អានតួអត្ថបទ
កម្ពុជា

សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម​ថ្កោលទោស ​ការ​អះអាង​របស់​អ្នក​នាំ​ពាក្យស្ថាន​ទូត​វៀតណាម​

សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម នៅ​ថ្ងៃ​សៅ​រិ៍​ទី៧មិថុនា​នេះ បានចេញ​សេចក្តីថ្លែងការណ៍​មួយ ដោយបាន​ថ្កោលទោស​ចំពោះ​ការលើកឡើង​របស់លោក ត្រឹង វ៉ាន់​ថុង អ្នកនាំពាក្យ​ស្ថានទូត​វៀតណាម​ប្រចាំ​នៅ​កម្ពុជា​ដែល​បាន​អះអាងថា បារាំង​មិនបាន​កាត់​ទឹកដី​ខ្មែរ​កម្ពុជា​ក្រោម​អោយ​វៀតណាម​នោះទេ តែ​ទឹកដី​កម្ពុជា​ក្រោម​ជា​របស់​វៀតណាម​តាំងពី​យូរយារ​ណាស់​មកហើយ ។ ការអះអាង​បែបនេះ ត្រូវបាន​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម​ចាត់ទុកថា ជាការ​បំភ្លៃ​ប្រវត្តិសាស្ត្រ។

ព្រះសង្ឃខ្មែរកម្ពុជាក្រោម។
ព្រះសង្ឃខ្មែរកម្ពុជាក្រោម។
ផ្សាយពាណិជ្ជកម្ម

ប្រតិកម្ម​របស់​សហគម​ន៍​ខ្មែរ​កម្ពុជា​ក្រោម បាន​កើតឡើង​មួយថ្ងៃ​ប៉ុណ្ណោះ ក្រោយពី​អ្នកនាំ​ពាក្យ​​ស្ថានទូត​វៀតណាម លោក ត្រឹង វ៉ាន់​ថុង បាន​អះអាង​ប្រាប់​វិទ្យុ​បរទេស​ផ្សាយ​ជា​ខេមរៈ​ភាសា​​កាលពី​ថ្ងៃទី៦មិថុនា​ថា “បារាំង​មិនបាន​កាត់​ទឹកដី​ខ្មែរ​កម្ពុជា​ក្រោម​អោយ​វៀតណាម​​នោះទេ តែ​ទឹកដី​កម្ពុជា​ក្រោម​ជា​របស់​វៀតណាម​តាំងពី​យូរយារ​ណាស់​មកហើយ និង​ថា ព័ត៌មាន​បាត់បង់​ទឹកដី​គ្មានអ្វី​ជា​មូលដ្ឋាន​ទេ គ្មានអ្វី​ជា​ភស្តុតាង​ទេ។

ក៏ប៉ុន្តែ​ក្នុង​សេចក្តីថ្លែងការណ៍​របស់​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម​នៅ​ថ្ងៃទី៧ខែមិថុនា​នេះ បាន​លើកឡើងថា "ការ​ថ្លែង​ក្នុងនាម​រដ្ឋាភិបាល​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​បែបនេះ គឺជា​​ចេតនា​បំភ្លៃ​ការពិត​នៃ​ប្រវត្តិសាស្ត្រ និង​ជាការ​បញ្ឈឺ​ឲ្យ​ប្រជារាស្ត្រ​ខ្មែរ ឈឺចាប់​ដោយ​ចេតនា។ គ្មាន​អ្នកប្រវត្តិសាស្ត្រ​ណា​ម្នាក់​បដិសេធថា ទឹកដី​កម្ពុជា​ក្រោម មិនមែនជា​ទឹកដី​របស់​ខ្មែរ​នោះទេ។ តាមរយៈ​សេចក្តីថ្លែងការណ៍ លោក ថាច់ សេដ្ឋា ដែលជា​ប្រធាន បាន​ថ្កោល​ទោស​​ដាច់​អ​ហ័​ង្កា​រ រាល់​ការ​ថ្លែង​ណាមួយ​ដោយ​បំភ្លៃ​ការពិត​នៃ​ប្រវត្តិសាស្ត្រ ដែលមាន​ចេតនា អុជអាល​បង្កអោយមាន​អំពើហិង្សា ឬ​ការរើសអើង​ពូជសាសន៍ ដោយសារតែ​ប្រវត្តិសាស្ត្រ​អតីតកាល។

អ្វី​ជាការ​កត់សំគាល់ បញ្ហា​ទឹកដី​កម្ពុជា​ក្រោម កំពុង​ក្លាយជា​ប្រធានបទ​ក្តៅ​មួយ សំរាប់​អ្នកនយោបាយ​ខ្មែរ​បច្ចុប្បន្ន និង​កំពុង​ទទួលបាន​ការចាប់​អារម្មណ៍​យ៉ាង​ផុសផុល​ពី​សំណាក់​យុវជន។ ជាក់ស្តែង​នៅក្នុង​ការ​ប្រារព្ធ​ខួប​លើក​ទី៦៥នៃ​ការបាត់បង់​ទឹកដី​កម្ពុជា​កាលពី​ថ្ងៃទី៤មិថុនា​កន្លងទៅ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក សម រង្ស៊ី និង​លោក កឹម សុខា បានលើកឡើង​ពី​ការសន្យា​កំណត់​យក​ថ្ងៃទី៤មិថុនា​ជា​ថ្ងៃបុណ្យ​ជាតិ និង​អនុញ្ញាតអោយ​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​អាច​ឆ្លងដែន​មកកាន់​ប្រទេស​កម្ពុជា ដោយ​សេរី និង​មិនចាំបាច់​មាន​លិខិតឆ្លងដែន​នោះទេ។ ប៉ុន្តែ​ការ​ថ្លែង​បែបនេះ ត្រូវ​បានទទួល​ប្រតិកម្ម​ពី​មន្ត្រី​រដ្ឋាភិបាល​ថា ជាការ​កេងចំណេញ​នយោបាយ​រប​ស់​បក្សប្រឆាំង។  

គួររំលឹកថា ប្រទេស​បារាំង​បាន​កាត់​ទឹកដី​ខ្មែរ​កម្ពុជា​ក្រោម២១ខេត្ត ទៅអោយ​អាជ្ញាធរ​វៀតណាម​ត្រួតត្រា កាលពី​ថ្ងៃទី៤ខែមិថុនា​ឆ្នាំ១៩៤។ ជា​ថ្ងៃ​ដែល​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម តែងតែ​ប្រារព្ធ​ខួប​នៃ​ការបាត់បង់​ទឹកដី​កម្ពុជា​ក្រោម​ជា​រៀងរាល់ឆ្នាំ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ