អានតួអត្ថបទ
កម្ពុជា

រដ្ឋសភា​ត្រៀម​លក្ខណៈ​រួចរាល់​សម្រាប់​បើក​ការប្រជុំ​ថ្ងៃ​ដំបូង

សម័យប្រជុំ​ដំបូង​នៃ​រដ្ឋសភានឹង​ដំណើរការ​តាម​ការគ្រោងទុក នៅ​ថ្ងៃ​ចន្ទទី២៣ខែកញ្ញាស្អែក​នេះ ក្រោម​ព្រះរាជអធិបតីភាព​របស់​ព្រះមហាក្សត្រព្រះបាទ​នរោត្តមសីហមុនី នោះបើទោះជា​មិនមាន​វត្តមាន​របស់​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ។ តំណាងរាស្ត្រ​បក្សប្រឆាំង​មួយ​នេះ​បានបញ្ជាក់​ជំហរ​ចុងក្រោយ​របស់ខ្លួន នៅល្ងាច​ថ្ងៃអាទិត្យ​ទី ២២ កញ្ញា​ថា នឹងមិន​ចូលរួម​ប្រជុំ​សភា​ថ្ងៃ​ដំបូង​នោះទេ ហើយ​បន្ត​ស្នាក់​នៅក្នុង​ខេត្តសៀមរាប​រហូតដល់​ថ្ងៃ​បើកប្រជុំ​សភា​លើកដំបូង។ 

រដ្ឋសភា​កម្ពុជា
រដ្ឋសភា​កម្ពុជា © ដឺលុច
ផ្សាយពាណិជ្ជកម្ម

រដ្ឋសភាជាតិបាន​ត្រៀមលក្ខណៈ​រួចរាល់​ជាស្រេច​ហើយ នៅ​ថ្ងៃអាទិត្យ​ទី ២២ កញ្ញា សម្រាប់​បើក​សម័យប្រជុំ​លើកដំបូងនៃ​រដ្ឋសភា​នីតិកាល​ទី​ប្រាំ  បើទោះបីជា​តំណាងរាស្ត្រ​មកពី​គណបក្ស​សង្គ្រោះ​ជាតិ​របស់​លោក​សម រង្ស៊ី​ប្រកាស​មិន​ចូលរួម​ប្រជុំ​ក៏ដោយ។

 
លោកឈាង វុន តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ប្រាប់​វិទ្យុ​បារាំង​ថា គ្មាន​ការប្រែប្រួល គ្មាន​ការលើក​ពេល និង​គ្មាន​ឧបសគ្គ​អ្វី​ទាំងអស់​មក រារាំង​ដល់​កិច្ច​ដំណើរការ​នៃ​ការបើក​សម័យប្រជុំ​សភា ក្រោម​ព្រះរាជអធិបតីភាព​របស់​ព្រះមហាក្សត្រ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ។ សាលប្រជុំ​ពេញអង្គ វេទិកា​សម្រាប់​អ្នកតំណាងរាស្ត្រ​ឈរ​ថត​ជុំគ្នា នៅ​ពីមុខ​រដ្ឋសភា របៀប​វារៈ​សម្រាប់​ប្រជុំ និង​កិច្ចដំណើរការ​ផ្សេងៗទៀត​ត្រូវ​បានរៀបចំ​រួចជាស្រេច។ នេះ​បើតាម​លោកឈាងវុន។

បើតាម​ការបញ្ជាក់​របស់ លោក​ឈាង វុនដដែល តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ជាប់ឆ្នោត​នៅតែ​ប្រកាន់​ជំហរ​ចូលប្រជុំ ជាដាច់ខាត ដោយ​គោរព​តាម​រដ្ឋធម្មនុញ្ញ និង​ព្រះរាជតម្រិះ​របស់​ព្រះមហាក្សត្រ។ លោក​បន្តថា បើទោះបីជា​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មិន​ចូលរួម​ប្រជុំ​ក្តី ក៏​កិច្ចប្រជុំ​នេះនឹង​នៅតែ​បន្តដំណើរ​ទៅដោយ​រលូន និង​ស្របតាម​ច្បាប់។

 
អគ្គលេខាធិការដ្ឋាន​រដ្ឋ​សភា​ប្រកាស​ឲ្យ​ដឹង​ថា លោក​ហេង សំរិន ជា​ព្រឹទ្ធ​សមាជិក​រដ្ឋសភា នឹង​ធ្វើជា​អធិបតីភាព​ក្នុងការចាប់ផ្តើម​ការងារ​សម័យប្រជុំ​រដ្ឋសភា​លើកទី១នីតិកាល​ទី៥ បន្ទាប់ពី​ព្រះមហាក្សត្រ​ព្រះបាទ​នរោត្តម​សីហមុនី​បើក​សម័យប្រជុំ​ជា​ផ្លូវការ។ មាន​របៀបវារៈ​ពីរដែល​នឹងត្រូវ​សម្រេច គឺ​ទី១សម្រេច​អំពី​សុពលភាព​នៃ​អាណត្តិ​របស់​សមាជិក​នីមួយៗ និង​ទី២ ការអនុម័ត​​បទបញ្ជា​ផ្ទៃក្នុង​នៃ​រដ្ឋសភានីតិកាល​ទី៥នេះ។

ក្នុងឱកាស​ប្រកាស​បើក​សម័យប្រជុំ​សភា​ជា​ឱឡារឹក និង​ជា​ប្រវត្តិសាស្ត្រ​នេះ ឥស្សរជន​ជាន់ខ្ពស់អង្គទូត​ប្រចាំ​កម្ពុជា និង​តំណាង​អង្គការក្រៅ​រដ្ឋាភិបាល​មួយចំនួន ក៏ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូលរួម​ផងដែរ ហើយ​និង​មានការផ្សាយ​ផ្ទាល់​តាម​ទូរទស្សន៍​ជាតិ​កម្ពុជា និង​វិទ្យុជាតិ​ថែម​ទៀតផង។

ដោយឡែក តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំងអស់​កំពុង​បន្ត​ស្នាក់​នៅឯ​ខេត្តសៀមរាប និង​មាន​គម្រោង​វិល​ត្រឡប់មក​រាជធានី​ភ្នំពេញ​វិញ ក្រោយ​ការប្រជុំ​សភា​ដំបូង​រួច។ បើតាម​លោក​យឹម សុវណ្ណ បើទោះបី​ជា​តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ​ទាំងអស់​បានធ្វើ​ពិធី​សច្ចាប្រណិធាន​នៅមុខ​ប្រាសាទ​អង្គ​វត្ត​រួចហើយ​ក៏ដោយ ក៏​សមាជិក​តំណាងរាស្ត្រ​ទាំងអស់នោះ នៅ​បន្ត​ជួបប្រជុំគ្នា នៅ​ទី​រួម​ខេត្តសៀមរាប​ដដែល ដើម្បី​ពិភាក្សា​ការងារ​កំណែទម្រង់​ជាតិ​សំខាន់។ លោក​យឹម សុវណ្ណ​បញ្ជាក់ថា តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំងអស់​មិន​ផ្លាស់ប្តូរ​ជំហរ​របស់ខ្លួន​នោះទេ។ ជា​ជំហរ​ដែល​មិន​ចូលរួម​ប្រជុំ​សភា​ថ្ងៃ​ដំបូង។

គួរ​បញ្ជាក់ថាកាលពី​ព្រឹក​ថ្ងៃអាទិត្យ​នេះប្រធាន​គណបក្សប្រឆាំងលោក​សមរង្ស៊ី​បានបញ្ជាក់​យ៉ាងច្បាស់​ថាបេក្ខជន​តំណាងរាស្ត្រទាំងអស់​មកពី​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ស្បថ​នៅមុខ​បារមី​ព្រះមហាក្សត្រ​ដែល​បាន​កសាង​ប្រាសាទ​អង្គរថានឹង​គោរព​ឆន្ទៈ​ប្រជារាស្ត្រនឹងមិន​ចូលប្រជុំ​សភា​ថ្ងៃទី២៣ខែកញ្ញាខាងមុខនេះ​ជាដាច់ខាត។

 

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ