពុជា​ និង​ចូល​ក្នុង​តំបន់​យោធា។ ​អង្គ​ហេតុនេះ​បាន​កើតឡើង​នៅក្នុង​ភូមិ​ជោគជ័យ ​ស្រុក​អូរជ្រៅ ​ខេត្ត​បន្ទាយ​មានជ័យ ​កាល​ពី​ថ្ងៃ​ទី​២៩​ខែ​ធ្នូ​ឆ្នាំ​២០១០។ ​នៅពេល​នោះ​មាន​មនុស្ស​ទាំងអស់​៧នាក់ ​ដែល​ក្នុងនោះ​មាន​តំណាង​រាស្ត្រ​ថៃ​គណបក្ស​ប្រជាធិបតេយ្យ​របស់​លោក​អាប់ភីស៊ីត​មួយ​រូប​ផង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ