អានតួអត្ថបទ
កម្ពុជា

សម្ព័ន្ធ​អង្គការ​ចំនួន ២១ ព្រួយ​បារម្មណ៍ ចំពោះ​ការ​បញ្ជូន​ជន​ភៀស​ខ្លួនពី​អូស្ត្រាលី​មក​កម្ពុជា​

សម្ព័ន្ធ​អង្គការ​ចំនួន ២១ ដែលមាន​ឈ្មោះថា គណៈកម្មាធិការ​ប្រព្រឹត្តិ​កម្ម​នៃ​អង្គការ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា ដែល​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ នៅ​ថ្ងៃ​ទី​៤ មិថុនា​នេះ បាន​រិះគន់​ខ្លាំង ដល់​ការ​ព្រមព្រៀង (​ដែល​មិន​ទាន់​សម្រេច) បញ្ជូន​ជនភៀស​ខ្លួន​ពីអូស្ត្រាលី​មក​កាន់​កម្ពុជា។ បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស និង​ភាព​ក្រីក្រ នៅ​កម្ពុជា គឺ​ជា​ការ​ព្រួយ​បារ​ម្មណ៍​ជាងគេ។ ប៉ុន្តែ​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​បាន​បញ្ជាក់​ថា កម្ពុជា​មិនមាន​ផលប៉ះពាល់​ពី​ការផ្តល់​សិទ្ធិ​​ជ្រក​កោន​នោះ​ទេ។

លោក ហោ ណាំហុង រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា និង​លោកស្រី ជូលី ប៊ីស្សប (Julie Bishop) រដ្ឋមន្ត្រី​ការបរទេស​អូស្ត្រាលី ក្នុង​សន្និសីទ​សារព័ត៌មាន​រួម កាលពី​ថ្ងៃ​ទី២២ ខែកុម្ភៈ ឆ្នាំ២០១៤។
លោក ហោ ណាំហុង រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា និង​លោកស្រី ជូលី ប៊ីស្សប (Julie Bishop) រដ្ឋមន្ត្រី​ការបរទេស​អូស្ត្រាលី ក្នុង​សន្និសីទ​សារព័ត៌មាន​រួម កាលពី​ថ្ងៃ​ទី២២ ខែកុម្ភៈ ឆ្នាំ២០១៤។
ផ្សាយពាណិជ្ជកម្ម

ខណៈដែល​រដ្ឋាភិបាល​ក​ម្ពុ​ជា និង​រដ្ឋា​ភិ​បាល​អូស្ត្រាលី កំពុងតែធ្វើការ​ឆ្ពោះទៅរក​កិច្ច​ព្រមព្រៀង​​​បញ្ជូន​​ជនភៀសខ្លួនពី​អូស្ត្រាលី​មកកាន់​កម្ពុជា  កា​រិះគន់​បានកើត​ឡើងជា​ហូរហែ​ បើទោះបីជា​មិនទាន់មាន​កិច្ចព្រមព្រៀង​ផ្លូវ​ការ​ណាមួយ​នៅឡើយ។ នៅ​ថ្ងៃ​ពុធ​នេះ សម្ព័ន្ធ​អង្គការ​ចំនួន​២១ បាន​លើកឡើងថា កម្ពុជា​ដែលជា​ប្រទេស​មាន​ប្រវត្តិ​រំលោភសិទ្ធិ​មនុស្ស ហើយ​ក្រីក្រ​ទៀត​នោះ ​គឺ​មិនមែនជា​កន្លែង​មាន​សុវត្ថិភាព​សម្រាប់​ជនភៀសខ្លួន​នោះទេ។

ក្នុង​សេចក្តី​ថ្លែង​ការដែល​មាន​ចំនួន​បី​ទំព័រ សម្ព័ន្ធ​អង្គការ​បាន​រិះគន់ខ្លាំងៗតែម្តង​លើ​រដ្ឋាភិបាល​​អូស្ត្រាលី​ថា “កំពុងតែ​គេចចេញ​ពី​ការទទួលខុសត្រូវ និង​កាតព្វកិច្ច​របស់ខ្លួន នៅក្រោម​អនុសញ្ញា​​ជនភៀសខ្លួន ហើយ​ទំលាក់​ទៅឱ្យ​ប្រទេស​ក្រីក្រ។

ក្រុម​អង្គ​ការដែល​ធ្វើការ​ងា​រលើប​ញ្ហា​សិទ្ធិ​មនុស្ស​ទាំងនេះ បាន​គូសបញ្ជាក់ថា ប្រទេស​កម្ពុជា មិនមាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការផ្តល់​កិច្ចកា​រ​ការពារ​ផ្លូវច្បាប់ និង​រាងកាយ​ដែល​រូ​ម​សិទ្ធិ​ពលរដ្ឋ​​ក្នុង​នយោបាយ សេដ្ឋកិច្ច សង្គម និង​វប្បធម៌​នោះឡើយ។ បើតាម​ឧ​ត្ត​ម​ស្នងការ​សហ​ប្រជា​ជាតិ​​ ទ​ទួល​បន្ទុក​ជនភៀសខ្លួន (UNHCR) ប្រទេស​ដែល​ផ្តល់​ជម្រក​ដល់​ជនភៀសខ្លួន​បន្ទាប់ គួរ​មាន​ល័ក្ខ​ខ័​ណ្ឌ​ស្រដៀង ឬ​ប្រហាក់ប្រហែល​ទៅនឹង​ប្រទេស​ដែល​ជនភៀសខ្លួន​កំពុង​ស្នាក់​នៅ។

ក្រុម​អង្គការ​ដដែល​នេះ បាន​ចោទប្រកាន់​កម្ពុជា​ថា បាន​បង្ក្រាប​លើ​ការប្រមូលផ្តុំ និង​ការ​បញ្ចេញ​​មតិ រួមទាំង​អំពើពុករលួយ។ ដោយឡែក ​​ការចាប់​បញ្ជូន​ជនជាតិ​ចិន​អ៊ុយ​ហ្គួ​​​ទៅឱ្យ​ចិន និង​ការបញ្ជូន​សង្ឃ​កម្ពុជា​ក្រោម​ ​ទៅឱ្យ​វៀតណាម​វិញ​នោះ ក៏​ជាល​ឡ្ហី​ករ​ណ៍​ផងដែរ។ ក្រៅពីនេះ ការសន្យា​ផ្តល់ជំនួយ​ប្រមាណ​ពី៤០ទៅ៨០លាន​ដុល្លារ​អាមេរិក​ ក៏​ដើម្បី​ជា​ថ្នូរ​ក្នុង​ការ​ផ្តល់​ជម្រក​ដល់​ជនភៀសខ្លួន​ពី​អូស្ត្រាលី​ផងដែរ។

បើតាម​សម្ព័ន្ធ​អង្គការ​ទាំង២១ អូស្ត្រាលី​គ្រោង​នឹង​បញ្ជូន​ជនភៀសពី​ប្រទេស​ខ្លួន​ប្រមាណ​១​ពាន់​​នាក់​​មកកាន់​កម្ពុជា។ ប៉ុន្តែ​អ្នកនាំពាក្យ​ក្រសួងការបរទេស កម្ពុជា លោក កុយ គួ​ង​ បាន​ច្រាន​ចោល​​ពី​​ចំនួន​ទាំងនេះ ហើយ​អះអាងថា ប្រទេស​ទាំងពីរ​នៅ​មិនទាន់​ឈានដល់​ល័ក្ខ​ខ័​ណ្ឌ​ព្រមព្រៀង​នៅឡើយ​នោះទេ។ កុំថាឡើយ​ចំនួន​ជនភៀសខ្លួន​នោះ។ លោក កុយ គួ​ង បាន​អះអាងថា ការ​ទ​ទូល​យក​ជនភៀសខ្លួនពី​អូស្ត្រាលី គឺ​មិនបាន​ប៉ះពាល់​ដល់​ប្រយោជន៍​កម្ពុជា​នោះទេ ទាំង​សេដ្ឋកិច្ច និង​សង្គម។

បើទោះបីជា​បែបណាក៏ដោយ គណៈកម្មាធិការ​ប្រព្រឹត្តិ​កម្ម បាន​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​អូស្ត្រាលី​​ពិចារណា​ឡើងវិញ ពីព្រោះ​ពួកគេ​យល់ថា​អ្នក​ដែល​ទទួលបាន​ផលប្រយោជន៍​ពី​កិច្ចព្រមព្រៀង​បញ្ជូន​មនុស្ស​នេះ គឺ​រដ្ឋាភិបាល​អូស្ត្រាលី និង​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ