អានតួអត្ថបទ
កម្ពុជា

លោក​​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទៅ​ទស្សនកិច្ច​នៅ​ប្រទេស​ជប៉ុន​

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ដឹកនាំ​គណៈប្រតិភូ​មួយក្រុម​ចាក​ចេញពី​ប្រទេស​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​ដើម្បី​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ជប៉ុន។ តាម​ការគ្រោងទុក ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា​ត្រូវ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​ជប៉ុន​លើក​ទី៤០ និង​កិច្ចប្រជុំ​កំពូល​មេគង្គ​ជប៉ុន​លើក​ទី៥ ដែល​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី១២ ដល់១៤ធ្នូ​ នៅ​ទីក្រុង​តូ​ក្យូ។ បន្ទាប់មក​ គឺជា​ដំណើរ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅក្នុង​ប្រទេស​ជប៉ុន​ ចាប់ពី​ថ្ងៃទី​១៥​ដល់​១៧ធ្នូ។​

​នាយករដ្ឋមន្ត្រី​ជប៉ុន លោក ស៊ិនហ្ស៊ូ អាបេ ទស្សនកិច្ចនៅកម្ពុជា
​នាយករដ្ឋមន្ត្រី​ជប៉ុន លោក ស៊ិនហ្ស៊ូ អាបេ ទស្សនកិច្ចនៅកម្ពុជា Siv Channa/RFI
ផ្សាយពាណិជ្ជកម្ម

ដំណើរ​ទៅកាន់​ប្រទេស​ជប៉ុន​របស់​លោកនាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ប្រតិភូ​ជាន់ខ្ពស់​កម្ពុជា​នៅពេលនេះ​មាន​រយៈពេល​ដល់​ទៅ៦ថ្ងៃ។ មុន​ផ្តើម​ទស្សនកិច្ច​ផ្លូវការ លោកនាយក​រដ្ឋមន្ត្រី​នឹងត្រូវ​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូលធំៗពីរ​ គឺ​កិច្ចប្រជុំ​កំពូល​អាស៊ាន-ជប៉ុន​លើក​ទី៤០ និង​កិច្ចប្រជុំ​កំពូល​មេគង្គ-ជប៉ុន​លើក​ទី៥ នៅ​ទីក្រុង​តូ​ក្យូ​ ចាប់ពី​ថ្ងៃទី១២ដល់១៤ធ្នូ។

កិច្ចប្រជុំ​កំពូល​អាស៊ាន-ជប៉ុន​ គ្រោង​នឹង​អនុម័ត​សេចក្តីថ្លែងការណ៍​ស្តីពី​ចក្ខុវិស័យ​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​អា​ស៊ាន-ជប៉ុន និង​សេចក្តីថ្លែងការណ៍​រួម ស្តីពី «រួមដៃគ្នា​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​នៅក្នុង​តំបន់​និង​សកលលោក»។ ចំណែក​កិច្ចប្រជុំ​កំពូល​មេគង្គ-ជប៉ុន​ក៏​គ្រោង​នឹង​អនុម័ត​ឯកសារ​ស្តីពី​ការត្រួត​ពិនិត្យឡើងវិញ​នូវ «យុទ្ធសាស្ត្រ​ក្រុង​តូ​ក្យូ ២០១២ សម្រាប់​កិច្ចសហប្រតិបត្តិការ​មេគង្គ-ជប៉ុន» ផងដែរ។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​​របស់​ក្រសួងការបរទេស។

បន្ទាប់ពី​កិច្ចប្រជុំ​កំពូល​ទាំងពីរ​នេះ លោក​នាយក្រដ្ឋមន្ត្រី ហ៊ុន សែន និង​ប្រតិភូ​ជាន់ខ្ពស់​កម្ពុជា​នឹង​ផ្តើម​ទស្សនកិច្ច​ផ្លូវការ​នៅក្នុង​ប្រទេស​ជប៉ុន​ ចាប់ពី​ថ្ងៃទី១៥ដល់១៧ធ្នូ។ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា​គ្រោង​ជួបពិភាក្សា​ការងារ​ជាមួយ​នាយករដ្ឋមន្ត្រី​ជប៉ុន គឺ​លោក ស៊ីន​ហ្សូ អា​បេ និង​ចូល​ថ្វាយបង្គំ​គាល់​ព្រះ​ចៅ​អធិរាជ​ជប៉ុន ​នៅក្នុង​ព្រះបរមរាជវាំង​ផងដែរ។

នៅក្នុង​អំឡុងពេល​ទស្ស​ន​កិ​ច្ចនេះ ឯកសារ​ចំនួន ៤នឹងត្រូវ​ចុះហត្ថលេខា ​រវាង​ភាគី​ទាំងពីរ។ ឯកសារ​ទាំងនោះ​រួមមាន៖ លិខិត​ប្តូរ​សារ​ចំនួន​បី​ ទាក់ទង​នឹង​គម្រោង​កែលំអរ​ផ្លូវជាតិ​លេខ១,  គម្រោង​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ, គម្រោង​កែលំអ​​សម្ភារៈ​សម្រាប់​​ការជួសជុល​ស្ពាន​ហាល​ខាងលិច​នៃ​ប្រាសាទអង្គរវត្ត និង​អនុស្សារណៈ​មួយ​ស្តីពី​ការផ្លាស់ប្តូរ និង​កិច្ចសហប្រតិបត្តិការ​យោធា​រវាង​ប្រទេស​ទាំងពីរ។

គួរ​កត់សម្គាល់ថា ជប៉ុន​គឺជា​ប្រទេស​ផ្តល់ជំនួយ​ដ៏​ធំ​មួយ​របស់​ក​ម្ពុ​ជា។ តាំងពី​ឆ្នាំ​១៩៩២​រហូត​មកទល់​​សព្វថ្ងៃ ជប៉ុន​ផ្តល់ជំនួយ​ឲ្យ​កម្ពុជា​ជា​មធ្យម​ប្រមាណ១០០លាន​ដុល្លារ ​ក្នុង​មួយឆ្នាំ។ ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​ដែលមាន​តាំងពី៦០ឆ្នាំ​មកហើយ​នោះ បាន​រីក​ធំធាត់​ជា​លំដាប់​បន្ទាប់ពី«មហាមិត្ត»ចិន។ នាយករដ្ឋមន្ត្រី​ជប៉ុន លោក ស៊ីន​ហ្សូ អា​បេ ទើបតែ​បានមក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ​កាលពី​ថ្ងៃទី១៦ ខែវិច្ឆិកាថ្មីៗ កន្លងទៅនេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ