អានតួអត្ថបទ
កម្ពុជា

របាយការណ៍៖ ​ក្រុម​គ្រួសារ​អ្នក​ផ្ទុក​មេរោគ​អេដស៍​នៅ​កម្ពុជា​ ប៉ះពាល់​សេដ្ឋកិច្ច​ ពិសេស​ស្ត្រី​

របាយការណ៍​ដែល​​សិក្សា​​រួម​គ្នា​​រវាង​​អាជ្ញាធរ​​ជាតិ​​ប្រយុទ្ធ​​នឹង​​ជំងឺ​អេដស៍ ​និង​​អង្គការ​​សហ​ប្រជាជាតិ​​ ត្រូវ​បាន​​ផ្សព្វផ្សាយ​​ជា​​ផ្លូវការ​ នៅ​​ព្រឹក​​ថ្ងៃ​ទី​​២៥​​សីហា​​នេះ ​បាន​​រំ​លេច​ឡើង​​អំពី​​បញ្ហា​​ប្រឈម​​នានា​ ​ខាង​​ផ្នែក​​សេដ្ឋកិច្ច​និង​​សង្គម​​ ដែល​​គ្រួសារ​​អ្នក​​ផ្ទុក​មេរោគ​​អេដស៍​​ជួប​ប្រទះ​​នៅ​​កម្ពុជា​។​ របាយការណ៍​​ដែល​​ប្រមូល​​ទិន្នន័យ​​ពី​​គ្រួសារ​​ជាង ​​៤០០០​ ក៏​​បាន​​ទាញ​​ការ​ចាប់​អារម្មណ៍ ​និង​​យក​ចិត្ត​ទុក​ដាក់​​ទៅ​លើ​​តម្រូវការ​​ក្នុង​​ការ​រៀបចំ​​បង្កើត​​យន្ដការ​​ជាតិ​ ដើម្បី​​ការពារ​​សង្គម​ សម្រាប់​​អ្នក​​ផ្ទុក​​មេរោគ​​អេដស៍​​ផង​ដែរ​។​

ក្រុម​​គ្រួសារ​​អ្នក​​ផ្ទុក​​មេរោគ​អេដស៍​​នៅ​កម្ពុជា​ ប៉ះពាល់​​សេដ្ឋកិច្ច​ ​ជា​ពិសេស​​ស្ត្រី​​
ក្រុម​​គ្រួសារ​​អ្នក​​ផ្ទុក​​មេរោគ​អេដស៍​​នៅ​កម្ពុជា​ ប៉ះពាល់​​សេដ្ឋកិច្ច​ ​ជា​ពិសេស​​ស្ត្រី​​ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

 

អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ និង​អង្គការ​សហប្រជាជាតិ ប្រចាំ​នៅ​កម្ពុជា បាន​ផ្សព្វ​ផ្សាយ​​​របាយការណ៍​​រួម​ ស្តីពី​ ផលប៉ះពាល់​ខាង​សេដ្ឋកិច្ច​សង្គម​នៃ​មេរោគ​អេដស៍ មក​លើ​ក្រុម​គ្រួសារ​នៅ​ប្រទេស​កម្ពុជា នៅ​ថ្ងៃ​២៥​សីហា ឆ្នាំ​២០១១​។

​របាយការណ៍​បង្ហាញ​ថា កម្ពុជា​បាន​ធ្វើឲ្យ​មាន​ការរីកចម្រើ​ន​គួរឲ្យ​កត់សម្គាល់​ក្នុង​ការទប់ស្កាត់ និង​កាត់បន្ថយ​ការឆ្លង​រីក​រាលដាល​នៃ​មេរោគ​អេដស៍​នៅ​ទូទាំង​ប្រទេស​។ កម្ពុជា​ក៏​បាន​ពង្រីក​សេវា​ផ្ដល់​ថ្នាំ​ព្យាបាល​ប្រឆាំង​នឹង​មេរោគ​អេដស៍ ព្រមទាំង​សេវា​ព្យាបាល​ជម្ងឺ​ឱកាសនិយម​នោះ​។ ក៏​ប៉ុន្តែ​របាយការណ៍​ដ​ដែល​ក៏​បាន​រកឃើញថា មេរោគ​អេដស៍​នៅតែ​បន្ត​ធ្វើឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង ទៅលើ​ក្រុម​គ្រួសារ​នៅ​កម្ពុជា​។

​លោក ទា ផល្លា អនុប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ បាន​លើកឡើង​ថា តាម​ការ​សិក្សា​​រកឃើញ​ថា ស្ត្រី​ខ្មែរ​ភាគច្រើន ជា​អ្នករងគ្រោះ​ដោយ​ការឆ្លង​មេរោគ​អេដស៍​ពី​ប្តី និង​ក្លាយ​ជា​​ស្ត្រី​មេម៉ាយ នៅ​ថែរក្សា​កូន ដែល​ផ្ទុក​មេរោគ​អេដស៍​។ ម្យ៉ាង​ទៀត​ក្រុម​គ្រួសារ​អ្នក​ផ្ទុក​មេរោគ​​អេដស៍ ក៏​ត្រូវ​អស់​ដី​អស់​ផ្ទះ ដោយសារ​តែ​លក់​មើល​ជំងឺ​ផង​ដែរ​។

​ចំណែក​លោក ឌូ​ក្លាស ប្រូ​ដឺ​រិ​ក ( Douglas Broderick ) ប្រធាន​សម្របសម្រួល​អង្គការ​សហ​ប្រជាជាតិ​ ប្រចាំ​នៅ​កម្ពុជា បាន​លើកឡើង​ថា ការ​សិក្សា​រួម​គ្នា​នោះ បាន​បង្ហាញ​អំពី​ភាព​ងាយ​រងគ្រោះ​បំផុត​នៃ​គ្រួសារ​អ្នក​ផ្ទុកមេរោគ​អេដស៍ ដែល​ប្រឈម​នឹង​វិបត្តិ​សេដ្ឋកិច្ច​។

​តាម​មន្ត្រី​អង្គការសហប្រជាជាតិ លទ្ធផល​រកឃើញ​បង្ហាញថា គ្រួសារ​អ្នក​ផ្ទុក​មេរោគ​អេដស៍​ជួបប្រទះ​ការថយចុះ​នូវ​ប្រាក់ចំណូល រួមផ្សំ​ជាមួយ​នឹង​ការកើតឡើង​នៃ​ចំណាយ​ខាង​ផ្នែក​វេជ្ជសាស្ដ្រ ដែល​បញ្ហា​ទាំងអស់​នេះ ធ្វើឲ្យ​គ្រួសារ ងាក​ទៅ​ប្រើប្រាស់​យន្ដការ​ដោះស្រាយ​ដែល​នាំ​ទៅរក​ភាពក្រីក្រ ដូចជា ការថយចុះ​ប្រាក់​សន្សំ និង​ទ្រព្យសម្បត្តិ ព្រមទាំង​កើតឡើង​នូវ​ការ​ជំពាក់​បំណុល​ជា​ដើម​។ ទាំងនេះ​ជា​ផលប៉ះពាល់​ជា​អវិជ្ជមាន​មកលើ​សន្ដិសុខ​ស្បៀង និង​សុខមាលភាព ចិត្ត​សង្គម ក៏ដូចជា​ប៉ះពាល់​ដល់​ស្ថានភាព​ស្ដ្រី និង​ការសិក្សា​របស់​កុមារ ។​

​លោក ប្រូ​ដឺ​រិ​ក បន្ថែមទៀតថា លទ្ធផល​រកឃើញ​ក្នុង​របាយការណ៍ គូសបញ្ជាក់​អំពី សារៈសំខាន់​នៃ​ការពង្រីក​កម្មវិធី​ជាតិ ការពារ​សង្គម​សម្រាប់​អ្នក​ផ្ទុកមេរោគ​អេដស៍ និង​ការធានា​ថា កិច្ច​អន្តរាគមន៍​កាត់បន្ថយ​ភាពក្រីក្រ នឹង​បាន​ទៅ​ដល់​ជនក្រីក្រ​បំផុត និង​សមាជិក​ដែល​ងាយ​រងគ្រោះ​បំផុត​នៅក្នុង​សហគមន៍​។​
​លទ្ធផល​នៃ​ការសិក្សា​លើ​ផលប៉ះពាល់​នៃ​មេរោគ​អេដស៍ មក​លើ​បុគ្គល និង​ក្រុមគ្រួសារ​នៅ​កម្ពុជា​ខាងលើនេះ បានមក​ពី​ទិន្នន័យ ដែល​ប្រមូល​បាន​តាមរយៈ​ការអង្កេត​ថ្នាក់ជាតិ​លើ​គ្រួសារ​ចំនួន ៤១៧២ គ្រួសារ ក្នុងនោះ​គ្រួសារ​អ្នក​ផ្ទុកមេរោគ​អេដស៍​ចំនួន ២៦២៣​គ្រួសារ និង​
គ្រួសារ​​អ្នក​គ្មាន​ផ្ទុក​មេរោគ​អេដស៍​ចំនួន ១៥៤៩​គ្រួសារ​។​ ​លទ្ធផល​រក​ឃើញ​នេះ នឹងត្រូវ​ប្រើ​ប្រាស់​ ដើម្បី​ពង្រឹង​យុទ្ធសាស្ត្រ ដែល​មាន​ស្រាប់​នៃ​ការ​ការពារ​ ព្យាបាល និង​កាត់បន្ថយ​ផល​ប៉ះ​ពាល់​ ដែល​បណ្តាល​មក​ពី​មេរោគ​អេដស៍​។

​នៅ​​កម្ពុជា​មិន​មាន​ចំនួន​អ្នក​ផ្ទុកមេរោគ​អេដស៍​ជាក់លាក់​ទេ​។ តែ​តាម​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ អ្នក​ឆ្លង​មេរោគ​អេដស៍ នៅ​កម្ពុជា មាន​អត្រា ០,៨% ។ ចំណែក​ក្នុង​ឆ្នាំ​២០១០ មាន​អ្នក​ឆ្លង​មេរោគ​អេដស៍​ចំនួន ៥៣០ នាក់​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ