អានតួអត្ថបទ
កម្ពុជា

តើ លោក សម រង្ស៊ី នឹង​អាច​មាន​ឈ្មោះ ក្នុង​បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត និង​ឈរ​ជា​តំណាង​រាស្ត្រ​បាន ឬ​ទេ?

ការ​សម្របសម្រួល​នយោបាយ​មួយ រវាង​គណបក្សនយោបាយ​ធំៗ នៅ​កម្ពុជា បាន​អនុញ្ញាត្តិ ឱ្យលោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ត្រឡប់​ចូល​ស្រុក​វិញ​ដោយស្រប​ច្បាប់។ ហើយ​មាន​សាធារណៈមតិ​ចោទ​សួរ​ថា ឈរ​លើ​គោល​នយោបាយ​បង្រួមបង្រួម​ជាតិ នឹង​អាច​អនុញ្ញាត្ត​ឱ្យ លោក សម រង្ស៊ី មាន​ឈ្មោះ​បោះឆ្នោត និង​អាច​ឈរ​ឈ្មោះ​ជា​តំណាងរាស្ត្រ​បាន​ដែរ​ឬទេ?

លោក​នាយករដ្ឋមន្ដ្រី​ ហ៊ុន សែន និង​លោក​សម រង្ស៊ី នៅ​​ព្រលាន​​យន្ដហោះ​​អន្ដរជាតិ​ភ្នំពេញ នា​ឆ្នាំ​២០០៧  (រូបភាពឯកសារ)
លោក​នាយករដ្ឋមន្ដ្រី​ ហ៊ុន សែន និង​លោក​សម រង្ស៊ី នៅ​​ព្រលាន​​យន្ដហោះ​​អន្ដរជាតិ​ភ្នំពេញ នា​ឆ្នាំ​២០០៧ (រូបភាពឯកសារ) REUTERS/Khem Sovannara
ផ្សាយពាណិជ្ជកម្ម

លោក​សម រង្ស៊ី​នឹង​ធ្វើ​មាតុ​ភូមិនិវត្តន៍ មក​កម្ពុជា​វិញ​ដោយ​ស្របច្បាប់ នៅថ្ងៃទី​១៩ កក្កដា​ខាងមុខ។ តែ​បើ​គិត​តាម​ផ្លូវច្បាប់របស់ គណកម្មាធិការ​ជាតិ​រៀបចំការបោះឆ្នោត ដែល​ហៅ​កាត់​​ថា គ ជ ប លោក​សម រង្ស៊ី​នឹង​មិន​មាន​សិទ្ធិ​ចូលរួម​ក្នុង​ការ​បោះឆ្នោត និងឈរឈ្មោះ​ជា​តំណាង​​រាស្ត្រ​បាន​ឡើយ។ នេះ​បើ​តាម​ការ​អះអាង​របស់​លោក​ទេព នីថា​អគ្គលេខាធិការ គ ជ ប។

 
លោក​បន្ថែម​ថា បើ​ទោះ​ជា​មាន​ការ​ស្មើ​សុំ​របស់ គណបក្ស​សង្គ្រោះជាតិ និង​មាន​ការសម្រួល​នយោបាយ ណាមួយ​ក៏ដោយ ក៏​មិន​អាច​បើក​ផ្លូវ​ឱ្យ​លោក សម រង្ស៊ី ចុះឈ្មោះ​ក្នុង​បញ្ជី​ឈ្មោះ អ្នក​បោះឆ្នោត​បាន​ដែរ ដោយ​សារ​តែ​មក​ដល់​ពេល​នេះ វា​ហួស​នីតិវិធី។ ហើយ​លោក ទេព នីថា បន្ថែម​ថា គ ជ ប ជា​ស្ថាប័ន​មួយ​ឯករាជ ដោយមិន​ចំណុះ​ឱ្យ​ស្ថាប័ន ឬ​បក្សនយោបាយ​ណា​មួយ​ឡើយ។

សូមបញ្ជាក់ថា កន្លងមក​លោក​សម​រង្ស៊ី ត្រូវបាន គ ជ​ប លុបឈ្មោះចេញ បញ្ជីឈ្មោះអ្នកបោះឆ្នោត ដោយសារ​តែតុលារកម្ពុជា បានកាត់ទោសលោក ឱ្យជាប់ពន្ធនាគា​ចំនួន១១​ឆ្នាំ ពីបទ​ខ្លែងបន្លំឯកសារសាធារណៈ និង​ដក​បង្គោល​ព្រំដែន​កម្ពុជា វៀតណាម។ តែកាលពីថ្ងៃទី១២ កក្កដាកន្លងទៅ លោក ត្រូវបាន ព្រះមហាក្សត្យព្រះរាជទាន លើកលែងទោស។

លោក យឹម សុវណ្ណ អ្នក​នាំ​ពាក្យ របស់​គណបក្ស​សង្គ្រោះជាតិ​អះអាងថា មិន​មាន​ការ​សម្រេច​ជា​ផ្លូវ​ការ​ណា​មួយ​ឡើយ លើ​ការ​ស្មើ​សុំ​ដើម្បី ឱ្យលោក សម រង្ស៊ី អាចមាន​ឈ្មោះ​បោះឆ្នោត និងឈរ​ឈ្មោះ​ជា​តំណាងរាស្ត្រ​ឡើយ នៅ​ពេល​បច្ចុប្បន្ន។

“ ឥឡូវ​យើង​កំពុង​រៀបចំការ​ការ​ទទួល​លោក​ប្រធាន សម រង្ស៊ី វិល​ត្រឡប់​មកមាតុ​ប្រទេស​វិញ។ ពេល​ដែល​លោក​មក​ដល់​យើង​នឹង​គិត​មួយ​ជំហ៊ាន​ទៀត ឥឡូវ​អត់ទាន់មាន​សេចក្តី​សម្រេច​អ្វី​ទាំងអស់ រង់​ចាំ​ពេល​មាន​វត្ត​របស់​លោក ប្រធាន​នៅ​ក្នុងប្រទេស នៅថ្ងៃទី១៩ កក្កដា។ រឿង​ទាំងអស់​សុទ្ធ​តែ​រឿង​នយោបាយ​ទាំងអស់។ ដូច្នេះរឿង​នយោបាយ​ត្រូវ​ដោះស្រាយ​តាម​ផ្លូវ​នយោបាយ។ ហើយ​នឹង​ដោះ​ស្រាយ​ឱ្យ​ទាល់​តែ​បាន។ ខ្ញុំ​មិនទាន់​ជម្រាម​ជូន​បាន តើ​វិធានការណ៍​ណា​ទេ? ក៏​ប៉ុន្តែ ពេល​លោកប្រធាន​អញ្ជើញ​មក​ដល់ យើង​នឹង​ធ្វើ​សេចក្ដី​សម្រេច​ថា​យើង​គួរ​ធ្វើ​យ៉ាងម៉េច។ “

 
គេ​បាន​ដឹង​ហើយ​ថា កន្លង​ទៅ​គណបក្សសង្គ្រោះជាតិ​បាន​ប្រកាស​គាំទ្រ លោក សម រង្ស៊ី ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី បើ​សិន​ជា​ករណី​ដែល​គណបក្ស​ខាង​លើ​ជាប់​ឆ្នោត សម្រាប់​ការ​បោះឆ្នោត​អណត្តទី៥ ដែល​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី ២៨ កក្កដា​ខាង​មុខ។
 

នៅ​ពេល​នេះ គេ​មិនទាន់​ដឹង​អំពី លទ្ធភាព​ណា​មួយ ដែល​អាច​ឱ្យ​លោក សម រង្ស៊ី នឹង​មាន​ឈ្មោះ​ក្នុង​បញ្ជី​ឈ្មោះ អ្នកបោះឆ្នោត​បាន​ឡើយ។ លោក​ កែវ ផល្លា ប្រធាននាយកដ្ឋាន​ច្បាប់ និង​វិវាទកម្ម​របស់ គ ជ ប បាន​ពន្យល់​ថា៖ “ យើង​ប្រាកដ​ហើយយ​ថា ក្នុង​ច្បាប់​បើ​ធ្វើ​នាយក​រដ្ឋមន្ត្រី​បាន លុះ​ត្រាតែ​បេក្ខជន ហើយ​បេក្ខជន​ហ្នឹង​ជាប់ឆ្នោត​ទៀត។ ប៉ុន្តែ ដោយ​ឡែក គាត់​អត់​មាន​ជា​បេក្ខជន ត្រូវ​ឈរ​ឈ្មោះ នៅ​ខេត្ត​ណា នៅ​មណ្ឌល​ណា​មួយ​អញ្ចឹង​ផង គាត់​អត់​មាន​ឈ្មោះ​ក្នុង​បញ្ជីឈ្មោះបោះឆ្នោត គាត់ម្ដេច​នឹង​អាច​ទៅ​ធ្វើ​នាយក​រដ្ឋមន្ត្រី​បាន​ទៅ៕​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ