អានតួអត្ថបទ
កម្ពុជា

សង្គម​ស៊ីវិលយល់ឃើញ​ដូច​គណបក្ស​សង្គ្រោះ​ជាតិលើ​កំណែទម្រង់គជប

ក្រុម​អង្គការ​សង្គម​ស៊ីវិល បានបង្ហាញ​សេចក្តីព្រាង​កំណែទម្រង់​ការបោះឆ្នោត រួមមាន៖ សេចក្តីស្នើ​វិសោធនកម្ម​ក្របខ័ណ្ឌ​ច្បាប់ ទាក់ទង​ស្ថាប័ន​គ្រប់គ្រង​ការបោះឆ្នោត យន្តការ​ដោះស្រាយ​វិវាទ​ការបោះឆ្នោត ការចុះឈ្មោះ​បោះឆ្នោត បញ្ជី​ឈ្មោះ​បោះឆ្នោត និង​ប្រព័ន្ធ​ផ្ស​ព​ផ្សាយក្នុង​អំឡុងពេល​បោះឆ្នោត។ សេចក្តីព្រាង ដែល​លើក​មក​ពិភាក្សា ក្នុង​កិច្ចប្រជុំ​រយៈពេល​ពេញ​ថ្ងៃ នៅ​ថ្ងៃ​អង្គារ​នេះ ដូចនឹង​សំណើ​គណបក្ស​សង្គ្រោះ​ជាតិ នោះ​គឺ​ការជ្រើសរើស​សមាជិក​គ​.ជ.ប ត្រូវ​សម្រេច​ដោយ​មតិ​គាំទ្រ ២ ភាគ ៣ នៃ​សមាជិកសភា​សរុប។

កិច្ចប្រជុំរបស់សង្គមស៊ីវិលស្តីពីកំណែទម្រង់ការបោះឆ្នោត
កិច្ចប្រជុំរបស់សង្គមស៊ីវិលស្តីពីកំណែទម្រង់ការបោះឆ្នោត RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

សេចក្តីស្នើ​វិសោធនកម្ម​ក្របខ័ណ្ឌ​ច្បាប់ ទាក់ទង​ស្ថាប័ន​គ្រប់គ្រង​ការបោះឆ្នោត គជប យន្តការ​​ដោះស្រាយ​វិវាទ​ការបោះឆ្នោត ការចុះឈ្មោះ​បោះឆ្នោត និង​បញ្ជី​ឈ្មោះ​បោះឆ្នោត ព្រមទាំង​កំណែទម្រង់​ប្រព័ន្ធ​ផ្ស​ព​ផ្សាយ ក្នុងអំឡុងពេល​បោះឆ្នោត ជា​ប្រធានបទ ដែល​សម្ព័ន្ធ​កំណែទម្រង់​ការបោះឆ្នោត  មាន​អង្គការ​សង្គម​ស៊ីវិល ២០ ស្ថាប័ន ជា​សមាជិក បាន​ជួបប្រជុំ ពិភាក្សា​ដោយ​បើកចំហ រយៈពេល​ពេញ​មួយថ្ងៃ នៅ​ថ្ងៃ​អង្គារ ទី២៤ ខែមិថុនា ឆ្នាំ២០១។

ប្រធានបទ​និមួយៗ ត្រូវបាន​អង្គការ​ស៊ីវិល លើក​បង្ហាញ និង​ពិភាក្សា​ដេញដោល​យ៉ាង​លម្អិត។ ដំបូង​និយាយ​ពី​គ.ជ.ប ត្រូវបាន​លោក គល់ បញ្ញា នាយក​ប្រតិបត្តិ​អង្គការ​ខុមហ្វ្រែល លើកឡើងថា សមាជិក​គ.ជ.ប ត្រូវតែ​ជ្រើសរើស​ដោយ​តម្លាភាព​បំផុត។ សង្គម​ស៊ីវិល​ស្នើ​ឲ្យ​បង្កើត​គណៈកម្មការ​ឯក​រាជ្យ​ដែលមាន​សមាសភាព មកពី​គណបក្សនយោបាយ​ក្នុង​រដ្ឋសភា តំណាង​ព្រះមហាក្សត្រ និង​សង្គម​ស៊ីវិល ជ្រើសរើស​បេក្ខភាព ហើយ​ដាក់​ឲ្យ​រដ្ឋសភា អនុម័ត​ដោយ​សំឡេង ២ ភាគ ។ ​​
 

ការចុះឈ្មោះ​អ្នកបោះឆ្នោត ត្រូវធ្វើ​ដោយ​គ.ជ.ប និង​ធ្វើ​ក្នុង​កុំ​ព្យួ​ទ័​រ មាន​បញ្ចូល​រូបថត ឬ​ស្នាម​មេដៃ​អ្នកបោះឆ្នោត​ជាដើម។ រីឯ​ប្រព័ន្ធ​ផ្សព្វផ្សាយ​វិញ សង្គម​ស៊ីវិល ចង់​ឲ្យ​មាន​ស្ថាប័ន​ឯករាជ្យ​​មួយ ដើម្បី​គ្រប់គ្រង​ប្រព័ន្ធ​ផ្សព្វផ្សាយ ពិសេស​លើ​វិទ្យុ និង​ទូរទស្សន៍ គឺ​កុំ​ឲ្យ​មានការ​ជ្រៀតជ្រែក​ពី​រដ្ឋាភិបាល នៅពេល​បោះឆ្នោត ដូច​ពេលកន្លងមក។

សេចក្តីព្រាង​កំណែទម្រង់​ការបោះឆ្នោត ដែល​សង្គម​ស៊ីវិល លើក​បង្ហាញ និង​ពិភាក្សា​នៅ​ថ្ងៃ​អង្គារ​នេះ ត្រូវបាន​លោក ធន សារាយ លើកឡើងថា សង្គម​ស៊ីវិល នឹង​រៀបចំ​សំណើ​រួម បូក​បញ្ចូល​ទាំង​ប្រតិកម្ម​របស់​វាគ្មិន ដាក់​ទៅកាន់​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ។ សព្វថ្ងៃ គណបក្ស​ទាំងពីរ​កំពុង​ជជែក​ដោះស្រាយ​នយោបាយ មិន​ត្រូវរ៉ូវ​គ្នា ពិសេស​លើ​កំណែទម្រង់​ការបោះឆ្នោត ផ្តើមដំបូង​ពី​ការជ្រើសរើស​សមាជិក គ.ជ.ប។

ការជ្រើសរើស​សមាជិក​គ.ជ.ប តាម​មតិ ២ ភាគ ៣ ដែល​ជាការ​ស្នើឡើង​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ និង​ពេលនេះ​សង្គម​ស៊ីវិល ប្រកាសឡើង​ដូចគ្នា​ថែមទៀត ត្រូវបាន​តំណាង​ក្រុម​ចរចា​គណបក្ស​ប្រជាជន​កម្ពុជា លោក ព្រុំ សុខា ចាត់ទុកថា ជា​សំណើ ដើម្បី​ធ្វើ​ឲ្យ​ជាប់គាំង មិនអាច​បោះឆ្នោត នៅ​រដ្ឋសភា ជ្រើសរើស​គ.ជ.ប បានទេ។

ប៉ុន្តែ​លោក គល់ បញ្ញា អះអាង​នៅថ្ងៃនេះ​ថា ការបោះឆ្នោត​អនុម័ត​នៅ​រដ្ឋសភា តាម​មតិ ២ ភាគ ៣ ដែល​ជាប់គាំង ក្នុងការ​ជ្រើសរើស​រដ្ឋា​ភិ​បាល កន្លងមក នៅមុខ​ឆ្នាំ២០០៦ ដោយសារ​តែ​​ការ​តថ្លៃ​អំណាច​ប៉ុណ្ណោះ។

ក្នុងពេល​បើក​កិច្ចប្រជុំ នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ លោក ស៊ូ​រិ​យា ស៊ូ​ប៊ែ​រ​ឌី អ្នករាយការណ៍​ពិសេស អង្គការសហប្រជាជាតិ ស្តីពី​ស្ថានភាព​សិទ្ធិមនុស្ស នៅ​កម្ពុជា បាន​យល់ស្រប​នឹង​សង្គម​ស៊ីវិល លើ​សេចក្តីព្រាង​​កំណែទម្រង់​ការបោះឆ្នោត។ កំណែទម្រង់​ការបោះឆ្នោត ពិសេស​លើ​ស្ថាប័ន គ.ជ.ប ត្រូវបាន​លោក ស៊ូ​ប៊ែ​ឌី ប្រកាសថា ជា​កិច្ចការ​ត្រូវធ្វើ ដើម្បី​ឲ្យ​ការបោះឆ្នោត សេរី យុត្តិធម៌ ត្រឹមត្រូវ និង​គ្មាន​អំពើហិង្សា។ កំណែទម្រង់​ការបោះឆ្នោត ត្រូវបាន​ដាក់ចូល​ក្នុង​អនុសាសន៍​បញ្ជូន​ទៅកាន់​រដ្ឋាភិបាល​កម្ពុជា ក្នុង​អាណត្តិ​របស់លោក អស់​ពេល ៥ ឆ្នាំ មកហើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ