អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

ផល​វិបាក​​នៃ​​ការ​អភិវឌ្ឍន៍​​​ដែល​​ខ្វះ​​ទស្សនៈ​វិស័យ​​វែង​ឆ្ងាយ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ជំនន់​ទឹកភ្លៀង​ដែល​ជន់​លិច​ទីក្រុង​ ភ្នំពេញ​យ៉ាងខ្លាំង​កាលពី​ថ្ងៃ​សុក្រ​ចុង​សប្តាហ៍​កន្លងទៅ​ពិត​ជា​មាន​ចំណែក​ ចេញពី​ផលវិបាក​នៃ​ការអភិវឌ្ឍ​ដែល​ខ្វះ​ទស្សនៈវិស័យ​វែងឆ្ងាយ។ ទន្ទឹមនឹង​ប្រ​ព័ន្ធ​លូ​ចាស់​និង​មិន​គ្រប់គ្រាន់​សម្រាប់​រំដោះ​ទឹក​នៅពេល​ ដែលមាន​ភ្លៀង​ដែ​ធំម្តងៗ ការចាក់​លុប​​​បឹង​ទាំងឡាយ​នៅ​ជុំវិញ​ទីក្រុង​ដើម្បី​សាងសង់​សំណង់​គ្រប់​ ប្រភេទ​ក្នុង​ក្របខ័ណ្ឌ​គម្រោង​អភិវឌ្ឍន៍​ក៏​ជា​ហេតុផល​សំខាន់​មួយ​ធ្វើ​ឲ្យ ​មាន​ជំនន់​លិច​ទីក្រុង​ភ្នំពេញ​ផងដែរ។ នេះ​ជា​ឧទាហរណ៍​មួយ​ក្នុងចំណោម​បញ្ហា​ជាច្រើន​ទៀត​ដែល​កើតចេញពី​គម្រោង​ អភិវឌ្ឍន៍​​ដែល​ខ្វះ​ទ​ស្សនៈវិស័យ​វែងឆ្ងាយ​ដែល​ចាំបាច់​ត្រូវមាន​ការកែតម្រូវ។

ជំនន់ទឹកភ្លៀងលិចផ្លូវមួយកន្លែងក្នុងទីក្រុងភ្នំពេញ។
ជំនន់ទឹកភ្លៀងលិចផ្លូវមួយកន្លែងក្នុងទីក្រុងភ្នំពេញ។ RFI/Siv Chana
ផ្សាយពាណិជ្ជកម្ម

ប្រជាពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ​បាន​ជួបប្រទះ​នឹង​បញ្ហា​ដ៏​អាក្រក់​បំផុត​មួយទៀត​កាលពី​ថ្ងៃ​សុក្រ​ចុង​សប្តាហ៍​កន្លងទៅ​ដោយសារ​តែ​ទឹកជំនន់​លិច​ផ្លូវ​និង​ផ្ទះសម្បែង​ជាច្រើន។ កំណាត់​ផ្លូវ​មួយចំនួន​បាន​លិចលង់ រីឯ​ផ្លូវ​ផ្សេងទៀត​ក៏បាន​កកស្ទះ​ចរាចរណ៍​យ៉ាងខ្លាំង។​ អ្វី​ដែល​អា​ក្រក់​​បំផុត​​មួយទៀត​នោះ​គឺ​លូទឹកស្អុយ​ដែល​ហូរ​ចាក់​ទៅ​បឹងទំពន់​បាន​ហៀរហូរ​មកលើ​ផ្លូវ​ដោយ​សារតែ​ការកកស្ទះ​នៅ​ប៉ែក​ខាងក្រោម។

​ប្រជាពលរដ្ឋ​ក្នុង​រាជធានី​បាននាំគ្នា​ស្តីបន្ទោស​ទៅលើ​សកម្មភាព​ចាក់​លុប​បឹង​ដើម្បី​សាងសង់​បូរី​លំនៅដ្ឋាន​ឬ​សំណង់ផ្សេងៗទៀត។ ការស្តីបន្ទោស​បែបនេះ​ក៏​ព្រោះតែ​ពួកគេ​បានឃើញ​បឹង​ទំពន់​​ដែល​ជា​បឹង​រំដោះ​ទឹកលូ​ដ៏​ធំ​និង​ចុងក្រោយ​គេ​សម្រាប់​រាជធានី​ភ្នំពេញ​ស្រាប់តែ​ឥឡូវ​បាន​ក្លាយទៅជា​បឹង​ខ្សាច់​ដាច់​កន្ទុយភ្នែក។ បឹង​ដែលជា​អាង​ស្តុក​ទឹក​យ៉ាង​ធំ​ល្វឹងល្វើយ​នេះ​កំពុង​ក្លាយ​ការដ្ឋាន​សំណង់​បូរី​លំនៅដ្ឋាន​យ៉ាង​ស្អេកស្កះ​ទៅវិញ។

ជាការ​ពិតណាស់ មាន​ហេតុផល​ច្រើនយ៉ាង​ដែល​នាំ​ឲ្យ​ទីក្រុង​ភ្នំពេញ​លិចលង់​នៅពេល​មាន​ភ្លៀង​ធំម្តង។ មូលហេតុ​ទាំងនោះ​មានដូចជា រាជធានី​ដ៏​ចំណាស់​មួយ​នេះ​មាន​ប្រព័ន្ធ​លូ​តូចៗ​មិន​គ្រប់គ្រាន់​និង​ថែម​ទាំងចាស់​ទ្រុឌទ្រោម​ហើយ​មាន​សំរាម​កកស្ទះ​យ៉ាងខ្លាំង​ថែម​ទៀត។
ប្រព័ន្ធ​លូ​បែបនេះ​ប្រាកដ​ណាស់​ថា​មិនអាច​ឆ្លើយតប​ទៅនឹង​កំណើន​ប្រជាពលរដ្ឋ​យ៉ាងគំហុក​ក្នុង​បរិបទ​នៃ​ការប្រែប្រួល​អាកាសធាតុ​ដែល​ធ្វើ​ឲ្យ​ទឹកភ្លៀង​ធ្លាក់​មក​ច្រើន​ខុសពី​ធម្មតា​បែប​នេះ​​បានឡើយ។

ដើម្បី​ដោះស្រាយ​បញ្ហា​ទាំងនេះ​គេ​ពិតជា​ត្រូវការ​ពេលវេលា។ នេះ​ជា​ហេតុផល​ដែល​គ្រប់គ្នា​អាច​យល់បាន។ ប៉ុន្តែ មូលហេតុ​សំខាន់​មួយទៀត​ដែល​គេ​ពិបាក​នឹង​យល់​នោះ​គឺ ទន្ទឹមនឹង​កិច្ចខិតខំ​ដោះស្រាយ​បញ្ហា​ស្ទះលូ​ក្នុង​រាជធានី​ដោយមាន​ទាំង​ជំនួយ​ពី​អង្គការ JICA របស់​ជប៉ុន​​ផង​នោះ ស្រាប់តែ​អាជ្ញាធរ​បែរជា​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ឯកជន​ចាក់ដី​លុប​បឹងធំៗ​ដែល​ជា​​ទីកន្លែង​សម្រាប់​រំដោះ​ទឹក​កុំ​ឲ្យ​ជន់​លិច​ទីក្រុង​ទៅវិញ។

នៅពេលដែល​អាជ្ញាធរ​ផ្តល់​អាជ្ញាប័ណ្ណ​ឲ្យ​ក្រុមហ៊ុន​ចាក់ដី​លុប​បឹង​នានា តើ​គេ​បាន​សិក្សា​ហើយ​​ឬ​​នៅ​ថា គេ​គួរ​ធ្វើ​អ្វីខ្លះ​ដើម្បី​រំដោះ​ទឹក​ចេញពី​ក្រុង? នៅពេលដែល​គេ​អនុញ្ញាត​ឲ្យ​ក្រុម​ហ៊ុន​​​មួយ​បូម​ខ្សាច់​ពី​ទន្លេ តើ​គេ​បាន​គិតគូរ​ដែរឬទេ​ថា​វា​នឹង​ផ្តល់​ផល​អវិជ្ជមាន​អ្វីខ្លះ​ទៅលើ​បរិស្ថាន និង​ទៅលើ​ប្រជាជន​ដែល​រស់​នៅតាម​ច្រាំងទន្លេ? ប្រសិនបើ​គេ​ផ្តល់​អាជ្ញាប័ណ្ណ​ឲ្យ​ក្រុមហ៊ុន​មួយ​ធ្វើ​អាជីវកម្ម​អ្វីមួយ តើ​គេ​បាន​សិក្សា​ច្បាស់​ហើយ​ឬ​នៅ​ថា អាជីវកម្ម​នោះ​បង្ក​ផលប៉ះពាល់​អ្វីខ្លះ​ដល់​បរិស្ថាន និង​សុខភាព​ប្រជាជន​នៅ​ជុំវិញ?

ទាំងនេះ​ជា​សំណួរ​ពីរ​បី​ក្នុងចំណោម​សំណួរ​រាប់មិនអស់​សម្រាប់​គម្រោង​អភិវឌ្ឍន៍​នៅ​កម្ពុជា។ ចម្លើយ​ពិតជា​ងាយ​នឹង​រកឃើញ​ណាស់។ ប្រសិនបើ​គេ​បាន​សិក្សា​ជាមុន​និង​ប្រសិនបើ​គេ​មាន​ទស្សនវិស័យ​វែងឆ្ងាយ​បន្តិច ម្ល៉េះ​សម​ទឹក​មិន​ជន់​លិច​ក្រុងភ្នំពេញ​យ៉ាង​អាក្រក់​ដូច្នេះ​ឡើយ ហើយក៏​គ្មាន​បញ្ហា​បាក់​ច្រាំងទន្លេ​បាក់​ផ្ទះ​ប្រជាជន វត្ត​អារាម​ចូលក្នុង​ទន្លេ​ដូច​ពេល​កន្លងទៅ​នេះដែរ។ ចំណែកឯ​ផលប៉ះពាល់​ដល់​បរិស្ថាន សុខភាព ក៏ដូចជា​ដល់​​ជីវភាព​ប្រជាពលរដ្ឋ​ដោយសារតែ​គម្រោង​អភិវឌ្ឍន៍​ក៏​មិនអាច​កើតមាន​ដែរ​ឬ​បើ​វា​កើតឡើង​ដោយ​ចៀស​​មិន​ផុត​ក៏​ផល​អាក្រក់​ទំនង​ជាមាន​តិចតួច​ជាង​នេះដែរ។

ជាការ​ពិតណាស់ ការរៀបចំ​ផែនការ​ក្នុង​រយៈពេល​វែង​និង​ច្បាស់លាស់​គឺជា​កត្តា​ធានា​ការ​អភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព។ ទស្សនវិស័យ​វែងឆ្ងាយ​ក៏​ជា​មាគ៌ា​ឆ្ពោះទៅរក​ភាពជោគជ័យ​លើ​គ្រប់​វិស័យ ហើយ​វា​ជា​ទស្សនៈវិជ្ជា​ដែល​គ្រប់​អ្នកដឹកនាំ អ្នក​តម្រង់ទិស​សង្គម និង​អ្នក​សម្រេច​ចិត្ត​ទាំងឡាយ​ត្រូវប្រកាន់យក​ជា​ចាំបាច់។ ការនឹកឃើញ​អ្វី​ធ្វើ​ហ្នឹង ធ្វើ​មួយ​ជំហាន​ដោះស្រាយ​បញ្ហា​មួយ​ជំហាន​វា​គឺជា​ការប្រថុយប្រថាន​ដែល​ពិបាក​គេច​ផុតពី​បរាជ័យ។

សរុប​មកវិញ មាន​ឧទាហរណ៍​ច្រើនណាស់​ទាំង​អតីតកាល ទាំង​បច្ចុប្បន្ន​កាលដែល​បង្ហាញ​ពី​បរាជ័យ​នៃ​ទស្សនវិស័យ​ភ្លើងចំបើង​របស់​អាជ្ញាធ​រ​និង​របស់​អ្នកនយោបាយ​ខ្មែរ។ ដូច្នេះដល់​ពេល​​ហើយ​ដែល​អ្នកនយោបាយ​និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​ទាំងឡាយ​ត្រូវ​សម្លឹង​ទៅមុខ​ឲ្យ​បាន​វែងឆ្ងាយ​មុននឹង​សម្រេចចិត្ត​ធ្វើ​អ្វីមួយ​ពីព្រោះ​ការសម្រេចចិត្ត​របស់​ពួកគេ​ជាប់ទាក់ទង​នឹង​ជីវភាព​ប្រជាពលរដ្ឋ​ក៏ដូចជា​អនាគត​របស់​ប្រទេសជាតិ​ទាំងមូល។

យ៉ាងណាមិញ បញ្ហា​ទឹកជំនន់​លិច​ទីក្រុង​ដែលជា​កង្វល់​ធំធេង​របស់​ប្រជាពលរដ្ឋ​ទូទាំង​រាជ​ធានី ទំនងជា​អាច​ដោះស្រាយ​បានល្អ​ជាង​នេះ​ប្រសិនបើ​គេ​ធ្វើ​វា​ដោយ​សមស្របល្អិត​ល្អន់ និង​ប្រកបដោយ​ទស្សនៈវិស័យ​វែងឆ្ងាយ៕

 

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ