អានតួអត្ថបទ
ជប៉ុន-អាស៊ាន

ជប៉ុន​នឹង​ផ្តល់​ជំនួយ​១៤​ពាន់​លាន​អឺរ៉ូ​ដល់​អាស៊ាន

ទីក្រុង​តូក្យូ​នឹង​ផ្តល់​ជំនួយ ជាទឹកប្រាក់​ប្រមាណ ១៤​ពាន់​លាន​អឺរ៉ូ ដល់​ប្រទេស​សមាជិក​អាស៊ាន។ យោងតាម​ការចុះផ្សាយ​នៅថ្ងៃនេះ របស់​កាសែត​ក្នុង​ស្រុក​ជប៉ុន លោក​នាយក​រដ្ឋមន្រ្តី​ជប៉ុន ស៊ីនហ្សូ អាបេ នឹង​ត្រូវ​ប្រកាស​កញ្ចប់​ជំនួយ​នេះ នៅក្នុង​ឱកាស​ជំនួប​កំពូល​ជប៉ុន អាស៊ាន ដែល​ត្រូវ​ប្រព្រឹត្ត​ទៅ​នៅថ្ងៃ​សៅរ៍​ទី ១៤ ធ្នូ។

នាយករដ្ឋមន្រ្តី​ជប៉ុន​ជួប​ជាមួយ​លោកប្រធានាធិបតី​ឥណ្ឌូណេស៊ី នៅមុនជំនួប​កំពូល​អាស៊ាន ជប៉ុន កាលពីថ្ងៃ​សុក្រ​ទី ១៣ ធ្នូ
នាយករដ្ឋមន្រ្តី​ជប៉ុន​ជួប​ជាមួយ​លោកប្រធានាធិបតី​ឥណ្ឌូណេស៊ី នៅមុនជំនួប​កំពូល​អាស៊ាន ជប៉ុន កាលពីថ្ងៃ​សុក្រ​ទី ១៣ ធ្នូ ©REUTERS/Kimimasa Mayama
ផ្សាយពាណិជ្ជកម្ម

កញ្ចប់​ជំនួយ​ដែល​ជប៉ុន​នឹង​សន្យា​ផ្តល់​ឲ្យ​អាស៊ាន​ត្រូវ​ធ្វើឡើង​ក្នុង​រូបរាង​ជាជំនួយ​ឥតសំណង និង​ជាកម្ចី​ក្នុង​រយៈពេល​៥​ឆ្នាំ ដែល​ប្រទេស​សមាជិក​អាស៊ាន​ទាំង​១០​ត្រូវ​យក​ទៅ​ចែក​រំលែក​ចំណែក​គ្នា។ តាម​កាសែត​ជប៉ុន នៅក្នុង​ជំនួប​កំពូល​នៅថ្ងៃ​សៅរ៍ លោក​នាយក​រដ្ឋមន្រ្តី ជប៉ុន​នឹង​ប្រកាស​ផង​ដែរ​កញ្ចប់​ជំនួយ​ប្រមាណ​៧០​លាន​អឺរ៉ូ​សម្រាប់​មូលនិធិ​តំបន់​ដែល​ទទួល​បន្ទុក​ខាង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​តំបន់​អាស៊ី​អាគ្នេយ៍។

 
នៅលើ​ក្រដាស ជំនួប​កំពូល​ជប៉ុន អាស៊ាន​ធ្វើឡើង​ដើម្បី​ប្រារព្ធ​ខួប​៤០​ឆ្នាំ​នៃ​ទំនាក់ទំនង​ជប៉ុន​ជាមួយ​អាស៊ាន។ ប៉ុន្តែ មើល​ទៅ​តាម​កាលៈទេសៈ​បច្ចុប្បន្ននេះ ជប៉ុន​កំពុង​ឆ្លៀត​យក​ជំនួប​កំពូល​នៅ​ចុងសប្តាហ៍នេះ​ដើម្បី​ពង្រឹង​ចំណង​មិត្តភាព​កាន់​តែខ្លាំង ជាមួយ​អាស៊ាន ដើម្បី​ទប់ទល់​ជាមួយ​មហាអំណាច​ចិន។ ចិន​ដែល​កំពុង​ពង្រីក​វិសាលភាព​ឥទ្ធិពល​របស់ខ្លួន​នៅ​អាស៊ី​កំពុង​ឈ្លោះ​ដណ្តើម​ដីកោះ​ជាមួយ​ប្រទេស​សមាជិក​អាស៊ាន ដូចជា​ ហ្វីលីពីន វៀតណាម ម៉ាឡេស៊ី និង​ព្រុយណេ។ កាលពី​ចុងខែ​វិច្ឆិកា ជប៉ុន​ទើប​តែ​ចេញមុខ​ឈ្លោះ​​​កាន់​តែខ្លាំង​ជាមួយ​ចិន បន្ទាប់ពី​ចិន​បាន​បង្កើត​តំបន់​ការពារ​ដែន​អាកាស​ដែល​រំលោភ​ទៅលើ​ដែន​អាកាស​របស់​ជប៉ុន។

លោក​ប្រធានាធិបតី​ឥណ្ឌូណេស៊ី​ដែល​បាន​ទៅ​ដល់​ទីក្រុង​តូក្យូ​កាល​ពី​ថ្ងៃ​សុក្រនេះ បាន​អំពាវនាវ​ឲ្យ​ជប៉ុន និង​ចិន​ត្រលប់​មក​ត្រូវរ៉ូវ​គ្នានេះ។ តាម​លោក​ប្រធានាធិបតី​ឥណ្ឌូណេស៊ី បើទោះបី​ជា​ឥណ្ឌូណេស៊ី​មិនមាន​ចំណែក​ពាក់ព័ន្ធ​ក្នុង​ជម្លោះ​ដីកោះ​ជាមួយ​ចិន ប៉ុន្តែ ឥណ្ឌូណេស៊ី​នៅតែព្រួយ​បារម្ភ ចំពោះ​រាល់​ជម្លោះ​ដែល​អាច​កើតឡើង ហើយ​ដែល​អាច​គំរាមកំហែង​សន្តិសុខ​នៅ​តំបន់​អាស៊ី​ទាំងមូល។ ដូចជា​អនុប្រធានាធិបតី អាមេរិក លោក​ប្រធានាធិបតី ឥណ្ឌូណេស៊ី​បាន​ទាមទារ​ឲ្យ​ប្រទេស​ចិន បង្កើត​ខ្សែ​ទូរស័ព្ទ​ក្រហម​ជាមួយ​ប្រទេស​ផ្សេង​ទៀត ដែល​ចិន​កំពុង​មាន​ជម្លោះ​ដណ្តើម​កោះ​ជាមួយ ពោល​គឺ​ធ្វើ​យ៉ាងណា​ដើម្បី​ជៀសវាង​ការប្រឈមមុខ​ដាក់គ្នា​ជា​យថាហេតុ​ណាមួយ។

►សូមអាន៖ភាពតានតឹង​ជុំវិញ​ការ​បង្កើត​តំបន់​ការពារ​ដែនអាកាស​របស់​ចិន

សូមបញ្ជាក់ថា ចាប់តាំង​ពី​ចូលកាន់តំណែង នៅ​ចុងឆ្នាំ ២០១២ លោកនាយករដ្ឋមន្រ្តី​ជប៉ុន ស៊ីនហ្សូ អាបេ​បាន​ពង្រឹងសម្ព័ន្ធភាព​ជាមួយ​អាស៊ាន។ ក្នុង​រយៈពេល​តែមួយឆ្នាំប៉ុណ្ណោះ លោក​បាន​ទៅ​ធ្វើ​ទស្សនកិច្ច​នៅក្នុង​ប្រទេស​ទាំង​១០​របស់​អាស៊ាន។ ទស្សនកិច្ច​ចុងក្រោយ​របស់​លោក​ទើប​ធ្វើ​ឡើង​នៅ​កម្ពុជា​កាលពី​ខែ​វិច្ឆិកា​កន្លងទៅ។ ការខិតជិត​​របស់​ជប៉ុន​ទៅ​រក​អាស៊ាន​មិនមែន​ជារឿង​​​អ្វីប្លែក ដោយសារ​តែ​ជប៉ុន​បាន​សំឡឹង​ឃើញ​ប្រទេស​សមាជិក​អាស៊ាន​មួយ​ចំនួន ក៏មាន​ចិន ជា​សត្រូវ​រួម​ជាមួយ​ជប៉ុន៕
 

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ