អានតួអត្ថបទ
កម្ពុជា

ពលករខ្មែរ​​ដែល​​សំរុក​ចាក​ចេញ​ពី​ប្រទេស​ថៃ​នៅ​ថ្ងៃ​សៅរិ៍​នេះ​ កើន​ឡើង​ទ្វេ​ដង​

នៅ​ថ្ងៃ​សៅ​រិ៍​នេះ ចំនួន​ពលករ​ខ្មែរ​ដែល​អាជ្ញាធរ​ថៃ​បាន​ចាប់បញ្ជូន​មកកាន់​ប្រទេស​កម្ពុជា​វិញ​បាន​កើនឡើង​ទ្វេដង បើ​ប្រៀបធៀប​ទៅនឹង​ថ្ងៃ​ម្សិល​មិញ។ បើតាម​អភិបាលខេត្ត​បន្ទាយមានជ័យ គិត​តាំងពី​ថ្ងៃទី៦មិថុនា​មក ពលករ​ខ្មែរ​ចំនួន​ជាង៨ម៉ឺន​នាក់​ហើយ ដែល​ត្រូវបាន​រដ្ឋាភិបាលយោធា​ថៃ​ចាប់បញ្ជូន​មកកាន់​ប្រទេស​កម្ពុជា។ ហើយ​ការចាប់​បញ្ជូន​នៅតែមាន​ជា​បន្តបន្ទាប់។

កម្មករ​ចំនាកស្រុក នៅ​ប្រទេសថៃ ​​ត្រូវ​បាន​ចាប់បញ្ចូន​មក​ប្រទេសកម្ពុជាវិញ។
កម្មករ​ចំនាកស្រុក នៅ​ប្រទេសថៃ ​​ត្រូវ​បាន​ចាប់បញ្ចូន​មក​ប្រទេសកម្ពុជាវិញ។ @Facebook
ផ្សាយពាណិជ្ជកម្ម

មាន​ពលករ​ខ្មែរ​ជិត៨ម៉ឺន​នាក់​ហើយ ដែល​ត្រូវបាន​អាជ្ញាធរ​ថៃ ចាប់បញ្ជូន​មកកាន់​ប្រទេស​កម្ពុជា​វិញ តាម​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​តាំងពី​ថ្ងៃទី៦មិថុនា​មក ហើយ​ចំនួន​នៃ​ការចាប់​បញ្ជូន​នេះ បាន​កើនឡើង​ទ្វេ​​ដង​នៅ​ថ្ងៃ​សៅ​រិ៍​នេះ។ នេះ​បើតាម​ការបញ្ជាក់​ពី​លោក គោ ស៊ុំ​សារឿ​ត អភិបាលខេត្ត​បន្ទាយមានជ័យ។

លោក​អភិបាល​បាន​បញ្ជាក់ថា គិត​ត្រឹម​រសៀល​ថ្ងៃទី១៤មិថុនា​នេះ ពលករ​ខ្មែរ​នៅតែ​ត្រូវបាន​អាជ្ញាធរ​ថៃ​ចាប់បញ្ជូន​មកជា​បន្តបន្ទាប់។ ហើយ​ឆ្លើយតប​ទៅនឹង​បញ្ហា​នេះ អាជ្ញាធរខេត្ត​បាន​ប្រើប្រាស់​កំលាំង​ប៉ូលិស កងរាជអាវុធហត្ថ និង​សមត្ថ​កិច្ចការពារ​ព្រំដែន​ជាង៣០០នាក់​ដើម្បី​សម្របសម្រួល និង​ចាំ​ទទួលយក​ពួកគេ​នៅឯ​ព្រំដែន​ប៉ោយប៉ែត រួមទាំង​កំលាំង​មនុស្សធម៌​មកពី​ស្ថា​ប័ន​​ផ្សេងទៀត ហើយ​ជាមួយគ្នានេះដែរ រថយន្តយោធា​ចំនួន​ជាង៣០០គ្រឿង​ក៏​​ត្រូវបាន​ប្រើប្រាស់​សំរាប់​ដឹកជញ្ជូន​ពលករ​ខ្មែរ​ទាំងនោះ ទៅកាន់​ស្រុកកំណើត​របស់​ពួកគេ​ផងដែរ។  

សូមបញ្ជាក់ថា កាលពី​រសៀល​ថ្ងៃទី១៣មិថុនា​ម្សិល​មិញ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​​​វិជ្ជាជីវៈ​ ​លោក អ៊ិត សំហេង បាន​កត់ត្រា​ថា ថៃ​បាន​បញ្ជូន​ពលករ​កម្ពុ​ជា​ភាគច្រើន​ជា​ពលករ​​ខុសច្បាប់ វិល​ត្រលប់​មកវិញ​ចំនួន៤៣.៦០០នាក់ ក្នុងនោះ នៅ​ប៉ោយប៉ែត មាន​ច្រើន​ជាងគេ រហូតដល់ ៣៣.៥០០ នាក់។ក្រៅពីនោះ មាននៅ​ខេត្តបាត់ដំបង ៧៥០០ នាក់ ឧ​ត្ត​រ​មានជ័យ ១១២៥ នាក់ ប៉ៃលិន​ជាង ១០០ នាក់ និង​នៅ​ខេត្តកោះកុង​មួយ​ចំនួន​ទៀត។

ដោយឡែក អភិបាលខេត្ត​បន្ទាយមានជ័យ លោក គោ ស៊ុំ​សារឿ​ត បាន​អះអាង​នៅ​ថ្ងៃ​សៅរ៍​នេះ​​ថា ចំនួន​ពលករ​ខ្មែរ​ដែល​ថៃ​បាន​ចាប់បញ្ជូន​មកកាន់​ប្រទេស​កម្ពុជា​វិញ ​តាំងពី​ថ្ងៃទី៦មិថុនា​មក បាន​កើន​ឡើងដល់៨ម៉ឺន​នាក់​ហើយ។ បើតាម​តួលេខ​របស់​រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ពលករ​កម្ពុជា​ដែល​ចូលធ្វើការ​ក្នុងប្រទេស​ថៃ សព្វថ្ងៃ មាន​ចំនួន​សរុប​ប្រមាណ​ជិត ២០ ម៉ឺន​នាក់ ហើយ​ភាគច្រើន​ជា​ពលករ​ខុសច្បាប់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ