អានតួអត្ថបទ
កម្ពុជា

ស្តូបរម្លឹក​វិញ្ញាណក្ខន្ធ​អ្នកស្លាប់​នៅកោះពេជ្រ​ចាប់ផ្តើម​សាងសង់ហើយ​

ទី​បំផុត​ទៅ​ ស្តូប​រំលឹក​វិញ្ញាណក្ខន្ធ​អ្នក​ស្លាប់​នៅ​កោះ​ពេជ្រ ត្រូវ​បាន​បញ្ចុះ​បឋមសិលា ដើម្បី​ផ្តើម​ការសាងសង់​ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​១១​សីហា​នេះ​។ ​តាម​លោក កែប ជុតិមា អភិបាលក្រុង​ភ្នំពេញ ស្តូប​រម្លឹក​វិញ្ញាណក្ខន្ធ ​ដែល​ត្រូវ​ចំណាយ​ថវិកា​ជាង ​១២ ម៉ឺន​ដុល្លារ នៅ​គល់​ស្ពាន​ពេជ្រ ​ត្រើយ​ខាងលិច ​ដើម្បី​ឧទ្ទិស​ដល់​វិញ្ញាណក្ខន្ធ​មនុស្ស​យ៉ាង​ហោចណាស់​ ៣៥៣ នាក់​ ដែល​បាន​ស្លាប់​ក្នុង​ឧបទ្ទវហេតុ​ផ្អើល​រត់​ជាន់​គ្នា​នៅលើ​ស្ពាន​កោះ​ពេជ្រ ​ក្នុង​យប់​ថ្ងៃ​បង្ហើយ​នៃ​ពិធី​បុណ្យ​អុំទូក​ថ្ងៃទី​២២​វិច្ឆិកា​ឆ្នាំ​ ២០១០​។

ការផ្តើមសាងសង់​ស្តូប​រំលឹក​វិញ្ញាណក្ខន្ធ​អ្នកស្លាប់​នៅកោះពេជ្រ ​
ការផ្តើមសាងសង់​ស្តូប​រំលឹក​វិញ្ញាណក្ខន្ធ​អ្នកស្លាប់​នៅកោះពេជ្រ ​ © ស៊ីវ​ ចាន់ណា
ផ្សាយពាណិជ្ជកម្ម

ក្នុង​ពិធី​បញ្ចុះ​បឋមសិលា​ដែល​ជា​សញ្ញា​ចាប់ផ្តើម​សាងសង់​ស្តូប​រម្លឹក​វិញ្ញាណក្ខន្ធ​អ្នកស្លាប់ ៣៥៣ នាក់​ លើ​ស្ពាន​កោះ​ពេជ្រ ​នៅ​ព្រឹក​ថ្ងៃទី​១១​សីហា​ឆ្នាំ​២០១១​ចូលរួម​ដោយ​លោក កែប ជុតិមា ​អភិបាលក្រុង​ភ្នំពេញ​តំណាង​ម្ចាស់​មូលនិធិ​វិទ្យុ​និង​ទូរទស្សន៍​បាយ័ន​, មូលនិធិ​ទូរទស្សន៍​ស៊ី​ធីអិន ​និង​លោក​ឧកញ៉ា ពុង ខៀវ​សែ ​ប្រធាន​ក្រុមហ៊ុន​អភិវឌ្ឍន៍​កោះ​ពេជ្រ​។

 
តាម​ការបញ្ជាក់​របស់​លោក កែប ជុតិមា ​អភិបាលក្រុង​ភ្នំពេញ​ ការស្ថាបនា​ស្តូប​នៅ​គល់​ស្ពាន​ពេជ្រ​ ដើម្បី​ឧទ្ទិស​ដល់​វិញ្ញាណក្ខន្ធ​អ្នក​ស្លាប់​ក្នុង​ឧបទ្ទវហេតុ​រត់​ជាន់​គ្នា​នៅលើ​ស្ពាន​ពេជ្រ ​កាលពី​យប់​ថ្ងៃ​ទី​២២​វិច្ឆិកា​ឆ្នាំ​២០១០​ក្នុង​ថ្ងៃ​បង្ហើយ​នៃ​ពិធី​បុណ្យ​អុំទូក​។ ​ជា​ឧបទ្ទវហេតុ ដែល​លោក​អភិបាលក្រុង​គូស​បញ្ជាក់ថា ​ត្រូវបាន​កត់ត្រា​ទុកជា​ប្រវត្តិសាស្ត្រ​របស់​ក្រុង​ភ្នំពេញ និង​ជា​មេរៀន​ដ៏​ឈឺចាប់​មួយ​ដែល​គ្មាន​នរណា​ម្នាក់​អាច​បំភ្លេច​បាន​ទេ​ ពិសេស​គឺ​អាជ្ញាធរ​សមត្ថកិច្ច​ ត្រូវ​គិត​ពីការធានា​សុវត្ថិភាព​មហាជន​នៅ​ពេល​បុណ្យទាន​ធំៗ​ឲ្យបាន​ម៉ត់ចត់​ទៅ​ថ្ងៃ​ខាងមុខ​។

លោក កែប ជិតិមា បានបញ្ជាក់​ថា ការ​សាងសង់​ស្តូប​នោះ ត្រូវ​ចំណាយ​ថវិកា​ជាង ១២ ម៉ឺន​ដុល្លារ​អាមេរិក បានមក​ពី​មូលនិធិ​ទូរទស្សន៍ និង​វិទ្យុ​បាយ័ន​, ទូរទស្សន៍​ស៊ី​ធី​អិន​ ក្រុមហ៊ុន​អភិវឌ្ឍន៍​កោះ​ពេជ្រ និង​សាលាក្រុង​ភ្នំពេញ​។ ​ស្តូប​រម្លឹក​វិញ្ញាណក្ខន្ធ​នោះ នឹង​ត្រូវ​សាងសង់​អោយ​រួចរាល់​នៅមុន​ខួប​មួយ​ឆ្នាំ​នៃ​ឧបទ្ទវហេតុ​លើ​ស្ពាន​កោះ​ពេជ្រ​កាលពី​យប់​ថ្ងៃ​ទី២២​វិច្ឆិកា​។

តាម​គម្រោង​ការ​សាងសង់​ស្តូប​រម្លឹក​វិញ្ញាណក្ខន្ធ​នៅ​កោះ​ពេជ្រ ត្រូវ​សាងសង់​លើ​ទីតាំង​ដី​ទំហំ ៣៣​ម៉ែត្រ x ៣២​ម៉ែត្រ ​ជាប់​នឹង​គល់​ស្ពាន​ពេជ្រ​ត្រើយ​ខាងលិច​។ ​ស្តូប​នោះ ត្រូវមាន​លក្ខណៈ​ជា​ថ្មគោល​ព្រហ្ម​មុខ ៤​ ដែល​មាន​អត្ថន័យ​តំណាង​នូវ​ព្រហ្ម​វិហារធម៌ ​៤ យ៉ាង ​ដែល​ជា​លំនៅ​នៃ​ចិត្ត​ដ៏​ប្រសើរ​បំផុត គឺ ​មេត្តា ​ករុណា​ មុទិតា ​ឧបេក្ខា​។​ នៅលើ​កំពូល​នៃ​ថ្មគោល ​មាន​រំលេច​នូវ​រូបព្រហ្ម​មុខ​៤ ​បែរ​ទៅ​រក​ទិស​ធំ​ទាំង​៤ តំណាង​ឱ្យ​ឋាន​ជាទី​សុខ​ដ៏​ប្រសើរ​( ឋាន​ស្ងប់ )​ ដើម្បី​ដឹកនាំ​វិញ្ញាណក្ខន្ធ​នៃ​ជន​រងគ្រោះ​នៅលើ​ស្ពាន​ពេជ្រ​ទៅកាន់​សុគតិភព​។

សាលាក្រុង​ក៏​មាន​បំណង​ឲ្យ​កន្លែង​មាន​ការស្ថាបនា​ទីតាំង​ស្តូប​រម្លឹក​វិញ្ញាណក្ខន្ធ​អ្នក​ស្លាប់​នៅ​កោះ​ពេជ្រ ​ជា​កន្លែង​សម្រាប់​ការ​រម្លឹក​ដល់​ឧបទ្ទវហេតុ​ផង ហើយក៏​អាច​ជា​ទី​រមណីយដ្ឋាន​មួយ​សម្រាប់​ប្រជាពលរដ្ឋ​សម្រាក​ហែ​កំសាន្ត​បាន​ ដោយ​ពុំ​មាន​អារម្មណ៍​ភ័យខ្លាច​ឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ