អានតួអត្ថបទ
រុស្ស៊ី-កម្ពុជា

កិច្ច​ប្រជុំ​លើកទី៦​នៃ​គណៈកម្មការ​អន្តរ​រដ្ឋាភិបាល​កម្ពុជា-រុស្ស៊ី​

ជាលទ្ធផល​នៃកិច្ច​ប្រជុំនេះ​ដែលបាន​ធ្វើការងារ​ខ្លួនអស់​២ថ្ងៃ​ គឺថ្ងៃ​១៤និង​១៥វិច្ឆិកា​ រសៀល​ម្សិលមិញ​នៅទីក្រុង​ម៉ូស្គូ​មាន​ប្រព្រឹត្តទៅ​ ការចុះ​ហត្ថលេខា​លើពិធីសារ​ទំហំ​៤ទំព័រ​ជាភាសា​អង់គ្លេស​និង​ភាសា​រុស្ស៊ី​ដែលមាន​តម្លៃច្បាប់​ស្មើគ្នា ​ស្តីអំពី​សហប្រតិបត្តិការ​លើ​វិស័យ​សេដ្ឋកិច្ច​ ពាណិជ្ជកម្ម​ វិទ្យាសាស្ត្រ​ និង​បច្ចេកទេស។​កិច្ចប្រជុំ​លើកក្រោយ​លើកទី៧​ត្រូវបាន​គូភាគី​ឯកភាពគ្នា​ថា​ នឹងប្រព្រឹត្ត​ទៅ​ ក្នុង​ឆ្នាំ២០១២​គឺនៅ​រាជធានី​ភ្នំពេញ។

ការចុះ​​ហត្ថលេខា​​លើពិធីសារ​ស្តីអំពី​​សហប្រតិបត្តិការ​​លើ​វិស័យ​​សេដ្ឋកិច្ច​​ ពាណិជ្ជកម្ម​​ វិទ្យាសាស្ត្រ​​ និង​​បច្ចេកទេស​
ការចុះ​​ហត្ថលេខា​​លើពិធីសារ​ស្តីអំពី​​សហប្រតិបត្តិការ​​លើ​វិស័យ​​សេដ្ឋកិច្ច​​ ពាណិជ្ជកម្ម​​ វិទ្យាសាស្ត្រ​​ និង​​បច្ចេកទេស​ © កែវ​ ឆាយា
ផ្សាយពាណិជ្ជកម្ម

តំណាង​ឲ្យភាគី​កម្ពុជា​ ហត្ថលេខា​បានត្រូវចុះ​ដោយ ​លោកស្រី ​ស៊ុន សាភឿន​រដ្ឋលេខាធិការ​ក្រសួង​ការបរទេស​ ដែល​ជា​ប្រធានគណៈប្រតិភូ​កម្ពុជា​មាន​មន្ត្រី៧នាក់​បាន​ចូលរួម​ក្នុង​កិច្ចចរចា​ ជាមួយ​ភាគី​រុស្ស៊ី ​ទៅតាម​ការផ្ទុកផ្តាក់​នៃ ​សហប្រធាន​គណៈកម្មការ​អន្តររដ្ឋាភិបាល​កម្ពុជា-រុស្ស៊ី​ គឺលោក ​ហោ ណាំហុង​ ឧបនាយក​រដ្ឋមន្ត្រី​ការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​រាជាណាចក្រ​កម្ពុជា។ ​ដោយស្ថិត​ក្នុង​គណៈប្រតិភូ​កម្ពុជា​បាន​វត្តមាន​នាកិច្ចចរចា​នោះ ​គឺ លោក​ ថៃ វណ្ណា​ ឯកអគ្គរាជទូត​វិសាមញ្ញ​និង​ពេញ​សមត្ថភាព​នៃរាជាណាចក្រ​កម្ពុជា​ប្រចាំ​សហព័ន្ធ​រុស្ស៊ី។

 
ចំណែក​តំណាង​ឲ្យភាគី​រុស្ស៊ី ​ហត្ថលេខា​បានត្រូវ​ចុះដោយ​ លោក​ Alexandre ​Radkov ​ប្រធាន​ទីភ្នាក់ងារ​ទេសចរណ៍​នៃ​សហព័ន្ធ​រុស្ស៊ី ក្នុង​ឋានៈ​ជា​សហប្រធាន​ខាងភាគី​រុស្ស៊ី ​របស់​គណៈកម្មការ​អន្តររដ្ឋាភិបាល​រុស្ស៊ី-កម្ពុជា។​ គាត់បាន​ចូលរួម​ក្នុងកិច្ច​ចរចា​ គឺដោយ​ដឹកនាំ​គណៈប្រតិភូ​រុស្ស៊ី​មានគ្នា​ដល់៤០នាក់ ​ដែល​ជំនួស​មុខឲ្យ​ក្រសួង​ មន្ទីរ ​និង ស្ថាប័ន​ជាច្រើន​ ដែល​ពាក់ព័ន្ធ​នឹង​ទំនាក់​ទំនង​ជាមួយ​កម្ពុជា។​ បានស្ថិត​ក្នុង​គណៈប្រតិភូរុស្ស៊ី​ ក៏ទាំងលោក Alexandre Ignatov ​ឯកអគ្គរដ្ឋទូត​វិសាមញ្ញ​និង​ពេញ​សមត្ថភាព ​របស់​សហព័ន្ធ​រុស្ស៊ី​ ប្រចាំ​រាជាណាចក្រ​កម្ពុជា។

តាមពត៌មាន​ទទួលបាន​ដោយវិទ្យុ​បារាំង​អន្តរជាតិ​ ពីលោកស្រី​ ស៊ុន សាភឿន​រដ្ឋលេខាធិការ​ ក្រសួង​ការបរទេស ​ដែល​ជាប្រធាន​គណៈប្រតិភូ​កម្ពុជា​ ពិធីសារ​ដែលមាន​ចុះ​នោះ​ ឆ្លុះឲ្យ​ឃើញ​​ពី​ការអភិវឌ្ឍន៍​និង​ការពង្រឹង​តទៅទៀត​ ទំនាក់​ទំនង​មិត្តភាព​ និង​សហប្រតិបត្តិការ​រវាង​ប្រទេស​កម្ពុជា​និង​រុស្ស៊ី។

តាម​ប្រសាសន៍​លោកស្រី​ ដោយហេតុថា​វិស័យ​កសិកម្ម​ ជាអាទិភាព​មួយ​នៃ​នយោបាយ​រាជរដ្ឋាភិបាល​កម្ពុជា​ បានជា​នាកិច្ចចរចា​ដែលបាន​ប្រព្រឹត្ត​ទៅ​ភាគី​កម្ពុជា​បានលើក​ឡើង ​អំពី​សំណូមពរ​ សុំឲ្យ​ភាគី​រុស្ស៊ី​ជួយធ្វើ​ទំនើបកម្ម​ដល់វិស័យ​នេះ​របស់កម្ពុជា។​ ដ្បិត កម្ពុជា​ ដែលជា​ប្រទេស​នាំអង្ករ​ចេញទៅក្រៅ​ ក្នុង១ឆ្នាំ​ដល់៣លាន​តោន​ បែរទៅជា​នៅខ្វះ​នៅឡើយ​ រោងចក្រ​កិនស្រូវ​ តាមស្តង់ដារ​អន្តរជាតិ។​ ក្នុងកិច្ចការនេះ​ ក៏ដូចជា​ខាងពង្រីក​បណ្តាញ​ ធារាសាស្ត្រ​របស់​កម្ពុជា​ ភាគីរុស្ស៊ី​ ត្រៀមផ្តល់​ការជួយ​ជ្រោមជ្រែង​របស់​ខ្លួន។

ភាគីរុស្ស៊ី​បានសំដែង​នូវការយក​ចិត្តទុកដាក់​ទៅលើ​ការអភិវឌ្ឍន៍​វិស័យ​វារីអគ្គិសនី​ វិស័យរ៉ែ​ និងបង្កើន​វិនិយោគ​ថែមទៀត​ ទៅក្នុងវិស័យ​ទូរគមនាគមន៍​កម្ពុជា។

ភាគី​រុស្ស៊ី​ក៏សន្យា​ជួយ​ផ្សព្វផ្សាយ​ អំពី​វិស័យ​ទេសចរណ៍​របស់​កម្ពុជា និង​បង្កើន​ថែមទៀត​ ចំនួន​អ្នកទេសចរ​ខ្លួន​ដែល​ទៅទស្សនា​ប្រទេស​កម្ពុជា​ក្នុងឆ្នាំនេះ​ឡើង​ដល់​៣ម៉ឺននាក់​ទៅហើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ