អានតួអត្ថបទ
កម្ពុជា

ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ព្រមាន​អ្នក​មិន​គោរព​សេចក្តី​សម្រេច​របស់​ខ្លួន​

ក្រុមប្រឹក្សាធម្មនុញ្ញ​បានចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី ១២ កញ្ញា​នេះ​ដោយ​ព្រមាន​ដល់​ជន​ណា​ ដែល​​មិន​គោរព​សេចក្តី​សម្រេច​របស់​ស្ថាប័ន​កំពូល​នេះ​ថា អាច​នឹង​ត្រូវ​​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​មួយ​ខែ​ដល់​មួយឆ្នាំ និង​ត្រូវ​ពិន័យ​ប្រាក់​ជាច្រើន​ទៀត។ ការព្រមាន​នេះ​បាន​ធ្វើឡើង​បន្ទាប់ពី​អង្គការ​ខុមហ្វ្រែល បានចេញ​របាយការណ៍​រិះគន់​សេចក្តី​សម្រេច​របស់​ក្រុមប្រឹក្សាធម្មនុញ្ញ​ថា​មាន​ភាពមិនប្រក្រតី​ជាច្រើន​នៅពេល​ដោះស្រាយ​បណ្តឹង​គណបក្ស​​សង្គ្រោះ​ជាតិ។

ក្រុមប្រឹក្សាធម្មនុញ្ញ
ក្រុមប្រឹក្សាធម្មនុញ្ញ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សាធម្មនុញ្ញ​គឺជា​សេចក្តីសម្រេច​ស្ថាពរ បិទផ្លូវ​តវ៉ា និង​មាន​អានុភាព​អនុវត្ត​ទៅលើ​អំណាច​ទាំងអស់​ដែលមាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ។ នេះ​គឺជា​ការគូស​បញ្ជាក់​​រប​ស់​ក្រុមប្រឹក្សាធម្មនុញ្ញ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ដែល​ចេញផ្សាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ១២ កញ្ញា​នេះ។

ក្រុមប្រឹក្សាធម្មនុញ្ញ​បានប្រកាស​ឲ្យ​ដឹងថា ខ្លួន​បានទទួល​ពាក្យបណ្តឹង​តវ៉ា​ចំនួន ១៥ ករណី​របស់​គណបក្ស​សង្គ្រោះ​ជាតិ ​ទាក់ទង​នឹង​ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​អាណត្តិ​ទី៥នេះ។ បណ្តឹង​ទាំងនោះ​ត្រូវបាន​ដោះស្រាយ​រួចរាល់​ដោយ​ឈរលើ​មូលដ្ឋាន​គតិយុត្តិ​ទាំងស្រុង និង​ប្រកបដោយ​ភាព​ឯករាជ។

ក្រុមប្រឹក្សាធម្មនុញ្ញ​បាន​ព្រមាន​ទៀតថា ជន​ណា​ដែល​មិន​គោរព​សេចក្តីសម្រេច​របស់​ស្ថាប័ន​កំពូល​នេះ ឬក៏​រារាំង​ប្រតិបត្តិការ​របស់​ក្រុមប្រឹក្សាធម្មនុញ្ញ​អាច​នឹងត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​​ពី​១ខែ​ដល់​មួយឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី១០ម៉ឺន ទៅ ៦០ ម៉ឺន​រៀល ឬ​ទោស​ណាមួយ​ក្នុងចំណោម​ទោស​ទាំងពីរ។

ការព្រមាន​បែបនេះ​បាន​ធ្វើឡើង​បន្ទាប់ពី​មានការ​រិះគន់​ជាច្រើន​ថា ស្ថាប័ន​កំ​ពូ​ដោះស្រាយ​បណ្តឹង​ការបោះឆ្នោត​មួយ​នេះ​បាន​លម្អៀង​ទៅរក​គណបក្សកាន់អំណាច និង​មិនបាន​ផ្តល់​យុត្តិធម៌​ដល់​គណបក្ស​សង្គ្រោះ​ជាតិ។ កាលពី​ថ្ងៃទី ១១ កញ្ញា អង្គការ​សង្កេតការណ៍​បោះឆ្នោត ខុម​ហ្វ្រែល បានចេញ​របាយការណ៍​អង្កេត​មួយ​ស្តី​ពី​​ការដោះស្រាយ​បណ្តឹង​របស់​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ។

របាយការណ៍​របស់​អង្គការ​ខុមហ្វ្រែល​បង្ហាញ​ថា មាន​ភាពមិនប្រក្រតី​ជាច្រើន​នៅក្នុង​នីតិវិធី​ដោះស្រាយ​បណ្តឹង​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ។ បើ​យោងតាម​ខុមហ្វ្រែល ក្រុមប្រឹក្សា​ធម្មនុញ្ញ​​គ្មាន​នីតិ​វិធី​​ច្បាស់លាស់ ​សម្រាប់​ការដោះស្រាយ​បណ្តឹង និង​ដំណើរការ​នៃ​សវន​ការ​របស់ខ្លួន​នោះទេ។

អង្គការ​សង្កេតការណ៍​បោះឆ្នោត​មួយ​នេះ ​បានកត់សម្គាល់​ទៀតថា សមាសភាព​ភាគច្រើន​របស់​​ក្រុមប្រឹក្សាធម្មនុញ្ញ ជាពិសេស​ប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ​ គឺជា​មន្ត្រី​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​ផ្ទុយ​ពី​ប្រការ៤ នៃ​បទបញ្ជាផ្ទៃក្នុង​របស់​ស្ថាប័ន​នេះ ដែល​ចែងថា សមាជិក​​ក្រុមប្រឹក្សាធម្មនុញ្ញ​មិនត្រូវ​កាន់កាប់​ក្នុង​គណបក្សនយោបាយ​ណាមួយ​នោះឡើយ។

យ៉ាងណាក៏ដោយ គេ​មិនដឹងថា ការរិះគន់​បែបនេះ​អាច​ចាត់ទុកថា​ជាការ​មិន​គោរព ឬក៏​ជាកា​រារាំង​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សាធម្មនុញ្ញ​ដែល​ត្រូវដាក់​ទោស​ដែរ​ឬក៏​យ៉ាងណា​នោះទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ