អានតួអត្ថបទ
កម្ពុជា

កម្ពុជានឹងមានរោងចក្រចម្រាញ់ប្រេងតម្លៃ ១៦០០លានដុល្លារ

កន្លងទៅថ្មីៗ​នេះ ​អាជ្ញាធរ​ប្រេងកាត​ជាតិ​កម្ពុជា​បាន​ចុះហត្ថលេខា​អនុញ្ញាត​អោយ​ក្រុមហ៊ុន Cambodian Petrochemical សិក្សា​លទ្ធភាព​សាងសង់​រោងចក្រ​ចម្រាញ់​ប្រេងកាត។ ឧកញ៉ា​ហាន់ ឃៀង​តំណាង​ក្រុមហ៊ុន Cambodian Petrochemicalបាន​អះអាង​ថា ក្រុមហ៊ុន​របស់​លោក​បាន​ចាប់ផ្តើម​ការ​សិក្សា​លើ​ការ​សាងសង់​រោចក្រ​នេះ​ហើយ រោងចក្រ​នេះ​ដែល​មាន​តម្លៃ​១៦០០លាន​ដុល្លារ។

អណ្តូងប្រេង​ក្នុង​សមុទ្រ
អណ្តូងប្រេង​ក្នុង​សមុទ្រ ©​ អ.ប.ជ.ក.
ផ្សាយពាណិជ្ជកម្ម

រោងចក្រ​ចម្រាញ់​ប្រេងកាត​នៅ​កម្ពុជា​អាច​នឹង​មាន​រូបរាង​នៅក្នុង​អំឡុង​៣​ឆ្នាំ​ខាង​មុខ​នេះ។ រោងចក្រ​នេះ​មាន​តម្លៃ​១៦០០​លាន​ដុល្លារ​ជា​រោងចក្រ​ដែល​នឹង​ត្រូវ​សាងសង់​ដោយ​ក្រុមហ៊ុន​Cambodian Petrochemical​ដែល​មាន​ភាគហ៊ុន​កម្ពុជា​និង​ចិន។ ​ឧកញ៉ា​ហាន់ ឃៀង ​តំណាង​ក្រុមហ៊ុន​Cambodian Petrochemical​បាន​ថ្លែង​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ថា រោងចក្រ​នេះ​នឹង​បោះ​ទីតាំង​នៅ​ព្រំប្រទល់​ខេត្ត​កំពត និង​ខេត្ត​ព្រះសីហនុ​លើ​ផ្ទៃដី​ជាង​៣ ០០០​ហិចតា។

 
សមត្ថភាព​របស់​ម៉ាស៊ីន​ចម្រាញ់​ប្រេង​នៃ​រោងចក្រ​នេះ យោង​តាមការ​បញ្ជាក់​របស់​ឧកញ៉ា​ហាន់ ឃៀង អាច​ផលិត​ប្រេង​បាន​៥លាន​តោន​ក្នុង​មួយ​ឆ្នាំ ដែល​ក្នុងនោះ​មាន​ប្រេងសាំង ​ប្រេង​ម៉ាស៊ូត​និង​ប្រេង​យន្តហោះ​ផង​ដែរ។ ​រោងចក្រ​នេះ​នឹង​ត្រូវ​តំឡើង​មិន​ត្រឹម​តែ​រង់ចាំ​ចម្រាញ់​ប្រេងឆៅ​របស់​កម្ពុជា​តែមួយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​រោងចក្រ​នេះ​នឹង​ត្រៀម​ចម្រាញ់​ប្រេងឆៅ​ដែល​នាំ​យកពី​ប្រទេស​អារ៉ាប់​ដូចគ្នា។

កម្ពុជា​សង្ឃឹម​ថា​ខ្លួន​នឹង​បាន​ឃើញ​តំណក់​ប្រេង​របស់​ខ្លួន​ជា​លើកដំបូង​នៅក្នុង​ឆ្នាំ​២០១២​ខាង​មុខ ហើយថា​ធនធាន​រ៉ែ​ក្រោម​ដី​បាត​សមុទ្រ​មួយ​នេះ​នឹង​ជួយ​សេដ្ឋកិច្ច​កម្ពុជា​អោយ​ងើប​ស្ទុះ​ទៅមុខ​យ៉ាងលឿន។​ ថ្លែង​ប្រាប់​អ្នក​កាសែត​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​លោក​គាត ឈន់​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​បាន​អះអាង​ថា​ការ​នាំចូល​ប្រេង​សព្វថ្ងៃ​គឺ​ជា​កត្តា​មួយ​ដែល​ធ្វើ​អោយ​មាន​អតិផរណា​តម្លៃ​​ទំនិញ​នៅក្នុង​ទីផ្សារ​កម្ពុជា។

រោងចក្រ​ចម្រាញ់​ប្រេងកាត​ខាងមុខ​នេះ​អាចផ្តល់​ឱកាស​ការងារ​ប្រមាណ​៤០០០​កន្លែង ហើយ​អត្ថិភាព​នៃ​រោងចក្រ​នេះ​នឹងនាំអោយ​មានការ​កាត់​បន្ថយ​ការ​ហូរ​ចេញ​រូបិយបណ្ណ​របស់​កម្ពុជា​ទៅ​បរទេស​ព្រោះ​តែ​ការនាំចូល​ប្រេង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ