អានតួអត្ថបទ
កម្ពុជា

ប្រវត្តិរបស់ខៀវ សំផន ភាគទី១

ខៀវ សំផន​ គឺ​ជា​​អតីត​​ប្រមុខ​រដ្ឋ​​នៃ​​របប​​កម្ពុជា​​ប្រជាធិបតេយ្យ ​ហើយ​​បច្ចុប្បន្ន​​គឺ​ជា​​ជន​ជាប់​ចោទ​​មួយ​រូប​ ក្នុង​​ចំណោម​​៥​រូប ​ដែល​​ត្រូវ​បាន​​អង្គ​ជំនុំ​ជម្រះ​​វិសាមញ្ញ​​ទទួល​​បន្ទុក​​ជំនុំ​ជម្រះ​​អតីត​​មេ​ដឹក​នាំ​​ខ្មែរ​ក្រហម​​ធ្វើ​ការ​​ចោទ​ប្រកាន់​​និង​​ឃុំ​ខ្លួន​​បណ្តោះអាសន្ន​​ រង់ចាំ​​ការ​កាត់​ទោស។​ តើ​ ខៀវ​ សំផន​ មាន​​ប្រវត្តិ​​យ៉ាងណា?​

ខៀវ ​សំផន
ខៀវ ​សំផន RFI/Seng Dyna
ផ្សាយពាណិជ្ជកម្ម

ខៀវ សំផន កើត​នៅថ្ងៃទី​២៧ ខែ​កក្កដា ឆ្នាំ១៩៣១ នៅ​ខេត្ត​ស្វាយរៀង។ ខៀវ សំផន គឺជា​កូនច្បង ក្នុង​ត្រកូល​អ្នក​ចេះដឹង ដែល​មាន​ឳពុក​ជាចៅក្រម។

នៅឆ្នាំ១៩៤២ ខៀវ សំផន ត្រូវបាន​ជ្រើសរើស​ឲ្យ​ទៅរៀន​នៅ​អនុវិទ្យាល័យ​មួយ​ ដែល​បារាំង​ទើប​បង្កើត​ថ្មី នៅ​ខេត្ត​កំពង់ចាម ឈ្មោះ “វិទ្យាល័យ​ព្រះសីហនុ”។ សាឡុត ស ហ៊ូ នឹម និង ហ៊ូ យន់ ក៏​ត្រូវបាន​ជ្រើសរើស​ទៅរៀន​នៅ​អនុវិទ្យាល័យ​នេះ​ដែរ។ សិស្ស​ដែល​រៀន​នៅ​អនុ វិទ្យាល័យ​កំពង់ចាម​នោះ​បាន​រៀបរាប់​ថា ខៀវ សំផន គឺជា​សិស្ស​ដែល​មាន​បញ្ញា​វ័យឆ្លាត មាន​មហិច្ឆតា​ខ្ពស់ និង​ជា​មនុស្ស​ចូលចិត្ត​នៅ​ដាច់ឆ្ងាយ​ពី​គេ​ឯង។

ក្រោយពី​បញ្ចប់​ការ​សិក្សា​នៅ​អនុវិទ្យាល័យ​កំពង់ចាម ខៀវ សំផន បាន​ចូលរៀន​នៅ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ នៅ​ទីក្រុង​ភ្នំពេញ។ នៅឆ្នាំ​១៩៥៣ ខៀវ សំផន បាន​ទទួល​អាហារូបករណ៍​ទៅរៀន​នៅ​ប្រទេស​បារាំង។ ខៀវ សំផន ទទួលបាន​បរិញ្ញាប័ត្រ​ផ្នែក​វិទ្យាសាស្រ្ត​សេដ្ឋកិច្ច នៅ​សាកលវិទ្យាល័យ Montpelier បន្ទាប់មក​បាន​បន្ត​ការសិក្សា​ថ្នាក់​បណ្ឌិត​សេដ្ឋកិច្ច នៅ​សាកល​វិទ្យាល័យ ​Panthéon-Sorbonne នៅ​ទីក្រុង​ប៉ារីស។ ខៀវ សំផន ទទួល​សញ្ញាប័ត្រ​បណ្ឌិត​សេដ្ឋកិច្ច​ នៅ​ឆ្នាំ១៩៥៨។ នៅក្នុង​និក្ខេបទ​បណ្ឌិត ដែល​មាន​ចំណងជើង​ថា “ការអភិវឌ្ឍ​សេដ្ឋកិច្ច ​និង​ឧស្សាហកម្ម​កម្ពុជា” ខៀវ សំផន បាន​ប្រកាន់យក​នូវ​ទស្សនៈ​ឯករាជ្យ​ម្ចាស់ការ​នៅក្នុង​ការ​អភិវឌ្ឍ​ប្រទេស។

គឺនៅ​ទីក្រុង​ប៉ារីស​នេះ​ហើយ ដែល ខៀវ សំផន បាន​ទទួល​ឥទ្ធិពល​ពី​មនោគមន៍វិជ្ជា​កុម្មុយនិស្ត។​ ខៀវ សំផន បាន​ចូល​ជា​សមាជិក​ក្រុម​និស្សិត​កុម្មុយនិស្ត គឺ​ក្រុមម៉ាក់ស៊ីស ដែល​មាន អៀង សារី និង រ័ត្ន សាមឿន ជាអ្នក​ផ្តើមគំនិត​បង្កើត។ នៅឆ្នាំ១៩៥៦ ខៀវ សំផន បាន​ក្លាយជា​អគ្គលេខាធិការ​នៃ​សមាគម​និស្សិត​ខ្មែរ​នៅ​ប្រទេស​បារាំង។

ក្រោយពី​បាន​វិលត្រឡប់ពី​ប្រទេស​បារាំង មក​ប្រទេស​កម្ពុជា​វិញ នៅឆ្នាំ​១៩៥៩ ខៀវ សំផន បាន​បង្កើត​កាសែត​មួយ​មាន​និន្នាការ​នយោបាយ​ឆ្វេងនិយម។ កាសែតនេះ​សរសេរ​ជា​ភាសា​បារាំង ហើយ​មាន​ឈ្មោះ​ថា “L’Observateur”។ ក្នុងពេល​ជាមួយគ្នា​នោះ ខៀវ សំផន បាន​ធ្វើ​ជា​សាស្រ្តាចារ្យ​នៅ​មហាវិទ្យាល័យ​ច្បាប់​នៅ​ទីក្រុង​ភ្នំពេញ។

ដោយ​កាសែត L’Observateur សរសេរ​រិះគន់​រដ្ឋាភិបាល​សម្តេច​ នរោត្តម សីហនុ កាសែត​នេះ​ត្រូវបាន​បិទ​ទៅវិញ​ នៅ​ឆ្នាំ១៩៦០ ពោលគឺ​បង្កើត​បាន​តែ​ប្រមាណ​មួយឆ្នាំ​ប៉ុណ្ណោះ។ លើស​ពី​នោះ​​ទៅទៀត យោងតាម​លោក Raoul Jennar នៅថ្ងៃទី១៣ កក្កដា ឆ្នាំ១៩៦០ ខៀវ សំផន ដែល​ជា​ចាងហ្វាង​កាសែត L’Observateur ត្រូវបាន​ប៉ូលិស​ចាប់​វាយ សម្រាត​ខោអាវ នៅលើ​ដងផ្លូវ​សាធារណៈ​ ក្នុង​ទីក្រុង​ភ្នំពេញ។ ខៀវ សំផន ត្រូវបាន​ប៉ូលិស​ចាប់ដាក់​គុក​រយៈពេល​ជាង​​មួយខែ ដោយ​គ្មាន​ការ​ជំនុំជម្រះ​អ្វី​ទាំងអស់។

ពីរឆ្នាំក្រោយមក ពោលគឺ នៅ​ឆ្នាំ​១៩៦២ ខៀវ សំផន បាន​ជាប់ឆ្នោត​ជា​តំណាងរាស្រ្ត​មណ្ឌល​កណ្ដាល ហើយ​ត្រូវបាន​តែងតាំង​ជា ​រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម ក្នុង​រដ្ឋាភិបាល​ព្រះអង្គម្ចាស់ នរោត្តម កន្តុល។ ក៏ប៉ុន្តែខៀវ សំផន បាន​លាលែង​ចេញពី​តំណែង​ជា​រដ្ឋលេខាធិការ​ នៅ​ខែ​កក្កដា ឆ្នាំ១៩៦៣ ក្រោយពី​មាន​ព្រឹត្តិការណ៍​បះបោរ​របស់​សិស្ស​វិទ្យាល័យ នៅ​ខេត្ត​សៀមរាប។ សម្តេច នរោត្តម សីហនុ បាន​ចោទប្រកាន់​ថា ពួក​ឆ្វេងនិយម​គឺជា​អ្នក​នៅ​ពីក្រោយ​ចលនា​បះបោរ​នេះ។ សម្តេច នរោត្តម សីហនុ បាន​ចេញផ្សាយ​នូវ​បញ្ជី​ឈ្មោះ​​អ្នក​នយោបាយ​ឆ្វេងនិយម​៣៤រូប ដែល​ព្រះអង្គ​កោះហៅ​ឲ្យ​មក​បង្កើត​រដ្ឋាភិបាល​ ក្នុង​នោះ​ ក៏មាន​ឈ្មោះ ខៀវ សំផន ផងដែរ រួមជាមួយ​នឹង​ឥស្សរជន​ខ្មែរ​កុម្មុយនិស្ត​មួយ​ចំនួន​ទៀត។ ដោយ​ភ័យខ្លាច​ប៉ូលិស​របស់​សម្តេច នរោត្តម សីហនុ លប​ធ្វើ​ឃាត ពួក​ខ្មែរ​កុម្មុយនិស្ត ដែល​មានឈ្មោះ​ក្នុង​បញ្ជី​នេះ ដូចជា សាឡុត ស និង អៀង សារី ជាដើម បាន​រត់​គេចខ្លួន​ចេញ​ពី​​ទីក្រុង​ភ្នំពេញ ទៅ​លាក់ខ្លួន​នៅក្នុងព្រៃ។ ឯ ខៀវ សំផន វិញ ថ្វីដ្បិតតែ​បាន​លាលែង​ចេញពី​តំណែង​ជា​រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម តែ​បន្ត​នៅ​ធ្វើជា​សមាជិក​សភា​មណ្ឌល​កណ្ដាល​ដដែល។ នៅខែ​កញ្ញា ឆ្នាំ១៩៦៦ ខៀវ សំផន បាន​ជាប់ឆ្នោត​ជា​តំណាងរាស្រ្ត​មួយ​អាណត្តិ​ថ្មីទៀត។ អ្នកនយោបាយ​និន្នាការ​ឆ្វេងនិយម​ពីររូប​ផ្សេងទៀត គឺ ហ៊ូ នឹម និង ហ៊ូ យន់ ក៏​បាន​ជាប់ឆ្នោត​ជា​តំណាងរាស្រ្ត​ដែរ នៅ​ពេលនោះ។

ក្រោយពី​ព្រឹត្តិការណ៍​បះបោរ​នៅ​សំឡូត​ នៅខែ​មេសា ឆ្នាំ១៩៦៧ សម្តេច នរោត្តម សីហនុ បាន​​ធ្វើការ​ចោទប្រកាន់​ជា​សាធារណៈ​លើ ខៀវ សំផន ហ៊ូ យន់ និង ហ៊ូ នឹម ថា​ជា​អ្នកញុះញង់​ឲ្យមាន​អំពើ​បះបោរ​នេះ ហើយ​ថែមទាំង​គំរាម​ថា​នឹង​យក​អ្នកទាំងបី​នេះ ទៅកាត់ទោស​នៅ​តុលាការ​សឹក​ទៀតផង។ ខៀវ សំផន រួម​ជាមួយ ហ៊ូ នឹម និង ហ៊ូ យន់ ក៏បាន​រត់​គេចខ្លួន​ចូល​ក្នុង​ព្រៃ។

ក្រោយ​ពេល​ ខៀវ សំផន ហ៊ូ នឹម និង ហ៊ូ យន់ ​បាត់ខ្លួន​ពី​ភ្នំពេញ លន់ នល់ ដែល​ពេលនោះ​ជា​នាយករដ្ឋមន្រ្តី បាន​អះអាង​ថា អ្នកទាំងបី​រូប​នេះ​បាន​ស្លាប់បាត់​ទៅហើយ។

ហេតុដូចនេះហើយ​បាន​ជា​ពេលដែល ខៀវ សំផន ហ៊ូ នឹម និង​ហ៊ូ យន់​​បាន​លេចមុខ​មកវិញ ក្នុង​ជួរ​ថ្នាក់ដឹកនាំ​ខ្មែរក្រហម គេបាន​ហៅ​អ្នកទាំងបីនាក់​នេះ​ថា “ខ្មោច​ទាំងបី”។

នៅពេល​រត់ចេញ​ពី​ភ្នំពេញ ខៀវ សំផន បាន​រត់​ទៅ​ជាមួយ ហ៊ូ យន់។ ចំណែក ហ៊ូ នឹម​ ស្ថិតនៅ​ភ្នំពេញ​នៅឡើយ។ នៅក្នុង​បទសម្ភាសន៍​ជាមួយ​វិទ្យុ​អាស៊ីសេរី ខៀវ សំផន បាន​ឲ្យដឹង​ថា គាត់​បាន​រត់ចេញ​ពី​ភ្នំពេញ តាម​ផ្លូវជាតិ​លេខ៣ ឆ្ពោះទៅ​ស្រុក​អង្គតាសោម ខេត្ត​តាកែវ។ រួចហើយ បន្តដំណើរ​ទៅ​ជួប​តាម៉ុក នៅ​ភូមិ​ជាងទង ឃុំ​ជាងទង ស្រុក​សំរោងទង ខេត្ត​កំពង់ស្ពឺ។

ខៀវ សំផន និង ហ៊ូ យន់ បាន​ស្នាក់នៅ​ភូមិ​ជាងទង អស់​រយៈពេល​៤ខែ ទើប​បន្តដំណើរ​ចូល​ទៅក្នុង​ព្រៃ។ រហូតដល់​ក្រោយ​ព្រឹត្តិការណ៍​រដ្ឋប្រហារ ឆ្នាំ​១៩៧០ ទើប​ខៀវ សំផន បាន​ជួប​ជា​មួយ​ សាឡុត ស នៅក្នុង​ខេត្ត​កំពង់ធំ។ ខៀវ សំផន ធ្លាប់បាន​​​អះអាង​ថា ចាប់ពី​ពេល​បែក​ពី​ សាឡុត ស ពី​វិទ្យាល័យ​កំពង់ចាម​មក គាត់​មិនដែល​ជួប​ សាឡុត ស វិញទេ ហើយ​ក៏​មិន​បាន​ដឹង​​ដែរ​ថា សាឡុត ស គឺ​ជា​មេដឹកនាំ​ខ្មែរក្រហម។

ក្រោយ​ពេល​រណសិរ្ស​រួបរួមជាតិ​កម្ពុជា ត្រូវបាន​បង្កើតឡើង ដែល​មាន​សម្តេច នរោត្តម សីហនុ ជា​ប្រធាន ខៀវ សំផន ត្រូវបាន​តែងតាំង​ជា​អនុប្រធាន​រណសិរ្ស​នេះ។ បន្ទាប់មក ក្រោយពេល​ដែល​រាជរដ្ឋាភិបាល​រួបរួមជាតិ​កម្ពុជា​ត្រូវបាន​បង្កើតឡើង​នៅ​ប៉េកាំង នៅ​ថ្ងៃទី៥ ខែ​ឧសភា ឆ្នាំ​១៩៧០ ខៀវ សំផន ត្រូវបាន​តែងតាំង​ជា​ឧបនាយក​រដ្ឋមន្រ្តី និង​ជា​រដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិ។​ ខៀវ សំផន បន្តកាន់​តំណែងនេះ រហូតដល់​ខែ​មេសា ឆ្នាំ​១៩៧៥ ទើប​ផ្លាស់ទៅ​ធ្វើជា​អគ្គ​បញ្ជាការ​កងទ័ពជាតិ​វិញ ប៉ុន្តែ រក្សា​តំណែង​ជា​ឧបនាយក​រដ្ឋមន្រ្តី​ដដែល។ ចំណែក​ឯ​តំណែង​​ជា​រដ្ឋមន្រ្តី​ការពារជាតិ ត្រូវបាន​ផ្ទេរ​ទៅឲ្យ សុន សេន ជាអ្នក​គ្រប់គ្រង​វិញ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ