អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

វិបត្តិ​ទី​ផ្សារ​ការងារ​កម្ពុជា ទាមទារ​ត្រូវ​ដោះស្រាយ​ឲ្យ​ដល់​ឫស​គល់​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ខណៈ​ដែល​និស្សិត​ជា​ច្រើន បាន​ត្អូញ​តែ្អរ​ពី​កង្វះ​ការងារ​ធ្វើ ឥឡូវ​នេះ ពលករ​ចំណាក​ស្រុក​ជាច្រើន​សែន​នាក់ កំពុង​ត្រូវ​ការ​ការងារ​ធ្វើ​ជា​បន្ទាន់​ដែរ។ ស្ថានភាព​នេះ ហាក់​បង្ហាញ​ថា​កម្ពុជា​​កំពុង​ខ្វះ​ការងារ​ធ្វើ​យ៉ាង​ខ្លាំង។ ប៉ុន្តែ នៅ​ឯ​ជ្រុង​ម្ខាង​ទៀត ម្ចាស់​ក្រុមហ៊ុន​ជា​ច្រើន​បែរ​ជា​ត្អូញត្អែរ​អំពី​កង្វះ​កម្លាំង​ពលកម្ម និង​ធនធាន​មនុស្ស​សម្រាប់​ធ្វើ​ការងារ​ទៅ​វិញ។ នេះ​បង្ហាញ​ឲ្យ​ឃើញ​ថា​អ្នក​ចង់​បាន​ការងារ និង​អ្នក​ត្រូវ​ការ​បុគ្គលិក ហាក់​កំពុង​វង្វេង​រក​គ្នា​មិន​ឃើញ។ ម្យ៉ាង​ទៀត គុណភាព​ធនធាន​មនុស្ស ដែល​មាន​កម្រិត​ក៏​ជា​ចំណោទ​មួយ​ទៀត​ដែរ។ ទាំងនេះ ជា​ឫស​គល់​មួយចំនួន​នៃ​វិបត្តិ​ការងារ នៅ​កម្ពុជា ដែល​ត្រូវ​ដោះស្រាយ​ជា​ចាំបាច់។

និស្សិតទទួលសញ្ញាបត្របញ្ចប់សិក្សានៅកម្ពុជា​។
និស្សិតទទួលសញ្ញាបត្របញ្ចប់សិក្សានៅកម្ពុជា​។ រូបថតសហការី
ផ្សាយពាណិជ្ជកម្ម

 

បច្ចុប្បន្ន និស្សិត​ចេញពី​សកល​វិទ្យាល័យ​ជាច្រើន​ពិបាក​រក​ការងារ​ធ្វើ​ឲ្យ​ត្រូវ​តាម​ជំនាញ​របស់ខ្លួន។ អ្នកខ្លះ​ទៀត​អាច​រក​ការងារ​បានតែ​ទទួលបាន​ប្រាក់ខែ​តិចតួច​ប៉ុណ្ណោះ​បើ​ធៀប​នឹង​សញ្ញាបត្រ។ យុវជន​មួយចំនួនទៀត​ដែល​បាន​រៀន​ចប់​ថ្នាក់​បរិញ្ញាបត្រ ឬ​រហូតដល់​បរិញ្ញាបត្រ​​ជាន់ខ្ពស់​ក៏មានដែរ បានសម្រេច​ចិត្ត​ទុក​សញ្ញាបត្រ​មួយ​ឡែក​សិន ហើយ​ងាក​ទៅ​ចាប់យក​ការងារ​មួយ​ដែល​មិន​ទាក់ទង​ទាល់តែ​សោះនឹង​មុខជំនាញ​ដែល​ខ្លួន​បាន​រៀន។

ចំណែក​ពលករ​ខ្មែរ​ជាច្រើន​សែន​នាក់​អាជ្ញាធរ​ថៃ​ចាប់បញ្ជូន​ត្រឡប់មកវិញ​ក៏​កំពុង​ត្រូវការ​ការងារ​ជាបន្ទាន់​ដើម្បី​ចិញ្ចឹមជីវិត​ដែរ។ ប៉ុន្តែ នៅ​ជ្រុង​ម្ខាង​ទៀត ម្ចាស់​ក្រុមហ៊ុន និង​សហ​គ្រាស​​ឯកជន​ជាច្រើន​បែរជា​ត្អូញត្អែរ​អំពី​កង្វះ​កម្លាំង​ពលកម្ម​និង​ធនធានមនុស្ស​សម្រាប់ធ្វើ​ការ​ទៅវិញ។ តើ​នេះ​មានន័យថា កម្ពុជា​ខ្វះខាត​ធនធានមនុស្ស​ឬក៏​ខ្វះ​ការងារ​ធ្វើ?

ជាការ​ពិតណាស់ និយាយ​ពី​ទីផ្សារការងារ គេ​ត្រូវ​គិតដល់​មនុស្ស២ក្រុម៖ ទី១គឺ​អ្នក​ដែល​ធ្វើការ​ដោយ​ប្រើ​កម្លាំង​ពលកម្ម​និង​ទី២អ្នក​ដែល​ធ្វើការ​ដោយ​ប្រើ​បញ្ញា​គឺ​ចង់​សម្តៅ​ទៅលើ​ធនធានមនុស្ស​ដែល​ចេញពី​សាលា។ នៅ​កម្ពុជា​បច្ចុប្បន្ន ទាំង​ពលករ​ទាំង​និស្សិត​ដែល​ទើប​បញ្ចប់​ការសិក្សា​មាន​ច្រើន​គ​គោក​ដែល​កំពុង​ស្វះ​ស្វែងរក​ការងារ​ធ្វើ។ ប៉ុន្តែ  មាន​ចំណោទ​សំខាន់​ពីរ​យ៉ាង​ដែល​កំពុង​កើតឡើង៖ ម្យ៉ាង​គឺ​រំហូរ​ព័ត៌មាន​រវាង​អ្នករក​ការងារ​ធ្វើ​និង​អ្នកត្រូវការ​បុគ្គលិក​នៅ​តូចចង្អៀត​ដែល​បង្កើតជា​ឧបសគ្គ​សម្រាប់​ភាគី​ទាំងពីរ​ជួបគ្នា។ រីឯ​ម្យ៉ាងទៀត​គឺ​មកពី​ធនធានមនុស្ស​មានតែ​បរិមាណ​តែ​ខ្វះ​គុណភាព។

ពលករ​ចំណាកស្រុក​បានផ្តល់​ចម្លើយដូចៗគ្នា​ថា មូលហេតុ​ដែល​ពួកគេ​ធ្វើ​ចំណាកស្រុក​ទៅ​ក្រៅប្រទេស​គឺ​មកពី៖ ទី១ ដោយសារតែ​មិនអាច​រក​ការងារ​ធ្វើ​នៅក្នុង​ស្រុក​បាន និង​ទី២ ដោយសារតែ​ការងារ​ក្រៅប្រទេស​ទទួលបាន​កម្រៃ​ខ្ពស់ជាង​ការងារ​ក្នុងស្រុក។ ចំណែក​និស្សិត ​ដែល​ចេញពី​សាលា​វិញ​ក៏បាន​លើក​ហេតុផលស្រដៀងៗគ្នា​ដែរ​ថា ពួកគេ​ពិបាក​រក​ការងារ​​ធ្វើ​មកពី​មុខវិជ្ជា​ដែល​ខ្លួន​បាន​រៀន​មិនសូវ​សម្បូរ​ការងារ​ឬក៏​មកពី​ខ្វះ​បទពិសោធន៍​ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​របស់​និយោជក។

ជាការ​ពិត ក្នុងមួយឆ្នាំៗ មាន​និស្សិត​រាប់សែន​នាក់​កំពុង​រៀន​ថ្នាក់​ឧ​ត្ត​មសិ​ក្សា​ទាំង​គ្រឹះស្ថាន​រដ្ឋ និង​ឯកជន ក្នុងចំណោម​នោះ និស្សិត​ច្រើន​ម៉ឺន​នាក់​បានទទួល​សញ្ញាបត្រ​និង​ចេញទៅ​កាន់​ទីផ្សារការងា​រ​រៀងរាល់ឆ្នាំ។ ប៉ុន្តែ ធនធានមនុស្ស​មួយចំនួន​មានគុណ​ភាពមិន​ទាន់​គ្រប់​គ្រាន់ ​ដើម្បី​ឆ្លើយតប​ទៅនឹង​សេចក្តីត្រូវការ​នៃ​ទីផ្សារការងារ​នៅឡើយ។

ម្យ៉ាងទៀត ការជ្រើសរើស​មុខវិជ្ជា​របស់​និស្សិត​ក៏​មិនបាន​ឆ្លុះបញ្ចាំង​ពី​តម្រូវការ​នៃ​ទីផ្សារ​ដែរ។ ជាទូទៅ និស្សិត​ខ្មែរ​ច្រើន​រើសមុខ​វិជ្ជា​ទៅតាម​ការស្រមើស្រមៃ​រប​ស់​ខ្លួន​ដោយ​មិនបាន​សិក្សា​ពី​តម្រូវ​ការងារ​ជាក់ស្តែង​នោះទេ។ ដូច្នេះហើយ​បានជា​ពេល​រៀន​ចប់ ពួកគេ​ពិបាក​រក​ការងារ​ដែល​ត្រូវ​នឹង​មុខជំនាញ។ ក្រៅពីនោះ ប្រព​ន្ធ័​ទីផ្សារការងារ​នៅ​កម្ពុជា​ហាក់ដូចជា​មិន​បង្ក​លក្ខណៈ​​ងាយស្រួល​ដល់​អ្នកស្វែងរក​ការងារ​ធ្វើ និង​អ្នក​ដែល​ត្រូវការ​ធនធានមនុស្ស​ម​ក​ធ្វើការ​នោះឡើយ។

មិន​ត្រឹមតែ​នៅក្នុង​មជ្ឈដ្ឋាន​អ្នកមាន​សញ្ញាបត្រ​ខ្ពស់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ ក្នុងចំណោម​ពលករ​ដែល​ប្រើ​កម្លាំងបាយ​ក៏មាន​លក្ខណៈ​ស្រដៀង​គ្នា​នេះដែរ។ ខណៈដែល​ពលករ​ខ្មែរ​ជាច្រើន​បាន​ចាក​ចេញពី​ស្រុកភូមិ​ដើម្បី​ផ្សងព្រេង​ឆ្លងដែន​ទៅធ្វើ​ការ​នៅក្រៅ​ប្រទេស​ដោយ​មិន​ខ្លាច​គ្រោះថ្នាក់​នោះ នៅឯ​ក្នុងប្រទេស​ឯណេះ​បែរជា​ជួបប្រទះ​នឹង​កង្វះ​កម្លាំង​ពលកម្ម​យ៉ាងខ្លាំង​ទៅវិញ។

ដូច្នេះ ដើម្បី​ដោះស្រាយ​បញ្ហា​ការងារ ជាបឋម  គ្រឹះស្ថាន​អប់រំ (ទាំង​រដ្ឋ​និង​ឯកជន) ត្រូវតែ​ផ្តោតលើ​គុណ​ភាពជា​ចម្បង។ ចំណែកឯ​និស្សិត​វិញ​ក៏ត្រូវ​តាំងចិត្ត​យ៉ាង​មុតមាំ​បំផុត​ក្នុងការ​រៀនសូត្រ​ដើម្បី​យកចំណេះ មិនមែន​រៀន​ដើម្បី​យកតែ​សញ្ញាបត្រ​នោះទេ។ ក្នុងន័យនេះ ការងារ​ស្ម័គ្រចិត្ត​គឺជា​អ្វីដែល​និស្សិត​គ្រប់គ្នា​ត្រូវ​ចាប់អារម្មណ៍​ពីព្រោះ​ការងារ​ទាំងនោះ​វា​អាច​ផ្តល់​បទពិសោធន៍​ការងារ​ជាក់ស្តែង​ផង​និង​អនុញ្ញាត​ឲ្យ​និស្សិត​យល់ដឹង​អំពី​ពិភព​ការងារ​ផង។

ក្រៅពីនោះ ការតម្រង់ទិស​នៃ​ការសិក្សា​ដើម្បី​ឲ្យ​ឆ្លើយតប​នឹង​ទីផ្សារការងារ ការផ្តល់​ប្រាក់​កម្រៃ​​សមរម្យ​ដល់​ពលករ​និង​ការតភ្ជាប់​ទំនាក់ទំនង​រវាង​អ្នកស្វែងរក​ការងារ​ធ្វើ​និង​និយោជក​ដោយ​មិន​ភ្លេច​ការបណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​ដល់​ពលករ។ល។ សុទ្ធសឹង​ជា​គន្លឹះ​នៃ​ការដោះស្រាយ​វិបត្តិ​ការងារ​នៅ​កម្ពុជា​ដែល​គេ​មិនអាច​មើលរំលង​បានឡើយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ