អានតួអត្ថបទ
កម្ពុជា

គ.ជ.ប ប្រកាស​ពី​សុវត្ថិភាព​នៃ​ការ​បោះពុម្ព​សន្លឹកឆ្នោត

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​បាន​ចេញ​សេចក្តី​ប្រកាស​មួយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​​នេះ ស្តី​អំពី​ការ​ផលិត​សន្លឹក​ឆ្នោត​ប្រកប​ដោយ​សុវត្ថិភាព និង ការ​ការពារ​សន្តិសុខ​យ៉ាង​តឹងរ៉ឹង។ ប៉ុន្តែមន្ត្រី​អង្គការ​សង្កេត​ការណ៍​បោះឆ្នោត​នៅ​តែ​សម្តែង​ការ​មិន​ទុក​ចិត្ត​ចំពោះ​សុវត្តិភាព​នៃ​សន្លឹកឆ្នោត​នោះ​ឡើយ។

ការ​បោះឆ្នោត​នៅ​កម្ពុជា​កន្លង​មក (រូបភាពឯកសារ)
ការ​បោះឆ្នោត​នៅ​កម្ពុជា​កន្លង​មក (រូបភាពឯកសារ)
ផ្សាយពាណិជ្ជកម្ម

 

គណៈកម្មាធិការ​ជាតិរៀប​ចំការ​បោះឆ្នោត ដែល​ហៅ​កាត់​ថា គ.ជ.ប បាន​ចេញ​សេចក្តី​ប្រកាស​មួយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី២០ មិថុនានេះ​ដោយ​ប្រាប់​ឱ្យ​ដឹង​ថា ការ​ផលិត​សន្លឹក​ឆ្នោត​​មាន​សុវត្ថិភាព និង​មាន​ការ​ការពារ​សន្តិសុខ​យ៉ាង​តឹងរ៉ឹង។ សេចក្តី​ប្រកាស​របស់​គ.ជ.ប បាន​អោយ​ដឹង​ថា តំណាង​គណបក្ស​នយោបាយ​អ្នក​សង្កេត​ការណ៍​បោះឆ្នោត និង​អ្នក​សារព៍ត៌មាន​បាន​វាស់ស្ទង់​ពី​កម្រិត​សុវត្ថិភាព​ខ្ពស់​នៃ​ដំណើរ​ការ​បោះពុម្ព ក្នុង​ឱកាស​ដែល​ពួក​គេ​បាន​ធ្វើ​ទស្សនៈកិច្ច​ទៅ​កាន់​រោងពុម្ព លី វ៉ាន់ហុង​ ដែល​បោះពុម្ព​សន្លឹក​ឆ្នោត​ស្ថិត​នៅ​ខណ្ឌទួលគោក​រាជធានីភ្នំពេញ​កាល​ពី​ពេល​ថ្មីៗ​នេះ។

គ.ជ.ប ឱ្យ​ដឹង​ទៀត​ថា នៅ​ក្នុង​រោងពុម្ព​មាន​ពលករ​សរុប​ប្រមាណ ១៥០នាក់ ធ្វើ​ការ​ទាំង​ថ្ងៃ​ទាំង​យប់ ហើយ​ពួក​គេ​ត្រូវ​បាន​បំពាក់​ស្រោម​ដៃស ក្នុង​ខណៈ​ពេល​កំពុង​ធ្វើការ។ ទូរសព្ទ័ដៃ ម៉ាស៊ីនថត និង​ឧបករណ៍​សម្រាប់ថតរូប​ដទៃៗ​ទៀត ត្រូវ​បាន​ហាមឃាត់។ នៅ​ខាង​ក្រៅ​រោងពុម្ព មាន​ប៉ូលីស​ចំនួន​១៥០នាក់ ផ្លាស់​ប្តូរវេន​គ្នា​២៤ម៉ោង ដើម្បី​យាមកាម ហើយ​មាន​សន្តិសុខ​៥នាក់​ផ្សេងទៀត យាម​នៅ​ខាង​ក្នុង។ ក្រៅ​ពី​នេះ មាន​មន្រ្តី គ.ជ.ប ជា​ច្រើន​អ្នក​ទទួល​ខុស​ត្រូវ​ត្រួត​ពិនិត្យ​លើ ពលករ​ទាំង​នោះ។

បន្ថែម​លើ​នោះ បរិវេណ​ទាំងអស់ ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​ដោយ​ម៉ាស៊ីនថត​សុវត្ថិភាព​ចំនួន ២០គ្រឿង ដែល​កំពុង​ថត​យក​រាល់​សកម្មភាព​ជា​បន្តរបន្ទាប់។ សន្លឹកឆ្នោត​នីមួយៗ​សុទ្ធ​តែ​មាន​លេខកូដ​សុវត្ថិភាព​មួយ ដើម្បី​ផ្ទៀងផ្ទាត់​ជា​មួយ​នឹង​លេខកូដខេត្ត ឆ្នាំ​បោះឆ្នោត និង​លេខរៀង​ទាំង​៨​ខ្ទង់។

ឆ្លើយតប​នឹង​សេចក្តីប្រកាស​នេះ លោក​គល់ បញ្ញា នាយក​ប្រតិបត្ត​អង្គការ COMFREL បាន​ប្រាប់​វិទ្យុបារាំង​អន្តរជាតិ​ថា លោក​ពុំ​បាន​ចូលរួម​ឱ្យ​ស៊ីជម្រៅ​ទេ ក្នុង​កិច្ចការ​ផលិត​សន្លឹកឆ្នោត ពី​ព្រោះ​ថា លោក​មិន​ត្រូវ​បាន​អនុញ្ញាត​អោយ​ចូល​ឆែក​ប្រពន្ធ័​វិសយ័​សង្វាក់​ផលិតកម្ម​នោះ​ឡើយ។ លើស​ពី​នេះ លោក​ពុំ​បាន​ទទួល​ព័ត៌មាន​លំអិត​អំពីការ​ត្រួតពិនិត្យ​ប្រពន្ធ័​សន្តិសុខ​នោះ​ដែរ។
 

បើ​តាម លោក គល់​ បញ្ញា បណ្តា​គណបក្ស​នានា​បាន​ស្នើ​អោយ​មាន​ការ​ដេញ​ថ្លៃ​ដោយ​បើក​ចំហរ​ដើម្បី​ជ្រើស​យក​ក្រុមហ៊ុន​ណា​មួយ​ដែល​អាច​ធានា​ជាក់លាក់​លើ​សន្តិសុខ​នៃ​ការ​ផលិត​សន្លឹកឆ្នោត។ ម្យ៉ាង​ទៀត គ.ជ.ប បោះពុម្ព​សន្លឹកឆ្នោត​ច្រើន​ហួស​កំណត់​ពេក​រហូត​ដល់​ទៅ​ជាង​២០% ជិត​៣០% ដូច្នេះ​វា​អាច​បណ្តាល​អោយ​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​បន្លំ​សន្លឹកឆ្នោត និង​ធ្វើ ឱ្យ​មាន​ការ​ខ្ជះខ្ជាយ​ថិវិការ​រដ្ឋ។

 

លោក គល់ បញ្ញា សំណូម​ពរ​ថា ម៉ាស៊ីន​សុវត្ថិភាព​ដែល​បាន​ដាក់​ថត​តាម​ដាន​លើ​សង្វាក់​ផលិតកម្ម គ.ជ.ប គួរ​តែ​អនុញ្ញាត​ឱ្យ​គណបក្ស និង អង្គការ​នានា​ពិនិត្យ​មើល​ដើម្បី​ធានា​អំពីតម្លាភាព​នៃ​ការ​បោះពុម្ព​សន្លឹកឆ្នោត៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ