អានតួអត្ថបទ
កម្ពុជា

រដ្ឋាភិបាល​​ដាក់​បញ្ជា​ឱ្យ​ក្រុមហ៊ុន​វិនិយោគ​ដី​សម្បទាន​ គោរព​ផល​ប្រយោជន៍​ពលរដ្ឋ​

ក្រសួង​បរិស្ថាន និង​ក្រសួង​កសិកម្ម បាន​ចេញ​សេចក្តី​សម្រេច​អន្តរ​ក្រសួង​មួយ ដែល​មាន​៨ប្រការ​ ដាក់​បញ្ជា​ឱ្យ​ក្រុមហ៊ុន​វិនិយោគ​អភិវឌ្ឍន៍ ដែល​ទទួល​បាន​ដី​សម្បទាន​ទាំងអស់ អនុវត្ត​គោរព និង​ការពារ​ផល​ប្រយោជន៍​ប្រជាពលរដ្ឋ។ ក្នុង​សេចក្តី​សម្រេច​ទាំងនោះ ក្រសួង​ទាំង​ពីរ ក៏​បាន​ព្រមាន​ដក​ដី​សម្បទាន​ទាំងអស់​មក​វិញ ប្រសិន​ណា​ក្រុមហ៊ុន​មិន​ព្រម​អនុវត្ត​តាម​ការ​ណែនាំ​ឱ្យ​មាន​ប្រសិទ្ធភាព​នោះទេ។

ដី​ស្រែ​ប្រជាពលរដ្ឋ នៅ​ឃុំ​តានូន ឃុំ​តានូន ស្រុក​បុទុម​សាគរ ខេត្ត​កោះកុង
ដី​ស្រែ​ប្រជាពលរដ្ឋ នៅ​ឃុំ​តានូន ឃុំ​តានូន ស្រុក​បុទុម​សាគរ ខេត្ត​កោះកុង Kongchit In
ផ្សាយពាណិជ្ជកម្ម

«​ក្រុមហ៊ុន​ទទួល​គម្រោង​ដី​សម្បទាន​ទាំងអស់ ត្រូវ​ធានា​ឱ្យ​បាន​នូវ​ការ​អភិវឌ្ឍ​ន៍​ប្រកប​ដោយ​ចីរភាព តម្លាភាព គណនេយ្យភាព និង​ប្រសិទ្ធភាព។ នេះ​គឺជា​បទបញ្ជា​របស់​ក្រសួងបរិស្ថាន និង​ក្រសួងកសិកម្ម។ ក្នុង​សេចក្តីសម្រេច​រួមគ្នា​មួយ ដែល​អ្នក​សារព័ត៌មាន​ទើប​តែ​ទទួល​បាន នៅ​ថ្ងៃ​ពុធ​នេះ ក្រសួង​ទាំង​ពីរបាន​ណែ​នាំ​ឱ្យ​ក្រុមហ៊ុន​វិនិយោគ ត្រូវ​ប្រើប្រាស់​រូបមន្ត​ស្បែក​ខ្លា ដោយ​មិន​ត្រូវ​ប៉ះពាល់ ដល់​ដី​ធ្លី​ប្រើប្រាស់​អាស្រ័យ​ផល​ប្រជាពលរដ្ឋ ដី​ព្រៃ​សហគមន៍ និង​ដី​អភិរក្ស​នោះ​ឡើយ។ ក្រៅ​ពី​នោះ​ ក្រសួង​ទាំងពីរ​ក៏​បាន​ដាក់​បញ្ជា​ឱ្យ​ក្រុមហ៊ុន​ទាំងអស់ មិន​ត្រូវ​ឈូសឆាយ​តំបន់​ព្រៃ​កប់ខ្មោច តំបន់​ព្រៃ​អភិរក្ស តំបន់​ព្រៃស្រោង និង​មិន​ត្រូវ​ប៉ះពាល់​តំបន់​ព្រៃ​តាម​បណ្តោយ​អូរ ស្ទឹង ​បឹងបួរ ឬ​ព្រែក​យ៉ាង​តិច ១០០​ម៉ែត្រ។

អ្នក​នាំ​ពាក្យ​ក្រសួងបរិស្ថាន លោក សៅ សុភាព បាន​បញ្ជាក់​ថា ការ​ណែនាំ​របស់​ក្រសួង​នេះ គឺ​ចង់​ពង្រឹង​ការ​គ្រប់គ្រង​ដី​សម្បទាន​សេដ្ឋកិច្ច។ ដី​សម្បទាន​សេដ្ឋកិច្ច ដែល​តាមរយៈ​កន្លង​មក​​មិន​ត្រូវ​បាន​ក្រុមហ៊ុន​វិនិយោគ​មួយចំនួន​អនុវត្ត​ឱ្យ​បាន​ពេញលេញ​នោះឡើយ។ ពោល​ការ​​អនុវត្ត​ន៍​នៅ​មាន​កម្រិត និង​មិនទាន​ស្របតាម​ច្បាប់ និង​ជំហាន​របស់​រដ្ឋ។ នេះ​បើ​តាម​ការ​បញ្ជាក់​​​របស់​លោក សៅ សុភាព​ ដដែល។

ក្នុង​សេចក្តី​សម្រេច​ដែល​មាន​ហត្ថលេខា​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន លោក សាយ សំ​អាល់ និង​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម លោក​អ៊ុក រ៉ា​ប៊ុន ក្រសួង​បាន​ដាក់​បញ្ជា​ឱ្យ​ក្រុមហ៊ុន​ទាំងអស់​ត្រូវ​បញ្ឈប់​​​សកម្មភាព​ឈូសឆាយ​ជា​បន្ទាន់ ក្នុង​ករណី​មាន​ការ​តវ៉ា​ពី​ប្រជាពលរដ្ឋ។ ហើយ​ត្រូវ​ដោះស្រាយ​​ឱ្យ​បាន​ចប់​សព្វគ្រប់​ ដោយ​ឈរ​លើ​គោលការណ៍​យុត្តិធម៌​ត្រឹមត្រូវ មុន​នឹង​ចាប់​ផ្តើម​ ឬ​បន្ត​ការ​ឈូសឆាយ។ ចំណែក​ឯ​ការ​កាប់​បំផ្លាញ​ព្រៃឈើ ក្នុង​តំបន់​អភិរក្ស និង​ក្រៅ​តំបន់​ដី​សម្បទាន​របស់​ក្រុមហ៊ុន រួម​ទាំង​ការ​ហាម​ប្រាម​មិន​ឱ្យ​ប្រមូល​ទិញ​ឈើ​ ដើម្បី​ធ្វើ​អាជីវកម្ម​ ក៏​ត្រូវ​ក្រសួង​ដាក់​កំហិត​ឱ្យ​ក្រុមហ៊ុន​ទាំងអស់​ត្រូវ​ធានា​ឱ្យ​បាន​ផង​ដែរ។

ក្រៅ​ពី​ការ​ដាក់​បទបញ្ជា ក្រសួង​តាមរយៈ​សេចក្តី​សម្រេច ក៏​បាន​ព្រមាន​លុបចោល​គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន ដែល​ទទួល​ដី​សម្បទាន​ក្នុង​ករណី​ណា ដែល​ក្រុមហ៊ុន​មិន​បាន​បំពេញ​​តាម​កិច្ច​សន្យា ឬ​តាម​ច្បាប់​នានា​របស់​រដ្ឋ។ ការ​ចេញ​បទ​បញ្ជា និង​ការ​ណែនាំ​ពី​ក្រសួង​បរិស្ថាន និង​ក្រសួងកសិកម្ម​នេះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា ធ្វើ​ឡើង​នៅ​ស្រប​ពេល​ដែល​ការ​តវ៉ា​រឿង​បញ្ហា​ដី​ធ្លី និង​ការកាប់បំផ្លាញ​ព្រៃឈើ​បាន​កក្រើក​ឡើងវិញ។

សូម​បញ្ជាក់​ជូន​ថា បញ្ហា​ព្រៃឈើ និង​បញ្ហា​ដី​ធ្លី រួម​ទាំង​ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច បាន​ក្លាយ​ជា​ជំងឺមហារីក នៅ​កម្ពុជា ​ដែល​បាន​ទាញ់​ទម្លាក់​ប្រជាប្រិយភាព​របស់​គណបក្ស​កាន់​អំណាច ក្នុង​ការ​បោះឆ្នោត​អាណត្តិ​ទី​៥​កន្លង​ទៅ​នេះ។

យ៉ាង​ណា​ក៏​ដោយ ការ​ចេញ​បទបញ្ជា​ណែនាំ​របស់​រដ្ឋាភិបាល​នៅ​ពេលនេះ គឺ​ជា​ការ​បង្ហាញ​ការ​យក​ចិត្ត​ទុក​ដាក់​របស់​រដ្ឋាភិបាល ប៉ុន្តែ​ ប្រជាពលរដ្ឋ​កម្ពុជា​ទាំងមូល កំពុង​ទន្ទឹង​រង់​​ចាំមើល​លទ្ធផល​​នៃ​ការ​អនុវត្ត​ន៍​ប្រកប​ផ្លែ​ផ្លា​ ចេញ​ពី​សេចក្តី​សម្រេច របស់​ក្រសួង​ទាំង​ពីរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ