អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

តើ​កម្ពុជា​អាច​ផ្តល់​ជម្រក​ដល់​រដ្ឋាភិបាល​និរទេស​របស់​លោក​ថាក់ស៊ីន​បាន​ឬ​ទេ?​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ខណៈពេលដែល​ពួកយោធា​កំពុង​ក្តោ​ម​ក្តាប់​អំណាច​នៅក្នុង​ប្រទេស​ថៃ និង​ក្នុងខណៈដែល​គេ​មើលឃើញថា អ្នកនយោបាយ​ត្រកូល​ស៊ីណាវ៉ាត្រា​កំពុង​ត្រូវបាន​គេ​កាច់ធ្មុង​និង​ចង់​ផាត់​ចោល​ពី​ឆាកនយោបាយ​នោះ មាន​ព័ត៌មាន​លេច​លឺថា លោក​ថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីត​នាយករដ្ឋមន្ត្រី​ដែល​ត្រូវ​ពួកយោធា​ទម្លាក់​ចេញពី​អំណាច​កាលពី​ឆ្នាំ ២០០៦ មានបំណង​ចង់​បង្កើត​រដ្ឋាភិបាល​និរទេស​មួយ​នៅឯ​ក្រៅប្រទេស។ ដោយយោង​លើ​ទំនាក់ទំនង​ដ៏​ជិតស្និទ្ធ​រវាង​លោក​ថាក់ស៊ីន​និង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន មានមតិ​ខ្លះ​សង្ស័យថា កម្ពុជា​អាចជា​ជម្រើស​មួយ​របស់លោក​ថាក់ស៊ីន​ក្នុង​ការបង្កើត​រដ្ឋាភិបាល​និរទេស។ តើ​កម្ពុជា​អាច​ផ្តល់​ជម្រក​ដល់​រដ្ឋាភិបាល​និរទេស​ណាមួយ​បានដែរ​ឬទេ?

នាយក​រដ្ឋមន្ត្រី​កម្ពុជា​ទទួល​លោក​ថាក់ស៊ីន និង​មេដឹកនាំ​ក្រុម​អាវក្រហម​ថៃ
នាយក​រដ្ឋមន្ត្រី​កម្ពុជា​ទទួល​លោក​ថាក់ស៊ីន និង​មេដឹកនាំ​ក្រុម​អាវក្រហម​ថៃ
ផ្សាយពាណិជ្ជកម្ម

 

មិន​ថា​ជម្លោះ​ដែនដី​រវាង​ចិន​និង​វៀតណាម​ឬក៏​ជម្លោះផ្ទៃក្នុង​របស់​ប្រទេស​ថៃ​នោះទេ ចំហាយ​នៃ​ជម្លោះ​ទាំងនោះ​សុទ្ធតែ​បាន​ជះ​មកលើ​កម្ពុជា​ទាំងអស់​ទោះ​តិច​ឬ​ច្រើន ទោះជា​ដោយផ្ទាល់​ឬ​ដោយ​ប្រយោល​និង​សូម្បីតែ​ជា​រឿង​ដែល​មិនអាច​ទៅរួច​ក៏ដោយ។ ជាក់ស្តែង នៅពេលដែល​វៀតណាម​ផ្ទុះ​កំហឹង​ប្រឆាំង​ចិន​ដោយសារតែ​ជម្លោះ​ដែន​កោះ ជនជាតិ​ចិន​បាន​រត់​ប្រសាច​ចូលមក​កម្ពុជា។ កម្ពុជា​ក៏ត្រូវ​បាន​បណ្តាញ​ផ្សាយ​ព័ត៌មាន​លើក​យកទៅ​សរសេរ​និង​ធ្វើ​អត្ថាធិប្បាយ​យ៉ាង​គគ្រឹកគគ្រេង​ក្នុង​ភាព​ពាក់ព័ន្ធ​ក្នុង​ជម្លោះ​រវាង​ប្រទេស​ទាំងពីរ។

រឿង​វៀតណាម​និង​ចិន​មិនទាន់​ទាំង​ចប់​ផង រឿង​ថៃ​ក៏បាន​ផ្ទុះឡើង​ហើយក៏​បាន​ទាញ​កម្ពុជា​ឲ្យ​ជាប់​ពាក់ព័ន្ធ​សារជាថ្មី។ ក្រៅពី​ផលប៉ះពាល់​ដោយផ្ទាល់​ខាង​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​ក្តី​ព្រួយបារម្ភ​អំពី​បញ្ហា​ព្រំដែន ព័ត៌មាន​ស្តីពី​ការបង្កើត​រដ្ឋាភិបាល​និរទេស​របស់លោក​ថាក់ស៊ីន​ក៏បាន​លេចឡើង​ព្រោងព្រាត​តាម​បណ្តាញ​ផ្សាយ​ព័ត៌មាន​ក្នុងស្រុក​និង​ក្រៅ​ស្រុក។

បើទោះជា​កម្ពុជា​មិនទាន់​បានទទួល​សំណើ​ណាមួយ​បែបនេះ​ក៏ដោយ ប៉ុន្តែ ទំនាក់ទំនង​ផ្ទាល់ខ្លួន​ដ៏​ជិតស្និទ្ធ​រវាង​លោក​ថាក់ស៊ីន​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានជា​នាំ​ឲ្យ​មតិ​ខ្លះ​សង្ស័យ​បើទោះជា​មិនអាច​ទៅរួច​ថា កម្ពុជា​អាច​ផ្តល់​ជម្រក​ដល់​រដ្ឋាភិបាល​និរទេស​របស់លោក​ថាក់ស៊ីន។ ការសង្ស័យ​បែបនេះ​បាន​កើតឡើង​បន្ទាប់ពី​ប្រភព​ស្និទ្ធ​នឹង​លោក​ថាក់ស៊ីន​បាន​បង្ហើប​ពី​លទ្ធភាព​បង្កើត​រដ្ឋាភិបាល​និរទេស​មួយ​របស់​អតីត​នាយករដ្ឋមន្ត្រី​ថៃ​ដែល​ក្រុម​យោធា​ទម្លាក់​ចេញពី​តំណែង។

ប៉ុន្តែ ទាំង​នៅលើ​ទិដ្ឋភាព​ច្បាប់​កម្ពុជា ទាំង​ក្នុង​ក្របខណ្ឌ​តំបន់ និង​ទាំង​លើ​ទិដ្ឋភាព​សីលធម៌​និង​ផលប្រយោជន៍​ជាតិ វា​គឺជា​រឿង​ដែល​មិនអាច​ទៅរួច​ទាល់តែសោះ​ដែលថា​កម្ពុជា​អាច​ផ្តល់​ជម្រក​ដល់​រដ្ឋាភិបាល​និរទេស​របស់លោក​ថាក់ស៊ីន​ឬ​រដ្ឋាភិបាល​និរទេស​របស់​ជនជាតិ​ណាមួយ​ផ្សេង​បានឡើយ។ រដ្ឋធម្មនុញ្ញ​ដែលជា​ច្បាប់កំពូល​របស់​កម្ពុជា​ត្រង់​មាត្រា៥៣ ​ចែងថា​៖​ «កម្ពុជា​ប្រកាន់ខ្ជាប់​ជានិច្ច​នូវ​នយោបាយ​អព្យាក្រឹត អចិន្ត្រៃយ៍ និង មិន​ចូលបក្ស​សម្ព័ន្ធ។ កម្ពុជា រួមរស់​ដោយ​សន្តិ​សហ​វិជ្ជមាន​ជាមួយ​ប្រទេសជិតខាង និង ប្រទេស​ដទៃទៀត​ទាំងអស់​នៅលើ​សកលលោក។

កម្ពុជា​មិន​ឈ្លានពាន​ប្រទេស​ណា​ដាច់ខាត មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃ​ក្នុងនៃ​ប្រទេស​ដទៃ​ទោះជា​ដោយផ្ទាល់​ឬ​ដោយ​ប្រយោល និង​ដោះស្រាយ​រាល់​បញ្ហា​ដោយ​សន្តិវិធី​និង​គោរព​ផលប្រយោជន៍​ផង​គ្នា​ទៅវិញ​មក។ កម្ពុជា​ក៏​មិន​ចងសម្ព័ន្ធ​យោធា ឬ ចូលក្នុង​កិច្ចព្រមព្រៀង​យោធា​ណាមួយ​ដែល​មិន​ស្រប​នឹង​អព្យាក្រឹតភាព​របស់ខ្លួន​ឡើយ។ កម្ពុជា​មិន​អនុញ្ញាត​ឲ្យ​មាន​មូលដ្ឋាន​យោធា​បរទេស​នៅលើ​ទឹកដី​របស់ខ្លួន​ហើយក៏​មិន​អនុញ្ញាត​ឲ្យ​មាន​មូលដ្ឋាន​យោធា​របស់ខ្លួន​នៅ​បរទេស​ដែរ លើកលែងតែ​ក្នុង​ក្របខណ្ឌ​នៃ​សំណូមពរ​របស់​អង្គការ​សហប្រជាជាតិ...»។ សរុប​ដោយ​ខ្លី ច្បាប់កំពូល​របស់​កម្ពុ​ជា​មិន​អនុញ្ញាត​ឲ្យ​កម្ពុជា​ទទួល​រដ្ឋាភិបាល​និរទេស​ណាមួយ​នៅលើ​ទឹកដី​របស់ខ្លួន​ទេ។

នៅក្នុង​ក្របខណ្ឌ​តំបន់​វិញ ក្នុងនាម​ជា​សមាជិក​របស់​អាស៊ាន កម្ពុជា​ក៏​មិនអាច​លូកដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​ណាមួយ​ខុសពី​គោលការណ៍​របស់​អាស៊ាន​បានដែរ។ ដោយ​ឈរលើ​ផលប្រយោជន៍​ជាតិ កម្ពុជា​រឹតតែ​មិនអាច​ប្រកាន់​ជំហរ​ណាមួយ​ដែល​បង្ក​ភាព​ប្រទូសរ៉ាយ​ជាមួយ​រដ្ឋាភិបាល​ប្រទេសជិតខាង​បានទេ។ ក្នុងន័យនេះ គេ​ជឿជាក់ថា​គ្មាន​មេដឹកនាំ​ខ្មែរ​ណា​មិន​យល់​ពី​បញ្ហា​នេះហើយ​សុខចិត្ត​ទទួលយក​រដ្ឋាភិបាល​និរទេស​របស់លោក​ថាក់ស៊ីន​នៅលើ​ទឹកដី​របស់ខ្លួន​បានឡើយ។ នេះ​ជា​ភាពច្បាស់លាស់​ដែល​មិនគួរ​មានការ​សង្ស័យ។

ពិតណាស់ថា ទំនាក់ទំនង​រវាង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជាមួយ​លោក​ថាក់ស៊ីន​ជា​ទំនាក់ទំនង​ដែលមាន​លក្ខណៈ​ស៊ីជម្រៅ ប៉ុន្តែ វា​គ្រាន់តែ​ជា​ទំនាក់ទំនង​បុគ្គល​ផ្ទាល់ខ្លួន​តែប៉ុណ្ណោះ​ដែល​គេ​មិនអាច​យក​បញ្ហា​ប្រទេសជាតិ​ទៅ​ពាក់ព័ន្ធ​ជាមួយ​បានឡើយ។

ម្យ៉ាងទៀត ឆ្លងកាត់​ជម្លោះផ្ទៃក្នុង​និង​សង្គ្រាមស៊ីវិល​រាប់​ទសវត្សរ៍​រហូតដល់​ប្រទេសជាតិ​ធ្លាក់​ក្នុង​របប​វាលពិឃាត​ខ្មែរក្រហម​កាលពី​ចន្លោះ​ឆ្នាំ ១៩៧៥ ដល់ ១៩៧៩ មេដឹកនាំ អ្នកនយោបាយ និង​ពលរដ្ឋ​ខ្មែរ​ពិតជា​បាន​ភ្លក់​រស់ជាតិ​ល្វីង​ជូរចត់​គ្រប់គ្រាន់​និង​ស្គាល់​បញ្ហា​ជាង​ប្រទេសជិតខាង​ទៅទៀត។ គឺ​បញ្ហា​ដែល​កើតចេញពី​កំហុសឆ្គង​នយោបាយ​ផ្ទៃក្នុង​និង​នយោបាយ​ការ​ទេស​របស់​កម្ពុជា។

សរុប​មកវិញ កម្ពុជា​មិនអាច​ទទួលយក​រដ្ឋាភិបាល​និរទេស​របស់លោក​ថាក់ស៊ីន​ឬ​រដ្ឋាភិបាល​និរទេស​ណាមួយ​ផ្សេង​ក៏ដោយ​ឲ្យ​បោះទីតាំង​នៅលើ​ទឹកដី​រប​ស់​ខ្លួន​បានទេ។ គេ​ក៏​ជឿជាក់​ដែរ​ថា គ្មាន​អ្នកនយោបាយ​ឬ​មេដឹកនាំ​ខ្មែរ​ណា​ហ៊ាន​យក​ល្បែង​ដ៏​គ្រោះថ្នាក់​នេះ​មកលេង​ដូច«សត្វ​មមាច​មិន​ស្គាល់​ភ្លើង»ទៀត​នោះឡើយ៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ