អានតួអត្ថបទ
កម្ពុជា

រដ្ឋមន្ត្រី​ការពារ​ជាតិ​ថៃ៖ ថៃ​នឹង​ធ្វើ​តាម​សេចក្តី​សម្រេច​របស់​តុលាការ​ឡាអេ

រដ្ឋមន្ត្រី​ការពារ​ជាតិ​ថៃ​លោក ​យុត្ថាសាក់ សាស៊ីប្រាផា កំពុង​ទស្សនកិច្ច​២​ថ្ងៃ​នៅ​កម្ពុជា។ ជា​ទស្សនកិច្ច​ដើម្បី​បង្ហាញ​ខ្លួន​ដល់​សមភាគី​កម្ពុជា បន្ទាប់​ពី​លោក​ទើប​ឡើង​កាន់​តំណែង​ក្នុង​អណត្តិ​រដ្ឋាភិបាល​ថ្មី​ថៃ។ នៅក្នុង​ដំណើរ​ទស្សនកិច្ច​នេះ​រដ្ឋមន្ត្រី​ការពារ​ជាតិ​ថៃ​បាន​ថ្លែង​ថា​ រដ្ឋាភិបាល​របស់​លោក​នឹង​គោរព​តាម​សេចក្តី​សម្រេច​របស់​តុលាការ​យុត្តិធម៌​ អន្តរជាតិ​ក្រុង​ឡាអេ។

រដ្ឋមន្ត្រី​​ការពារជាតិ​ខ្មែរ​ លោក​ ទា ​បាញ់​(ឆ្វេង)​និង​លោក​ យុត្ថាសាក់ សាស៊ី​ប្រាផា​(ស្តាំ)​រដ្ឋ​មន្ត្រី​ការពារ​ជាតិ​ថៃ។​
រដ្ឋមន្ត្រី​​ការពារជាតិ​ខ្មែរ​ លោក​ ទា ​បាញ់​(ឆ្វេង)​និង​លោក​ យុត្ថាសាក់ សាស៊ី​ប្រាផា​(ស្តាំ)​រដ្ឋ​មន្ត្រី​ការពារ​ជាតិ​ថៃ។​ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

 

ទស្សនកិច្ច​លើក​ដំបូង​របស់​រដ្ឋ​មន្ត្រី​ការពារ​ជាតិ​ថៃ​នៅ​កម្ពុជា​នៅ​ពេល​នេះ គឺ​គ្រាន់​តែ​ជា​ការ​ណែនាំ​ខ្លួន​ចំពោះ​សមភាគី​កម្ពុជា​តែ​ប៉ុណ្ណោះ។ បើទោះជា​មិន​មាន​ការ​ប្រកាស​ណា​មួយ​ថា រដ្ឋមន្ត្រី​ការពារ​ជាតិ​ទាំង​ពីរ​បាន​ពិភាក្សា​គ្នា​ស៊ី​ជម្រៅ​អំពី​ការងារ​ចាំបាច់​ដែល​ប្រទេស​ទាំងពីរ​ត្រូវ​សម្រេច​ទាក់ទងនឹង​បញ្ហា​ព្រំដែន​ដ៏ដោយ រដ្ឋមន្ត្រី​ការពារ​ជាតិ​ទាំង​ពីរ​បាន​យល់ឃើញ​ដូចគ្នា​ថា ការ​ជួបគ្នា​នេះ​គឺ​ជា​ការ​ត្រួសត្រាយ​ផ្លូវ​ទៅ​រក​ការ​ប្រជុំ​ដ៏​សំខាន់ នោះ​គឺ​កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ GBC។

ទស្សនកិច្ច​របស់​រដ្ឋមន្ត្រី​ការពារ​ជាតិ​ថៃ​នៅ​កម្ពុជា​លើក​ដំបូង​ក៏​បាន​អនុញ្ញាតិ​អោយ​រដ្ឋមន្ត្រី​រូប​នេះ​ប្រកាស​នៅ​ចំពោះ​មុខ​អ្នក​សារព័ត៌មាន​កម្ពុជា​ថា ក្រសួង​ការពារ​ជាតិ​ថៃ​របស់​លោក​ក៏​បាន​ត្រៀម​លក្ខណៈ​ចូលរួម​កិច្ច​ប្រជុំ​GBC​រួចហើយ ហើយថា​ចំពោះ​ការ​ដក​កងទ័ព​ចេញ​ពី​តំបន់​ព្រំដែន​ប្រាសាទ​ព្រះវិហារ​នោះប្រទេស​ថៃ​របស់​លោក​ក៏​នឹង​អនុវត្ត​តាម​ការ​ណែនាំ​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ​ដែរ។

តុលាការ​យុត្តិធម៌​អន្តរជាតិ​បាន​បញ្ជា​អោយ​កម្ពុជា​និង​ថៃ​ដក​កងទ័ព​ចេញ​ពី​តំបន់​ដែល​ត្រូវ​គ្មាន​កងទ័ព​បណ្តោះអាសន្ន​ទំហំ​១៧​គីឡូម៉ែត្រ​ការេ ហើយ​ត្រូវ​ទទួល​អ្នកសង្កេតការណ៍​ឥណ្ឌូនេស៊ី​នៅក្នុង​តំបន់​នោះ។ តាំង​ពី​ថ្ងៃ​ចេញ​សាលក្រម​ថ្ងៃ​ទី​១៨​កក្កដា​មក រហូតដល់ពេលនេះ​កម្ពុជា​និង​ថៃ​នៅ​មិនទាន់​អាចពិភាក្សាគ្នា​សម្រេច​អនុវត្ត​សាលក្រម​តុលាការ​ឡាអេ​នៅឡើយ​ដែរ។
កិច្ច​ប្រជុំ​GBC​ដែល​ត្រូវ​ដឹកនាំដោយ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា​ថៃ​នោះ ក៏​ភាគី​ទាំងពីរ​នៅ​មិនទាន់​អាច​កំណត់​កាល​បរិច្ឆេទ​នៃ​ការ​ជួប​គ្នា​នៅឡើយ​ដែរ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ