អានតួអត្ថបទ
កម្ពុជា

ជំងឺ​ផ្តាសាយបក្សី​ផ្តាច់​ជីវិត​ជនជាតិ​ខ្មែរ​ទី១៦

ក្រសួង​សុខាភិបាល​និង​អង្គការ​សុខភាព​ពិភពលោក​បាន​ប្រកាស​អោយ​ដឹង​កាល​ពី​ម្សិលមិញ​ថា ជំងឺ​ផ្តាសាយបក្សី​បាន​ផ្តាច់​ជីវិត​ជនជាតិ​ខ្មែរ​ទី​១៦​​ហើយ​កាល​ពី​សប្តាហ៍​មុន។ អ្នកស្លាប់​ចុង​ក្រោយ​នេះ​គឺ​ជា​កុមារី​មាន​អាយុ​៦​ឆ្នាំ​រស់​នៅ​ស្រុក​ជើងព្រៃ​ខេត្ត​កំពង់ចាម។

ការត្រួត​ពិនិត្យ​លើ​ព័ត៌មាន​សុខភាព​ដើម្បី​ការពារ​ពី​ការឆ្លង​មេរោគ​ ផ្តាសាយ​បក្សី
ការត្រួត​ពិនិត្យ​លើ​ព័ត៌មាន​សុខភាព​ដើម្បី​ការពារ​ពី​ការឆ្លង​មេរោគ​ ផ្តាសាយ​បក្សី ©វណ្ណារ៉ា/RFI
ផ្សាយពាណិជ្ជកម្ម

ជំងឺ​ផ្តាសាយ​បក្សី​បាន​សម្លាប់​ប្រជាជន​ខ្មែរ​ម្នាក់​ទៀត​ហើយ​នៅ​ពេល​នេះ​បន្ទាប់​ពី​អ្នក​ជំងឺ​ស្នាក់​នៅ​ក្នុង​មន្ទីរពេទ្យ​អស់​រយៈពេល​ពីរ​ថ្ងៃ​រួច​មក។

កុមារី​អាយុ​៦​ឆ្នាំ​នៅ​ក្នុង​ខេត្ត​កំពង់ចាម​ត្រូវ​​បាន​ជំងឺ​ផ្តាសាយបក្សី​H5N1 ផ្តាច់​ជីវិត​កាល​ពី​ថ្ងៃទី​១៤​ខែ​សីហា​កន្លងមក។ កុមារី​នេះ​គឺ​ជា​មនុស្ស​ខ្មែរទី​១៦​ហើយ​ដែល​ជំងឺ​ផ្តាសាយបក្សីបាន​ឆក់​យក​ជីវិត​តាំង​ពី​មាន​ការ​សាយភាយ​ជំងឺ​នេះ​នៅ​ក្នុង​ប្រទេស​កម្ពុជា​មក។ លោក ម៉ម ប៊ុនហេង រដ្ឋ​មន្រ្តី​ក្រសួង​សុខាភិបាល​បាន​ថ្លែងប្រាប់​នៅ​ល្ងាច​ថ្ងៃ​សៅរ៍​នេះ​ថា កុមារី​នោះ​បាន​ឆ្លង​ជំងឺ​​​​ដោយសារ​រូបគេ​បាន​ប៉ះពាល់​សត្វមាន់​ផ្ទុក​ជំងឺ​ផ្តាសាយ​បក្សី។

លោក ​សុខ ទូច ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង​នៃ​ក្រសួង​សុខាភិបាល​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា ក្រុម​ការងារ​របស់​លោក​បាន​និង​កំពុង​តាមដាន​មនុស្ស​មួយចំនួន​ដែល​បាន​ប៉ះពាល់​សត្វ​មាន់​ឈឺ​នៅ​ក្នុង​តំបន់​កើត​ជំងឺ​ផ្តាយសាយ​បក្សី។ ប៉ុន្តែ​បន្ទាប់​ពី​ធ្វើតេស្ត​ជាមួយ​មនុស្ស​១៥​នាក់​រួចមក គេ​ពុំ​ឃើញ​មាន​សញ្ញា​ជំងឺ​អ្វីទេ។ ទោះជា​យ៉ាង​ណា​ក៏​ដោយ ក៏​មន្រ្តី​សុខាភិបាល​រូប​នេះ​បាន​បញ្ជាក់​ទៀត​ថា ​ការ​តាមដាន​ត្រូវ​តែ​ធ្វើ​បន្ត​ក្នុងរយ
ៈពេល​២​ឬ​៣​សប្តាហ៍​ទៀត។

ប្រសិនបើ​គេ​និយាយ​ពី​ករណី​ជំងឺ​ផ្តាសាយបក្សី​កើត​ឡើង​នៅក្នុង​ប្រទេស​កម្ពុជា​វិញ គេ​កត់​សម្គាល់​ឃើញ​ថា នេះ​គឺ​ជា​ករណីទី​១៨​​ហើយ​ដែល​មាន​មនុស្ស​ឆ្លង​ជំងឺ​ផ្តាសាយ​បក្សី ​ក្នុង​នោះ​៨​ករណី​បាន​កើត​ឡើង​នៅ​ក្នុង​ឆ្នាំ ​​២០១១​នេះ។ ក្នុង​ចំណោម​៨​ករណីនេះ មនុស្ស​ទាំង​អស់​បាន​បាត់បង់​ជីវិត។

សេចក្តី​ប្រកាស​ព័ត៌មាន​រួមគ្នា​រវាង​ក្រសួង​សុខាភិបាល​និង​អង្គការ​សុខភាព​ពិភពលោក​ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ម្សិលមិញ​បាន​លម្អិត​ប្រាប់​ថា កុមារី​អាយុ​៦​ឆ្នាំ​រូប​នេះ​​មាន​សញ្ញា​ឆ្លង​ជំងឺ​ផ្តាសាយបក្សី​តាំង​ពីថ្ងៃទី​៧​ខែ​សីហា​មក​ម្ល៉េះ ​បន្ទាប់​មក​រូប​គេ​ត្រូវ​បាន​ព្យាបាល​ដោយ​គ្រូពេទ្យ​នៅ​ក្នុង​ខេត្ត​និង​បន្ទាប់​មក​ទៀត​ត្រូវ​បាន​បញ្ជូន​មក​មន្ទីរ​ពេទ្យ​គន្ធបុប្ជា​នៅ​ទីក្រុង​ភ្នំពេញ។ ប៉ុន្តែ​ជា​អកុសល​ កុមារី​នោះ​បាន​បាត់បង់​ជីវិត​នៅ​ថ្ងៃទី​១៤​ខែសីហា​បន្ទាប់​ពីទទួល​ការព្យាបាល​បាន​រយៈពេល​ពីរ​ថ្ងៃ​រួច​មក។

សូម​បញ្ជាក់​ថា រហូត​ដល់​ពេល​នេះមាន​មនុស្ស​ជាង៣០០នាក់ហើយ​បាន​ស្លាប់​ដោយសារ​មេរោគ​ផ្តាសាយ​បក្សី​នៅ​ក្នុង​ពិភពលោក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ